ភ្នំពេញ —
ខណៈដែលការជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា នៅតែអូសបន្លាយ គណបក្សសង្គ្រោះជាតិ បានងាកទៅរកអង្គការសហប្រជាជាតិនិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យជួយស្វែងរកយុត្តិធម៌ដល់ម្ចាស់ឆ្នោត ដោយស្នើសុំឲ្យស្ថាប័ននិងប្រទេសទាំងនោះ ជួយដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិក្នុងអណត្តិទី៥កាលពីខែកក្កដាកន្លងទៅ។ ការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិនេះ បានធ្វើឡើងចំថ្ងៃរំលឹកខួបលើកទី២២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាតែម្តង។
លោក កឹម សុខា អនុប្រធាននៃគណបក្សប្រឆាំងនេះ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនរាប់ម៉ឺននាក់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ដែលជាថ្ងៃទី១នៃការធ្វើមហាបាតុកម្មរយៈពេល៣ថ្ងៃ ជាលើកទី២របស់ខ្លួននៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
«សូមអំពាវនាវដល់អង្គការសហប្រជាជាតិ ដល់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាទាំងអស់ឲ្យវិលត្រឡប់មកជួយប្រជារាស្ត្រខ្មែរឲ្យមានប្រជាធិបតេយ្យសេរីពហុបក្ស ហើយជាដំបូងបំផុត សូមមកជួយជាបន្ទាន់ ដើម្បីរកយុត្តិធម៌ រកការណ៍ពិតក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥នេះជូនដល់ប្រជាពលរដ្ឋខ្មែរឲ្យបាន»។
ប្រទេសចំនួន១៨ ដែលរួមមានសហរដ្ឋអាមេរិក ចិន អូស្ត្រាលី និង ជប៉ុន ជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី២២ឆ្នាំមុន ដើម្បីជួយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលបានអូសបន្លាយពេលអស់ជាង២ទសវត្សរ៍ចាប់តាំងពីទសវត្សរ៍១៩៧០មក។
លោក កឹម សុខា ថ្លែងថា បណ្តាប្រទេសទាំងនេះ នៅមានកាតព្វកិច្ចក្នុងការធានាឲ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះឲ្យបានត្រឹមត្រូវ។
«ប្រទេសណាដែលចង់ជួយគណបក្សប្រជាជនកម្ពុជា ឲ្យកាន់អំណាចម្នាក់ឯងនេះ គឺមានន័យថា ប្រទេសនោះ ដើរជាន់ឈ្លី ឆន្ទៈប្រជារាស្ត្រខ្មែរដែលចង់បានពហុបក្សហើយ»។
គណបក្សសង្គ្រោះជាតិបានបដិសេធលទ្ធផលផ្លូវការនៃការបោះឆ្នោតហើយបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភាដំបូង ដោយលើកហេតុផលថា លទ្ធផលនៃការបោះឆ្នោតនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោតភាគច្រើនដោយសារមានភាពមិនប្រក្រតីជាច្រើននៅក្នុងពេលបោះឆ្នោត។
ថ្នាក់ដឹកនាំគណបក្សនេះ ប្រកាសថា ទោះបីជាមានការរារាំងពីអាជ្ញាធរក៏ដោយក៏ខ្លួនប្រមូលបានស្នាមមេដៃពីប្រជាពលរដ្ឋជាង២លាននាក់ហើយ ដែលតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនិងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ។
ញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋនេះ ត្រូវបានដង្ហែរពីទីលានប្រជាធិបតេយ្យ យកទៅប្រគល់ជូនតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែតុលានេះ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលបានដឹកនាំក្បួនដង្ហែរញត្តិនេះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីចូលជួបជាមួយតំណាងការិយាល័យអង្គការសហប្រជាជាតិនេះ។
«ខ្ញុំបានជម្រាបជូនគាត់ថា យើងនឹងប្រមូលស្នាមមេដៃឲ្យបាន១លាន៣សែនទៀត។ បូកសរុបទៅឲ្យបាន៣លាន៣សែនស្នាមមេដៃ ដែលបានបង្ហាញឆន្ទៈថា ប្រជាពលរដ្ឋទាំងនោះគឺទាមទារឲ្យមានការផ្តល់យុត្តិធម៌ជូនពួកគាត់ ជូនម្ចាស់ឆ្នោត ឲ្យមានការផ្ទៀងផ្ទាត់ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ឬមួយឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីធ្វើយ៉ាងម៉េចឲ្យឆន្ទៈប្រជារាស្ត្រខ្មែរត្រូវបានលាតត្រដាង ត្រូវបានគេទទួលស្គាល់និងត្រូវបានគេគោរព»។
លោក កឹម សុខាបន្ថែមថា៖ «យើងបានជម្រាបគាត់ថា ធ្វើយ៉ាងម៉េច ឲ្យញត្តិនេះ បានដល់ដៃមេដឹកនាំអង្គការសហប្រជាជាតិ ហើយញត្តិនេះ បង្ហាញពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋ ដែលទាមទារឲ្យអង្គការសហប្រជាជាតិជួយរកយុត្តិធម៌ជុំវិញការបោះឆ្នោត និងជួយប្រជាពលរដ្ឋខ្មែរទទួលបានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលាដែលអង្គការសហប្រជាជាតិបានចុះហត្ថលេខាដែរនោះ»។
លោក ឌុច រ៉េន គឺជាបាតុករម្នាក់ដែលបានចូលរួមដើរដង្ហែរញត្តិមកកាន់ការិយាល័យអង្គការសហប្រជាជាតិនេះដែរ។
«ខ្ញុំសង្ឃឹមថា អង្គការសហប្រជាជាតិនឹងទទួលស្គាល់ហើយនឹងទទួលយកញត្តិដែលជាទឹកចិត្តដ៏មុះមុតអង់អាចរបស់សមាជិកគណបក្សសង្គ្រោះជាតិទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថានឹងជួយនិងអាចធ្វើឲ្យរឿងរ៉ាវទាំងអស់នេះ ប្រសើរឡើងនិងទទួលបានលទ្ធផលល្អ»។
ដូចបាតុករជាគ្រហស្ថជាច្រើនទៀតដែរ ភិក្ខុ កែវ យឿន គង់នៅក្នុងវត្តមួយក្នុងទីក្រុងភ្នំពេញ ក៏បានចូលរួមហែរញត្តិជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិដែរ ទោះបីជាមានការហាមប្រាមពីគណៈសង្ឃទាំងពីរនិកាយនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
«ដោយសារតែមានការរើបំរះពីខ្មែរយើងដែលជាអ្នកស្នេហាជាតិជាច្រើន ឥឡូវនេះ ដល់ជំនាន់អាត្មាហើយ ហើយជំនាន់នេះក៏មានការចេះដឹងពីប្រជាធិបតេយ្យជាច្រើន អញ្ចឹងទៅក៏តេជគុណម្ចាស់ឬក៏អ្នកស្នេហាជាតិបានក្រោកឈរឡើងដើម្បីនឹងតវ៉ារកយុត្តិធម៌ជូនម្ចាស់ទឹកដីក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលជាអ្នកស្នេហាជាតិនិងការពារសន្លឹកឆ្នោតរបស់ខ្លួន»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹងដើរដង្ហែរញតិ្តដែលមានស្នាមមេដៃប្រជាពលរដ្ឋនេះទៅប្រគល់ជូនស្ថានទូតបារាំង អង់គ្លេស និងអាមេរិកនៅព្រឹកថ្ងៃទី២៤ ខែតុលានេះទៀត៕