ទស្សនៈ៖ កូន​ព្រះ​យ៉េស៊ូ​នៅ​​ម៉ានីល

រូប​ឯកសារ៖ លោក រ៉ូឌ្រីហ្គោ ឌូធឺតេ (Rodrigo Duterte) ថ្លែង​សុន្ទរកថា​​ក្នុង​ទិវា​វីរជន​ហ្វីលីពីន​នៅ​ទី​ក្រុង Taguig city ខាង​កើត​រដ្ឋធានី​ម៉ានីល កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។

កំណត់​និពន្ធ៖ លោក ឆាំង យុ គឺ​ជា​នាយក​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​ស្លឹក​រឹត​ (www.cambodiasri.org) ដែល​មាន​ទី​តាំង​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។ លោក​គឺ​ជា​អ្នក​រស់​រាន​មានជីវិត​មួយ​រូប​ពី​វាល​ពិឃាត​ខ្មែរ​ក្រហម។ លោក​ត្រូវ​បាន​ចាត់​តាំង​ដោយ​កម្មវិធី​សិក្សា​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​កម្ពុជានៃ​សាកល​វិទ្យាល័យ​ យ៉េល​ សហរដ្ឋ​អាមេរិក ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ បណ្តុះបណ្តាល​ និង​ចង​ក្រង​ឯកសារ​ទាក់​ទង​នឹង​របបខ្មែរ​ក្រហម។ នៅ​ក្នុង​អត្ថបទ​ផ្ទាល់​ខ្លួន​នេះ លោក ឆាំង យុ អះអាង​ថា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ (Rodrigo Duterte) គួរ​រៀន​ពី​មេរៀន​របស់​កម្ពុជា ​អំពីរបៀប​ដែល​ជោគជ័យ​នៃ​គោល​នយោបាយ​ការបរទេស​ មិន​អាច​ត្រូវ​សម្រេច​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ភាសា​និង​ការ​សម្រេច​ចិត្តដែល​ជាក់លាក់​នោះទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ តម្រូវ​ឲ្យ​មាន​នូវ​យុទ្ធសាស្ត្រ​បត់បែន​ជាង​នេះ។

បញ្ហា​ប្រឈម​នានា​ក្នុង​ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម

គោល​នយោបាយ​ការបរទេស​ គឺ​ត្រូវ​បាន​សម្រួច​ដោយ​បញ្ហា​ដែល​ចោទនា​ពេល​បច្ចុប្បន្ន​ ក៏​ប៉ុន្តែ​ គោល​នយោបាយនេះ​តែង​តែ​ឆ្លុះ​បញ្ចាំង​អំពី​អតីតកាល។ ទន្ទឹម​នឹង​នេះ ​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ​មាន​ស្រមោល​អតីតកាល​ដ៏វែងអន្លាយ។ អ្នក​អាច​នឹង​យល់​អំពី​កិច្ច​ខិតខំប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ ឌូធឺតេ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​គោល​នយោបាយ​ការ​បរទេស​របស់ប្រទេស​ហ្វីលីពីន។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ ខ្ញុំ​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ ឌូធឺតេ​ ធ្វើ​ការ​សិក្សា​អំពីប្រទេស​កម្ពុជា​ និង​ប្រើ​ប្រាស់​ទស្សនៈ​រួម​បញ្ចូល​នៃ​ទំនាក់ទំនង​ការ​បរទេស​របស់​ប្រទេស​លោក​ ក៏​ដូចជា​ អនាគត​នយោបាយ​របស់​តំបន់​អាស៊ី​អាគ្នេយ៍។

ដូច​គ្នា​ទៅ​នឹង​ប្រទេស​ហ្វីលីពីន​ដែរ​ ប្រទេស​កម្ពុជា​បាន​តស៊ូ​ជាមួយ​អតីតកាល​នៃ​អាណានិគម​របស់​ខ្លួន។​ ប្រទេស​បារាំង​បាន​អភិរក្ស​ប្រទេស​កម្ពុជា​ និង​រារាំង​ប្រទេស​នេះ​ពី​ការ​ញ៉ាំញី​របស់​ប្រទេស​ជិតខាង​ គឺ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ រដ្ឋបាល​បារាំង​ក៏​បាន​គាំទ្រ​ដល់​វប្បធម៌​ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធនានា​ ក៏​ដូច​ជា​កំណែ​ទម្រង់​រដ្ឋបាល​ ដែល​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន។ យ៉ាង​ណា​មិញ ក្នុង​នាម​ជា​ប្រទេសក្រោម​អាណានិគម​បារាំង​ សម្បជញ្ញៈ​ជាតិ​របស់​ប្រជាជនកម្ពុជា​ ត្រូវ​បាន​គ្រប់គ្រងដោយ​ភាសា​បែបចក្រពត្តិ​របស់​ជនជាតិ​បារាំង។ ស្ថិត​ក្រោម​សណ្ឋាន​នៃ​កំណែ​ទម្រង់​ និង​ «អារ្យធម៌យានកម្ម‍» ពាក្យ​នានា​ រួម​មាន​ «សញ្ជាតិ​ដើម‍» «យុគ​សម័យ​ដើម‍» ឬ​ ពាក្យ​ដែល​មាន​ន័យអវិជ្ជមាន​ជាង​នេះ​ទៅទៀត​ ត្រូវ​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រើ​ប្រាស់​ជា​ទូ​ទៅ​ នៅ​ក្នុង​ឃ្លោង​ឃ្លា​នៃ​ភាសា​បារាំង-ខ្មែរ។

