ខណៈកម្ពុជាកំពុងត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំគណបក្សកាន់អំណាច និងថ្នាក់ដឹកនាំបក្សប្រឆាំង បានចេញសារបង្ហាញពីការថែរក្សាការពារឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា សាររបស់មេដឹកនាំទាំងពីរបក្ស បង្ហាញពីសញ្ញាវិជ្ជមាន ដែលអាចនឹងឈានទៅមានការដោះស្រាយការជាប់គាំងនយោបាយ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះបានចេញលិខិតអបអរសារទរពិធីបុណ្យឯករាជ្យជាតិ លើកទី ៦៥ ដោយភ្ជាប់នឹងការលើកឡើងថា ការទាមទារ និងថែររក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។
ក្នុងលិខិតអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ដែលលោក កឹម សុខា បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោកសូមថ្លែងអំណរគុណប្រកបដោយ កតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅ ជូនចំពោះបុព្វបុរសខ្មែរដែលបានធ្វើពលិកម្ម ការលះបង់ និងការតស៊ូ ដើម្បីទាមទារនូវឯករាជ្យជាតិជូនជាតិមាតុភូមិ។
លោកបន្ថែមក្នុងលិខិតនោះតាមន័យដើមយ៉ាងដូច្នេះ៖
«ការទាមទារ និងថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។ ជាការពិតណាស់ មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា»។
កម្ពុជានឹងរៀបចំអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ដោយមានការចូលរួមពីមានកងកម្លាំងមកពីគ្រប់អង្គភាព នៃក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ មន្ត្រីរាជការនានា និងដោយមានការដើរជាក្បួនៗទៅតាមផែនរបស់ខ្លួនដើម្បីអបអរសាទរ និងដើម្បីលើកកម្ពស់ពង្រឹងពង្រីកសមត្ថភាពរបស់កងកម្លាំងក្នុងការបំពេញភារកិច្ច ការពារនូវអធិបតេយ្យ បូរណភាពដែនដី និងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ពិធីនោះនឹងមានអ្នកចូលរួមប្រមាណជាងពីរម៉ឺនប្រាំពាន់នាក់ និងមានកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជិតបួនពាន់នាក់។ នេះបើតាមការផ្សាយរបស់គេហទំព័រនគរបាលជាតិ។ ក្នុងពិធីនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះបាទនរោត្តម សីហមុនី និងដឹកនាំពិធី ដោយមានការប្រទានភ្លើងជ័យនៅវិមានឯករាជ្យ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលស្មើនឹងបទក្បត់ជាតិ។ ក្រោយការឃុំខ្លួនតាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ អស់រយៈពេលជាង១ឆ្នាំដោយមិនមានការកាត់ទោស លោកត្រូវបានតុលាការបញ្ជូនទៅផ្ទះវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។
លិខិតអបអរសារទរពិធីបុណ្យឯករាជ្យជាតិនេះ គឺជាលិខិតទី២ដែលលោក កឹម សុខា បានសរសេរ ក្រោយពីលោកត្រូវបានតុលាការប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារ ទៅជាការឃុំខ្លួនក្នុងផ្ទះជំនួសវិញ។ ដោយលិខិតទី១ លោក កឹម សុខា បានសរសេរសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារលោក ជាម ច័ន្ទនី អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពី ពីរសប្តាហ៍មុន។
ការចេញលិខិតរបស់លោក កឹម សុខា ធ្វើឡើងក្រោយបន្តិច បន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្រួបបង្រួមជាតិ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេសខ្ពស់បំផុត(និទ្ទេសA) នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ការបង្រួបបង្រួមជាតិនឹងអាចធ្វើទៅបាន លុះត្រាតែមានការបង្កើតវប្បធម៌ទុកចិត្តគ្នា។
លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះ បានផ្ញើរសារទៅកាន់ក្រុមគណបក្សប្រឆាំងថា៖
«បើយើងបន្ធូរបន្ថយឲ្យវា វាមិនព្រមបន្ធូរបន្ថយឲ្យយើង តើយើងបន្ធូរបន្ថយធ្វើអី? ដាក់ហ្អែង ម៉ាម៉ាំងចប់ៗ។ បើហ្អែងចង់បានវប្បធម៌បង្រួបបង្រួម ហ្អែងធ្វើឲ្យស្រួលទៅ ធ្វើឲ្យគេទុកចិត្តទៅ។ បើអ្នកឯងមិនចង់បានការសម្របសម្រួល ហ្អែងធ្វើអាក្រក់ម៉ោ។ អាធ្វើអាក្រក់ហ្នឹងហើយ ដែលជាការផ្តល់សញ្ញាថា យើងមិនអត់ឱន ព្រោះវាអត់មានជម្រើសណាផ្សេង»។
បើទោះជាលោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងដាក់ឲ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះជំនួសវិញក៏ដោយ ក៏អង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើននៅតែទាមទារឲ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
សភាសហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ លើញត្តិរួមស្នើឲ្យមានសេចក្តីសម្រេចរួម ដែលទាមទារឲ្យផ្តល់សិទ្ធិនយោបាយ និងសេរីភាពពេញលេញដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដែលធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យផងដែរ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការលើកឡើងរបស់មេដឹកនាំ គណបក្សកាន់អំណាច និងមេដឹកនាំគណបក្សប្រឆាំងពាក់ព័ន្ធនឹងវិធីសាស្រ្តនៃការបង្រួបបង្រួមជាតិ គឺសុទ្ធតែការលើកឡើងដែលត្រឹមត្រូវ។ លោកថា ការលើកឡើងនេះអាចជាសញ្ញាវិជ្ជមានសម្រាប់ការរកដំណោះស្រាយនយោបាយ ដែលកំពុងស្ថិតក្នុងស្ថានភាពចម្រូងចម្រាសនៅកម្ពុជា។
អ្នកឃ្លាំមើលសង្គមរូបនេះបន្ថែមថា អ្នកនយោបាយនៅកម្ពុជាតែងប្រើប្រាស់មនោសញ្ចេតនាផ្ទាល់ខ្លួន និងខ្វះភាពអត់ធ្មត់ក្នុងការចរចារ ទើបការដោះស្រាយវិបត្តិនយោបាយពិបាកនឹងទទួលបានប្រសិទ្ធភាព។
លោកបានផ្តល់ជាអនុសាសន៍ថា៖
«បើសិនជាមានសម្តីវិជ្ជមាន ហើយគូភាគីម្ខាងៗរក្សានូវជំហរវិជ្ជមានដូចគ្នា គឺថាដំណោះស្រាយជាញឹកញាប់ច្រើនតែអាច(យើង)ឃើញអីដែលជាពន្លឺនៃសេចក្តីសង្ឃឹមកើតឡើង»។
ក្រោយការបោះឆ្នោតថ្នាក់ជាតិដោយមិនមានគណបក្សសង្គ្រោះជាតិ ស្ថានភាពនយោបាយនៅកម្ពុជាហាក់កំពុងស្ថិតក្នុងភាពចម្រូងចម្រាស ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាលររបស់លោក ហ៊ុន សែន កំពុងអបអរការដឹកនាំប្រទេសដោយឯកបក្ស ចំណែកអ្នកគាំទ្រគណបក្សប្រឆាំង និងក្រុមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនចាត់ទុកថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិក ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា និងព្រមានចាត់វិធានការបន្ថែមលើការបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ចំណែកសហភាពអឺរ៉ុប ក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយទុកពេល១២ខែ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ៕