ទស្សនៈ៖ ក្រឡេកត្រឡប់ទៅកាន់ថិរវេលា៧៥ឆ្នាំមុន បន្ទាប់ពីវត្តមាននៃអនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

រូបថតបង្ហាញពីមនុស្សកំពុងត្រឡប់ទៅផ្ទះវិញនៅពេលដែលរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ (VN-Hanoi/DC-Cam Archives)

កាល​ពីជាង​៧៥​ឆ្នាំ​មុន លោក រ៉ាហ្វាអ៊ែល លេមឃីន បាន​បង្កើត​ពាក្យ “ប្រល័យពូជសាសន៍” ដើម្បី​ពិពណ៌នា​អំពី​ការ​បំផ្លិច​បំផ្លាញ​ដ៏សាហាវឃោរឃៅ ធ្វើឡើង​ដោយចេតនាទៅលើ​មនុស្សជាតិ​ ដែលបាន​ប្រព្រឹត្ត​ឡើង​ជាច្រើនលើក​ច្រើនសា នៅក្នុង​ជំពូកប្រវត្តិសាស្ត្រ។ ពាក្យ “ប្រល័យពូជសាសន៍” នេះក្តោបនូវ​អត្ថន័យ​យ៉ាង​សំខាន់​ ដោយ​ជំរុញ​ឲ្យមាន​ ការចាប់​បដិសន្ធិ​ឡើង​នៃ អនុសញ្ញា​ស្តីពីការ​បង្ការ ​និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ដែល​សហ​គមន៍អន្តរជាតិ​តែង​ប្រារព្ធ​រំឭក​ មកទល់ពេល​បច្ចុប្បន្ន។ និយមន័យ​ផ្នែក​ច្បាប់​របស់​ពាក្យ​ “ប្រល័យពូជសាសន៍” បាន​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ព្រម​ព្រៀង​របស់​សហគមន៍​អន្តរជាតិ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និងការទទួលខុសត្រូវ​ក្នុង​ការ​ឆ្លើយ​តប​របស់​មនុស្ស​ជាតិ ទៅលើ​ការ​បង្ការ​និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍។ ទោះបីជាយ៉ាង​ណាក្តី ឆ្លៀត​ក្នុង​ឱកាស​ខួប​លើក​ទី​៧៥ ​នៃការ​បង្កើតអនុសញ្ញា​ស្តីពី​ការ​បង្ការ​និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ យើង​សង្កេត​ឃើញយ៉ាងជាក់លាក់ថា មកទល់​សព្វថ្ងៃ​ កាតព្វកិច្ច​ជាច្រើន​ចែងដោយ​អនុសញ្ញា​ស្តីពី​ការ​បង្ការ​ និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ នៅតែ​ពុំ​អាច​សម្រេចទៅបាន​។ ជារួម ខ្លឹម​សារ​ចែង​នៅក្នុង​អនុសញ្ញា​ស្តីពី​ការ​បង្ការ ​និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ អាច​រក្សា​នូវ​តម្លៃបាន ​គឺអាស្រ័យទៅលើ​ការ​អនុវត្ត​របស់​មនុស្ស ហើយ​សហគមន៍​សកលលោកនៅ​មាន​ចន្លោះ​ខ្វះខាត​ជាច្រើន​ រវាង​ពាក្យ​ពេជន៍ដែល​ចែងនៅក្នុង​អនុសញ្ញា ​និង​ការ​អនុវត្តការ​ប្តេជ្ញាជាក់​ស្តែងអនុលោម​តាម​អនុសញ្ញានេះ។

នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​និង​ឆ្នាំ១៩៧៩ ប្រទេស​កម្ពុជា​ បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ដំណំ​ទៅលើ​អរិយធម៌របស់​ខ្លួន។ របប​ខ្មែរ​ក្រហម បាន​ប៉ុនប៉ង​អនុវត្តមនោគមន៍វិជ្ជា​កុម្មុយនីស្ត តាមលទ្ធិ​ម៉ៅ​ជ្រុល​និយម ដែល​ប្រព្រឹត្តទៅ​នៅក្នុង​វិសាលគម​នៃ​គោល​នយោបាយ និង​សកម្មភាព​ឃោរឃៅ​ ផុស​ឡើង​ចេញពី​ការ​ស្រមើ​ស្រមៃ។ ប្រជា​ជន​កម្ពុជា ត្រូវបាន​ឃុំ​ឃាំង, ទទួល​រងទារុណកម្ម និង​ត្រូវ​បានសម្លាប់។ សហគមន៍ជាតិ​ពន្ធុ និង​សាសនា ត្រូវ​បានដាក់គោលដៅទៅលើ ហើយ​ប្រជាជន​កម្ពុជាទាំងអស់ ត្រូវ​ទទួល​រងភាព​ភិតភ័យ បង្កឡើង​ដោយ​អំពើ​អមនុស្សធម៌ ដ៏ព្រៃផ្សៃ​បំផុត។ មាន​ការ​សន្និដ្ឋាន​ថា ប្រជាជន​កម្ពុជា​ប្រមាណ​ជាង២លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុបចំនួន​៧លាននាក់នាពេល​នោះ​ បាន​បាត់បង់ជីវិត​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម (ពីឆ្នាំ​១៩៧៥ដល់​ឆ្នាំ​១៩៧៩)។ អង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាកា​រ​កម្ពុជា (ដែលជាតុលាការ ​បង្កើតឡើង​រួមគ្នា​ដោយ ​អង្គការ​សហប្រជាជាតិ និង​រាជ​រដ្ឋាភិបាលកម្ពុជា) បាន​សម្រេច​ផ្តន្ទា​ទោស​លើមេ​ដឹក​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ បន្ថែម​ពីលើ​បទ​ឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាមនិង​ជនជាតិ​ចាម។ ទោះបី​ជា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ដួល​រលំទៅ អស់​រយៈកាល​ជាង​៤០ឆ្នាំកន្លងមកហើយ​ក្តី យើង​នៅតែអាច​មើលឃើញ​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បង្កឡើង​ក្នុង​អំឡុង​របប​នេះ មកលើ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និងបង្កជា​វិបត្តិ​ផ្លូវ​ចិត្ត​ និង​ពិការភាព​ផ្លូវកាយ លើ​ប្រជាជន​កម្ពុជា ដែល​បាន​រស់រាន​មានជីវិត ពី​ការ​បំផ្លិច​បំផ្លាញ​ធ្វើឡើង​ទៅលើ​ ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សង្គម​ស៊ីវិល និង​ស្ថាប័នវប្បធម៌ ដោយ​បន្សល់មក​ទល់សព្វថ្ងៃ ហើយ​មិនទាន់​សះស្បើយ​ទាំង​ស្រុង​នៅឡើយ។

និស្សិត​សាកលវិទ្យាល័យ Texas A&M ធ្វើបាតុកម្មប្រឆាំងមេដឹកនាំ​ខ្មែរក្រហម ដូចជា លោក ខៀវ សំផន ដែល​មកអង្គុយ​នៅ​អង្គការ​សហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ១៩៨៨។ (រូបថតដោយ ឆាំង យុ)

មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ គឺជា​ស្ថាប័ន​រក្សា​ទុក​ឯកសារ​ និង​វត្ថុ​តាង​ប្រវត្តិសាស្ត្រដ៏កម្រស្តីពី​របប​ខ្មែរក្រហម​ ដែល​ធំជាង​គេ​លើពិ​ភពលោក ដោយ​មាន​ការ​គាំទ្រ​ពី​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ការ​គាំទ្រ​យ៉ាង​វិសេសវិសាល​ពី​ទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​និង​កំពុង​បន្ត​អនុវត្ត​គម្រោង​អប់រំពីអំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្លួន (ដែល​ត្រូវបាន​ស្គាល់​ថា​ជា ​ការអប់រំអំពី​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ) នៅទូទាំង​ប្រទេស​កម្ពុជា អស់រយៈកាល​ជាង​២០ឆ្នាំ​កន្លងមក ក្នុង​គោលបំណង​គាំពារ​ដល់​អ្នក​រស់​រាន​មានជីវិតពី​របប​ខ្មែរក្រហម​ ដែលមាន​ចំនួន​ប្រមាណជាង​៥លាន​នាក់, មនុស្ស​ជំនាន់​ក្រោយ​ ក៏ដូច​ជា​ប្រទេស​ជាតិ​មួយ​ដែល​តស៊ូ​ប្រឈមមុខ​នឹង​អតីត​កាល​ដ៏ជូរចត់​របស់​ខ្លួន។ ​តាមរយៈ​ការ​ងារ​របស់ខ្លួន​ ដែលប្រព្រឹត្តទៅ​នៅកម្រិត​មូលដ្ឋានផ្ទាល់ជាមួយនឹងអ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរ​ក្រហម មជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​យល់​ច្បាស់​ចំពោះគោលគំនិត នៃ​អត្ថន័យរបស់​ អនុសញ្ញា​ស្តីពីការ​បង្ការ​និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍។

