និស្សិត​ខ្មែរ​ដែល​ជាប់​នៅ​វូហាន​​នៅ​តែ​បារម្ភ​ពី​ការ​រាតត្បាត​មេរោគ​ថ្មី​ហើយ​ប្រាថ្នា​ត្រឡប់​មក​ស្រុក​វិញ

ច្រក​ចូល​មួយ​នៅ​សាកលវិទ្យាល័យ​វូហាន​​ត្រូវ​បាន​បិទ​និង​មាន​ក្រុម​​សន្តិសុខ​ពិនិត្យ​តឹងរ៉ឹង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០។ (រូបថត​ផ្តល់​ឲ្យ)

រដ្ឋធានីវ៉ាស៊ីនតោន — នៅ​ជិត​មួយ​សប្តាហ៍​ក្រោយ​ពី​ទី​ក្រុង​វូហាន ​ប្រទេស​ចិន​ត្រូវ​បាន​បិទ និស្សិត​ខ្មែរដែល​នៅ​ទី​ក្រុង​ដែល​ជា​ប្រភព​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ នៅ​តែ​មាន​ការ​បារម្ភ​ចំពោះ​ស្ថានភាពរបស់​ពួក​គេ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​និង​ឆ្លង​វីរុស​ថ្មី​នេះ​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ទី​ក្រុង​នេះ។

និស្សិត​ ប៉ែន បារាំង អាយុ​៣០​ឆ្នាំ ដែលសិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​កម្មវិធី​សិក្សា​និង​វិធីសាស្ត្រ​បង្រៀន ដែល​ VOA​ បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយ​ពី​សាកលវិទ្យាល័យ​របស់​លោក​តម្រូវ​ឲ្យ​និស្សិត​ស្ថិត​នៅ​ក្នុង​បន្ទប់ និយាយ​ថា ​ការ​បម្លាស់​ទី​ក្នុង​សាលា​បាន​ត្រូវ​បន្ធូរ​បន្ថយ​បន្តិច​ហើយ។

និស្សិត​រូប​នេះ​បញ្ជាក់​ថា៖ «ឥឡូវ​គេ​អាច​ចេញ​ក្រៅ​បាន និស្សិត​អាច​ក្រៅ​បាន ទិញ​កាត​ទឹក​ក្តៅ កាត​បោក​ខោអាវ​ទៅ​ទិញ​ទឹក​ដប​តូច ទិញ​ទឹក​ដប​ធំ​អី​ជា​ធម្មតា នៅ​ក្នុង​អគារ​ហ្នឹង។ ហើយ​ដោយ​ឡែក​នៅ​ខាង​ក្រៅ​នោះ​វិញ នៅ​ជិត​សាលា​ហ្នឹង​គេ​បើក​ផ្សារ​ ​ម៉ាត​មួយ ហ្វាម៉ាស៊ី [ឱសថស្ថាន] នៅ​ជិត​សាលា​នោះ​ក៏​គេ​បើក។ ហើយ​នៅ​ខាង​អាហារដ្ឋាន​សាលា​ក៏​គេ​បើក​ដែរ។»

ប៉ុន្តែ​លោក បញ្ជាក់​ថា ទី​ក្រុង​នៅ​តែ​ស្ងាត់​ដូច​សប្តាហ៍​មុន ហើយ​បើ​ទោះ​បី​ជា​មាន​ការ​ប្រសើរ​ខ្លះ​ខាង​ការ​ធ្វើ​ដំណើរ ​លោកថា ព័ត៌មាន​នៃ​ការបន្ត​កើន​ឡើង​នៃ​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ទី​ក្រុង​នេះ​ធ្វើ​ឲ្យ​លោក​កាន់​តែ​មានអារម្មណ៍កាន់​តែ​មាន​អារម្មណ៍​ព្រួយ​បារម្ភ។

ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ពុធ លោក​បារាំង បញ្ជាក់​ថា លោកនៅ​មាន​អាហារ​គ្រប់គ្រាន់ និង​នៅ​មាន​សុខភាព​ល្អ៖ «មួយ​អាទិត្យ​ហ្នឹង [សប្តាហ៍​ហ្នឹង] អផ្សុក​វា​អផ្សុក​ណាស់ ភ័យ​ហ្នឹង​ក៏​ភ័យ​ទៅ​ទៀត គេង​ក៏​មិន​សូវ​គេង​បាន​លក់ គេង​ភ្ញាក់​គេង​ភ្ញាក់។ ប៉ុន្តែ​សុខភាព​នៅ​ធម្មតា​ទេ​បង គ្រាន់​តែ​ថ្ងៃ​នេះ​ហ្នឹង​ប្អូន​ចាប់​ស្អក​ក៏‍»។​

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មេរោគ​រលាក​សួត​ វីរុស​កូរ៉ូណា​ថ្មី (Coronavirus 2019-nCoV) ចេញ​ពី​ទី​ក្រុង​វូហាន (Wuhan) រដ្ឋាភិបាល​ចិន​បាន​បិទ​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញចូល ឬ​ឆ្លងកាត់​ទី​ក្រុង​នេះ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ដែល​បង្ក​ឲ្យ​ប្រជាជន​ចិន​យ៉ាង​ហោច​ណាស់​១៧០ ​នាក់​ស្លាប់ ​និងឆ្លង​មេរោគ​ប្រមាណ​ជាង​៧.៧០០​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រោយ​ការ​បិទ​នេះ នៅ​មាន​និស្សិត​ខ្មែរ​ចំនួន​២៣​នាក់​ដែលបន្ត​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​អំពី​ករណី​ឆ្លង​មេរោគ​នេះ​ក្នុង​ចំណោម​និស្សិត​ត្រូវ​បាន​រាយការណ៍​ទេ។

លោក គាត ប៉ូជាង អាយុ ២៤​ ឆ្នាំ ដែល​ជា​និស្សិត​អនុបណ្ឌិត​ឆ្នាំ​ទី​៣​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​វូហាន (Wuhan)។

លោករៀបរាប់​អំពី​សកម្មភាព​ដែល​លោក​បាន​ធ្វើ​ក្នុង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ​ប្រាប់​ VOA ថា៖​ «ក្នុង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ គឺ​នៅ​ក្នុង​បន្ទប់​ហើយ សំអាត​អនាម័យ​ ក៏​ដូច​ជា​តាមដាន​ព័ត៌មាន ទាក់​ទង​ជាមួយ​នឹង​ជំងឺ​ ហើយ​នឹង​ទំនាក់ទំនង​ជាមួយ​នឹង​ខ្មែរ​យើង ទាំង​នៅ​ក្នុង​ទាំង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ផ្តល់​ព័ត៌មាន​ខាង​គ្រួសារ​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​សុខភាព​ល្អ​ទេ អត់​មាន​ជំងឺ​អ្វី​ទាំង​អស់។»

លោក គាត ប៉ូជាង អាយុ ២៤​ ឆ្នាំ ដែល​ជា​និស្សិត​អនុបណ្ឌិត​ឆ្នាំ​ទី​៣​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​វូហាន (Wuhan)។ (រូបថត​ផ្តល់​ឲ្យ)

ពី​ដំបូង​និស្សិត​ គាត ប៉ូជាង​ ក៏​មាន​ការ​បារម្ភ​ច្រើន​ដែរ ប៉ុន្តែ​ការ​បារម្ភ​ជាង​នេះ​នោះ ​គឺ​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង​វូហាន​ ជាមួយមនុស្ស​ជា​ច្រើន​ផ្សេង​ទៀតដែល​សម្រុក​ចេញ​ព្រម​គ្នា​ដែរ ​ដែល​ស្ថានភាព​នេះ​អាច​បង្ក​ឲ្យ​ងាយឆ្លង​វីរុស​ជាង​ការ​ស្ថិត​នៅ​តែ​ក្នុង​បន្ទប់​សាលា។

