ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតចូលមកដល់ គឺនៅក្នុងខែមិថុនា ឆ្នាំ ២០២២ សកម្មជនថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញមតិចម្រុះគ្នាចំពោះការចូលរួមសកម្មភាពក្នុងឆាកនយោបាយឡើងវិញ។ ពួកគេកំពុងរង់ចាំដំណោះស្រាយមួយពីថ្នាក់ដឹកនាំរបស់ពួកគេ ដែលកំពុងជាប់បណ្តឹងតុលាការ និងនិរទេសខ្លួននៅក្រៅប្រទេស។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ សកម្មជនបក្សប្រឆាំងនៅថ្នាក់ក្រោមដែលជាមូលដ្ឋានរឹងមាំមួយរបស់បក្សជាង ៥ ពាន់នាក់បានបាត់បង់តំណែង។
ក្នុងចំណោមនោះ ក៏មានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អាយុ ២៦ ឆ្នាំ ជាអតីតចៅសង្កាត់អូចារ ក្នុងខេត្តបាត់ដំបង។ កញ្ញាដែលបានចូលរួមជាមួយគណបក្សសមរង្ស៊ី តាំងពីអាយុ ១៦ ឆ្នាំ លើកឡើងថា ប្រសិនបើមិនមានគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នោះទេ កញ្ញាបដិសេធមិនចូលរួមសកម្មភាពនយោបាយដាច់ខាត។
កញ្ញាប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «ប៉ុន្តែសម្រាប់ខ្ញុំការពិចារណាចូលរួមឬមិនចូលរួមសម្រាប់ពេលនេះ គឺខ្ញុំនៅតែមានជំនឿលើគណបក្សសង្គ្រោះជាតិនឹងត្រឡប់មកវិញ ហើយបើគ្មានគណបក្សសង្គ្រោះជាតិ បើគ្មានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលធ្វើវិញទេ គឺខ្ញុំដាច់ខាតខ្ញុំជាពលរដ្ឋធម្មតា»។
អតីតចៅសង្កាត់ដែលបាត់បង់តំណែង ហើយត្រូវបានបែងចែកទៅគណបក្សប្រជាជនកម្ពុជា ឲ្យដឹងទៀតថា កញ្ញាមិនជំទាស់ការបង្កើតគណបក្សដទៃទៀតពីសំណាក់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេ ហើយសង្ឃឹមថា គណបក្សទាំងនោះផ្តោតលើការបម្រើប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាគ្រឿងលម្អលទ្ធិប្រជាធិបតេយ្យ។
កញ្ញាបន្ថែមថា៖ «ខ្ញុំក៏គាំទ្រដែរឲ្យតែគេបម្រើប្រជាពលរដ្ឋ គិតគួរពីប្រយោជន៍ប្រទេសជាតិ។ ប៉ុន្តែផ្ទុយទៅវិញ បើគ្រាន់តែទៅសុំសិទ្ធិបង្កើតគណបក្សគ្រាន់តែលម្អសួន លម្អឲ្យគណបក្សកាន់អំណាចទេនេះ គឺខ្ញុំក៏ដូចជាពលរដ្ឋដទៃទៀតក៏មិនគាំទ្រដែរ»។
កញ្ញា រ៉ូហ្សេត បន្ថែមថា កញ្ញាចង់ឃើញគណបក្សនយោបាយមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ដោយពុំមានការរើសអើង ការបង្ខិតបង្ខំ និងការរឹតត្បិតផ្សេងៗ ក៏ដូចជាការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិវិលត្រឡប់មកវិញ ដើម្បីប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌។
អតីតចៅសង្កាត់រូបនេះ ក៏បានឲ្យដឹងថា សព្វថ្ងៃនេះ កញ្ញានៅរងការតាមដាននិងធ្វើទុក្ខម្នេញតាមរយៈការចោទប្រកាន់ផ្សេងៗពីអាជ្ញាធរ ដែលនាំឲ្យកញ្ញាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងទូទៅនិងការប្រកបមុខរបរផ្សេងៗ។
ចំណែកលោក ឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានឲ្យដឹងថា លោកមានបំណងចង់ចូលរួមជាមួយគណបក្សនយោបាយណាដែលខ្លួនលោកពេញចិត្ត។ លោកបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនវិលត្រឡប់មកវិញទេ លោកនឹងជ្រើសរើសចូលរួមជាមួយគណបក្សថ្មី។
លោកប្រាប់ VOA ថា៖ «ការវិលត្រឡប់មកគណបក្សសង្គ្រោះជាតិជារឿងមួយដោយឡែក។ រឿងទីពីរ បើថាគណបក្សសង្គ្រោះជាតិមិនទាន់វិលត្រឡប់មកទេ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសគណបក្សណាមួយដែលខ្ញុំពេញចិត្ត»។
លោកបន្ថែមថា ក៏អាចមានលទ្ធភាពដែលលោកនឹងចូលរួមជាមួយគណបក្សថ្មីបង្កើតឡើង ដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបាននីតិសម្បទានយោបាយឡើងវិញផងដែរ។