អ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងនៅក្នុងខួបលើកទី 75 នៃនៃអនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2023។ (UN Web TV)

ប្រជាជន​កម្ពុជា​ជាច្រើន នៅ​តែ​បន្ត​ចោទជាសំណួរ​ថា ហេតុ​អ្វី​បាន​ជា​ខ្មែរសម្លាប់​ខ្មែរ? នៅ​ស្ទើរ​តែ​គ្រប់​វេទិកា​សាធារណៈ, វគ្គ​បណ្តុះ​បណ្តាល ឬ​ព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​នានា សំណួរ​ខាងលើ​នៅតែលេចឡើង ដោយមិនត្រឹមតែ​ចោទសួរ​ដោយ​យុវជន​ដែលចាប់​កំណើតក្រោយពី របប​ប្រល័យពូជសាសន៍ ប៉ុល ពត​ ដួល​រលំទៅ​អស់ជាច្រើនទសវត្សរ៍ទៅហើយតែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​ថែមទាំងត្រូវ​បាន​លើកឡើង​ដោយ​អ្នករស់រាន​មានជីវិតពីរបប​ខ្មែរក្រហម​ថែមទៀតផង។ នេះ​គឺជា​សំណួរ​សម​ហេតុសមផល​មួយ ដែល​ពុំ​មាន​ចម្លើយ​ពេញលេញ​សមស្របណាមួយទេ ពីព្រោះថា ថ្វីត្បិត​តែ​សាច់រឿង​របស់​អ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរក្រហមជាច្រើន ​ត្រូវបាន​ប្រមែប្រមូល​ចងក្រង, ការសិក្សា​ស្រាវជ្រាវ​នានា​ត្រូវបានធ្វើឡើង ឬ​បទវិភាគច្រើនបែប​ច្រើន​សណ្ឋាន​បាន​ប្រព្រឹត្តទៅយ៉ាង​ណាក្តី នៅតែពុំ​មាន​ចម្លើយ​សមស្របណាមួយ​ ​ឆ្លើយ​តប​ឲ្យបាន​សមប្រកប​ចំពោះសំណួរ​ខាងលើ​ ស្រប​តាម​ការវិភាគ ឬ​ការសន្និដ្ឋាន​របស់មនុស្ស​លើ​អតីតកាល​នេះ​ដដែល។ ការចោទជាសំណួរ​ទៅលើ​ព្រឹត្តិការណ៍ពីអតីតកាល គឺពិត​ជាចាំបាច់។ ជាក់ស្តែង នេះគឺជាកាយវិការ​ដ៏ប្រសើរមួយ។ ក៏ប៉ុន្តែ ការសិក្សា​អំពីអតីតកាល ត្រូវ​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​មោះមុត​ចំពោះ​បច្ចុប្បន្នកាល ​និង​អនាគតកាល។

ការអប់រំអំពី​ឧក្រិដ្ឋកម្មឃោរឃៅក្នុងសណ្ឋាន​ផ្សេងៗ រួមមាន កាតព្វកិច្ច​អប់រំ​ និង​ការ​អប់រំ​សាធារណៈ គឺជា​ការបង្ការ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ។ ការអប់រំ គឺជា​មាគ៌ា​ដ៏​មាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​តែមួយគត់ ឈាន​ទៅរារាំង​ស្ថានភាព និង​កត្តាជំរុញ ដែល​រុញ​ច្រាន​ឲ្យ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​កកើតឡើង​នាពេល​អនាគត។ ការអប់រំ​ដែល​ជោគជ័យ ទាមទារ​នូវកិច្ច​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​ខ្នះខ្នែង ពីសំណាក់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​សង្គម​ស៊ីវិល។ បន្ថែម​លើសពីនេះទៅទៀត ការអប់រំ ទាមទារ​នូវ​ធនធាន និង​ការប្តេជ្ញា​យ៉ាង​មធ្យ័ត​ លើសពីអ្វី​ដែល​មនុស្សជាតិបានអនុវត្ត​នាពេល​កន្លងមក ក្នុង​ការ​ឆ្លើយ​តប, កាត់ទោស និង​ផ្តន្ទាទោសចំពោះ​ឧក្រិដ្ឋកម្ម​ដែលបាន​កើតមានឡើង។

