អ្នកប្រកួតកីឡាជាតិអាហ្វ្រិកចំនួនប្រហែល១២រូបបានសម្រេចចិត្តគេចខ្លួនដោយរួមបញ្ចូលទាំងបុរសម្នាក់ដែលបានកាន់ទង់ជាតិរបស់ប្រទេសអេរីទ្រា(Eritrea) ផងដែរ។
ដោយ Anita Powell
ប្រែសម្រួលដោយ ឃួន ធារ៉ា
ប្រែសម្រួលដោយ ឃួន ធារ៉ា
កីឡាអូឡាំពិកឆ្នាំ២០១២បានបញ្ចប់កាលពីពេលថ្មីៗនេះប៉ុន្តែអត្តពលករបានលាក់ខ្លួននៅចក្រភពអង់គ្លេសនៅឡើយ។ អ្នកប្រកួតកីឡាជាតិអាហ្វ្រិកចំនួនប្រហែល១២រូបបានសម្រេចចិត្តគេចខ្លួនដោយរួមបញ្ចូលទាំងបុរសម្នាក់ដែលបានកាន់ទង់ជាតិរបស់ប្រទេសអេរីទ្រា(Eritrea) ផងដែរ។
កីឡាករម៉ារ៉ាតុងដែលទទួលមេដាយមាសរបស់ប្រទេសអ៊ូហ្គង់ដា (Uganda) បានវិលត្រលប់មកស្រុកកំណើតវិញក្នុងសប្តាហ៍នេះសម្រាប់ក្បួនព្យុហយាត្រាដែលជាកិច្ចស្វាគមន៍ពី
ប្រធានាធិបតីរួមជាមួយនឹងមូលប្បទានប័ត្រចំនួន៨ម៉ឺនដុល្លារទៀតផង។
មិនមែនរាល់កីឡាករអូឡាំពិកទាំងអស់ត្រូវបានស្វាគមន៍ចំពោះការវិលត្រលប់មកប្រទេសវិញដូចជាលោក ស្តេហ្វិន គីផ្រូទិច (Stephen Kiprotich)របស់ប្រទេសអ៊ុយហ្គាន់ដា នោះទេ។
តាមពិតយ៉ាងហោចណាស់ក៏មានកីឡាករ១២រូបដែរបានចាកចេញពីភូមិកីឡាករអូឡាំពិកហើយបានស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស។
មុនដំបូងអត្តពលករ៧រូបនៅក្នុងចំណោមគណៈប្រតិភូប្រទេសកាមេរូន (Cameroon) បានចាកចេញពីភូមិកីឡាអូឡាំពិកដោយពុំមានការពន្យល់អំពីមូលហេតុក្នុងកំឡុងពេលប្រកួតនោះទេ។ កន្លែងលាក់ខ្លួនរបស់ពួកគេនៅតែមិនទាន់ដឹងនៅឡើយ។ ប្រភពនានាដែលស្និទ្ធជាមួយនឹងគណៈប្រតិភូកាមេរូនក្នុងទីក្រុងឡុងន៍ (London) បានប្រាប់សំឡេងស.រ.អាថាអត្តពលករទាំងនោះបានផ្តាច់ខ្លួនដើម្បីស្វែងរកឳកាសសេដ្ឋកិច្ចនៅឯបរទេស។
បន្ទាប់មកស្ថានីយ៍វិទ្យុរបស់អង្គការសហប្រជាជាតិមួយបានរាយការណ៍ថាសមាជិក៤រូបនៃគណៈប្រតិភូអូឡាំពិកនៃប្រទេសកុងហ្គោ(Congo) បានបាត់ខ្លួនដែរ។
ហើយកាលពេលថ្មីៗបំផុតនេះបុរសដែលត្រូវបានជ្រើសតាំងឱ្យកាន់ទង់ជាតិប្រទេសអេរីទ្រានៅក្នុងពិធីបើកកម្មវិធីលោក វីណេ ហ្គេប្រេស៊ីឡាស៊ី (WeynayGhebresilasie) កីឡាករលោតផ្លោះរបាបានស្វែងរកសិទ្ធិជ្រកកោននយោបាយរួមជាមួយសមាជិកបីរូបផ្សេងទៀតនៃគណៈប្រតិភូអេរីទ្រាដែរ។ អ្នកទាំងបីនោះបានស្នើសុំមិនបញ្ចេញអត្តសញ្ញាណដោយសារបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
អត្តពលករអេរីទ្រានានា ចូលរួមជាមួយជនរួមជាតិពួកគេជាច្រើនរូបផ្សេងទៀតដែលបានចោលស្រុកកំណើតក្នុងអំឡុងពេលមួយទសវត្សរ៍មុន។ ក្នុងចំណោមអ្នកទាំងនោះ មានក្រុមបាល់ទាត់ទាំងមូលតែម្តង។
លោក វីណេ ដែលមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតកីឡាផ្លោះរបាផ្នែកបុរសបាននិយាយថា លោកមានអារម្មណ៍ថាស្ថានភាពនៅឯប្រទេសកំណើតហាក់ដូចជាកាន់តែធ្ងន់ធ្ងរឡើង។
លោកអេរ៉ុន ប៊ឺហេន (Aaron Berhane) អ្នកនាំពាក្យឱ្យក្រុមយុវជនសាមគ្គីភាពអេរីទ្រាដើម្បីការផ្លាស់ប្តូរ (Eritrean Youth Solidarity for Change) ដែលមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូ (Toronto) និយាយថាអត្តពលករទាំងនោះបានចាកចេញដោយសារមូលហេតុដូចគ្នាដែលដូចទៅនឹងជនជាតិអេរីទ្រារាប់ពាន់នាក់ផ្សេងទៀតដែរដែលបានរត់ភៀសខ្លួនដែរ។
«នៅប្រទេសអេរីទ្រាយើងមានរបបដ៏ផ្តាច់ការមួយ។ គ្មានសេរីភាពក្នុងការបញ្ចេញមតិគ្មានសេរីភាពក្នុងការធ្វើដំណើរគ្មានសេរីភាពខាងសាសនាទេ។ ប្រទេសនេះគឺនៅក្រោមរដ្ឋាភិបាលផ្តាច់ការមួយ។»
អត្តពលករដែលកំពុងបាត់ខ្លួនទាំងនោះមានរឿងរ៉ាវដូចគ្នាជាច្រើន។ ពួកគេទាំងអស់មកពីប្រទេសដែលរងគ្រោះដោយសារភាពក្រីក្រ អំពើពុករលួយ និងមេដឹកនាំយូរអង្វែងដែលបដិសេធមិនព្រមបោះលាលែងពីអំណាច។
ប្រទេសកាមេរូនត្រូវបានដឹកនាំតាំងពីឆ្នាំ១៩៨២មកម៉្លេះ ដោយលោកប្រធានាធិបតី ផូល ប៊ីយ៉ា (Paul Biya) ដែលត្រូវបានរិះគន់ចំពោះការកាន់អំណាចបែបផ្តាច់ការកាន់តែខ្លាំងឡើង។
ប្រធានាធិបតីកុងហ្គោ លោក ចូសេប កាប៊ីឡា (Joseph Kabila) ត្រូវបានជាប់បោះឆ្នោតសារជាថ្មីកាលពីឆ្នាំមុន។ លទ្ធផលបោះឆ្នោតត្រូវបានបដិសេដចោលដោយគណបក្សប្រឆាំង។
ហើយប្រទេសអេរីទ្រាត្រូវបានដឹកនាំតាំងពីកកើតឡើងដោយបុរសតែម្នាក់នេះ គឺប្រធានាធិបតី អ៊ីសាអាសអាហ្វវឺគី (IsaiasAfwerki)។ លោកបានឡើងកាន់អំណាចនៅពេលដែលប្រទេសនេះបានទទួលឯករាជ្យពីប្រទេសអេត្យូពី(Ethiopia) កាលពីឆ្នាំ១៩៩៣។
ក្រុមអ្នកសិទ្ធិមនុស្សនិយាយថា រដ្ឋបាលលោកអ៊ីសាអាស បានដាក់ពន្ធនាគារអ្នកប្រឆាំខាងងនយោបាយរាប់មិនអស់ បានគាបសង្កត់សេរីភាព និងបានពន្យាការបោះឆ្នោតម្តងហើយម្តងទៀត។ សេវាកម្មយោធាក្លាយជាកាតព្វកិច្ច។
