គណបក្ស​ភ្លើង​ទៀន​បារម្ភ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នា​ខែ​កុម្ភៈ ឆ្នាំ​២០២៤

ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀន​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ថ្ងៃទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

មន្រ្តីជាន់​ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នា​ដើម​ឆ្នាំ​ក្រោយ ដោយ​សារ​បញ្ហា​កង្វះ​ឯកសារ​ដែល​ត្រូវការ​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ខណៈ​រ​ដ្ឋា​ភិបាល​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០​២៤ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើសសមា​ជិក​ព្រឹទ្ធ​សភា​សម្រាប់​អាណត្តិ​ទី៥។

នេះជា​ការ​បោះ​ឆ្នោត​អសកល ដែល​អង្គ​បោះ​ឆ្នោត​គឺ​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ ដែល​មាន​ចំនួន​ជាង​១ម៉ឺន​នាក់ និង​តំណាងរាស្រ្ត​ក្នុង​តំណែង​ទាំង​១២៥​រូប ដែល​នឹង​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​ប្រជាពលរដ្ឋ​ទូទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣​ នេះ។

ដើម្បីអាច​មាន​សិទ្ធិឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោតជា​សមា​ជិក​ព្រឹទ្ធ​សភា​បាន លុះត្រា​តែ​បុគ្គល​នោះ​នឹង​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​ស្នើ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ គណបក្ស​ភ្លើង​ទៀន​ត្រូវ​បំពេញ​លក្ខ​ខណ្ឌ​ផ្សេង​ៗ​ ជា​ពិសេស​ត្រូវ​ភ្ជាប់​ឯក​សា​រ​ដើម​ចុះ​បញ្ជី​គណ​បក្ស​នៅ​ក្រសួង​មហា​ផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យា​នុកូល​កម្ម ដែល​នេះ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​ដែល​ធ្វើ​ឱ្យគណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប លោក​ ហង្ស ​ពុទ្ធា ថ្លែង​ថា៖ «បាទ! បើ​ចង់​ឈរ​ឈ្មោះ​ចូល​រួម​ជា​បេក្ខ​ជន​នៃ​សមា​ជិក​ព្រឹទ្ធ​សភា ​គណ​បក្ស​ទាំង​អស់​ត្រូ​វ​ពិនិត្យ​នូវ​លក្ខ​ខណ្ឌនិង​ឯក​សារ​របស់​ខ្លួននិង​ត្រៀម​ទុក​ជា​មុន​កុំ​ចាំ​ដល់​ពេល​ហើយ​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ គឺ​នឹង​មិន​អាច​ទាន់​ពេល​វេលា​នោះ​ទេ»។

ក្នុង​ករណី​ដែល​គណ​បក្ស​ភ្លើង​ទៀន​មិន​មានឯក​សា​រ​ដើម​ចុះ​បញ្ជី​គណ​បក្ស​នៅ​ក្រសួង​មហា​ផ្ទៃ លោក ហង្ស ពុទ្ធា ​បញ្ជាក់​ថា​គណ​បក្ស​ជំទាស់​មួយ​នេះ​ត្រូវ​តែ​រូតរះ​ដាក់​ពាក្យ​ប្តឹង​ទៅនគរ​បាល​ប៉ុស្តិ៍ និង​ស្នើ​សុំ​ឱ្យក្រសួង​មហា​ផ្ទៃ​បញ្ជាក់​លិខិតទុតិ​យ​តាឱ្យ​គណបក្ស ដើម្បី​អាច​យក​មក​ប្រើ​ប្រាស់​ជា​ផ្លូវការ និង​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​បាន។

​លោក​ប្រាប់​វីអូអេ​ថា​៖ «រាល់​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ​ និង​ដាក់​បេក្ខ​ជន​ ​ត្រូវ​ភ្ជាប់​ជា​មួយ​នូវ​ឯក​សារ​សំខាន់​ជាង​គេ​ គឺ​សេចក្តី​ចម្លង​ ដោយ​ធ្វើ​នីត្យា​នុ​កូល​កម្ម​ស្តីពីការ​ប្រកាស​នៃ​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។ ​នេះ​គឺ​ជា​ឯក​សារ​សំខាន់​ ហាក់​ដូច​ជាលិខិត​ឆ្លង​ដែន​ អ៊ីចឹង​»។

វិសោ​ធន​កម្ម​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​ត្រូវ​បាន​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​លក្ខ​ខណ្ឌ​ថា បុគ្គល​ដែលអនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជា​សកល​ពីរ​ដង​ជាប់​គ្នា ​ទើប​អាច​ឈរ​ឈ្មោះជាសមា​ជិក​ព្រឹទ្ធ​សភា​បាន ដូច​ទៅ​នឹង​ការ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ផង​ដែរ។ នេះ​ជា​បញ្ហា​ប្រឈម​របស់​សមាជិក​គណ​បក្ស​ភ្លើង​ទៀន​មួយ​ទៀត ដែល​មិន​ចង់​ទៅ​បោះ​ឆ្នោត ដោយ​សារ​អវត្ត​មាន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។