លោក​បញ្ជាក់​ថា៖ «ដំបូង​ខ្ញុំ​មាន​ការភ័យខ្លាំង​មែន​ទែន ប៉ុន្តែ​ដល់​ពេល​យូរៗ​ទៅ ភ័យ​ក៏​វា​អត់​មាន​ប្រសិទ្ធភាព​ ក៏​វា​អត់​មាន​ប្រសិទ្ធភាព​អី ភ័យ​ក៏​នៅ​តែ​ធម្មតា អញ្ចឹង​យូរ​ទៅ​ខ្ញុំ​ស៊ាំ​ហើយ​បង‍»។

ក្រៅ​ពី​ការ​នៅ​មាន​អាហារ​គ្រប់គ្រាន់​និង​ការ​ថែ​ទាំង​សុខភាព​ផ្លូវកាយ និស្សិត​ដែល ​VOA​ បាន​សម្ភាសន៍​និយាយ​ថា ការ​ទាក់ទង​ជាមួយរដ្ឋបាល​សាលា សមាគម​និស្សិត និង​ស្ថានទូត​កម្ពុជា​មាន​សារៈសំខាន់​មិន​ត្រឹម​តែ​ទទួល​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​បង្វែរ​អារម្មណ៍​ពី​ភាព​អផ្សុក​ផង។ កត្តា​សំខាន់​មួយ​ទៀត​សម្រាប់​ទប់ទល់​នឹង​ភាព​អផ្សុក​គឺ​ការ​ទាក់ទង​ជាមួយ​មិត្ត​ភក្តិ​និង​ជាពិសេសក្រុម​គ្រួសារ​ដែល​ជួយ​លើក​ទឹក​ចិត្តខ្លាំង បើ​ទោះ​បី​ពេល​ខ្លះ​មាន​ការ​លំបាក​បន្តិច​បន្តួច​ដោយ​ប្រទេស​ចិន​ប្រើ​ប្រព័ន្ធ​បិទ​ខ្ទប់​បណ្តាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក​ជា​ដើម។

លោក ប៉ែន បារាំង បាន​បញ្ជាក់​ពី​នឹក​រឭក​របស់​ម្តាយ​ដែល​ជា​គ្រូ​បង្រៀន​សាលា​បឋមសិក្សា​នៅ​ខេត្ត​ស្វាយ​រៀង យ៉ាង​ដូច្នេះ​ថា៖ «គាត់​ភ័យ​ចេះ​តែ​ភ័យ​ហើយ​បង ធម្មតា បើ​យើង​នៅ​កន្លែង​ផ្ទុះ​ជំងឺ​អញ្ចឹង គ្រាន់​ថា​គាត់ ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ថា​រឿង​ហ្នឹង​វា​មិន​អី​ទេ ហើយ​គាត់​ថា ខ្ញុំ​នៅ​បន្ទប់​តែ​ម្នាក់​ឯង មិន​ឆ្លង​មិន​អី​ទេ។ គាត់​ចេះ​តែ​លើក​ទឹក​ចិត្ត​ថា​រឿង​ហ្នឹង​វា​មិន​អី​ទេ ពេល​ដែល​គាត់​ខល [ទូរស័ព្ទ] មក​ម្តងៗ​បង។» ​

ការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជា​ទី​ស្រឡាញ់​នៅ​ឯ​មាតុភូមិ​និង​ក្តី​បារម្ភ​របស់​ពួក​គេ​ ក៏​រឹត​តែ​ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ដែល​ជាប់​នៅ​ទី​ក្រុង​ផ្ទុះ​មេរោគ​នេះ​ប្រាថ្នា​ចង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

