អាហារ​មួយពេល​ដើម្បី​ស្នាម​ញញឹម​កុមារ​ កេរមរតក​ដ៏​ឋិតឋេរ​របស់​លោក Christian des Pallieres

លោក Christian des Pallieres ស្ថាបនិក​នៃ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ (PSE) ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៥ ដើម្បី​ផ្តល់​សេវា​ថែទាំ អប់រំ និង​ផ្តល់​ជំនាញ​ដល់​កុមារ និង​យុវជន​កម្ពុជា។ (រូបថតដោយ PSE)

លោក Christian des Pallieres ដែល​ជា​ស្ថាបនិក​នៃ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ បាន​ទទួល​មរណភាព​ក្នុង​វ័យ​៨២ឆ្នាំ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

ជនជាតិ​បារាំង​ម្នាក់ និង​ភរិយា​របស់​លោក​បាន​បង្កើត​អង្គការ​មិន​យក​ប្រាក់​កម្រៃ​មួយ ដែល​ជួយ​ឧបត្ថម្ភ​ដល់​ការ​ថែទាំ និង​ការ​អប់រំ​ដល់​ក្មេង​អនាថា ក្មេង​រើស​សំរាម​នៅ​ស្ទឹងមានជ័យ និង​ក្មេង​ក្រីក្រ​ជាង​មួយ​ម៉ឺន​នាក់ ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩៩៥​មក។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ លោក Christian des Pallieres បាន​ទទួល​មរណភាព ក៏​ប៉ុន្តែ កេរមរតក​របស់​លោក​នៅតែ​បន្ត ដោយ​«អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ‍»​របស់​លោក បន្ត​ផ្តល់​ឱកាស​ឲ្យ​កុមារ​កម្ពុជា​រាប់​រយនាក់​ទទួល​បាន​ការ​ថែទាំ ការ​អប់រំ និង​ជំនាញ​វិជ្ជាជីវៈ​រហូត​មក​ដល់​សព្វថ្ងៃនេះ។

កាលពី​វ័យ​៦ឆ្នាំ តាំងពី​ព្រលឹម​ទល់​ព្រលប់ ​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក កែវ ដាង គឺ​ដើរ​កកាយ​សំរាម​រើស​អេតចាយ​នៅ​គំនរ​សំរាម​នៅ​ស្ទឹងមានជ័យ ដែល​ស្ថិត​នៅ​ជាយក្រុង​ភ្នំពេញ។ ឱកាស​ទៅ​សាលារៀន មិនមាន​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​លោក កែវ ដាង ទេ ដោយសារ​តែ​ជីវភាព​រស់នៅ​ដ៏​ក្រីក្រ​បំផុត និង​បទ​ពិសោធន៍​រស់នៅ​ជាមួយ​ឪពុកម្តាយ​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​រូបលោក។

បទពិសោធន៍​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទើប​តែ​ងើប​ចេញ​ពី​សង្គ្រាម​ច្រើន​ទសវត្សរ៍ និង​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​កាលពី​ទសវត្សរ៍​១៩៧០ ដើម្បី​ស្ថាបនា​រចនាសម្ព័ន្ធ​សង្គម និង​ស្ថាប័ន​របស់​ខ្លួន។

លោក កែវ ដាង បាន​ប្រាប់ VOA កាល​ពី​ពេល​កន្លង​ទៅ​ថា៖ «‍ខ្ញុំ​នៅ​តូច​ប្រហែល​ជា​អាយុ៦ ឬ៧ឆ្នាំ ដោយសារ​ខ្ញុំ​នៅ​តូច​ពេក ខ្ញុំ​បាន​ដឹង​ថា​ឈ្មោះ Papy និង Mamie ពេល​ខ្លះ​គាត់​បាន​មក​កន្លែង​ចាក់​សំរាម ហត់ អត់​ឃ្លាន ហើយ​ភ័យ​ខ្លាច»។

លោក Christian des Pallieres និង​ភរិយា​គឺ​លោកស្រី Marie-France des Pallieres ថត​រូបជាមួយ​នឹង​កុមារ​កម្ពុជា ដែល​ទទួល​បាន​ឱកាស​អប់រំ និង​ការ​ថែទាំ​នៅ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ (PSE) ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៥។ (រូបថតដោយ PSE)