​អ្នកស្រី ក្រូច សំអាន តំណាង​រាស្រ្តនៃគណ​បក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​អំពី​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​កាល​ពី​ខែ​មិថុនា​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភាដែល​ជា​ការ​បោះ​ឆ្នោត​អសកល ដោយ​តម្រូវ​ឱ្យ​បេក្ខជនបោះ​ឆ្នោត​ចំនួន​ពីរ​លើក គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ។ អ្នកស្រីថា​ដើម្បី​ធានា​សង្គត​ភាព និង​អនុភាព​នៃ​ការ​អនុវត្ត​ច្បាប់​ នោះ​នឹង​មាន​ការ​រៀប​ចំ​មាត្រា​អន្តរ​បញ្ញត្តិ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិ​កាល​ទី៥ ដែល​ចែង​លក្ខ​ខណ្ឌ​កំណត់​យក​តែ​ការ​បោះ​ឆ្នោត​មួយ​ដង​ប៉ុណ្ណោះ នោះ​បេក្ខជន​អាច​ឈរ​ឈ្មោះ​បាន​ហើយ។ នេះ​មាន​ន័យ​ថា​ អ្នក​នយោបាយ​ដែល​ចង់​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ ត្រូវ​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ។

ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​ឆ្នាំ​២០២៤​ខាង​មុខ មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ភ្លើងទៀន​នៅ​តែ​បារម្ភ​ខ្លាច​មាន​ឧប​សគ្គ​រាំង​ស្ទះ ដែលធ្វើ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួនបាត់​បង់​សិទ្ធិ ដូច​ទៅ​នឹង​ការ​បាត់​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រដែរ ប្រសិន​បើ​ស្ថាប័ន​ គ.ជ.ប ត្រូវ​ការឯក​សារ​ដូច​គ្នា។

លោកគីម​ សួរភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​(ហ៊ុល រស្មី​/វីអូអេ)

អ្នកនាំ​គណបក្ស​ភ្លើងទៀន លោក គីម​សួរ ភិរិទ្ធ ប្រាប់​វីអូអេ​ថា៖ «វា​ជា​ការ​ពិត​ហើយ​ណាស់។ អាហ្នឹងបើសិនជា​គេ​ទាម​ទារ​អាហ្នឹង​ព្រោះ​យើង​បាត់បង់​រួច​ទៅ​ហើយ។ អ៊ីចឹង​ទេ ​វា​ជា​បញ្ហា​ប្រឈម​ហើយ ប៉ុន្តែ​យើង​កំពុង​តែ​គិត​ថា​ក្រោយ​ការ​បោះ​ឆ្នោ​តជាតិ​ហ្នឹង​ យើង​នឹង​ធ្វើ​កិច្ច​ការ​នេះ​ជា​មួយ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ធ្វើ​ទុតិ​យតា ហើយ​បាន​ឬ​មិន​បាន​អាហ្នឹង​តាម​ហ្នឹង​តទៅ​ទៀ​ត។ បើ​សិន​គេ​ថា​ភ្លើង​ទៀន​ជា​គណបក្សស្រប​ច្បាប់ មាន​ចុះ​បញ្ជី​ វា​គួរ​តែ​បាន តែ​បើ​ថា​មិន​បាន​ អាហ្នឹង​ជា​រឿង​មួយ​ទៀត​ហើយ»។

មន្រ្តី​គណ​បក្ស​ភ្លើង​ទៀន​រូប​នោះ​អះអាង​ថា ​ខ្លួន​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ស្នើ​សុំ​សេច​ក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​១៩៣​ ពី​ក្រសួង​មហា​ផ្ទៃ​ ​ប៉ុន្តែ​មិន​ទទួល​បាន​តាម​ការ​ស្នើ​សុំ។

រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ក្រសួង​មហា​ផ្ទៃ​មិន​ទាន់​អាច​សម្រេច​បែប​ណា​ទៀត​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​សំណើ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចង់​ស្នើសុំ​សេច​ក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យា​នុកូល​កម្ម​នៃ​ប្រកាស​លេខ​១៩៣ ​ពី​ក្រសួង​មហា​ផ្ទៃ។ លោក​បន្ថែម​ថា​ក្រសួង​ចាំ​មើលការ​សម្រេច​របស់​រដ្ឋាភិ​បាល​អាណត្តិ​ថ្មី។

​គួរ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ម្តង ដែល​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ជាង​៦០​រូប ពោល​គឺមានចំនួន​សមា​ជិក​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​សមា​ជិក​រដ្ឋ​សភា​ទាំង​មូល​ដែល​មាន​ចំនួន​១២៥រូប៕