មន្ត្រី​ជំនាញ​ថា​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ព្យុះត្រូពិក​«ដំរី»

រូបឯកសារ៖ ក្រុមជួយ​សង្គ្រោះ បានជួួួ​យជម្លៀសកុមារទៅ​មណ្ឌល​សង្គ្រោះ​មួយ​ក្នុង​ទីក្រុង Malabon city នៅភាគ​ខាងជើង​​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅខែសីហា ឆ្នាំ២០១២។

មន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម​បានឱ្យដឹង​ថា ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា ​នឹង​ទទួលរង​ឥទ្ធិពល​ជា​ភ្លៀង ​និង​ខ្យល់​បោកបក់​បង្ក​មក​ពី​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក​ឈ្មោះ​«ព្យុះ​ដំរី» ​នៅ​ក្នុង​សប្ដាហ៍​នេះ ​តែ​ថា​ព្យុះ​នេះ​នឹងមិន​បង្ក​ជា​បច្ច័យ​អ្វី​អាក្រក់​ដល់​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​និង​ក៏​ដូច​ជា​ដល់​ដំណើរ​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ឡើយ។​

លោក ​ចាន់ ​យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ បាន​ប្រាប់ ​VOA​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះថា «ព្យុះ​ដំរី»​ ដែល​មាន​នាម​ស័ព្ទ​ជា​ភាសា​ខ្មែរ ​បាន​បោក​បក់​ចេញ​ពី​ប្រទេស​ហ្វី​លី​ពីន​ និង​វិវត្ត​ក្លាយ​ជា​ព្យុះ​ត្រូ​ពិក​ឆ្លង​កាត់ ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង ​ក្នុង​ដំណើរ​ឡើង​គោក​ឆ្ពោះ​មក​កាន់​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ​មុន​នឹង​ចូល​មក​ដល់ប្រទេស​កម្ពុជា​ នៅ​អំឡុង​ព្រលប់​ថ្ងៃ​សៅរ៍។​

មន្ត្រី​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​រូប​នេះ​បាន​បញ្ជាក់​ថា ​ដោយ​ព្រម​ពេល​ជាមួយ​គ្នា​ដែល​កម្ពុជា​កំពុង​ទទួល​រង​នូវ​ខ្យល់ជំនោរ​ឦសាន ​ម្ល៉ោះ​ហើយ​បញ្ហា​ខ្យល់​បោក​បក់​ដែល​បង្ក​ពី ​«ព្យុះ​ដំរី» ​នេះ​នឹង​មិន​សូវ​បង្ក​ជា​បញ្ហា​អ្វី​ចោទ​ខ្លាំង​នោះ​ទេ តែ​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ ភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​រាយ​ប៉ាយ ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃទី១០​ ខែវិច្ឆិកានេះ។​

តំបន់​ដែល​នឹង​ទទួល​បាន​ទឹក​ភ្លៀង​ជា​ឥទ្ធិពល​«ព្យុះ​ដំរី»​នេះ​ច្រើន ​រួម​មាន​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វៀត​ណាម ​តំបន់​មាត់​សមុទ្រ ​និង​តំបន់​ទំនាប​កណ្ដាល​ប៉ែក​ខាង​ត្បូង ​ដែល​នៅ​តាម​បណ្ដា​ទី​ប្រជុំ​ជន រួម​មាន​ទាំង​រាជ​ធានី​ភ្នំពេញ​ផង​ អាច​មានបង្កជាជំនន់ទឹកភ្លៀង ហើយការ​ធ្វើដំណើរ​នេសាទ ​និង​ទេសចរណ៍​នៅ​លើ​ផ្ទៃ​សមុទ្រ ​ក៏​ត្រូវ​បាន​លោក ​ចាន់ ​យុត្ថា ​ដាស់​តឿន​ឱ្យ​មាន​ការ​តាម​ដាន​ និង​ប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ​ផង​ដែរ។ ​

រីឯតំបន់​ជនបទ​ស្រុក​ស្រែ​ចម្ការ​វិញ ​ការ​ធ្លាក់​ភ្លៀង​ជាប់ៗ​គ្នា​នា​ពេល​ខាង​មុខ ​នឹង​មិន​បង្កជា​បញ្ហា​នោះ​ទេ ​ដ្បិត​អី​ខណៈ​ពេល​នេះ​ជា​ចុង​រដូវ​វស្សា​ទៅ​ហើយ ​ដែល​ត្រពាំង​បឹងបួរ​អាច​ទទួល​យក​ទឹក​ភ្លៀងបង្ការការ​ជន់​លិច​បាន។ ​នេះ​បើ​តាមលោក ចាន់ ​យុត្ថា។​

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ​ខ្យល់​«ព្យុះដំរី»​នេះ ​នឹង​មិន​បង្ក​ការ​រំខាន​អ្វី​ដល់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ប្រចាំឆ្នាំ​ដែល​កំពុង​ប្រារព្ធ​នៅ​ភ្នំពេញ​ឡើយ​សម្រាប់​ថ្ងៃទីមួយ ​និង​ថ្ងៃទីពីរ​នៃ​ព្រះ​រាជ​ពិធី ​តែ​សម្រាប់​ថ្ងៃ​ទី​បី​វិញ​ អាច​ចាប់​ផ្ដើម​មាន​ភ្លៀងធ្លាក់​នៅ​អំឡុង​ពេល​ក្បាល​ព្រលប់ ដែល​ក្រសួង​ក៏​កំពុង​ពិនិត្យ​តាម​ដាន​ផង​ដែរ។​

បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ ​AccuWeather ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ខ្យល់​«ព្យុះដំរី» បាន​បង្ក​ជា​ការ​រអិល​បាក់​ដី ​និង​ការរំខាន​ដល់​អាកាសចរណ៍ ​និង​សកម្មភាព​នាវាចរណ៍​ក្នុង​ប្រទេស​ហ្វីលីពីន ​នឹង​បាន​បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់។ ​មាន​ការ​រំពឹងទុក​អំពី​ការរអិល​បាក់ដី ​ព្យុះ​បោក​បក់ ​និង​ភ្លៀង​ខ្យល់​ផង​ដែរ​ នៅពេល​«ព្យុះដំរី»​នេះ ធ្វើ​ដំណើរ​មក​ដល់​វៀតណាម​ អំឡុងថ្ងៃ​សុក្រ ​និង​ថ្ងៃ​សៅរ៍៕