ក៏ប៉ុន្តែ ជីវិត​ដ៏​លំបាក​របស់​លោក កែវ ដាង បាន​ផ្លាស់ប្តូរ ក្រោយពេល​ដែល​ប្តីប្រពន្ធ​ជនជាតិ​បារាំង​ពីរនាក់​បាន​ចាប់ផ្តើម​ផ្តល់​អាហារ​មួយ​ពេល​រាល់ព្រឹក​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ ដែល​ពោរពេញ​ដោយ​សំរាម​រលួយ​ស្អុយ និង​សត្វរុយ។ មិនតែ​ប៉ុណ្ណោះ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង​ពីររូប​នេះ​ក៏​បាន​បង្កើត​សាលារៀន​នៅ​ម្តុំ​ស្ទឹងមានជ័យ ដើម្បី​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​អនាថា កុមារ​ក្រីក្រ និង​កុមារ​រើស​សំរាម​ជា​ច្រើន​នាក់ រួម​ទាំង​លោក កែវ ដាង​ផង​ដែរ។

លោក​ កែវ ដាង ដែល​សព្វថ្ងៃ​មាន​អាយុ​២៧ឆ្នាំ បាន​ប្រាប់ VOA ថា៖ «‍គាត់​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ ពី​ក្មេង​រើស​អេតចាយ ឲ្យ​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​មាន​ជីវភាព​ធូរធា​នៅ​ក្នុង​សង្គម ហើយ​ខ្ញុំ​បាន​សិក្សា​វិស័យ​ភាពយន្ត​ជាមួយ​គាត់។ ខ្ញុំ​បាន​រស់នៅ​ជាមួយ​នឹង​គាត់ ដូច​ជា​ឪពុក​របស់​ខ្ញុំ​បង្កើត​អញ្ចឹង»។

លោក កែវ ដាង បាន​លើក​ឡើង​ដូច្នេះ​ដោយ​សំដៅ​ទៅ​លើ​គុណសម្បត្តិ​របស់​លោក Christian des Pallieres ដែល​ជា​ស្ថាបនិក​បង្កើត​‍«អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ‍» ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​លោក កែវ ដាង បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចំណេះដឹង និង​សមត្ថភាព​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​រហូត​មក​ដល់​សព្វថ្ងៃនេះ។

អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ ឬ 'For a Child's Smile' ត្រូវបាន​បង្កើត​ឡើង​ដោយ​លោក Christian des Pallieres និង​ភរិយា​របស់​លោក​គឺ​លោកស្រី Marie-France des Pallieres នៅឆ្នាំ​១៩៩៥ ដែល​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ និង​ការ​កោត​សរសើរ​ពី​ប្រទេស​កម្ពុជា ក៏​ដូចជា​សហគមន៍​អន្តរជាតិ​ផង​ដែរ សម្រាប់​ការ​ផ្តល់​កម្មវិធី​អប់រំ ថែទាំ​ និង​វិជ្ជាជីវៈ​ដល់​កុមារ​កម្ពុជា​ជិត​៧ពាន់នាក់​នា​ពេល​បច្ចុប្បន្ន​នេះ។

ពី​ទីក្រុង​ប៉ារីស​មក​គំនរ​ចាក់​សំរាម​នៅ​កម្ពុជា

លោក Christian និង​លោកស្រី Marie-France des Pallieres បាន​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ​ធម្មតា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មុន​មក​ដល់​ប្រទេស​កម្ពុជា​ និង​បង្កើត​ឱកាស​អប់រំ និង​ថែទាំ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។

លោក Christian និង​ភរិយា​មាន​កូន​បួន​នាក់។ នៅ​ដើម​ទសវត្សរ៍​១៩៨០ លោក​បាន​បម្រើការ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា IBM ដ៏ធំ​មួយ​នៅ​ទីក្រុង​ប៉ារីស មុន​នឹង​លោក​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​នៅ​អាយុ​៥៨ឆ្នាំ ដើម្បី​ធ្វើដំណើរ​កម្សាន្ត​តាម​រថយន្ត​ជាមួយ​ភរិយា​ និង​កូនៗ​របស់​លោក​ជុំវិញ​ប្រទេស​បារាំង និង​អឺរ៉ុប។

កុមារ​កម្ពុជា​ដែល​កំពុង​ទទួល​បាន​ការ​អប់រំ និង​ការ​ថែទាំ​ដោយ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ (PSE)។ (រូបថតដោយ PSE)

នៅ​ដើម​ទសវត្សរ៍​១៩៩០ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ក្នុង​បេសកកម្ម​សប្បុរសធម៌​ជាមួយ​នឹង​អង្គការ​បារាំង​មួយ​ឈ្មោះ SIPAR ដែល​ធ្វើការងារ​ខាង​ផ្នែក​អក្ខរកម្ម​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ជនបទ​ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក។ នៅ​ឆ្នាំ​១៩៩៥ ភរិយា​របស់​លោក Christian និង​កូន​ពៅ​របស់​លោក បាន​មក​ជួប​លោក​នៅ​ប្រទេស​កម្ពុជា។

