គណបក្ស​ភ្លើង​ទៀន​ប្រកាស​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត រឿង​ឯកសារ​ដើម​ចុះ​បញ្ជី​គណបក្ស

រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ពន្លឺ​ភ្លើង​​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ក្បែរ​ស្ថានទូត​វៀតណាម​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៤។

គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​ប្រកាស​ថា​ខ្លួន​នឹង​សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បី​សុំ​អន្តរាគមន៍​លើ​បញ្ហា​ឯកសារ​ដើម​ចុះ​បញ្ជី​របស់​គណបក្ស។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​នាយក​របស់​គណបក្ស ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣។

ការ​សម្រេច​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្រ្តី ក្រោយ​គណបក្ស​មួយ​នេះ​មាន​ជំនួប​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ជា​ច្រើន​លើក ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ។ គណបក្ស​ភ្លើង​ទៀន​ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិន​អាច​ផ្តល់​ឯ​កសា​រ​ដើម​ឬ​នីត្យានុកូល​កម្ម​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​គណ​បក្ស​អាច​បង្ហាញ​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​សម្រាប់​ចូលរួម​ការបោះ​ឆ្នោត​ពេល​ក្រោយ​ទៀត។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​នៅ​ក្នុង​បញ្ញត្តិ​ច្បាប់​មិន​មាន​ចែង​អនុញ្ញាត​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ចេញ​ច្បាប់​ដើម​ឡើង​វិញ​ដល់​គណបក្ស​នយោបាយ​ឡើយ។

គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ជាតិកាល​ពីខែ​កក្កដា​កន្លង​ទៅ ដោយ​សារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។

​គណ​បក្ស​ភ្លើងទៀន​តែង​តែ​បញ្ជាក់​ថា​ឯក​សារ​ដើម​ប្រកាស​លេខ​១៩៣​ ដែល​ជា​ឯក​សារ​ចុះ​បញ្ជីគ​ណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ​តាំង​ពីឆ្នាំ​១៩៩៨ គឺ​បាន​បាត់​នៅ​អំឡុង​ឆ្នាំ​២០១៧ ​នៅពេល​ដែល​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលា​ការ​រំលាយ ហើយ​ពេល​នោះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​មិន​អនុ​ញ្ញា​ត​ឱ្យ​មន្ត្រី​គណ​បក្ស​ភ្លើង​ទៀន ចូល​ទៅ​យក​ឯកសារ​អ្វី​ទាំង​អស់។

គណ​បក្ស​ជំទាស់​មួយ​នេះ​អះអាង​ថា​គណ​បក្ស​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហា​ផ្ទៃ​ជា​ច្រើន​លើក​ច្រើន​សា ដើម្បីសុំ​ច្បាប់​ដើម ​ឬ​សេច​ក្តី​ចម្លង​ ដែល​មាន​បញ្ជាក់​នីត្យា​នុ​កូល​កម្ម ​នៃ​ប្រកាស​លេខ​១៩៣​នោះ​ ចាប់​តាំង​ពី​ថ្ងៃ​ទី៣ ខែ​មេសា ​ឆ្នាំ​២០​២៣ ប៉ុន្តែ​គណ​បក្ស​មិន​ទ​ទួល​បាន​លិខិត​បញ្ជាក់​ឡើយ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​គ​ណ​បក្ស​បាត់​បង់​ឱកាស​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា៕