ការ​រួច​ផុត​ពី​រដ្ឋបាល​អាណានិគម​បារាំង​ មិន​បាន​លុប​បំបាត់​ឥទ្ធិពល​នៃ​ភាសា​ទាំង​នេះ​ និង​ឥទ្ធិពលរបស់​ភាសា​ទាំង​នេះ​លើ​អត្ត​សញ្ញាណ​ជាតិ​កម្ពុជា​ទេ។ ការ​រួម​ដៃ​គ្នា​របស់​កម្ពុជា​ចំពោះ​ការ​តស៊ូ​ក្រោយនឹមអាណា​និគម​ជាមួយ​ប្រទេស​ជិត​ខាង​គឺ​ប្រទេស​វៀតណាម​ ក៏​ដូច​ជា​ការ​តស៊ូ​របស់​ប្រទេស​កម្ពុជាផ្ទាល់ចំពោះអត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន​ បាន​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ដល់​ជំហរ​ងាក​ទៅ​រក​កុម្មុយនិស្ត​ឆ្វេង​និយមខ្មែរ​ក្រហម។ ទំនាក់ទំនង​ការ​បរទេស​របស់​កម្ពុជា​ប្រែ​ក្លាយ​ទៅ​ជា​គ្មាន​លំនឹង​ ហើយ​ប្រទេស​កម្ពុជា​បាន​ងាក​ចេញ​ពី​អំឡុង​ពេល​មួយ​ដែល​មាន​ការ​គ្រប់គ្រង​ដ៏​តាន​តឹង​ ដោយ​រដ្ឋាភិបាល​យោធា​ មាន​បស្ចិមប្រទេសជា​ខ្នង​បង្អែក​ ទៅ​កាន់​របប​ជ្រុលនិយម​មួយ​ផ្សេង​ទៀត​ ពោល​គឺ​អ្នក​សាង​អនាគត​ ប្រឆាំង​នឹង​ការ​គ្រប់គ្រង​នៃ​បស្ចិមប្រទេស​របស់​ខ្មែរ​ក្រហម។

របប​ខ្មែរ​ក្រហម​បំផ្លិច​បំផ្លាញ​ដល់​ប្រទេស​កម្ពុជា ដោយ​ប្រព្រឹត្ត​នូវ​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ពលកម្មដោយ​បង្ខំ​ និង​ការ​បង្អត់​អាហារ​ទ្រង់​ទ្រាយ​ធំ។ ជា​ចុង​ក្រោយ​ របប​ខ្មែរ​ក្រហមបាន​បង្ក​ឲ្យ​មានការ​ស្លាប់​ប្រជាជន​កម្ពុជា​ជាង​ពីរ​លាន​នាក់។

ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ភៀស​ខ្លួន​ពី​ប្រទេស បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នេះ។ ខ្ញុំ​ក៏​ជា​មនុស្សម្នាក់​ ក្នុង​ចំណោម​ប្រជាជន​ទាំង​នោះ​ដែរ។ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​នេះ​ចាញ់​កង​កម្លាំង​វៀតណាម​បានមួយ​រយៈ​ ខ្ញុំ​បានចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ទសវត្សរ៍​ទី​៨០​ និង​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ ជា​ទី​តាំងដែលមន្ត្រី​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​ជួយ​ដល់​ខ្ញុំ។ ចេញ​ពី​ប្រទេស​ថៃ ​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្ត​ម៉ូរ៉ុង​ បាតាអាន (Morong Bataan) ដែល​ជា​ជំរំជន​ភៀស​ខ្លួន​មួយ​នៅ​ក្នុង​ប្រទេសហ្វីលីពីន។ នៅ​ទី​នោះ​ ខ្ញុំទទួល​បាន​ក្តី​សប្បុរស​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន។ ប្រជាជន​ហ្វីលីពីន​ ដែល​ខ្ញុំ​បាន​ជួប​ មិន​មាន​ទ្រព្យស្តុកស្ដម្ភ​ទេ​ ក៏​ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​ស្វាគមន៍​ខ្ញុំ​ និង​ប្រជាជន​កម្ពុជា​ដទៃ​ទៀត​ ជាមួយ​នឹង​ភាពសប្បុរសរបស់​ខ្លួន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក ឆាំង យុ ​នាយក​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​ស្លឹក​រឹត​ ដែល​មាន​ទី​តាំង​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។ (ផ្តល់​ឲ្យ​ដោយ Esther Segal)

ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ហ្វីលីពីន​ មាន​ភាព​ជា​សាច់​ញាតិ​ពី​កំណើត​ នេះ​មិន​មែន​ដោយសារ​តែ​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ​ ពី​ប្រជាជន​ហ្វីលីពីន​ចំពោះ​ជន​ភៀស​ខ្លួន​កម្ពុជា​តែប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ថែម​ទាំងដោយសារ​តែ​ភាព​ស្រដៀង​គ្នា​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​ ក្នុង​នាម​ជា​ប្រជាជន​ស្ថិត​ក្រោម​អាណា​និគម​បរទេស។ ខណៈ​ដែល​សង្គម​របស់​យើង​ត្រូវ​បាន​ដៅ​ដោយ​ប្រវត្តិសាស្ត្រ​ផ្សេង​គ្នា​ ចំណុច​នេះ​ហើយ​ដែល​ជា​ការតស៊ូ​រួម​របស់​យើង​ ក្នុង​នាម​ជា​ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ ដែល​គេ​អាច​មើល​ឃើញ​នូវមនោសញ្ចេតនា​រួម​មួយ​នេះ។

លើស​ពី​បី​ភាគ​បួន​នៃ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ មាន​ជីវិត​រស់រាន​ដែល​រង​ឥទ្ធិពល​ពី​បទ​ពិសោធន៍​នៃ​អាណានិគមនិយម ក៏​ប៉ុន្តែ​គោល​គំនិត​នៃ​ប្រទេស​ស្ថិត​ក្រោម​អាណានិគម មិន​ត្រូវ​ទទួល​បាន​ការ​គោរព​ដ៏​សមស្រប​ទេ។ សាកលភាវូបនីយកម្ម បញ្ជ្រៀប​ចូល​ទៅ​ក្នុង​វប្បធម៌​របស់​ជាតិ ដោយ​លុប​បំបាត់​នូវ​រនាំង​ និង​បង្កើត​ជា​វប្បធម៌​ថ្មី​មួយ។ ក៏ប៉ុន្តែ ខណៈ​ដែល​អាណានិគមនិយម គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​ តែ​ត្រូវ​បាន​លុប​បំបាត់​ចេញ​ពី​សទ្ទានុក្រម​នៃ​ទ្រឹស្តី​នយោបាយ​ដែល​អាច​ទទួល​យក​បាន «ប្រទេស​ស្ថិត​ក្រោម​អាណានិគម‍» នៅ​តែ​បន្ត​រស់រាន​មាន​ជីវិត។

ប្រសិន​បើ​មាន​នូវ​អ្វី​ដូច​ទៅ​នឹង​បែបផែន​ដែល​លោក​ប្រធានាធិបតី​ ឌូធឺតេ លើក​ឡើង​ នោះ​គឺ​ជាកាលៈទេសៈ​មួយ​ដែល​អាណានិគម​ នៅ​តែ​ជា​ប្រធានបទ​ពាក់ព័ន្ធ​មួយ​នៃ​សន្ទនា​បែប​នយោបាយ​រវាងអតីត​ប្រទេស​ម្ចាស់​អាណានិគម​ និង​ប្រទេស​ដែល​ស្ថិត​ក្រោម​អាណានិគម។ ជា​រួម​ ទម្ងន់​នៃប្រវត្តិសាស្ត្រ​អាណានិគម​ នៅ​តែ​បន្ត​បង្កើត​ជា​កម្លាំង​ដ៏​វិសេសវិសាល​មួយ​ចំពោះ​សម្បជញ្ញៈ​ជាតិ​របស់ប្រជាជន​នៃ​ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម។ ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​ ឌូធឺតេ ទាម​ទារឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​ស្ថានភាព​នេះ​ ដេញ​ដោល​ចំពោះ​ស្ថានភាព​ដែល​មាន​ និង​ថា​ តើ​មានភាព​សម​ស្រប​ទេ​ ចំពោះ​ផ្នត់​គំនិត​នៃ​វោហាស័ព្ទ​បែប​ចក្រពត្តិ។

