គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលកម្ពុជារំលាយបានអំពាវនាវនៅថ្ងៃច័ន្ទនេះឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានការពន្យារពេល ព្យួរ ឬផ្អាកការសងបំណុលរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបានជំពាក់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងនេះដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា៖
«ជាមួយគ្នានេះត្រូវធានាកុំឲ្យមានការរឹបអូសកម្មសិទ្ធិលើដីធ្លីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរដែលជំពាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
ការអំពាវនាវនេះធ្វើឡើង ក្រោយពីអង្គការសង្គមស៊ីវិលក្នុងស្រុកគឺអង្គការលីកាដូបានរកឃើញថា ពលរដ្ឋកម្ពុជាជាង ២ លាន ៥ សែន នាក់ មានជាប់ជំពាក់កម្ចីខ្នាតតូច ហើយត្រូវរងគ្រោះបន្ថែមទៀតដោយសារវិបត្តិជំងឺកូវីដ១៩។
កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ យុវជនមួយក្រុមរួមទាំងព្រះសង្ឃខ្មែរចំនួន៥អង្គផងបាននាំគ្នាតវ៉ាដោយអហិង្សាតាមដងផ្លូវសាធារណៈនៅមុខអគារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនក្នុងក្រុងបាត់ដំបងដើម្បីស្នើសុំឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្អាកការបង់សងប្រាក់កម្ចីដល់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យធនាគារនិងមីក្រូហិរញ្ញវត្ថុយកចិត្តទុកដាក់«ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ»។ លោកថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាស្តីពី «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩» ដែលធ្វើឡើងក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃច័ន្ទនេះ។
លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឲ្យទប់ស្កាត់សកម្មភាពណាមួយ«ដែលមានចេតនាបំពុលបរិយាកាសនិងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា»៕