មួយ​ឆ្នាំបន្ទាប់​ពី​ការ​សម្លាប់​នៅ​រោងចក្រ​កាត់ដេរ​កម្ពុជា ការស៊ើបអង្កេត​ទំនើប​ ត្រូវ​ជាប់​គាំង

  • Robert Carmichael

រូបឯកសារ៖ កម្មករ​កាត់ដេរ​គប់​ដុំ​ថ្ម​ទៅ​លើ​កងកម្លាំង​សន្តិសុខ​ក្នុង​ពេល​កូដកម្ម​នៅក្បែរ​រោងចក្រ​មួយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣ មករា​ឆ្នាំ២០១៤។

កាល​ពីថ្ងៃ​ទី​១៧ ​ខែ​មករា​ឆ្នាំ​ទៅ​ ​ពួក​តំណាងមកពី​ក្រុមហ៊ុន​ជាង​២០​នៃ​ក្រុម​ហ៊ុន​ម៉ូដសម្លៀក​បំពាក់​ដ៏​ធំបំផុត​របស់​ពិភពលោក​ ​បាន​សរសេរ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតការ​សម្លាប់​កម្មករកាត់​ដេរ​យ៉ាង​ហោច​ណាស់​ក៏​៥​នាក់​ដោយ​កង​កម្លាំង​សន្តិសុខក្នុង​អំឡុង​នៃ​បាតុកម្មហិង្សាអស់​រយៈ​ពេល​២​សប្តាហ៍។ ក៏ប៉ុន្តែ ​១ឆ្នាំ​ក្រោយ​មក ​វា​ហាក់​ដូចមានការ​ជឿនលឿន​បន្តិចបន្តួច​បាន​ធ្វើ​ឡើង។

នៅពេល​ដែល​ពួក​អាជ្ញាធរ​កម្ពុជា ​បាន​បាញ់​សម្លាប់​កម្មករកាត់​ដេរ​យ៉ាង​ហោច​ណាស់​ក៏​៥​នាក់​ក្នុង​អំឡុងពេល​នៃ​បាតុកម្ម​ហិង្សា​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ​ការ​សម្លាប់​នោះ ​បាន​ក្លាយ​ជាចំណង​ជើងព័ត៌មាន​អន្តរជាតិ។ ​ពួក​កម្មករ ​បាន​តវ៉ា​ដើម្បី​គាំទ្រ​ការ​ដំឡើងប្រាក់​ឈ្នួលអប្បបរមា​ដែល​នៅពេល​នោះ​មាន​ប្រហែល​១រយ​ដុល្លារ ​ហើយ​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ជាប់​គាំង​ខាង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

នៅពេល​នោះមាន​ក្រុម​ហ៊ុន​អន្តរជាតិ​ជាង​២០​ដែល​បញ្ជាទិញ​សម្លៀក​បំពាក់​ពី​រោង​ចក្រកម្ពុជា ​បាន​និយាយ​ឡើង។ ក្រុម​ហ៊ុន​ទាំង​នោះ រួមមាន​ក្រុមហ៊ុនល្បីៗ​ដូចជា H&M, Adidas, PUMA និង Levi-Strauss។ ​នៅ​ក្នុង​លិខិតមួយ​ច្បាប់ផ្ញើ​ជូន​នាយករដ្ឋ​មន្រ្តី​ហ៊ុន ​សែន ​ក្រុម​ហ៊ុន​ល្បី​ៗ​នោះ ​បាន​ទទូចឲ្យ​មាន​វិធានការ​មួយ​ចំនួន រួមមាន​ទាំង​រដ្ឋាភិបាល​ស៊ើបអង្កេតការ​កាប់​សម្លាប់​ហើយ​នឹង​ដាក់​ទោស​អ្នក​ដែល​ទទួល​ខុសត្រូវ។

​មួយ​ឆ្នាំ​ក្រោយមក ​ការ​ស៊ើប​អង្កេត​ដែល​បាន​សន្យា​អំពីសកម្មភាព​របស់​កង​កម្លាំង​សន្តិសុខ​ ហាក់​ដូចជារលាយ​បាត់​នៅ​ខាង​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​ស្រួល​បញ្ចុះបញ្ចូល​របស់​ប្រទេស​កម្ពុជានោះ។

​អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ ​បាន​ប្រាប់ VOA ថា ​រដ្ឋាភិបាល ​បាន​ចាប់ផ្តើម​ធ្វើ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​ជាមួយ​តុលាការ​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន។ ថ្វីបើ​មានការ​ខំ​ប្រឹង​ប្រែង​ម្តង​ហើយ​ម្តងទៀតក៏ដោយ VOA មិន​អាច​និយាយ​ជាមួយ​ពួក​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅឯតុលាការ​ដើម្បី​កំណត់​ថា​តើមាន​អ្វី​កើត​មាន​ឡើង​ដល់​ការ​ស៊ើប​អង្កេត​នេះ។

​លោក Dave Welsh ​ដែល​ដឹកនាំ​ការិយាល័យមជ្ឈមណ្ឌល​សាមគ្គីភាព​កម្ពុជា ​ដែល​ជា​អង្គការ​មិន​យកកម្រៃដែល​ជាសាខា​របស់​ចលនា​ពលកម្ម​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​ ​ជឿ​ជាក់​ថា ​គ្មាន​ការ​ខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ស្មោះត្រង់​ដើម្បី​ចាប់​ជន​ណាម្នាក់​ឲ្យ​ទទួល​ខុសត្រូវ​ទេ។

«​មិនត្រឹមតែ​គ្មានការ​ស៊ើប​អង្កេត​ទេ ​មាននិទណ្ឌភាព​ទាំងស្រុងទៀត ប៉ុន្តែក៏​គ្មាន​ប្រាក់សំណង​ដែរ។ ដូច្នេះ បើ​លោក អ្នក ​មាន​គ្រួសារ​ស្លាប់​និង​គ្រួសារ​រង​របួស។​ គ្រួសារស្លាប់​នោះ ​បាន​បាត់បង់សន្តិសុខ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​សម្រាប់នាពេល​អនាគត​ដែល​គេ​អាច​មើល​ឃើញ។ ​ក្រុម​គ្រួសាររបស់អ្នក​រងរបួសហើយនឹងអ្នក​ត្រូវ​របួស​ខ្លួនឯង ​បានចេញសោហ៊ុយ​ការ​ថែទាំ​សុខ​ភាព​យ៉ាង​សម្បើម‍»។

ការផលិត​សម្លៀកបំពាក់ជាចំណូលដ៏សំខាន់​ដល់សេដ្ឋ​កិច្ចកម្ពុជា។ ផ្នែក​នេះ ​មិន​ត្រឹមតែ​ជានិយោជក​ដ៏​ធំបំផុត ​ដោយ​មាន​កម្មករ​៦សែននាក់​ទេ ​វា ក៏​ជាប្រភព​ប្រាក់​ចំណូល​បរទេស​ដ៏​សំខាន់​របស់​កម្ពុជា ​ដែល​មាន​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារសម្រាប់​ការនាំ​ចេញ​ភាគ​ច្រើន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។

VOA បាន​ទាក់​ទង​ក្រុម​ហ៊ុន​ល្បី​ៗ​៤​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​គឺ​ក្រុម​ហ៊ុន PUMAនិងAdidas របស់​អាល្លឺម៉ង់ ក្រុមហ៊ុន Levi-Strauss របស់​សហរដ្ឋអាមេរិកហើយ​នឹង​ក្រុមហ៊ុន H&M របស់​ប្រទេសស៊ុយអែដ។

ក្រុមហ៊ុន H&M ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ខណៈ​ដែល​ក្រុមហ៊ុន PUMA បាន​និយាយ​ថា ​ខ្លួន ​នឹង​ទាក់​ទងជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀតលើ​បញ្ហា​នេះ។