នៅ​រសៀល​ថ្ងៃ​មួយ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ លោក Christian បាន​ឃើញ​ក្មេងប្រុស​ពីរ​នាក់ ដែល​កំពុង​ឈរ​នៅ​ក្បែរ​រថយន្ត​របស់​លោក ដោយ​ទឹកមុខ​ហេវហត់។ លោក Christian ក៏​បាន​សុំ​ឲ្យ​ក្មេង​ប្រុស​ទាំងពីរ​នាក់​នោះ​បង្ហាញ​ទី​កន្លែង​ដែល​ពួកគេ​រស់នៅ។ ក្មេង​ទាំង​ពីរ​បាន​បង្ហាញ​ផ្ទះ​របស់​ពួកគេ ដែល​ជា​ខ្ទម​នៅ​ក្បែរ​គំនរ​ចាក់​សំរាម​នៅ​ស្ទឹងមានជ័យ ដែល​ពោរពេញ​ទៅ​ដោយ​ក្រុម​មនុស្ស​ចាស់​ក្មេង​កំពុង​ដើរ​កកាយ​សំរាម​ដើម្បី​រើស​អេតចាយ​លក់​យក​កម្រៃ​មក​ចិញ្ចឹម​ជីវិត។

លោកស្រី Ghislaine Dufour ដែល​ជា​អនុប្រធាន​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ ឬ​ហៅកាត់​ថា (PSE) ប៉េអេសអឺ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ពី​ទីក្រុង​ប៉ារីស​មក​ថា៖ «‍លោក​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ដែល​លោក​បាន​ឃើញ​នៅ​ទីនេះ។ លោក​ថា លោក​មិន​អាច​រស់នៅ​ដោយ​ធម្មតា​បាន​ទេ។ ហើយ​លោក​ក៏​បាន​ប្រាប់​ទៅ​ភរិយា​របស់​លោក​អំពី​អ្វី​ដែល​លោក​បាន​ឃើញ ហើយ​អ្នក​ទាំងពីរ​ក៏​សម្រេច​ចិត្ត​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​ដល់​ក្មេងៗ​ទាំង​នោះ»។

លោកស្រី Ghislaine បាន​បន្ថែម​ទៀត​ថា លោក Christian និង​ភរិយា​បាន​ទៅ​គំនរ​ចាក់​សំរាម​នៅ​ស្ទឹងមានជ័យ​នោះ​ម្តង​ទៀត ដោយ​បាន​ថតរូប​ជា​ហ្វីល​អំពី​ស្ថានភាព​របស់​កុមារ និង​មនុស្ស​វ័យ​ចាស់ៗ​ដែលពឹងផ្អែក​លើ​គំនរ​សំរាម​ដើម្បី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

នៅ​ចុង​ឆ្នាំ​១៩៩៥ អ្នក​ទាំងពីរ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស​វិញ ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល​ដោយ​នាំ​យក​រូបថត​ជា​ហ្វីល​ទាំង​នោះ​ទៅ​ជាមួយ​ផង។ អ្នក​ទាំង​ពីរ​បាន​អញ្ជើញ​មិត្តភិក្ត និង​ក្រុមគ្រួសារ​មក​ចូលរួម​ពិធី​បុណ្យ​ណូអែល​នៅ​ផ្ទះ​របស់​អ្នក​ទាំងពីរ​ដោយ​រៀបរាប់​ពី​ស្ថានភាព ដែល​អ្នក​ទាំង​ពីរ​បាន​ឃើញ​នៅ​ស្ទឹងមានជ័យ ហើយ​ក៏​បាន​អំពាវនាវ​ដល់​មិត្តភិក្ត​ និង​ក្រុមគ្រួសារ​ផ្តល់​ថវិកា​ និង​ការ​ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ​របស់​អ្នក​ទាំងពីរ​ក្នុង​ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​ដល់​កុមារ​ក្រីក្រ​នៅ​ស្ទឹងមានជ័យ។

លោកស្រី Ghislaine បាន​បន្ត​ថា៖ «‍អ្នក​ទាំងពីរ​ក៏​បាន​ចាប់ផ្តើម​ផ្តល់​ជំនួយ​ជា​អាហារ​បរិភោគ​មួយ​ពេល​រាល់ព្រឹក​នៅ​គំនរ​ចាក់​សំរាម​ស្ទឹងមានជ័យ ដោយ​មាន​ការ​ជួយ​ពី​អ្នក​ស្ម័គ្រចិត្ត និង​ម្តាយ​របស់​កុមារ​រើស​សំរាម​ទាំង​នោះ»។

កុមារ​កម្ពុជា​ដែល​កំពុង​ទទួល​បាន​ការ​អប់រំ និង​ការ​ថែទាំ​ដោយ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ (PSE)។ (រូបថតដោយ PSE)

ក៏ប៉ុន្តែ លោកស្រី​បាន​លើក​ឡើង​ថា មួយ​រយៈពេល​ក្រោយ​មក លោក Christian និង​ភរិយា​របស់​លោក​បាន​ពិនិត្យ​ឃើញ​ថា ​អាហារ​មួយ​ពេល​នេះ​មិន​អាច​ជួយ​ផ្លាស់ប្តូរ​ជីវិត​របស់​កុមារ​រើស​អេតចាយ​ទាំង​នេះ និង​ក្រុមគ្រួសារ​របស់​ពួក​គេ​ឲ្យ​ចេញ​ផុត​ពី​ជីវភាព​រស់នៅ​ដ៏​ខ្សត់ខ្សោយ​នេះ​បាន​ទេ។

ជាលទ្ធផល ​នៅ​ខែធ្នូ ឆ្នាំ១៩៩៧ ដោយ​ទទួល​បាន​មូលនិធិ​សប្បុរសធម៌​ពី​ប្រទេស​បារាំង អ្នក​ទាំង​ពីរ​ក៏បាន​ទិញ​ដីស្រែ​មួយ​កន្លែង​នៅ​ក្បែរ​ស្ទឹងមានជ័យ ដើម្បី​កសាង​សាលារៀន​មួយ​ខ្នង ដែល​ដំបូង​ឡើយ​មាន​សិស្ស​ចូលរៀន​កម្រិត​ចំណេះដឹង​ទូទៅ​ចំនួន​៣០០នាក់។ ក្នុង​អំឡុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ​បាន​ពង្រីក​ការងារ​ដ៏​សំខាន់​របស់​ខ្លួន ពី​សាលារៀន​ដែល​ផ្តល់​ចំណេះដឹង​ទូទៅ ទៅ​ជា​មជ្ឈមណ្ឌល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដោយ​មាន​ផ្តល់​វគ្គបណ្តុះ​បណ្តាល​ជា​ជំនាញ​វិជ្ជាជីវៈ សេវា​ថែទាំ​កុមារ និង​សេវា​ថែទាំ​សុខភាព​ផងដែរ។

ការ​ទទួល​ស្គាល់​សមិទ្ធផល​នៃ​អង្គការ​ PSE

មក​ទល់​សព្វថ្ងៃនេះ ​កុមារ និង​យុវជន​ជាង​៦៥០០នាក់ ដែល​ខ្លះ​ជា​ក្មេង​កំព្រា និង​ខ្លះទៀត​រស់នៅ​ជាមួយ​ឪពុកម្តាយ​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ កំពុង​ទទួល​បាន​ការ​ថែទាំ និង​ការ​អប់រំ​នៅ​អង្គការ ​PSE។ បន្ថែម​លើ​នេះ អតីត​សិស្ស​របស់​ PSE ​ប្រមាណ​៣ពាន់នាក់​ដែល​បាន​ទទួល​ការ​អប់រំ និង​ជំនាញ​ផ្សេងៗ​ពី​អង្គការ​នេះ កំពុង​តែ​បំពេញ​ការងារ និង​ប្រកប​មុខ​របរ​ផ្សេងៗ​ ដូចជា​គ្រូ​បង្រៀន វិស្វករ ជាង​ម៉ាស៊ីន ចុងភៅ គណនេយ្យករ និង​ជាង​អ៊ុតសក់​ជាដើម។

​ក្រៅពីនេះ ស្ត្រី​ជា​ម្តាយ​របស់​កុមារ​ក្រីក្រ​ជា​ច្រើន​នាក់​ក៏​ទទួល​បាន​ឱកាស​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខ្លីៗ ដើម្បី​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ផងដែរ។ លោកស្រី​អនុ​ប្រធាន​អង្គការ​ PSE បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ដែល​ PSE ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជំនាញ​ដល់​ឪពុក​ម្តាយ​របស់​កុមារ​ទាំង​នោះ គឺ​ដើម្បី​ជួយ​ឲ្យ​កុមារ​អាច​រៀនសូត្រ​បាន​ល្អ​ប្រសើរ។

លោកស្រី​ Dufour បាន​និយាយ​ថា៖ «‍បើសិន​ជា​ឪពុកម្តាយ​របស់​កុមារ​នៅតែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ នោះ​កុមារ​មិន​អាច​រៀនសូត្រ​ឲ្យ​បាន​ល្អ​នោះ​ទេ»។

កាលពី​ឆ្នាំ២០០០ អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ​ត្រូវបាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​បារំាង ដោយ​ទទួល​បាន​ពាន​រង្វាន់​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​បារាំង ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Human Rights Prize of the French Republic សម្រាប់​សមិទ្ធផល​របស់​អង្គការ​នេះ។ ១៤ឆ្នាំ​ក្រោយ​មក លោក Christian បាន​ទទួល​រង្វាន់​វិរៈជន​សប្បុរសធម៌ AidEx ដែល​ជា​ពានរង្វាន់​សប្បុរសធម៌​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភពលោក។​

​ក្រៅពីនេះ អង្គការ​ PSE ក៏​ត្រូវបាន​ទទួល​ស្គាល់ និង​កោតសរសើរ​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​និង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។ លោក Christian និង​ភរិយា​របស់​លោក ត្រូវបាន​អតីត​ព្រះមហា​វីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ ​ប្រទាន​សញ្ជាតិ​ជា​ជនជាតិ​ខ្មែរ មុន​ពេល​លោក Christian បាន​ទទួល​មរណភាព​ក្នុង​វ័យ​៨២ឆ្នាំ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

ពិធី​បាចអដ្ឋិធាតុ​របស់​លោក​ គ្រីស្យង់​ ហ្គោកឺឡាំង​ ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​កុមារ​ ហៅកាត់​ថា​ PSE នៅ​ឯអតីត​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ក្នុងអំឡុង​ពិធីបុណ្យ​សព​របស់​លោក ​ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ បាន​យាង​ចូលរួម អម​ដោយ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន និង​សិស្ស និស្សិត​របស់​អង្គការ​PSE រាប់ពាន់​នាក់។ បន្ថែម​លើ​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​រាប់ពាន់​នាក់​ដែល​ទទួល​ស្គាល់​កិច្ចការងារ​របស់​អង្គការ​នេះ ក៏បាន​បង្ហោះសារ​ចូលរួម​សោកស្តាយ​ចំពោះ​ការ​ទទួល​មរណភាព​របស់​បុរស​សប្បុរស​ជនជាតិ​បារាំង​ដែល​មាន​សញ្ជាតិ​ខ្មែរ​រូប​នេះ​ផង​ដែរ។

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA នា​ពេល​ថ្មីៗ​នេះ លោក ឯក ចាន់មករា អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច បាន​បញ្ចេញ​ជា​មតិ​យោបល់​ផ្ទាល់​ខ្លួន អំពី​សមិទ្ធផល​នៃ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ ថា៖

«‍អង្គការ​ PSE លោក​បាន​ជួយ​ការងារ​ច្រើន​ខាង​កសាង​សាលា ការ​ផ្តល់​ការ​ស្នាក់នៅ​សម្រាប់​បងប្អូន​កុមារ​ជា​ជន​អនាថា និង​ជា​ជន​រើស​សំរាម​នៅ​ស្ទឹង​មានជ័យ។ អ្វីដែល​អង្គការ​ PSE បាន​ធ្វើ​នេះ ខ្ញុំ​មាន​ការ​អបអរ​សាទរ​ខ្លាំង​ណាស់ គាំទ្រ និង​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ម៉េច​អង្គការ​ PSE នេះ​បន្ត​កិច្ច​ខិតខំ​បន្ត​ទៀត​នៅ​ប្រទេស​កម្ពុជា បើ​ទោះបី​ជា​បាត់បង់​ស្ថាបនិក​អង្គការ​នេះ​ក៏​ដោយ»។

គម្រោង​ទាំង​អស់​របស់​អង្គការ​ PSE ត្រូវបាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅ​តាម​«‍គំរូ​ក្នុង​គ្រួសារ» ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កុមារ​ជួប​ប្រទះ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ។ អង្គការ​នេះ​ពឹងផ្អែក​ទាំង​ស្រុង​លើ​មូលនិធិ​ឧបត្ថម្ភ​ពី​អ្នក​ឧបត្ថម្ភ និង​អ្នក​គាំទ្រ​ជា​ច្រើន​ជុំវិញ​ពិភពលោក។ អ្វី​ដែល​ពិសេស​នោះ​គឺ បុគ្គលិក​របស់​អង្គការ​នេះ​ប្រមាណ​៦៥០នាក់​គឺជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ជំនាញ​ខាង​វិស័យ​អប់រំ សេវា​សង្គមកិច្ច និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ។

ដោយឡែក លោកស្រី Beatrice Carrot ប្រធាន​អង្គការ​ PSE ​សាខា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា នេះ​គឺជា​ក្តី​ប៉ង​ប្រាថ្នា​របស់​លោក Christian ​ដែល​ថា អង្គការ​ PSE គឺ​ត្រូវ​ដំណើរការ​ដោយ​បុគ្គលិក​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​ស្រុង។ លោកស្រី​Beatrice ដែល​ជា​អ្នក​ឧបត្ថម្ភ​ដំបូង​បង្អស់​ម្នាក់​ដល់​អង្គការ​ PSE ​តាំង​ពី​ឆ្នាំ​១៩៩៦​មក ក៏​បាន​បន្ថែម​ទៀត​ថា រាល់​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សាខា​អង្គការ​ PSE នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត។

