មួយ​ឆ្នាំ​ក្រោយ​បាក់​អគារ​នៅ​ខេត្តកែប កម្មករ​រងគ្រោះ​មិន​ទាន់​បាន​សំណង​តាម​ផ្លូវច្បាប់

រូបឯកសារ៖ ប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារកំពុងបន្តធ្វើឡើងនៅខេត្តកែប កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

អ្នក​ការពារ​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​សំណង់ លើក​ឡើង​ថា​ មិន​ទាន់​មាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយទេ​សម្រាប់​កម្មករ​ដែល​រង​គ្រោះ​ពី​ការ​បាក់​អគារ​ក្នុង​ខេត្ត​កែប​កាល​ពី​មួយ​ឆ្នាំ​មុន ក្រៅពី​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​ពី​រដ្ឋាភិបាល និង​សប្បុរស​ជន។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០២០ មាន​ករណី​បាក់​អគារ​កម្ពស់​៦​ជាន់នៅ​ខេត្ត​កែប សម្លាប់​មនុស្ស​៣៦​នាក់ ក្នុង​នោះ​មា​ន​ក្មេងៗ​ផង​ដែរ និង​របួស​ជាង​២០​នាក់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ លោក សុខ គីន ប្រាប់​វីអូអេ​ថា​កម្មករ​ជា​ច្រើន​នាក់​ដែល​រង​គ្រោះ​ពី​ការ​បាក់​អគារ ​មិន​ទាន់​ទទួល​បាន​សំណង​តាម​ច្បាប់​រដ្ឋ​ប្បវេណី​នៅ​ឡើយ​ទេ ពោល ​គឺ​សាច់​ញាតិ​របស់​អ្នកស្លាប់ និង​ជន​រង​គ្រោះ​រស់​រាន​មាន​ជីវិត បាន​ត្រឹម​តែ​ទទួល​ការ​ឧបត្ថម្ភ​ជា​លុយ​កាក់​ពី​សប្បុរស និង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «និយាយ​ឲ្យ​ចំ​មក​ដល់​ពេល​នេះ​ ទាក់​ទង​ទៅ​នឹង​សំណង គឺ​អត់​ទាន់​បាន​ទទួល​អី​ទាំង​អស់។ ទទួល​បាន​តែ​ថវិកា​ពី​សប្បុរស​ជន​ ដែល​រដ្ឋាភិបាលរៃ​អង្គាស​តាម​រយៈ​រដ្ឋាភិបាល​ដែល​ផ្តល់​ជូន​សា​មុន​ហ្នឹង។ អ៊ីចឹង​ក្រៅ​ពី​ហ្នឹង​សំណង​ផ្លូវ​ច្បាប់​អី គឺ​ពួក​គាត់​អត់​ទាន់​ទទួល​បាន​ទេ»។

លោក ​តុប វុទ្ធី​ អាយុ​៥៤​ឆ្នាំ​ដែល​ត្រូវ​ជា​បង​ថ្លៃ​លោក​ ជួប ម៉ាប់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​កែប​នោះ​ និយាយ​ថា ​លោក​មិន​បាន​ដឹង​អំពី​រឿង​ក្តី​ក្តាំ​នៅ​តុលាការ​ទេ ប៉ុន្តែ​លោក​ថា ​ភរិយា​របស់​លោក ជួប ម៉ាប់ កំពុង​ប្រឈម​បញ្ហា​ជីវភាព ​ទោះ​បី​ទទួល​បាន​ប្រាក់​៥ម៉ឺន​ដុល្លារអាមេរិក​ពី​សប្បុរសជន និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​ក៏​ដោយ។

លោក​ តុប វុទ្ធី​ ប្រាប់​វីអូអេពី​ស្រុក​ទឹកឈូ ខេត្ត​កំពត​មក​ថា៖ «គាត់​ជីវភាព​គាត់​យ៉ាប់​ដែរ​ អត់​ពី​ប្តី​ទៅ គាត់​លក់​ដូរ​អី​នៅ​ផ្ទះ​បន្តិច​បន្តួច​ចឹង»។

លោក​បន្ត​ថា ​ភរិយា​លោក ជួប ម៉ាប់ ​ក៏​ជួប​គ្រោះ​ថ្នាក់​ជា​មួយ​កូន​ដែល​មានអាយុ​ជាង​១០​ឆ្នាំ ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការដ្ឋាន​សំណង់​ដែល​បាក់​រលំ​នោះ។ លោក​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​ ភរិយា​របស់​លោក​ ជួប ម៉ាប់ កំពុង​រស់​នៅជាមួយ​ស្នាម​របួសពី​ការ​បាក់​អគារ​នោះ​នៅឡើយ។