យុវជន គាត ប៉ូជាង​ ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ និយាយ​ថា ទោះ​បី​លោក​នៅ​មាន​សុខភាព​ល្អ​ក៏​ដោយ ក៏​ឪពុក​ម្តាយ​របស់​លោកមិន​អាច​ស្ងប់​ចិត្ត​ទេ ចង់​ឲ្យ​លោក ​ដែល​ជា​កូន​តែ​មួយ​របស់​ពួក​គាត់​ ត្រឡប់​ទៅ​ស្រុក​វិញ ​បើ​អាច​មាន​លទ្ធភាព។

លោក​ថ្លែង​ថា៖ «បាទ​គាត់​បន្ថយ​ការ​ព្រួយ​បារម្ភ គ្រាន់​តែ​ក្នុង​មួយ​ថ្ងៃ​គាត់​តេ [ទូរស័ព្ទ] មក​ខ្ញុំ​ហ្នឹង​ចង់​ដប់​ដង។

ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​មាន​ភាព​ស្តួច​ស្តើង​ណាស់។

ទិដ្ឋភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​និង​ក្បែរ​សាកលវិទ្យាល័យ​វូហាន (Wuhan University) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០។ (រូបថត​ផ្តល់​ឲ្យ)

ហាង​លក់​ឥវ៉ាន់​មួយក្បែរ​សាកលវិទ្យាល័យ​វូហាន (Wuhan University) មាន​សភាព​ស្ងប់​ស្ងាត់​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០ ខណៈ​ទីក្រុង​វូហាន ក្រោយ​ពីទី​ក្រុង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បិទ​មិន​ឲ្យ​ចេញ​ចូល​ដើម្បី​ទប់ទល់​នឹង​ការរាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស​ថ្មី។ (រូបថត​ផ្តល់​ឲ្យ)

កាល​ពី​ថ្ងៃ​ពុធ​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក បាន​ជម្លៀស​ពលរដ្ឋ​ខ្លួនមួយ​ចំនួន​ ដែលជាប់​នៅ​ទី​ក្នុងទី​ក្រុង​វូហាន​ប្រទេស​ចិន​ ​តាម​យន្តហោះ​ពិសេស​ទៅ​ដល់​មាតុភូមិ​វិញ​ហើយ។ រដ្ឋាភិបាល​នៃ​ប្រទេស​អ្នក​មាន​មួយ​ចំនួន​ ​ទៀត​ដូច​ជា​ប្រទេស​បារាំង​ កូរ៉េខាង​ត្បូង​ និង​អូស្ត្រាលី បាន​ចាប់​ផ្តើម​ឬ​បាន​ប្រកាស​អំពី​ផែនការ​ជម្លៀស​ប្រជាជន​របស់​ខ្លួន។ នេះ​យើង​យោង​តាម​សារព័ត៌មាន​ CNN

រដ្ឋាភិបាល​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​បាន​ប្រកាស​ថា ខ្លួន​មិន​មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ទី​ក្រុង​វូហាន​ទេ [https://khmer.voanews.com/a/no-evacuation-plans-for-Cambodian-students-in-Wuhan/5263427.html ] ដោយ​សារ​នីតិ​វិធី​នៃ​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្រុង​វូហាន ហើយ​និង​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​រាលដាល​ជំងឺ​នេះ។

​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ជា​មន្ត្រី​ទូត​និង​និស្សិត​ខ្មែរនៅ​ទី​ក្រុង​វូហាន កុំ​ឲ្យ​រត់​ចោល​ប្រជាជន​ចិន​ក្នុង​គ្រា​លំបាក និង​ដើម្បី​ជួយ​អាជ្ញាធរ​ចិន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។​