​អ្នកនាំ​ពាក្យ​ក្រុម​ហ៊ុន Levi-Strauss បាន​ប្រាប់ VOA ថា​ ក្រុមហ៊ុន​ពហុជាតិ​របស់​សហរដ្ឋអាមេរិកនេះ ​បាន​បន្តទាក់​ទង​រដ្ឋាភិបាល​កម្ពុជាពី​ការ​ចាំបាច់​សម្រាប់​ការ​ស៊ើប​អង្កេត​នេះ។

ហើយ​អ្នកនាំ​ពាក្យក្រុមហ៊ុនAdidas ​និយាយ​ថា ក្រុមហ៊ុន ​បន្ត​ទាមទារឲ្យ​មានការ​ស៊ើប​អង្កេតនិងសំណង​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​របស់​កម្ពុជា។​

​ហើយ​អ្នកនាំ​ពាក្យ​របស់​ក្រុមហ៊ុន Adidas បាន​ប្រាប់ VOA ​តាម​រយៈ e-mail ថា៖ «​យើង ​បាន​ធ្វើ​ការ​ទាក់​ទង​ជា​ប្រ​ចាំ​ជាមួយ​រដ្ឋមន្រ្តីរហូត​ដល់​ចុង​ឆ្នាំ​ទៅ។ យើង ឥឡូវ​នេះ ​កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​តុលាការ​ហើយ​នឹង​ព្រះរាជ​អាជ្ញា។

លោក Joachim von Marschall ឯក​អគ្គរដ្ឋ​ទូត​នៃ​ប្រទេស​អាល្លឺម៉ង់ ប្រចាំ​រាជ​ធានី​ភ្នំពេញ​ ​បាន​មាន​ប្រសាសន៍​ថា ស្ថានទូត​របស់​លោក ​មិនត្រឹម​តែ​ពិភាក្សា​ពី​ការ​ស៊ើប​អង្កេត​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ជាប្រចាំទេ ក៏​ប៉ុន្តែ ​ក៏​បាន​ចូលរួមក្នុង​ការពិភាក្សាស្តីពី​បញ្ហា​នេះ​ជាមួយឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុបនិង​រដ្ឋាភិបាល។​លោក ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​បង្កើតលទ្ធផល​ជាក់លាក់ទាន់​ពេល​វេលា ​ជាវិធី​ដ៏​ល្អបំផុត​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​នៃ​ការ​តាំង​ចិត្ត​របស់​ខ្លួន។

​លោកស្រី មូរ សុខហួរសមាជិកនាំមុខ​ម្នាក់​របស់​គណបក្ស​ប្រឆាំង ដែល​ជា​ជើងឯកយូរយារ​ណាស់​មក​ហើយ​ខាងសិទ្ធិ​របស់​កម្មករ​កាត់​ដេរ និយាយ​ថា ​លោកស្រី ​នឹង​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដើម្បី​មើល​ថាតើ​ពួកគេ ​មាន​បំណង​ដាក់​ពាក្យ​ប្តឹង​អំពីការ​ស៊ើប​អង្កេត​ជាមួយ​សភា​ដែរ​ឬទេ។

«​ប្រសិនបើ ការស៊ើប​អង្កេតនោះ បានបិទ ​បន្ទាប់​មក ការស៊ើប​អង្កេត​នោះ ​ត្រូវ​តែ​ប្រកាស​ជា​សាធារណៈលទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​នោះ ​ត្រូវ​តែធ្វើ​ជាសាធារណៈ។ ​ប្រសិនបើ រឿងក្តី​នេះ ​នៅបន្ត​ធ្វើ​ ​យើង គួរតែ​ដឹង​ពី​អ្វី​ដែល​ចៅក្រមស៊ើប​អង្កេត​ កំពុង​ធ្វើ។ ​យ៉ាងហោច​ណាស់​ពី​អ្វី​ដែល​ចៅក្រមនោះ ​កំពុង​ធ្វើ​ដែរ មិនមែន​នៅ​ស្ងាត់​បែបនេះ​ទេ‍»។