ប៉ុន្តែ​លោក​ថា​ អ្នក​ស្រី​ក៏​មិន​ដឹង​ថា​នឹង​ត្រូវ​តស៊ូ​ខាង​ច្បាប់​ទៀត​យ៉ាង​ណា​ដែរ ក្រោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន និង​មន្ត្រី​រដ្ឋាភិបាល​នានា​ ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​អ្នក​រងរបួស។

លោក ទេព ធន​ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់​ និង​ធ្លាប់​ជាប្រធាន​គណៈ​កម្ម​ការ​កោសល្យ​វិច័យ​លើ​អគារ​បាក់​នៅ​ខេត្ត​កែប​នោះ មាន​ប្រសាសន៍​ថា ​សំណុំ​រឿង​បាក់​រលំ​អគារ​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​តុលាការ​គេ​អ្នក​ធ្វើ​តើ​អូន! មិន​មែន​យើង​ទេ។ យើង​ចប់​ហើយ​ការងារ​បច្ចេកទេស។ ចប់​អស់​ហើយ​តើ!»។

លោក ម៉ាន់ បូរ៉េត អ្នក​នាំ​ពាក្យ​សាលា​ដំបូងខេត្ត​កំពត ​ដែល​ទទួល​បន្ទុក​សំណុំ​រឿង​តុលាការ​ពី​ខេត្តកែប​ដែរ​នោះ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​ថា​ លោក​មិន​មាន​ព័ត៌មានលម្អិត​ពាក់​ព័ន្ធ​នឹងសំណុំ​រឿង​បាក់​អគារ​នេះ​ទេ។

លោក​ស្នើ​ឲ្យអ្នក​យក​ព័ត៌មាន​ VOA​ ទាក់ទង​ទៅ​ពេល​រសៀល។ នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ​លោក ម៉ាន់ បូរ៉េត ម្តង​ទៀត​នៅ​រសៀល​ថ្ងៃ​អង្គារ ទូរស័ព្ទ​រោទិ៍ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

រូបឯកសារ៖ នេះ​ជា​រូបថត​សំណង់​អគារ​នៅ​ខេត្ត​កែប​ត្រូវ​បាន​គេ​ថត​មុន​ពេល​បាក់​អគារ។ គេ​ឃើញ​មាន​ការ​ចាក់​ប្លង់សេ​ខាង​លើ​អគារ​នេះ។ (រូបថតផ្តល់ឲ្យ)

បន្ទាប់ពីហេតុ​ការណ៍​បាក់​អគារ​ដែល​សង់​នៅ​លើ​ដី​ជម្រាល​ក្បែរ​ភ្នំ ម្ចាស់​អគារ​ជា​ប្តី​ប្រពន្ធ គឺ​លោក ឯក សារុន និង​អ្នកស្រី ​ឈីវ សុធី ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​កម្លាំង​នគរបាល។ ប៉ុន្តែ​ពួកគេ ​ត្រូវ​បានតុលាការដាក់​ឲ្យស្ថិត​នៅ​ក្រៅ​ឃុំ ក្រោយ​តម្កល់​ប្រាក់​ប្រមាណ​៩​ម៉ឺន​ដុលា្លរ​អាមេរិក។ ពួកគេ ​ត្រូវ​បានហាម​មិន​ឲ្យ​ចេញក្រៅ​ប្រទេស។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែន​ដី​បាន​លើក​ឡើង​ថា ​ករណី​បាក់​អគារ​នោះ ផ្តើម​ចេញ​ពី«ការ​សាងសង់​បេតុង​សសរ​មិន​ធន់» តាម​លក្ខណៈ​បច្ចេកទេស។

ក្នុង​ករណីបាក់​អគារ​ស្រដៀង​គ្នា​នេះ​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ២០១៩​ ក៏មាន​ករណី​អគារ​បាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែល​បាន​សម្លាប់​មនុស្ស​២៨នាក់។ អតីត​អភិបាល​ខេត្តជាប់​មាត់​សមុទ្រនេះ​ គឺលោក​ យន្ត​ ​មីន​ ​អះអាង​ថា ក្រុម​ការងារ​ខេត្ត​ បាន​ចុះ​ឃាត់​ការ​សាងសង់​អគារ​នោះពីរ​ដង​រួច​ទៅ​ហើយ​ ​តែ​ក្រុមហ៊ុន​របស់​ចិន​ដែល​សង់​អគារ​នោះ​ នៅ​បន្ត​សាង​សង់រហូត​ដល់​ថ្ងៃ​បាក់​អគារ។

រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/វីអូអេ)

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០១៨​ ​ស្តីពី​ការ«ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយ​កម្ម»​ បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង«គុណភាព​អន់ថយ​នៃ​សំណង់​លំ​នៅ​ដ្ឋាន​ ​និង​កង្វះ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទីប្រជុំជន»។ ​

របាយ​ការណ៍​បាន​បន្ថែម​ថា​ ​ការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជា​បញ្ហា​ដោយសារ​គោល​ការណ៍«សង់​ជាមុន​ ​ផ្ដល់​អាជ្ញា​ប័ណ្ណ​តាម​ក្រោយ»។

អ្នកការពារ​សិទ្ធិ​កម្មករ​ក្នុងវិស័យ​សំណង់​លោក ​សុខ គីន នៅ​បង្ហាញ​ក្តីបារម្ភ​អំពី​សុវត្ថិភាព​ការងារ​របស់​កម្មករ​នៅ​តាម​ការ​ដ្ឋាន​សំណង់​ ទោះ​បី​មាន​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​គុណ​ភាព​សំណង់ និង​ការពារ​សុវត្ថិភាព​កម្មករ​ ក្រោយមាន​ហេតុ​ការណ៍បាក់​អគារ​ក៏ដោយ។

អ្វី​ដែល​ជា​ការ​បារម្ភ​មួយ​ទៀត​នោះ គឺ​ម្ចាស់​អគារ​បាក់​ស្រុត​ទាំង​នោះ មិន​ធ្លាប់​ត្រូវ​បាន​នាំ​យក​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ គីន។

លោក​មាន​ប្រសាសន៍​ថា៖ «តាំង​ពី​ខ្ញុំ​ធ្វើ​ការ​ប្រឡូក​នៅ​ក្នុង​វិស័យ​ហ្នឹង​មក​ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ទៅ​ដល់​កម្មករ​ស្លាប់ ឬមួយ​ក៏​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណាមួយ​ យើង​អត់​មាន​ឃើញ​អាជ្ញាធរ​ពាក់​ព័ន្ធ ឬ​មួយ​ក៏​តុលាការ​ណា ​ចាត់​វិធានការ​ស្រប​ទៅ​តាម​ច្បាប់​ ហើយ​អនុវត្ត​ទោស​ទណ្ឌ​ទៅ​ដល់​និយោជក​នោះ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ដាក់​ពន្ធនាគារ ឬ​មួយ​ក៏​ពិន័យ​ជា​ស្អី​យើង​អត់​មាន​ឃើញ»។

លោក យន់ ផល្លី អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារសិទ្ធិ​មនុស្សអាដហុក​ប្រចាំ​ខេត្ត​កំពត និង​កែប​ និយាយ​ថា ​តុលាការ​ខេត្ត​កំពត​ គួរ​តែ​ពន្លឿន​នីតិវិធី​សំណុំ​រឿង​នេះ​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់ និង​ដើម្បី​ជា​គំរូ​ដល់​អ្នក​ដែល​រក​ស៊ី​ក្នុង​វិស័យ​សំណង់​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​បន្ថែម​ថា សំណុំ​រឿង​នេះ​ ក៏​អាច​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ជំនាញ​សំណង់នៅ​ថ្នាក់​មូលដ្ឋាន​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ចង់​និយាយ​ថា រឿង​ទាំង​អស់​ហ្នឹង​គេ​ដាក់​បន្ទុក​រឿង​ការ​បច្ចេក​ទេស​នៅ​លើ​មេ​ការ។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ក៏​នៅ​វា​មាន​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ជំនាញ​ដែរ​ បើ​តាម​យើង​ប្រមើ​មើល។ ពាក់​ព័ន្ធ​ទៅ​លើ​មន្ត្រី​ជំនាញ​ដែរ​ ធម្មតា​ការ​សាង​សង់​មួយ​ខុស​ពី​ស្តង់​ដារ​ យើង​ត្រូវ​តែ​ដឹង​ជំនាញ​នៅ​ក្នុង​មូលដ្ឋាន»។

បើ​តាម​អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​រូបនេះ​ មេ​ការ​សំណង់​ និង​ប្រពន្ធ ថែម​ទាំង​កូន​ពីរ​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​នោះ៕