គណបក្ស​​កែ​ទម្រង់​​កំពុង​​ស្វះ​ស្វែង​​រក​​ព័ត៌មាន​​អំពី​​ការ​​ចាប់​ខ្លួន​​មន្រ្តី​​ខ្មែរ​​អាមេរិកាំង​លោក ប៉ែន វុទ្ធី

លោក ប៉ែន វុទ្ធី ជាសមាជិកគណៈកម្មាអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាប្រចាំខេត្តសៀមរាប ហើយលោកត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងខេត្តសៀមរាប។ (Facebook / គណបក្ស​កែទម្រង់កម្ពុជាខេត្តព្រៃវែង)

មេដឹកនាំ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ដែល​ជា​គណបក្ស​ជំទាស់​មួយ បាន​ឱ្យដឹង​ថា ​គណបក្ស​កំពុង​ស្វះ​ស្វែង​រក​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​មន្រ្តី​របស់​គណបក្ស​ប្រចាំ​ខេត្ត​សៀមរាប គឺ​លោក​ ប៉ែន​ វុទ្ធី ដែល​ជា​ខ្មែរ​អាមេរិកាំង។

​លោក ប៉ែន វុទ្ធី ជា​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប ហើយ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត​សៀមរាប។

គណបក្ស​កែ​ទម្រង់​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​លើក​ឡើង​ថា សមត្ថ​កិច្ច​ខេត្ត​សៀមរាប​បាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​កែទម្រង់​កម្ពុជា លោក ប៉ែន វុទ្ធី កាល​ពី​យប់​ថ្ងៃ​ទី​ ១៩ ខែ​កក្កដា ឆ្នាំ​ ២០២៤ នៅ​ក្បែរ​ផ្សាររាត្រី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀម​រាប ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាប​និក​គណបក្ស​កែទម្រង់​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ បច្ចុប្បន្ន​នេះ លោក ប៉ែន វុទ្ធី ត្រូវ​បាន​ឃុំ​ខ្លួន និង​ដាក់​ឱ្យធ្វើ​ចត្តាឡីស័ក្ត​នៅពន្ធនាគារ​ម១ព្រៃ​ស ដោយ​មិន​អនុញ្ញាតឱ្យជួប​សួរ​សុខ​ទុក្ខ​ឡើយ។ លោក​មិន​មាន​ព័ត៌មាន​ថា ​តើ​មន្រ្តី​របស់​លោក​រង​ការ​ចោទ​ប្រកាន់​ពី​បទ​អ្វី​ឡើយ។

លោក​ថ្លែង​ថា៖ «យើង​បាន​អំពាវ​នាវ​ឱ្យ​យ៉ាង​ណា​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌ ហើយ​សូម​ឱ្យ​អាជ្ញាធរ​ពិចារណា​ឡើង​វិញ​ថា​ការ​ចាប់​ខ្លួន​នេះ វា​អាច​មាន​ភាព​ធ្ងន់​ធ្ងរ​ប៉ុន​ណា ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​បែប​ហ្នឹង។ ហើយ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង ទី ១ ​ដោយ​សារ​គាត់ជា​ខ្មែរ​អា​មេរិក​កាំង​ផង មាន​សញ្ជាតិ​ពីរ ហើយ​ក្រុម​គ្រួសារ​ហាក់​ដូច​ជា​មិន​នៅ​ជិត​គាត់​ទេ។ ម្លោះ​ហើយ វា​មាន​ការ​ពិបាក​ខ្លាំង​ចំពោះ​រូប​គាត់​ណា​បាទ»។

លោក អ៊ូ ច័ន្ទរ័ត្ន បន្ថែម​ថា​ គណបក្ស​កែ​ទម្រង់​កម្ពុជា​កំពុង​តាម​ដាន និង​ព្យា​យាម​រក​មធ្យោបាយ​ចូល​ជួប​លោក ប៉ែន វុទ្ធី នៅ​ពន្ធនាគារ​ព្រៃស។ បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន ក្រុម​គ្រួសារ​របស់​លោក ប៉ែន វុទ្ធី កំពុង​តែ​រស់​នៅ​សហរដ្ឋ​អាមេរិក។ លោក​បញ្ជាក់​ថា ​លោក​បាន​ជូន​ដំណឹង​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ​អំពី​ការ​ចាប់​ខ្លួន​នេះ។

រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Wesley Holzer ប្រាប់​វីអូអេ​តាម​សារអ៊ីម៉ែល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ស្ថានទូត​មិន​អាច​ផ្តល់​ព័ត៌មាន​អ្វី​ឡើយ​នា​ពេល​នេះ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ឯកជនភាព​របស់​បុគ្គល។ អ្នកនាំពាក្យ​ស្ថានទូត​បញ្ជាក់ថា​ សហរដ្ឋ​អាមេរិក​រក្សា​ការ​ប្តេជ្ញា​ចំពោះ​ប្រជាជន​កម្ពុជា និង​ក្តី​ស្រមៃ​ដែល​ចង់​ឃើញ​កម្ពុជា​មាន​វិបុលភាព ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ឯករាជ្យ ដែល​សំឡេង​ទាំង​អស់​ត្រូវ​បាន​ឮនិង​គោរព។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប និង​លោក ហួត សុធី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​នៅ​ឡើយ​ទេ។ លោក នុត សវនា អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ​ស្នើ​អ្នក​សារព័ត៌មានទាក់ទង​ខាង​សមត្ថកិច្ច​វិញ។

លោក សំ វិច្ឆិកា អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំ​ពេញ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា ​ការ​ចាប់​ខ្លួន​លោក ប៉ែន វុទ្ធី ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដែល​លោក​ថា​មាន​លក្ខណៈ​ញុះញង់ បង្ក​ផល​ប៉ះ​ពាល់ និង​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ទោះ​ជាយ៉ាងណា លោក​មិន​អាច​បញ្ជាក់​ថា​តើ​ជា​សារ​បែប​ណា​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម រហូត​ដល់​មាន​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

លោក​ថ្លែង​ថា៖ «គឺ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ គឺ​ពាក់​ព័ន្ធ​រឿង​សកម្មភាព​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទៅ​លើ​បណ្តាញ​សង្គម​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ ប៉ះ​ពាល់​សន្តិសុខ​សង្គម​ណា»។

លោក សំ វិច្ឆិកា បញ្ជាក់​ថា ការ​ចាប់​ខ្លួនលោក ប៉ែន វុទ្ធី អនុវត្ត​តាម​បញ្ជា​របស់​ព្រះរាជ​អាជ្ញារងអម​សាលា​រាជធានី​ភ្នំ​ពេញ។ លោក​បន្ថែម​ថា​ ចៅក្រម​ស៊ើប​សួរ​បាន​បញ្ជា​ឱ្យ​ឃុំ​ខ្លួន លោក ប៉ែន វុទ្ធី ជា​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​កែប្រែ​ម១​ព្រៃស។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ គណបក្ស​កែ​ទម្រង់​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ​គណបក្ស​ «តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​អហិង្សា និង​សន្តិវិធី​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ជា​ធរមាន​នានា ជាពិសេស​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ»៕