ក៏​ប៉ុន្តែ​ ផ្ទុយ​ពី​ប្រជាជន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​យល់​ថា​ ការ​លើក​ឡើង​របស់​លោកប្រធានាធិបតី​ ឌូធឺតេ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ លើក​ទឹក​ចិត្ត​ ព្រម​ទាំង​ធ្វើ​ការ​កែ​ទម្រង់​ ខ្ញុំ​ជំរុញ​ឲ្យលោក ឌូធឺតេ ​ពិចារណា​លើ​មេរៀន​ប្រវត្តិសាស្ត្រ។

គោល​នយោបាយ​ការ​បរទេស​ ត្រូវ​តែ​មិន​ស្ថិត​ក្នុង​ទម្រង់​ឈ្នះ-ចាញ់​នោះទេ។ ការ​ដឹកនាំ​ប្រទេស​គឺ​ជា​ការខ្នះខ្នែង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ចំពោះ​តម្លៃ​ និង​ផល​ប្រយោជន៍​ ក្នុង​បែប​ផែន​មួយ​ដែល​ទទួល​ស្គាល់​ពីសារៈសំខាន់​នៃ​ការ​រួម​បញ្ចូល​គ្នា។ មិន​មែន​រាល់​ការ​ជំទាស់​ជា​សាធារណៈ​ទាំង​អស់​ កើត​ចេញ​ពី​អំណាច​នៃអាណានិគម​ ដែល​បង្កើត​ឡើង​ដោយ​ការ​តាំង​ខ្លួន​ជា​ម្ចាស់​អាណានិគម​ទេ​ ហើយ​មិន​មែនរាល់​ប្រទេសទាំង​អស់​សុទ្ធ​តែ​គោរព​ចំពោះ​អធិបតេយ្យភាពរបស់​ប្រទេស​មួយ ដែល​បាន​ជ្រោមជ្រែង​ នៅ​ក្នុង​លក្ខខណ្ឌ​ភូមិសាស្ត្រ​នយោបាយ​រយៈ​ពេល​ដ៏​វែង​នោះ​ដែរ។

ដូច​គ្នា​ទៅ​នឹង​អតីត​ប្រទេស​ស្ថិត​ក្រោម​អាណា​និគម​ដទៃ​ទៀត​ដែរ​ ប្រទេស​កម្ពុជា​បាន​ខ្នះ​ខ្នែង​ស្វែង​រកអត្តសញ្ញាណ​ជាតិ​របស់​ខ្លួន។ ប្រទេស​នេះ​បាន​ឆ្លង​កាត់​រយៈ​ពេល​រាប់​ទសវត្សរ៍​នៃ​សង្គ្រាម​ អំពើឃោរឃៅ​ទ្រង់​ទ្រាយ​ធំ​ និង​ភាព​ខ្វះ​ខាត​នានា ដើម្បី​សម្រេច​បាន​សន្តិភាព​មួយ​ដែលប្រហាក់ប្រហែល​ទៅ​នឹង​ការ​រំពឹង​ទុក។ ប្រទេស​កម្ពុជាបានបន្ត​តស៊ូ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​ក៏​ប៉ុន្តែ​ ប្រសិន​បើ​មាន​មេរៀន​ណា​មួយ​ដែល​គួរ​ទទួល​យក​ពី​ប្រទេសកម្ពុជា​ នោះ​គឺ​គួរ​តែ​ជា​ ភាព​ជោគ​ជ័យ​នៃ​គោល​នយោបាយ​ក្នុង​ស្រុក​ និង​ការ​បរទេស​ ដែល​នឹង​មិនអាច​សម្រេច​បាន​តាម​រយៈ​ការ​អះអាង​យ៉ាង​ដាច់​អហង្ការ គោលការណ៍​ ឬ​ការ​សម្រេច​ចិត្ត​ទេ។ ប្រទេស​មួយ​មិន​អាចគេចវេះ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​បាន​ទេ​ ក៏​ប៉ុន្តែ​ប្រទេស​នោះ​ក៏​មិន​ចាំ​បាច់​ស្ថិត​នៅ​ជា​ទាសករ​នៃ​ប្រវត្តិសាស្ត្ររបស់​ខ្លួន​ឯង​ដែរ៕