លោក ឌឹម សារឿន ដែលបានចូលប្រឡូកក្នុងឆាកនយោបាយតាំងពី ១៩៩៥ មក បានបញ្ជាក់ប្រាប់VOA ថា លោកធ្លាប់ជាប់ពន្ធនាគាររយៈពេល ៣៣ ថ្ងៃ ក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយលោកថា លោកកំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការនៅឡើយ។
ចំណែកអ្នកស្រី ម៉ាន់ ចំប៉ា ត្រូវបានបោះឆ្នោតឲ្យជាប់ជាមេឃុំលាងដៃ មកពីគណបក្សសង្គ្រោះជាតិនៅស្រុកអង្គរធំ ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ ២០១៧។ ប៉ុន្តែអ្នកស្រីបានកាន់តំណែងនេះបានរយៈពេលតែ ៣ ខែកន្លះប៉ុណ្ណោះ ហើយក៏បាត់បង់តំណែងនេះ នៅពេលតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ។
បន្ទាប់មក អ្នកស្រីបានឈប់ពីនយោបាយអស់រយៈពេលជាង ៣ ឆ្នាំមកនេះ មកប្រកបរបរជាកសិករវិញ ហើយមិនមានបំណងចូលរួមជាមួយគណបក្សដែលបង្កើតឡើងដោយអតីតសមាជិកជាន់ខ្ពស់របស់បក្សប្រឆាំងឡើយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ជាប់កំពុងរកស៊ីផង ដូចជាអត់បានគិតរឿងនយោបាយ រឿងអីទៀតផង។ តែបើអាចមានឱកាស ខ្ញុំអត់បោះបង់ចោលទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា មិនមានលទ្ធភាពនោះសម្រាប់ការវិលត្រឡប់មកវិញនៃគណបក្សសង្គ្រោះជាតិ ដោយសារតែមេដឹកនាំគណបក្សនេះកំពុងប្រឈមនឹងទោសទណ្ឌផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «ដូច្នេះកុំឲ្យសង្ឃឹមថា ខ្មោចអតីតបក្សប្រឆាំងហ្នឹងរស់ឡើងវិញ។ វាទៅជារលួយឆ្អឹងអស់ទៅហើយហ្នឹង។ មិនត្រឹមតែឆ្អិនទេ រលួយសាច់ រលួយឆ្អឹងអស់ទៅហើយ។ អញ្ចឹងការដែលរង់ចាំការរស់ឡើងវិញ ឬការវិលត្រឡប់របស់ទណ្ឌិតរត់ចោលស្រុកត្រឡប់ចូលស្រុកវិញ វាអត់មាននោះទេ។ ទណ្ឌិតគឺមានផ្លូវតែមួយទេ កាលណាឃើញក្បាលកន្លែងណា គឺចាប់វាយខ្នោះកន្លែងហ្នឹង បញ្ចូលគុកកន្លែងហ្នឹង។ អត់មានទៅសណ្ឋាគារទេ អានេះទៅពន្ធនាគារ»។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូបមកពីបក្សកាន់អំណាច បន្តថា អតីតមន្រ្តីថ្នាក់មូលដ្ឋានគួរជ្រើសចូលរួមជាមួយនឹងគណបក្សតូចៗបង្កើតឡើងដោយអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើយវិញ។
លោកបន្ថែមថា៖ «យល់ល្អ គាត់ឈប់ធ្វើសកម្មភាពបម្រើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលក្បាលម៉ាស៊ីននៅក្រៅប្រទេស។ អាហ្នឹងទីមួយ។ ទីពីរ គាត់នៅមានសិទ្ធិនយោបាយ អញ្ចឹងគាត់អាចចូលគណបក្សណាមួយដែលស្របច្បាប់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ ស្របច្បាប់អាហ្នឹងគាត់ចូលបាន។ តែបើធ្វើសកម្មភាពគាំទ្រអតីតបក្សប្រឆាំង អាហ្នឹងគឺមានតែផ្លូវមួយទេ គឺទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវសមត្ថកិច្ចគេចាត់វិធានការចាប់បញ្ចូលគុក ដូចអាដែងមេវាអញ្ចឹង»។
លោក មាស នី អ្នកវិភាគសង្គមនិងនយោបាយបានថ្លែងប្រាប់ VOA ថា រឿងសំខាន់គឺអាស្រ័យលើការសម្រេចរបស់គណបក្សសង្គ្រោះជាតិថា ត្រូវរង់ចាំឬចូលរួមក្នុងបរិបទនយោបាយថ្មី ក្នុងទម្រង់ ឬមធ្យោបាយណាមួយ នៅពេលអនាគតខាងមុខ។
លោកបន្ថែមថា ការបន្តឃ្លាំមើលលើសកម្មភាពរបស់អតីតមន្ត្រីពីគណបក្សប្រឆាំង គឺជាផ្នែកមួយនៃយន្តការប្រជាការពារ ដែលត្រូវបាន «បង្កើតឡើងនៅក្នុងរូបភាពមួយ ដើម្បីធ្វើការតាមដានលើគណបក្សណាដែលមិនមែនជាគណបក្សកាន់អំណាច»។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧ និងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន ៤៨៩ ក្នុងចំណោម ១.៦៤៦ ឃុំសង្កាត់នៅទូទាំងប្រទេស។ គណបក្សប្រឆាំងនេះទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣ លាននាក់៕