ចំពោះ​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង ​លោក Trump ​អាច​ផ្លាស់​ប្តូរ​អ្វីៗ​ទាំង​អស់

លោក Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​យប់​បោះឆ្នោត​នៅ​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

បន្ទាប់​ពីបាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោតប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​បាន​ព្យាយាម​ធ្វើ​ការ​បញ្ជាក់​ឡើង​ប្រាប់​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន្តពី​ការ​ធ្វើ​ទៅ​តាម​ពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដ៏​ធំ​ដែលលោក​បាន​ស្នើ​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី។

លោក Shinzo Abe ​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ជប៉ុន​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​ដោយ​បាន​បញ្ជាក់​ពី​តម្រូវការ​ធ្វើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិ ការ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ថែម​ទៀត​រវាង​ប្រទេស​ទាំង​២​ដើម្បី​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ទ្វីប​អាស៊ី នេះ​យោង​តាមមន្រ្តី​ម្នាក់​នៅ​ក្នុង​ក្រុង​តូក្យូ។ លោកAbe នាយក​រដ្ឋ​មន្រ្តី​ជប៉ុន ​ក៏​មាន​គម្រោង​ជួបជាមួយ​លោក Donald Trump ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​សន្និសីទ​កំពូល​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​តំបន់​អាស៊ី ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ប្រទេស​ប៉េរូ។

​យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់ ឲ្យ​ដឹង​ថា ក្នុង​អំឡុងពេល​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ស្រី​ប្រធានាធិបតី Park Geun-hye នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា «យើង​ស្ថិត​នៅ​ជាមួយ​អ្នក​គ្រប់​ពេល​វេលា ទាំងអស់​ហើយ​យើង​មិន​បោះ​បង់​គ្នា​ចោល​ទេ‍»។

​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ ​បាន​បដិសធ​ពុំ​ព្រម​និយាយ​ថា​តើ​លោក​នឹង​គាំទ្រ​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​គោលនយោបាយ​កំញើញ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​អាស៊ី​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េ​ខាង​ជើង។ ​តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ធ្វើ​ការ​រិះគន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន​ចំពោះ​ការ​បង់​ប្រាក់​ឲ្យ​បាន​ល្មម​គ្រប់​គ្រាន់​សម្រាប់​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​បាន​បោះ​ទីតាំង​នៅ​ក្នុង​ប្រទេស​ទាំង​២​នេះ។ ​លោក Trumpបាន​គំរាម​កំហែង​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​ទាំង​នោះ៕