លោក បេរេកេត ខាសៃ (BereketKhasai) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយថាក្នុងចំណោមអ្នកដែលត្រូវបានកេណ្ឌឱ្យធ្វើទាហានគឺមានលោកវីណេដែលបានចំណាយពេលលើសពីតម្រូវការរយៈពេល១៨ខែរបស់លោកនៅក្នុងសេវាកម្មនេះហើយនៅតែមិនអាចចាកចេញពីយោធាដដែល។
លោកបេរេកេត ដែលជាសមាជិកមា្នក់ទៀតនៃក្រុមអេរីទ្រានេះដែលមានទំនាក់ទំនងជាប់ជានិច្ចជាមួយលោកវីណេមានប្រសាសន៍ថា យុវជនវ័យក្មេងរូបនេះមានភាពអស់កម្លាំងកាយនិងចិត្ត។
លោកនិយាយថាលោកវីណេត្រូវបានសួរចម្លើយអស់រយៈពេល១១ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ហើយឥឡូវនេះកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងដោយសង្ឃឹមថាចេតនាសុំសិទ្ធិជ្រកកោនរបស់លោកត្រូវបានបញ្ជាក់។
«លោកគ្មានគម្រោងសុំសិទ្ធិជ្រកកោនទេមុនពេលលោកមកដល់ចក្រភពអង់គ្លេសដោយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងនៅពេលអនាគត នៅក្នុងប្រទេសនោះសម្រាប់រូបលោក ប្រជាជនរបស់លោកនិងគ្រួសាររបស់លោក។ ប៉ុន្តែជាអកុសលលោកបានដឹងថាពីមួយថ្ងៃទៅមួយថ្ងៃអ្វីៗទាំងនោះកំពុងតែមានភាពខុសឆ្គងជាពិសេសនៅពេលលោកមកប្រកួតកីឡាអូឡាំពិកហើយបានឆ្លងកាត់ជាក់ស្តែងនូវការប្រព្រឹត្តស្រដៀងគ្នានេះពីសំណាក់សហព័ន្ធអេរីទ្រាសម្រាប់វិស័យកីឡា។ ដូច្នេះនោះជាពេលដែលលោកបានសម្រេចចិត្តស្នើសុំសិទ្ធិជ្រកកោននៅពេលដែលលោកបានប្រកួតកីឡាលោតផ្លោះរបាចម្ងាយ៣ពាន់ម៉ែត្ររួចហើយ»។
ហើយក៏គ្មានអត្តពលករដែលកំពុងគេចខ្លួនណាម្នាក់បានឈ្នះមេដាយនោះទេ។
លោកបេរេកេតមានប្រសាសន៍ថាប្រសិនបើលោកវីណេបានឈ្នះមេដាយរឿងរ៉ាវប្រហែលអាចនឹងខុសពីនេះ។ប៉ុន្តែលោកនិយាយថាអត្តពលករទាំងនោះបានត្អូញត្អែរថាពួកគេត្រូវរងការធ្វើបាបហើយបង្វឹកមិនគ្រប់គ្រាន់ពីសំណាក់គណៈប្រតិភូជាតិរបស់ពួកគេក្នុងអំឡុងពេលនៅទីក្រុងឡុងដ៍។
ការគេចខ្លួនភ្លាមៗនៅឆ្នាំនេះគឺផ្ទុយពីកីឡាអូឡាំពិកកាលពីលើកមុន។
មានតែអត្តពលករម្នាក់ប៉ុណ្ណោះដែលប៉ុនប៉ងគេចខ្លួនពីការប្រកួតកីឡានៅទីក្រុងប៉េកាំង។ម្នាក់នោះគឺអត្តពលករជាតិកាមេរូន លោក ថូម៉ាសអេសសូមបា (Thomas Essomba) ប៉ុន្តែបានប្តូរចិត្តវិញ។លោកបានស្ថិតក្នុងចំណោមអ្នកដែលបានចាកចេញពីក្រុមរបស់ពួកគេ នៅទីក្រុងឡុងដ៍៕