ការអប់រំ ថែមទាំង​ទាមទារ​ឲ្យមាន​ជារំពឹងទុក​ជាមុន​។ កម្មវិធីអប់រំ​ ដែល​ផ្តោត​ទៅលើ​ការ​បង្ការ​ឧក្រិដ្ឋ​កម្មឃោរឃៅ​ គួរតែ​រួម​បញ្ចូល​ លំហាត់​ដែល​បណ្តុះជាការ​ប្រមើមើលអនាគត​ ជំរុញឲ្យ​អ្នក​សិក្សា​រៀន​សូត្រ ​ត្រិះរិះ​ពិចារណា​ថាតើ សង្គមជាតិ​មួយ​អាច​មាន​សភាព​ខុសប្លែក​យ៉ាង​ម្តេចខ្លះ ប្រសិនបើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​ពុំបាន​កើតមាន​ឡើងទេនោះ? តើ​សង្គមជាតិមួយ​ អាច​ទទួល​រង​ផលប៉ះពាល់​យ៉ាង​ដូច​ម្តេច​ខ្លះ ប្រសិន​បើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទាំងនោះ កើតមាន​ឡើងនាពេល​សព្វថ្ងៃ? និង ​តើ​ការ​បង្ការ​អ្វីខ្លះ​គួរ​អនុវត្តឡើងនាពេលអនាគត ដើម្បី​សម្រេចបាន​នូវ​ពិភពលោក​ក្នុង​ការ​ប្រមើមើល​ ដែល​អាច​ស្របទៅនឹង​ការប្តេជ្ញា​ «សូមកុំ​ឲ្យកើតមាន​ម្តងទៀត»។

មជ្ឈមណ្ឌលឯកសារ​កម្ពុជា អំពាវ​នាវ​ទៅកាន់​ប្រជាជាតិ​ទាំងអស់ សូម​ដាក់បញ្ចូល​ការអប់រំអំពី​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​ ទៅក្នុង​កម្មវិធី​អប់រំ​ផ្លូវការថ្នាក់​ជាតិ​ នៅ​កម្រិត​វិទ្យាល័យ​។ ស្ថាប័នយោធា​ទាំងអស់ គួរ​តែ​តម្រូវ​ឲ្យ​ដាក់​បញ្ចូល​កម្មវិធី​អប់រំអំពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ ជា​សមាសធាតុស្នូល​នៃ​ការ​អប់រំ​មន្ត្រី​យោធា និង​ថ្នាក់​ដឹកនាំ​យោធា​ជាន់​ខ្ពស់។ ​អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀតគឺ ការ​អប់រំអំពី​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ គួរ​តែ​ចែង​ជា​លាយលក្ខណ៍អក្សរ​នៅក្នុង​គោល​នយោបាយ​អភិវឌ្ឍ​ន៍​អន្តរជាតិ​ទាំងអស់ ដោយ​តម្រូវ​ឲ្យ​រាល់អ្នកទទួល​ជំនួយ​អភិវឌ្ឍ​ន៍ស្ពាន ផ្លូវ​ថ្នល់ និង​គម្រោង​ផ្សេងៗ​ ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌក្នុង​ការ​អនុវត្ត​កម្មវិធី​អប់រំដែលមាន​បទដ្ឋាន​ច្បាស់​លាស់ ​អំពីឧក្រិដ្ឋ​កម្ម​ឃោរឃៅ។ កិច្ច​សន្ទនា​ពី​ការអប់រំ​អំពី​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ​ មិន​គួរ​តែ​ធ្វើឡើង​ដោយ​ផ្តោត​តែ​ទៅលើ​ការ​អភិវឌ្ឍ​ក្រោយជម្លោះ​នោះទេ​ ក៏​ប៉ុន្តែ​គួរ​ចាប់​ផ្តើម​ចេញពី​បញ្ហាទាំងអស់នេះ ពីព្រោះថាជំនួយ​អន្តរជាតិ​ គឺជា​មធ្យោបាយ​ចម្បង​បំផុត​ក្នុង​ការ​កសាង​នូវ​ សមាសធាតុ​ និង​យន្តការណ៍រារាំង​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​ ពីការកកើត​ឡើង​វិញនាពេលអនាគត។​ សេចក្តី​ចែង​នៅក្នុង​អនុសញ្ញា​ស្តីពី​ការ​បង្ការ​និង​ផ្តន្ទា​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ទាមទារ​ឲ្យមានការ​ដាក់ចេញជា​សកម្មភាព ដែលមិនមែន​ត្រឹមតែ​ផ្តល់​ជា​ផលប្រយោជន៍ស្របតាមការ​កំណត់​នៃ​ច្បាប់តែ​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ថែមទាំងធានា​សម្រេច​បាន​នូវ​ការសន្យារបស់​យើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ថែមទៀត​ផង៕