មក​ទល់​នឹង​ពេលនេះ ​មិន​មាន​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​ណាបាន​ធ្វើ​ការ​ជម្លៀសពលរដ្ឋ​ខ្លួន​នៅ​ឡើយ បើ​ទោះ​បី​មាន​ប្រទេស​ខ្លះ​ដូច​ជា ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​សារព័ត៌មាន​ Straits Times រាយការណ៍​ថា កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​។ប្រទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ចិន​ដើម្បី​រៀប​ចំ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចំនួន​២៤៣​នាក់ ​នៅ​ក្នុង​តំបន់​ទី​ក្រុង​វូហាន នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters

និស្សិត​ខ្មែរ​នៅ​ក្រុង​វូហាន​ទាំង​បី​ដែល ​VOA​ បាន​សម្ភាសន៍​ថ្លែង​ថា​ ពួក​គេ​មាន​ការ​ស្រងាកចិត្ត​បន្តិច​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គម្រោង​ជម្លៀស​ពួក​គេ​ចេញ​ពី​ក្រុង​វូហាន ហើយ​សង្ឃឹម​ថា​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ជម្លៀស​ពួក​គាត់​តាម​ជើង​យន្តហោះ​ផ្ទាល់​ឬ​តាម​មធ្យោបាយ​ផ្សេង​ទៀត​ដូច​ជា​រថយន្ត​ក្រុង​ ទៅ​ខេត្ត​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន ខណៈ​ពួក​គេ​នៅ​មាន​សុខភាព​ល្អ។

លោក ប៉ែន បារាំង ជា​និស្សិត​ខ្មែរ​ថ្នាក់​អនុបណ្ឌិត ផ្នែក​កម្មវិធី​សិក្សា​និង​វិធីសាស្ត្រ​បង្រៀន ដែល​កំពុង​សិក្សា​នៅ​ទី​ក្រុង​វូហាន។

ពួក​គេ​ថា​ ទោះ​បី​នៅ​ក្នុង​សប្តាហ៍​នេះ ​នៅ​ប្រទេស​កម្ពុជា​មានការ​រក​ឃើញករណី​កូរ៉ូណាវីរុស​ថ្មី​នេះ​ ដូច​នៅ​ក្នុង​ប្រទេស​ចិន​ក្តី ក៏​ពួក​គេ​ប្រាថ្នា​ត្រឡប់​មក​ប្រទេស​វិញ ប្រសិន​បើ​មិន​មាន​ឆ្លង​មេរោគ​ថ្មី​នេះ​ទេ ព្រោះ​ពួគ​គេ​គិត​ថា ​អាកាសធាតុ​ក្តៅ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ការ​ចម្លង​លំបាក​ជាង​នៅ​ចិន ហើយ​មាន​ក្រុម​គ្រួសារ​នៅ​ក្បែរ​មិន​ដូច​នៅ​ចិន។

ទោះ​បី​ពួក​គេ​មាន​សុខភាព​ល្អ​ជា​ទូទៅ​ នៅ​មួយ​សប្តាហ៍​ក្រោយពី​ក្រុង​វូហាន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចេញចូល ក៏​អារម្មណ៍​ចង់​ត្រឡប់​មក​ស្រុក​នេះ​កាន់​តែ​ខ្លាំង​មួយ​ផ្នែក​ដោយសារ​ដំណឹង​ពី​ការ​ត្រឡប់​មក​ស្រុក​វិញ​របស់​និស្សិត​អន្តរជាតិ​រួម​សាលា​មួយ​ចំនួន។

យុវជន តាំង ជីវហួរ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ខាង​ផ្នែក​ទី​ផ្សារ​នៅ​សាកលវិទ្យាល័យ​ខេត្ត​ហ៊ូយបេ​ក្នុង​ក្រុង​វូហាន និយាយ​ថា​ ខុស​ពី​និស្សិត ប៉ែន បារាំង និង​គាត ប៉ូជាង ស្ថានភាព​នៅ​សាកលវិទ្យាល័យ​របស់​លោក​ក្នុង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​កាន់​តែ​ខ្លាំង។