លោកស្រី Beatrice បាន​ឲ្យ​ដឹង​ថា៖ «‍កិច្ចការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​អស់​គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​នេះ​គឺជា​កិច្ចការ​ដ៏​អស្ចារ្យ​មួយ ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់»។

លោកស្រី Beatrice និង​ស្វាមី​ដែល​ជា​ជនជាតិ​បារាំង បាន​ស្ម័គ្រចិត្ត​បង្កើត​សាខា​អង្គការ​ PSE ​នៅ​ទីក្រុង Belmont រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ដែល​អ្នក​ទាំងពីរ​បាន​ផ្លាស់​មក​រស់នៅ និង​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី Marie-France des Pallièresភរិយា​លោក​ គ្រីស្យង់​ ហ្គោកឺឡាំង​ ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​កុមារ​ ហៅកាត់​ថា​ PSE ​ក្នុង​ពិធី​បាចអដ្ឋិធាតុ​នៅ​ឯអតីត​កន្លែង​ចាក់សំរាម​ស្ទឹង​មានជ័យ​ ក្នុង​រាជធានី កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

សព្វថ្ងៃនេះ អង្គការ​ PSE មាន​សាខា​សរុប​ចំនួន​ប្រាំបី​នៅ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​អាស៊ី ដែល​ធ្វើការងារ​ផ្សព្វផ្សាយ​សមិទ្ធផល​នៃ​គម្រោង​របស់​អង្គការ​ PSE និង​រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​រាល់​សកម្មភាព​ការងារ​របស់​អង្គការ​នេះ​នៅ​ប្រទេស​កម្ពុជា។ នាពេល​ខាង​មុខ​នេះ អង្គការ​ PSE ​នឹង​ពង្រីក​សាខា​របស់​ខ្លួន​មួយ​ទៀត នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ជា សុភ័ណ្ឌ ដែល​ជា​អតីត​សិស្ស​អង្គការ​នេះ។

លោក​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​អ៊ីម៉ែល​ថា៖ «‍ខ្ញុំ​រស់នៅ​រាល់ថ្ងៃ​ដោយ​ស្មារតី​នៃ​អង្គការ​ PSE និង​ស្មារតី​របស់​ Papy និង​ Mamie។ ខ្ញុំ​ជឿ​ថា មានតែ​ការ​អប់រំ​តែ​ប៉ុណ្ណោះ​ទេ ដែល​អាច​ផ្លាស់ប្តូរ​ជីវិត​ និង​អនាគត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​បាន»។

លោក ជា សុភ័ណ្ឌ ធ្លាប់​ជា​ក្មេង​រើស​អេតចាយ​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ និង​នៅ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​លោក​បាន​ទទួល​ឱកាស​អប់រំ​នៅ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ។ នៅពេល​អាយុ​១៣ឆ្នាំ ទើប​លោក​បាន​មាន​ឱកាស​ចូលរៀន​ថ្នាក់​ទីបី​ជាមួយ​កុមារ​តូចៗ​នៅ​អង្គការ PSE។ លោក ជា​ សុភ័ណ្ឌ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ទស្សនវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ មុន​ពេល​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​អ្នកស្រី Lou Fourriere ដែល​ជា​ជនជាតិ​បារាំង​ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើការងារ​ឲ្យ​អង្គការ​ PSE ​កាលពី​ឆ្នាំ​២០១២។

អ្នកស្រី Lou Fourriere បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​អ៊ីម៉ែល​ថា៖ «‍អង្គការ​ PSE ​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ​ និង​ប្រវត្តិសាស្ត្រ​របស់ សុភ័ណ្ឌ។ អង្គការ​ PSE ​គឺដូច​គ្រួសារ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​អង្គការ​នេះ»។

«‍គ្រាប់ពេជ្រ​តូចៗ»​នៃ​ប្រទេស​កម្ពុជា

សម្រាប់​កុមារ​ក្រីក្រ​នៅ​កម្ពុជា ការ​ទទួល​បាន​ឱកាស​ចូលរៀន​គឺ​ប្រៀប​បាន​ដូច​ជា​ស្ពាន​ផ្លាស់ប្តូរ​ជីវិត​ឲ្យ​មាន​ក្តី​សង្ឃឹម​ថ្មី។ នេះ​គឺជា​អ្វី​ដែល​កញ្ញា ចាន់ សុរិយា បាន​ឆ្លងកាត់​ ហើយ​វា​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​នាង​ពី​ក្មេង​ក្រីក្រ ទៅជា​អ្នក​អប់រំ​ម្នាក់​នៅ​វិទ្យាស្ថាន​អប់រំ​មួយ​នៅ​រាជធានី​ភ្នំពេញ។

