ការ​កាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​រងការ​រិះគន់​ខ្លាំងក្លា

រូបឯកសារ៖ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​នាំ​ចេញ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​បន្ទាប់​ពី​តុលាការ​លើក​ពេល​សវនាការ។

មន្ត្រី​គណបក្ស​ជំទាស់​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រតិកម្ម​នឹង​ការ​ផ្តន្ទាទោស​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​១១​នាក់​ឲ្យជាប់ពន្ធនាគារ​ពី៧ដល់២០​ឆ្នាំ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ដែល​នាំ​ឲ្យកើត​អំពើ​ហិង្សា​កាលពី​ឆ្នាំទៅ។​ ការ​ដាក់ទោស​នោះ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ និង​មិន​ត្រឹមត្រូវ។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​ចំណាត់​ការ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ ថ្ងៃ​អង្គារ​ថា​ ជា​រឿង​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​ដាក់​ទោស​សកម្ម​ជន​របស់​ខ្លួន​ឲ្យ​ជាប់​គុក​ពី​៧​ដល់​២០​ឆ្នាំ​ពី​បទចោទ​ថា​ បាន​ជាប់ពាក់​ពន្ធនឹង​បាតុកម្ម​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៤ ​ដែល​ក្រោយ​មក​បាន​ប្រែក្លាយ​ជា​អំពើ​ហិង្សា​នោះ។​ នេះ​ជា​ការ​អះអាង​របស់​លោក​យ៉ែម បុញ្ញរិទ្ធ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃអង្គារ។​

«គណបក្ស​សង្គ្រោះជាតិ​សង្កេត​ឃើញ​ថា ​នីតិវិធី​នៃ​ការ​ធ្វើ​សវនាការ​និង​ការ​ដាក់​ទោស​ចោទ​ប្រកាន់​នេះ​គឺ​ពុំ​មាន​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​ទេ​ ពីព្រោះ​សកម្មជន​ ទាំង​១១​រូប​លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​បាន​ចោទ​ប្រកាន់​នោះ​ទេ។​ ដូច្នេះ​ គណបក្ស​សង្គ្រោះជាតិ​យើង​មាន​ការ​សោក​ស្តាយ​ ហើយ​យើង​នឹង​ខិតខំ​ពិគ្រោះ​ យោបល់​ជាមួយ​មេធាវី​ដើម្បី​នឹង​ស្វែង​រក​នីតិវិធី​ដោះស្រាយ​បញ្ហា​នេះ​ នៅ​ពេល​ ខាង​មុខ​នេះ​ទៀត»។​

សកម្មជន​ទាំង​១១​នាក់​នោះ​ ​រួមមាន​មន្ត្រី​ព័ត៌មាន​គណបក្ស​គឺ​លោក​មាជ សុវណ្ណារ៉ា ​និង​លោកអឿ ណារិទ្ធ​ផង​ដែរ​ ដែល​ត្រូវ​តុលាការ​ចោទ​ថា ​បាន​បង្ករ​ឲ្យ​មាន​អំពើ​ហិង្សា​ ធ្វើ​ឲ្យ​មាន​អ្នក​បម្រើ​ការ​សន្តិសុខ​របួស​ជាង​៤០​នាក់​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា ​ដែល​មាន​ការ​ចោទ​ប្រកាន់​ទៅវិញ​ទៅមក​រវាង​ក្រុម​សន្តិសុខ​និង​ក្រុម​បាតុករ​កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​ឆ្នាំ​២០១៤​នោះ។​

ការ​ផ្តន្ទាទោស​នេះ​ត្រូវ​គេ​ដឹង​ថា ​កើត​ឡើង​ដោយ​គ្មាន​មេធាវី​តំណាង​ឲ្យ​១០​រូប​ក្នុង​ចំណោមជន​ជាប់​ចោទ​១១​នាក់​នោះ ​ចូលរួម​ក្នុង​សវនាការ​ទេ ​ដែល​រឿង​នេះ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នកច្បាប់​អះអាង​ថា​ តុលាការ​គួរតែ​ពន្យារពេល​សវនាការ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​ដាក់​ទោស​ទណ្ឌ​នេះ​ហាក់​ដូចជា​កើតឡើង​ចំពេល​ ដែល​មាន​ការ​ពុះ​កញ្ជ្រោល​រឿង​ជាតិ​និយម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​នឹងវៀតណាម​អំពី​បញ្ហា​រំលោភ​បំពាន​ព្រំដែន​ ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ​ជា​សម្ពាធ​នយោបាយ។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ អះអាង​ថា​ ការ​ផ្តន្ទាទោស​នេះមិន​ស្រប​ច្បាប់​ទេ។​

«បើសិន​ជា​យើង​មើល​ឲ្យ​ស៊ី​ជម្រៅ ខ្ញុំ​ថា​ ការ​សម្រេច​សេចក្តី​នេះ​គឺ​ឈរ​នៅលើ​ មូលដ្ឋាន​នយោបាយ​ ជាជាង​ឈរលើ​មូលដ្ឋាន​គតិ​យុត្តិ ​និង​ភស្តុតាង​ខាង​ផ្នែក​ ផ្លូវ​ច្បាប់​ ដោយសារ​បច្ចុប្បន្ន​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ តាន​តឹង​ ជាពិសេស​ទាក់ទង​នឹង​កិច្ចការ​ព្រំដែន​ដែល​កន្លង​មក​គឺ​គណបក្ស សង្គ្រោះ​ជាតិ​ គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ និង​ត្រួត​ពិនិត្យ​នៅ​តាម​ព្រំដែន»។​

លោក​បាន​កត់​សម្គាល់​ដែរ​ថា​ កន្លង​មក​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ចូល​សភា​ អនុម័ត​ច្បាប់​អង្គការ​ដែល​មាន​ការ​រិះគន់​ជា​អន្តរជាតិ​ថា​ ជា​ច្បាប់​ដែល​នឹង​រឹតត្បិត​ សិទ្ធិ​សេរីភាព​ពលរដ្ឋ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​សន្យា​ថា ​នឹង​ធ្វើ​ឲ្យ​វប្បធម៌​ សន្ទនា​រវាង​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គឺ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃ​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​សម រង្ស៉ី​នៃ​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់ ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​និង​ប្រទេស​ តាមរយៈការ​ដោះស្រាយ​បញ្ហា​ដោយ​ អហិង្សា៕