ម្ហូប​ផ្តល់​ឲ្យ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វូហាន ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០ ក្នុង​អំឡុង​ពេលទី​ក្រុង​វូហានត្រូវ​បាន​រដ្ឋាភិបាល​ចិន​បិទ​មិន​ឲ្យ​ចេញ​ចូល​ដើម្បី​ទប់ទល់​នឹង​ការរាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស​ថ្មី។ (រូបថត​ផ្តល់​ឲ្យ)

និស្សិត​ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​បន្ត​ថា លោកនៅ​មាន​អាហារ​គ្រប់​គ្រាន់ ហើយ​ បើ​ទោះ​បី​ចាប់​ផ្តើម​មាន​ការ​ក្អកបន្តិច​បន្តួច​ក្នុង​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​ក៏​ដោយ ក៏​រូប​លោក​ចេះ​ភាសា​ចិន​ស្ទាត់​និង​អាច​រក​គ្រូ​ពេទ្យ​ចិន​បាន​ក្នុង​ពេល​អាសន្ន។ ម៉្យាង​ទៀត​ក្នុង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ការ​លំបាក​បំផុត​មួយ​គឺ​ភាព​អផ្សុក ដែល​មិន​អាច​ចេញ​ទៅ​ណា​បាន ប៉ុន្តែ​លោក​បាន​បង្កើត​សកម្មភាព​ជាមួយ​មិត្ត​កូរ៉េ​ខាង​ត្បូង​រួម​អគារ។

និស្សិត​រូប​នេះ​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់​ គេ​អត់​ទាន់​ទៅ​ស្រុក​ [កូរ៉េ​ខាង​ត្បូង​]វិញ​ជាប់​នៅ​នឹង​ដែរ អញ្ចឹង​រក​ពួក​គាត់​និយាយ​គ្នា​លេង អាន​សៀវភៅ​ជាមួយ​គ្នា​អញ្ចឹង»។

យ៉ាង​នេះ​ក្តី​និស្សិត តាំង ជីវហួរ ថាចំពោះ​សុខភាព​ផ្លូវ​កាយ លោក​កាន់​តែ​មាន​ការ​បារម្ភ​ដូច​គ្នា​ដែរ​ដោយ​សារ​ឃើញ​វីរុស​កូរ៉ូណា​ថ្មី​នេះ​កាន់​តែ​ កាច​សាហាវ។ ហើយ​សុខភាព​ផ្លូវអារម្មណ៍​ក៏​លោក​មិន​ដឹង​ច្បាស់​ខណៈ​អារម្មណ៍​នឹក​ស្រុក​កាន់​តែ​កើន ហើយ​ការ​អផ្សុក​កាន់​តែ​កើនខណៈ​មិត្ត​រួម​អគារ​ជា​ជនជាតិ​កូរ៉េ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​មក​ទទួល​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

លោក​ពន្យល់ថា៖ «ខាង​គ្រួសារ​គាត់​បារម្ភ​ខ្លាំង ហើយ​គាត់​ដូច​ជា​ថ្ងៃ​៣១ ខាន​ស្អែក​ហ្នឹង កូរ៉េ​គេ​មាន​យន្តហោះ​បី​គ្រឿង បញ្ជូន​សិស្ស​គេ​ទៅ​វិញ​៦នាក់។ អញ្ចឹង​ខាន​ស្អែក​គាត់​ទៅ​វិញ​ដែរ។»

សូម​បញ្ជាក់​ថា ​VOA ​ក៏​បាន​ព្យាយាម​ទាក់​ទង​សម្ភាសន៍​និស្សិត​ជា​ស្ត្រី​ក្នុង​ចំណោម​និស្សិត​ទាំង​២៣​រូប​នេះ​ ផង​ដែរ ​ប៉ុន្តែពួក​គេ​បដិសេធ​ដោយ​សារ​ថា​ពិបាក​ទប់​អារម្មណ៍​ក្នុង​ពេល​នេះ៕