គណបក្សសង្គ្រោះជាតិស្នើជាថ្មីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិចារណាធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីមួយចំនួនដើម្បីធ្វើយ៉ាងណាបើកផ្លូវឱ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាន។
ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាមួយសមាជិក និងមន្ត្រី គ.ជ.ប កាលពីថ្ងៃសុក្រ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមកិច្ចប្រជុំនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចពិភាក្សាថាបញ្ហានេះអាចដោះស្រាយបានតាមរយៈការបើកឱ្យមានការិយាល័យចុះឈ្មោះចល័តនៅតាមព្រំដែន និងអនុញ្ញាតឱ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះនៅតាមស្ថានទូត សម្រាប់ការចុះឈ្មោះបោះឆ្នោតក្រោយៗទៀត ពិសេសការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៨ខាងមុខ។
គណបក្សប្រឆាំង ក៏បានស្នើ គ.ជ.ប ឲ្យពន្យារពេលចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ ចំនួន៣ថ្ងៃបន្ថែមទៀតសម្រាប់ឃុំ/សង្កាត់ណាដែលនៅមានប្រជាពលរដ្ឋទៅចុះឈ្មោះច្រើនជាង៥០នាក់ក្នុងមួយថ្ងៃ ឬសម្រាប់ឃុំ/សង្កាត់ណាដែលចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបតិចជាង៥០ភាគរយ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់សិទ្ធិរបស់ខ្លួន។
លោក យឹម សុវណ្ណ បន្តថា ទោះបីរហូតមកដល់ថ្ងៃសុក្រនេះ គ.ជ.ប បានចុះឈ្មោះឱ្យពលរដ្ឋបានប្រមាណ៧៨ភាគរយហើយក្ដី តែនៅឃុំ/សង្កាត់មួយចំនួន អត្រានៃអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតនៅទាបនៅឡើយ។
«ធម្មតាយើងជាតំណាងរាស្ត្រ យើងជាគណបក្សនយោបាយដែលទទួលការខុសត្រូវ យើងត្រូវតែធ្វើម៉េចដើម្បីគោរពសិទ្ធិប្រជាពលរដ្ឋ។ យើងត្រូវតែបង្កលក្ខណៈងាយស្រួលដើម្បីឱ្យប្រជាពលរដ្ឋហ្នឹងបានទៅចុះឈ្មោះ។ ហើយនេះគឺជាសិទ្ធិ ជាសិទ្ធិរបស់គាត់។ ហើយយើងក្នុងនាមជាគណបក្សនយោបាយ រដ្ឋាភិបាលក៏ដូចជា គ.ជ.ប គឺថាមានកាតព្វកិច្ចនៅក្នុងការធានាធ្វើម៉េចឱ្យគាត់អនុវត្តសិទ្ធិឱ្យបានទូលាយ ឱ្យបានគ្រប់ជ្រុងជ្រោយ»។
យោងតាមរបាយការណ៍របស់ គ.ជ.ឞ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ប្រជាពលរដ្ឋជាង៧,៥លាននាក់បានចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស ដោយនៅសល់ពលរដ្ឋជាង២,១លាននាក់ទៀត នៅពុំទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។
លោក យឹម សុវណ្ណ ឱ្យដឹងទៀតថា ការស្រាវជ្រាវរបស់បក្សប្រឆាំង ក៏ដូចជា គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋជាង២លាននាក់ដែលពុំទាន់បានចុះឈ្មោះ ជាង១លាននាក់ជាពលករដែលធ្វើការនៅក្រៅប្រទេស។ លោកថា នេះអាចជាបញ្ហាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំជាមួយបក្សប្រឆាំងនាព្រឹកថ្ងៃសុក្រនេះថា គ.ជ.ប នឹងយកសំណើរបស់គណបក្សប្រឆាំងទៅពិភាក្សា ដោយត្រូវពិនិត្យទៅលើស្ថានភាពថវិកា បច្ចេកទេស និងទិដ្ឋភាពច្បាប់។
លោកបន្តថា ការិយាល័យចុះឈ្មោះបោះឆ្នោតចល័តទៅតាមព្រំដែនគឺពុំត្រូវបានអនុញ្ញាតដោយច្បាប់នោះទេ។
