គណនី​បណ្តាញ​សង្គម​​ផ្លូវ​ការ​ត្រូវ​បាន​ផ្ទេរ​​ជូន​​ប្រធានាធិបតី​ថ្មី

គណនី​ Twitter ផ្លូវការ​របស់​លោក Biden គឺ @PresElectBiden ​ត្រូវបាន​ផ្លាស់​ប្តូរ​ជា @POTUS ដោយ​ពាំនាំ​​អ្នកតាម​ដាន​ចាស់​មក​ជា​មួយ​ផងដែរ។

នៅ​ពេល​លោក ​Joe Biden បាន​ស្បថ​ចូល​កាន់​តំណែង​ក្នុង​នាម​ជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ លោក​ទទួល​បាន​គណនីយ​ Twitter ដ្ឋាភិបាល​ផ្សេងៗ​រួម​មាន @POTUS @WhiteHouse @FLOTUS និង @VP។

មិន​ដូច​ក្រោយ​ពីពិធីស្បថ​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ២០១៧ នោះទេ។ ពេលនោះ​ ចំនួន​អ្នកតាម​ដាន​គណនី​ @POTUS ក្រោម​អតីត​ប្រធាធិបតី Barack Obama ត្រូវ​បានផ្ទេរ​ជូន​អ្នក​ស្នង​តំណែង​របស់​លោក គឺ​លោក​អតីត​ប្រធានាធិបតី Donald Trump។

លើកនេះ លោកប្រធានាធិបតី Biden មិន​ទទួល​បាន​គណនីយ @POTUS ដែល​មាន​អ្នក​តាមដាន​ចំនួន ៣៣លាន​នាក់​ស្រាប់​ពីលោក Donald Trumpនោះ​ទេ។​

គណនី​ Twitter ផ្លូវការ​របស់​លោក Biden គឺ @PresElectBiden ​ត្រូវបាន​ផ្លាស់​ប្តូរ​ជា @POTUS ដោយ​ពាំនាំអ្នកតាម​ដាន​ចាស់​មក​ជា​មួយ​ផងដែរ។​

សារ Twitter ដំបូងរបស់លោកប្រធាធិបតីJoe Biden បន្ទាប់ពីលោកស្បថចូលកាន់តំណែងនៅថ្ងៃពុធនេះគឺ៖ «មិនមានពេលវេលាខ្ជះខ្ជាយទេ នៅពេលនិយាយអំពីវិបត្តិដែលយើងប្រឈមមុខ។ម្លោះហើយនេះជាមូលហេតុ ដែលខ្ញុំធ្វើដំណើរទៅកាន់សេតវិមានដើម្បីបំពេញការងារ ចាត់វិធានការជាក់លាក់ និងផ្ដល់ជំនួយបន្ទាន់ដល់ពលរដ្ឋអាមេរិកាំង»។

ក្រុមការងារ​ផ្នែក​បណ្តាញ​សង្គម​របស់​លោក ​Biden សម្ដែងក្ដី​បារម្ភ​ពី​ចំណាត់​ការផ្លាស់ប្ដូរ​គណនី​របស់​ក្រុមហ៊ុន Twitter ដោយ​រិះគន់ថា «ពិតជា​មិន​ល្អ​គ្រប់​គ្រាន់​ទាល់តែ​សោះ»។

ក្រុមហ៊ុន Twitter បានឲ្យដឹងថា ការផ្លាស់ប្ដូរនេះនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសថា តើពួកគេចង់តាមដានប្រធានាធិបតីថ្មីឬក៏អត់។

ទន្ទឹមនឹងនេះ គណនី @POTUS របស់លោក Trump នឹងត្រូវបានរក្សាទុកក្នុងបណ្ណសាររបស់ Twitter នៅក្រោមគណនីថ្មីឈ្មោះ @POTUS45។ គណនីផ្ទាល់ខ្លួនរបស់លោក Trump គឺ @realDonaldTrump នឹងត្រូវផ្អាកឬបិទជាអចិន្រ្តៃយ៍ដោយគ្មានការរក្សាទុកក្នុងបណ្ណសារជាផ្លូវការឡើយ ដែលការណ៍នេះធ្វើឲ្យអ្នកស្រាវជ្រាវមួយចំនួនបារម្ភថា នឹងគ្មានកំណត់ត្រាផ្លូវការអំពីសារ Twitter របស់លោក Trump កាលពីពេលលោកកាន់តំណែងជាប្រធានាធិបតី។

ក្រុមហ៊ុន​ Facebook និង ​Instagram រក្សា​ចំនួន​នៃ​អ្នកតាមដាន​របស់​គណនីផ្លូវការ​របស់​សេតវិមាន​សម្រាប់រដ្ឋបាល​ថ្មី។ គណនី​ផ្លូវការ​ទំាងអស់​របស់​អតីត​ប្រធានាធិបតី​លោក Donald Trump នឹង​ត្រូវ​បាន​គេ​រក្សាទុក​ក្នុង​បណ្ណសារ។ ចំណែក​ក្រុមហ៊ុន YouTube នឹងធ្វើ​ការផ្ទេរ​ចំនួន​អ្នក Subscribe ដូច​ Facebook និង ​Instagram ដែរ៕

ប្រែសម្រួលដោយលោក សឿន វឌ្ឍនា