កញ្ញា ចាន់ សុរិយា ដែល​មាន​ម្តាយ​ជា​ស្ត្រី​ម៉េមាយ និង​មាន​បងប្អូន​បួន​នាក់ បាន​ប្រាប់ VOA ថា អង្គការ​ PSE បាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃ​មួយ​ដល់​រូបនាង និង​ក្រុម​គ្រួសារ​នាង ដើម្បី​ផ្លាស់ប្តូរ​ជីវិត​ថ្មី។

នាង​បាន​ឲ្យ​ដឹង​ថា៖ «‍បើ​សិន​ជា​គ្មាន​គាត់​ទាំងពីរ និង​គ្មាន​ PSEទេ នោះ​ជីវភាព​របស់​ពួក​យើង​ពិបាក​ស្រមៃ​ណាស់ ពីព្រោះ​ថា​យើង​មិន​ដឹង​ជា​ខ្សាត់ព្រាត់​ទៅ​ទីណា​ទេ។ ប្រហែល​ជា​ក្មេងៗ​ពួកគាត់​នៅតែ​បន្ត​រើស​សំរាម ហើយ​ប្រហែល​ជា​ពួក​ខ្ញុំ​អាច​ធ្វើការ​រោងចក្រ ពីព្រោះ​អី​យើង​អត់​មាន​លទ្ធភាព​ក្នុង​ការ​រៀន»។

កញ្ញា ចាន់ សុរិយា បាន​បញ្ចប់​ការ​សិក្សា​នៅ​អង្គការ​ PSE នៅ​ឆ្នាំ​២០០៨ ហើយ​បាន​ចូល​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៅ​រាជធានី​ភ្នំពេញ។ មិនតែ​ប៉ុណ្ណោះ ម្តាយ​របស់​នាង ក៏​ទទួល​បាន​ឱកាស​ចូលរៀន​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខ្លីៗ ដើម្បី​ទទួល​បាន​ជំនាញ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ដែរ។

ខ្សែ​ភាពយន្ត​ឯកសារ​ឈ្មោះ «‍Little Gems» ឬ​បក​ប្រែ​ជា​ភាសាខ្មែរ​ថា «‍ដុំពេជ្រតូចៗ» ​រៀបរាប់​ពី​ក្តី​ស្រឡាញ់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្ថាបនិក​នៃ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក Xavier de Lauzanne)

កញ្ញា​បាន​បន្ថែម​ទៀត​ថា៖ «‍គាត់​បាន​បង្រៀន​ថា បើ​យើង​ឈាន​ជើង​ចេញ​ពី​កន្លែង​កខ្វក់​ហើយ យើង​ត្រូវ​ឈាន​ទៅ​រក​កន្លែង​ដែល​មាន​ពន្លឺ។ អញ្ចឹង​ដោយ​វិធីសាស្ត្រ​ណា? ដោយ​វិធីសាស្ត្រ​ដែល​យើង​ត្រូវ​ខំ​កែច្នៃ​ខ្លួន​យើង​ពី​ដុំថ្ម ទៅជា​ដុំ​ពេជ្រ»។

កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ​នេះ ខ្សែភាពយន្ត​ឯកសារ​មួយ​ថត​អំពី​អង្គការ​PSE ត្រូវបាន​ដឹកនាំ និង​ផលិត​ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Xavier de Lauzanne ដែល​បាន​ស្គាល់​លោក Christian និង​ភរិយា​របស់​លោក តាំង​ពី​ឆ្នាំ​២០០២​មក។ ផលិតករ​ជនជាតិ​បារាំង​រូប​នេះ បាន​ធ្វើការ​ផលិត​ខ្សែភាពយន្ត​ឯកសារ​នេះ​ជាមួយ​លោក Christian និង​សិស្ស​និស្សិត​ជា​ច្រើន​នាក់​នៅ​អង្គការ​ PSE។

លោក Xavier de Lauzanne បាន​ប្រាប់​ទស្សនាវដ្តី Southeast Asia Globe កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ថា ខ្សែភាពយន្ត​ឯកសារ​នេះ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​ខ្មែរ​ថា «‍ដុំពេជ្រ​តូចៗ‍» ឬជា​ភាសា​អង់គ្លេស​ “Little Gems” គឺជា​ខ្សែភាពយន្ត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​រវាង​លោក Christian និង​ភរិយា​របស់​លោក ជាមួយ​កុមារ​ក្រីក្រ​នៅ​កម្ពុជា។