«ទិដ្ឋភាពច្បាប់ មិនអាចចល័តទៅរកព្រំដែន ទៅរកការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែននោះទេ។ គ.ជ.ប អាចធ្វើបាន មិនមែនធ្វើមិនបាននោះ ទេ ប៉ុន្តែត្រូវធ្វើវិសោធនកម្មច្បាប់សិន។ នេះគឺជារឿងសំខាន់បាទ»។
ពាក់ព័ន្ធនឹងការស្នើសុំពន្យារពេល លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប ត្រូវរង់ចាំមើលរហូតដល់ថ្ងៃបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតសិន មុននឹងធ្វើការវាយតម្លៃ និងធ្វើការសម្រេចចិត្ត។
លោកថា កន្លងមក គ.ជ.ប បានលើកពេលក្នុងការចុះឈ្មោះឆ្នោតម្ដងជាពីរដង ធ្វើឱ្យសល់ពេលវេលាកាន់តែតិច ហើយការចុះឈ្មោះបោះឆ្នោតទៀតសោត ក៏បានជួបបញ្ហាផ្សេងៗ ដូចជាម៉ាស៊ីនកុំព្យូទ័រខូចជាដើម។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ ឱ្យដឹងទៀតថា កន្លងទៅ គ.ជ.ប បានបង្កើតឱ្យមានការិយាល័យចុះឈ្មោះបោះឆ្នោតចល័ត តែសម្រាប់តែភូមិណាដែលអត្រាអ្នកទៅចុះឈ្មោះបោះឆ្នោតទាបប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការស្នើឱ្យមានការធ្វើវិសោធនកម្មច្បាប់ និងនីតិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលករនៅក្រៅប្រទេសក្នុងការចុះឈ្មោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយបែបចំអកទៅបក្សប្រឆាំងថា គ.ជ.ប គ្មានសិទ្ធិធ្វើវិសោធនកម្មច្បាប់នោះទេ។
លោកក៏បានបដិសេធបង្ហាញពីឆន្ទៈរបស់គណបក្សកាន់អំណាចក្នុងការចូលរួមបោះឆ្នោតធ្វើវិសោធនកម្មនេះដែរ ប្រសិនបើមានការស្នើឡើង។
«រឿងឆន្ទៈឬមិនឆន្ទៈ គណបក្សប្រជាជនមិននិយាយដល់ទេ។ ក៏ប៉ុន្តែគណបក្សប្រជាជនចង់ឱ្យទាំងអស់គ្នាអនុវត្តច្បាប់ដែលមានជាធរមានបច្ចុប្បន្នហ្នឹង។ ការចុះឈ្មោះបោះឆ្នោតដែលមានចំនួនភាគរយនៃប្រជាជនដែលមានអាយុ[គ្រប់]បោះឆ្នោតហើយ គឺជាការគ្រប់គ្រាន់សម្រាប់ធ្វើដំណើរការបោះឆ្នោតបានហើយ។ បើប្រៀបធៀបជាមួយនឹងប្រទេសធំៗមួយចំនួននៅលើពិភពលោក គេបោះតែ៤០ភាគរយផងនៃចំនួនដែលមានអាយុបោះឆ្នោតនោះ។ ប៉ុន្តែឥឡូវ យើងបាន៨០ភាគរយជាងហើយ ខ្ញុំជឿជាក់ថា នៅបីបួនថ្ងៃទៀតនេះ គឺការចុះឈ្មោះកាន់តែកើនតួលេខឡើង វាលើសពី៨០ភាគរយហើយបាទ»។
លោក សុខ ឥសាន ចាត់ទុកការស្នើពន្យារពេលចុះឈ្មោះបោះឆ្នោតថាគ្រាន់តែជាការចេតនារបស់បក្សប្រឆាំងក្នុងទាញយកប្រជាប្រិយពីប្រជាពលរដ្ឋប៉ុណ្ណោះ។
ប៉ុន្តែ លោកមិនបានបង្ហាញជំហរគាំទ្រឬមិនគាំទ្រចំពោះការចង់ឱ្យពន្យារពេលនៃការចុះឈ្មោះ ដោយលោកថាវាជាសមត្ថកិច្ចរបស់ គ.ជ.ឞ ជាអ្នកសម្រេច។
ទោះយ៉ាងណា លោក សុខ ឥសាន បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតមកដល់ពេលនេះថាជាជោគជ័យមួយ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការណ៍រួមមួយអំពាវនាវឱ្យ គ.ជ.ប បន្ថែមចំនួនថ្ងៃនៃការចុះឈ្មោះបោះឆ្នោតនៅតាមខេត្តមួយចំនួន។
ខេត្តដែលអង្គការសង្គមស៊ីវិលស្នើឱ្យ គ.ជ.ប បន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោតមានដូចជា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត ត្បូងឃ្មុំ ព្រៃវែង សៀមរាប កំពង់ស្ពឺ កណ្ដាល ស្វាយរៀង និងតាកែវ។
អង្គការសង្គមស៊ីវិលបានបញ្ជាក់ថា រាជធានី និងខេត្តទាំងនេះ នៅមានអត្រាអ្នកចុះឈ្មោះបោះឆ្នោតទាបនៅឡើយ បើធៀបជាមួយខេត្តដទៃ៕