លោកស្រី មូរ សុខហួរ​ ​ក៏ចង់​ឲ្យ​ក្រុមហ៊ុនដាក់​សម្ពាធកាន់​តែ​ខ្លាំង​ឡើង​លើ​រដ្ឋាភិ​បាល​ ដូច្នេះ ​ជំហរ​ដែល​ពួកគេ ​បាន​ប្រកាន់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ឆ្នាំ​ទៅ ​ត្រូវ​បានឆ្លុះ​បញ្ចាំង​ដោយ​ដោយសកម្មភាពដែលធ្វើទៅតាមកេរ្តិ៍ឈ្មោះ​របស់​ខ្លួន។

​លោកស្រី ​មាន​ប្រសាសន៍​បន្តទៀត​ថា ​ការ​ខ្វះ​ការ​ជឿនលឿនមកដល់​ពេល​សព្វថ្ងៃ​នេះ​ ​មានការ​ភ្ញាក់​ផ្អើល​តិច​តួចនៅ​ក្នុង​ប្រទេស​មួយ​ដែលតុលាការកាត់​ទោស​តែ​ពួក​ប្រឆាំងរដ្ឋាភិបាលខណៈ​ដែលមិនអើពើពីការ​រំលោភ​ច្បាប់​ដោយ​អ្នក​ដែលមាន​អំណាច។

«ក៏ប៉ុន្តែ ​អ្វី​ដែល​ខ្ញុំ ​កំពុង​ព្យាយាម​ធ្វើ​ការគឺ​ត្រូវ​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ប្រភេទ​កំណែ​ទម្រង់​ខ្លះនៅ​ក្នុង​ប្រព័ន្ធ​តុលាការ ​ហើយ​នឹង​ប្រភេទ​នៃ​ការ​តាំង​ចិត្ត​ខ្លះ។ ​ដូច្នេះ ​យើង ត្រូវ​តែ​បន្ត​និយាយ​ក្នុងនាម​ឲ្យ​ជន​រងគ្រោះ​ហើយ​នឹង​ក្នុងនាមជា​ប្រទេស​ដែល​ជាសមាជិកសភា‍‍»។

​លោក Dave Welsh ​មកពីមជ្ឈមណ្ឌល​សាមគ្គីភាព ​ចង្អុលបង្ហាញ​ថា ​ការទាម​ទារ​របស់​ក្រុម​ហ៊ុន​ឲ្យ​កាត់​ទោសពួក​អ្នក​ទទួល​ខុសត្រូវទាំង​នោះ ​គ្រាន់​តែ​ជា​សមាសភាគមួយ​នៃ​លិខិត​របស់​ក្រុមហ៊ុន​ទាំង​នោះ ​ហើយកត្តាផ្សេង​ទៀត​នៅតែ​មិនទាន់​ដោះស្រាយ​បាន។

«បញ្ហា​ទាំងអស់​នោះមាន ​ការ​បាញ់​ប្រហារ ការស្លាប់ ​ការកាត់​ឲ្យ​ជាប់​ទោស ការកាត់ឲ្យជាប់ទោស​ខុស ​តាមការគិត​របស់​ខ្ញុំ ទៅ​លើ​សកម្មជន​ទាំង​២៣​នាក់​នោះ ​ការ​ប្តឹង​ប្រឆាំង​គ្រប់​មេដឹក​នាំ​សហជីពឯករាជ្យនៅ​ក្នុង​ប្រទេស កំពុង​កើត​មាន​នៅ​ឡើយ គឺ គ្មាន​ដំណោះស្រាយ​ទេ។ បញ្ហា​ទាំងអស់​នេះ ​នៅ​មិនទាន់​ដោះ​ស្រាយនៅ​ឡើយ‍»។

លោក Welsh និយាយ​បន្ត​ទៀត​ថា ​ការ​បរាជ័យ​នៃ​បញ្ហា​ទាំងអស់​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ស្ថិត​នៅ​ក្រោយឆាកដើម្បីបំភិតបំភ័យ​ប្រឆាំង​នឹង​ចលនាសហជីព​កម្ពុជា៕

ប្រែ​សម្រួល​ដោយ ​ជឹង​ ប៉ូជីន