គណបក្សភ្លើងទៀន នៅថ្ងៃអង្គារនេះ បានប្រកាសថា គណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនចុះបញ្ជីគណបក្សជំទាស់ដ៏ធំមួយនេះ ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្រ្តបាន។
គណបក្សនឹងប្តឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នសម្រេចចុងក្រោយ ដើម្បីថាតើគណបក្សមួយនេះអាចចូលរួមការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បាន ឬយ៉ាងណា។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅទីស្នាក់ការរបស់គណបក្ស លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា គណបក្សបានព្យាយាមអស់លទ្ធភាពហើយ ដើម្បីបំពេញតាមតម្រូវការរបស់គ.ជ.ប។
លោកថ្លែងថា៖ «អ្វីដែលមានការបញ្ជាក់នៅក្នុងប្រការ១នៃសេចក្តីសម្រេចនេះ គណបក្សភ្លើងទៀនបានធ្វើអស់លទ្ធភាព ហើយក៏មានឯកសារគ្រប់គ្រាន់ហើយ គ្រប់គ្រាន់ដើម្បីជូនទៅគ.ជ.ប។ ដូច្នេះបានយើងមិនអាចទទួលយកបាន ព្រោះវាអត់មានហេតុផលសមរម្យណាមួយដែលថាយើងខ្វះខាតអីទៀតទេ»។
ចំណែកប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថ្លែងក្នុងសន្និសីទនោះដែរថា លោកសោកស្តាយដែលមានការលើកឡើងថាគណបក្ស«ខ្ជីខ្ជា»ធ្វើឱ្យបាត់លិខិតដើម ប៉ុន្តែលោកការពារថាវាមានហេតុផលរបស់វា។
លោកបញ្ជាក់ថា៖ «ខ្ញុំមានការសោកស្តាយដែលសម្តេចនាយក [រដ្ឋមន្ត្រី ហ៊ុន សែន] ថា គណបក្សភ្លើងទៀនខ្ជីខ្ជាធ្វើឱ្យបាត់លិខិតដើមមួយចំនួន។ ប៉ុន្តែនេះគឺមិនមែនជាការខ្ជីខ្ជាទេ វាមានហេតុផលរបស់វា»។
Your browser doesn’t support HTML5
លោក សុន ឆ័យ អនុប្រធានគណបក្សបានពន្យល់មូលហេតុដែលបណ្តាលឱ្យគណបក្សភ្លើងទៀនមិនមានឯកសារចុះបញ្ជីដើមនៅក្រសួងមហាផ្ទៃ គឺដោយសារតែកន្លងមកគណបក្សភ្លើងទៀនធ្លាប់ជួលស្នាក់ការនៅជាមួយគណបក្សសង្គ្រោះជាតិ លុះពេលដល់តុលាការរំលាយគណបក្សសង្គ្រោះជាតិ គឺថ្នាក់ដឹកនាំគណបក្សមិនត្រូវបានគេអនុញ្ញាតឱ្យចូលទៅយកឯកសារទាំងនោះ រហូតដល់អគារគណបក្សសង្គ្រោះជាតិនោះត្រូវបានវាយបំផ្លាញខ្ទេចខ្ទី ដែលធ្វើឱ្យឯកសារទាំងអស់នោះបាត់បង់។
លោក សុន ឆ័យ ឱ្យដឹងទៀតថា ឯកសារដើមត្រូវបានក្រសួងមហាផ្ទៃទុកមួយច្បាប់ ដើម្បីផ្ទៀងផ្ទាត់។ លោកបន្ថែមថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែឧសភា បានចេញបញ្ជាក់ឱ្យគណបក្សភ្លើងទៀនថា គណបក្សពិតជាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងមានការបញ្ជាក់អាស័យដ្ឋានត្រឹមត្រូវ។ ប៉ុន្តែឯកសារនេះ ត្រូវបានស្ថាប័ន គ.ជ.ប អះអាងថាមិនទាន់គ្រប់គ្រាន់តាមច្បាប់កំណត់ឡើយ។
លោក សុន ឆ័យ អះអាងថា លោកនឹងយកឯកសាររបស់គណបក្សភ្លើងទៀន ទៅដាក់ប្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ យ៉ាងយូរត្រឹមថ្ងៃទី២០ ខែឧសភា។
បើតាមលោក សុន ឆ័យ គណបក្សនឹងព្យាយាមដោះស្រាយបញ្ហាដោយការជជែកគ្នា និងបញ្ច្រៀសមិនឱ្យមានទំនាស់រវាងគណបក្សនិងគណបក្សឡើយ។
ការប្តឹងតវ៉ាទៅនឹងការបដិសេធ សុំចុះបញ្ជីគណបក្សទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៥ថ្ងៃ គឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ។ ការដោះស្រាយពាក្យបណ្តឹងដោយក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល១០ថ្ងៃ មានន័យថាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ។ នេះបើតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ហង្ស ពុទ្ធា លោក ឌឹម សុវណ្ណរុំ លោក ខន កែវមនោ និងលោក សោម សូរីដា ដែលជាអ្នកនាំពាក្យគ.ជ.ប បាននៅឡើយទេ គិតត្រឹមថ្ងៃអង្គារនេះ។
ក្នុងសន្និសីទនោះដែរ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន លើកជាចម្ងល់និងចោទជាសំណួរថា ហេតុអ្វីបានជាគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២បាន ដោយពុំមានតម្រូវឯកសារដើម ដែលគណបក្សបានបាត់បង់។
លោកថ្លែងថា៖ «ខ្ញុំឆ្ងល់ដែរ ហេតុអ្វីធ្លាប់ចូលរួមប្រកួតប្រជែងតាំងពីថ្នាក់មូលដ្ឋាន ហើយពេលថ្មីៗនេះ ប្រកួតប្រជែងទៀត ស្រាប់តែដល់ពេលប្រកួតប្រជែងថ្នាក់ជាតិ អាជ្ញាកណ្តាលឃាត់មិនឱ្យឡើងប្រកួត វាពិបាកដែរ»។
កាលពីថ្ងៃទី១៣ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងថា ការខ្វះលិខិតស្នាមនេះ គឺជាកំហុសរបស់គណបក្សភ្លើងទៀនខ្លួនឯង ដែលលោកហៅថា«មេដឹកនាំខ្ជីខ្ជាល្ងង់»។
គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដ៏ធំមួយ និងធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន ៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ២០២២។
ការបដិសេធរបស់គ.ជ.ប ក្នុងការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ត្រូវបានសហភាពអឺរ៉ុបបញ្ជាក់ថា គឺជាសញ្ញាបារម្ភមួយទៀតនៃការរួមតូចនៃសេរីភាពសម្រាប់គណបក្សនយោបាយ ក្នុងការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសហភាពអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃចន្ទ បញ្ជាក់ថា៖ «សហភាពអឺរ៉ុបជំទាស់ដាច់ខាតទៅនឹងសេចក្តីសម្រេចរបស់អាជ្ញាធររៀបចំការបោះឆ្នោតនៅកម្ពុជា ដែលវាបន្ថែមការដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាពីការជ្រើសរើសតំណាងរបស់ពួកគេ»។
សហភាពអឺរ៉ុបបន្ថែមថា៖ «ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទាមទារការប្រកួតប្រជែងនយោបាយដោយចំហ មានការចូលរួមពីគ្រប់ភាគី និងអាចទុកចិត្តបាន ហើយប្រជាពលរដ្ឋត្រូវបានអនុញ្ញាតក្នុងការជ្រើសរើសតំណាងពួកគេដោយសេរី»៕