លោក​បាន​និយាយ​ជា​សម្តី​ដកស្រង់​ទាំង​ស្រុង​ថា៖ «‍Marie-France និង​លោក Christian មិន​បាន​ចាប់ផ្តើម​បង្កើត​គម្រោង​នៃ​អង្គការ​ប៉េអេសអឺ​នេះ​ ដោយផ្អែក​លើ​មនោគមវិជ្ជា ឬ​ការ​វិភាគ​ដ៏​ល្អិតល្អន់ ឬ​ក៏​ផ្អែក​លើ​ផ្នែក​សីលធម៌​នោះ​ទេ។ អ្នក​ទាំង​ពីរ​បាន​បង្កើត​អង្គការ​នេះ​ឡើង ដោយ​សារ​តែ​ពួកគាត់​មាន​មនោសញ្ចេតនា​[ជាមួយ​កុមារ​ទាំង​នោះ]»។

លោក Xavier de Lauzanne ផលិតករ​ខ្សែភាពយន្ត​ជនជាតិ​បារាំង​ម្នាក់ ដែល​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ឈ្មោះ «‍Little Gems» ឬ​បក​ប្រែ​ជា​ភាសាខ្មែរ​ថា «‍ដុំពេជ្រតូចៗ»។ (រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុក Xavier de Lauzanne)

ខ្សែភាពយន្ត​ឯកសារ​នេះ​ ត្រូវបាន​ចេញ​ផ្សាយ​មួយ​សប្តាហ៍​មុន​ពេល​លោក Christian បាន​លាចាក​លោក​ទៅ។ ខ្សែភាពយន្ត​«‍ដុំពេជ្រ​តូចៗ»​នេះ ត្រូវបាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង​កាលពី​ឆ្នាំ​មុន ដែល​មាន​មនុស្ស​ប្រមាណ​១សែន​៧ម៉ឺន​នាក់​បាន​ចូល​ទស្សនា​នៅ​ប្រទេស​បារាំង។ នៅ​ទីក្រុង​ប៉ារីស លោក Christian បាន​ក្លាយ​ជា​បុគ្គល​គំរូ​ដ៏​ល្អ​ម្នាក់​ដល់​យុវជន​បារាំង និង​ពលរដ្ឋ​បារាំង​ជា​ច្រើន​នាក់ ដែល​បន្ត​ស្ម័គ្រ​ចិត្ត​មក​ធ្វើការងារ​ឲ្យ​អង្គការ​ PSE នៅ​ប្រទេស​កម្ពុជា។

ដោយឡែក នៅ​ថ្ងៃទី៧ ខែមីនា​នេះ ស្ថានទូត​បារាំង​ប្រចាំ​សហរដ្ឋ​អាមេរិក នឹង​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ដល់​សាធារណជន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក Benoit Cormier អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​បារាំង​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «‍[អង្គការ​ PSE] គឺជា​គំរូ​ដ៏​ល្អ​មួយ​នៃ​គម្រោង​ការងារ​របស់​ជនជាតិ​បារាំង​នៅ​កម្ពុជា ហើយ​យើង​រីករាយ​នឹង​បង្ហាញ​សកម្មភាព​ដ៏​ល្អ​របស់​អង្គការ​នេះ»។

លោកស្រី ណារិន ចេមស៍សាន់ (Narin Jameson) ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចាស់ទុំ​ម្នាក់​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា លោកស្រី​បាន​ដឹង​ឭ​ពី​គម្រោង​នៃ​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃ​កុមារ​នេះ​តាំង​ពី​ដំណាក់កាល​ដំបូង​នៃ​អង្គការ​នេះ ហើយ​លោកស្រី​បាន​ទទួល​ស្គាល់​ថា អង្គការ​នេះ​បាន​បំពេញ​កិច្ចការ​ដ៏​សំខាន់​មួយ ក្នុង​ការ​ជួយ​ឲ្យ​កុមារ​នៅ​កម្ពុជា​ទទួល​បាន​ឱកាស​អប់រំ និង​ឱកាស​កសាង​ជីវិត​ដោយ​ក្តី​សង្ឃឹម។

លោកស្រី ណារិន ចេមស៍សាន់ បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​បាន​ដឹង​ថា អង្គការ​នេះ​បាន​ជួយ​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ច្រើន​នាក់​ណាស់ ដោយ​មិន​យក​ប្រាក់​កម្រៃ​អ្វី​ឡើយ»។

លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​«‍ដុំពេជ្រតូចៗ» នេះ​ឲ្យ​បាន​ច្រើន​កុះករ ក្នុង​ន័យ​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ PSE និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា៕