មន្ត្រី​អូស្ត្រាលី​ថា​ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​អាច​អូសបន្លាយ​កាន់​តែ​យូរ

លោក Koji Kubota នៃកង​ឆ្មាំ​សមុទ្រ​ជប៉ុន​ពិនិត្យ​ផ្ទៃ​សមុទ្រ​ពី​លើ​យន្តហោះ​ក្នុង​អំឡុង​ការ​ហោះ​រុករក​បំណែក​យន្តហោះ​បាត់​ដាន MH370 កាល​ពី​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០១៤។

មន្រ្តី​អូស្រ្តាលី​ម្នាក់​បាន​ព្រមាន​ថា ​ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​អាច​អូសបន្លាយ​ពេលវេលា ​នៅ​ពេល​ដែល​ពួក​អ្នក​រុករក​បន្ត​ស្វែង​រក​ដាន​របស់​យន្តហោះ​នោះ​អស់​រយៈ​ពេល​ជាង​៣​សប្តាហ៍​បន្ទាប់​ពី​យន្តហោះ​នោះ​បាន​បាត់។

​លោកAngus Houston អតីត​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ដែល​កំពុង​ដឹកនាំ​ទី​ភ្នាក់ងារ​សម្របសម្រួល​ថ្មី​រួម​គ្នា​មួយ ​បាន​និយាយ​ថា ​យន្តហោះ​ចំនួន​១០​គ្រឿង ​កំពុង​ធ្វើ​ការ​រុករក​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​តំបន់​មួយ​នៅ​មហាសមុទ្រ​ឥណ្ឌា ​ដោយ​ពណ៌នា​ថា ​មាន​ទំហំ​ប៉ុន​ប្រទេស​អៀរឡង់។ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ភារកិច្ច​មាន​ការ​លំបាកពីព្រោះ​តែ​ទីកន្លែង​យន្តហោះ​ដែល​គេ​ដឹង​ចុងក្រោយ​នេះ ​ស្ថិត​នៅ​ឆ្ងាយ​ពីទីកន្លែង​ដែល​យន្តហោះ​ទំនង​ជា​ទៅ។

លោក Angus Houston និយាយ​ថា៖ «យើង​មាន​ជំនាញ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​ដើម្បី​ជួយ​ទី​ភ្នាក់ងារ​សុវត្ថិភាព​នាវាចរណ៍អូស្រ្តាលី​ដើម្បី​សម្រេច​ថា​តើ​តំបន់​រុករកនៅ​ទី​ណា​ ក៏​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ​វា​ជា​ការ​ស្មុគ្រ​ស្មាញ​ណាស់ ​វា​មាន​តម្រូវការ​ខ្លាំង​ហើយ​យើងគ្មាន​ព័ត៌មាន​ដូច​ដែល​យើង​ធ្លាប់​មាន​ទេ។

​លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ការ​រុករក​នោះ​ជា​ការ​ប្រឈម​ដ៏​ខ្លាំង​បំផុត​ដែល​លោក​មិន​ធ្លាប់​បាន​ឃើញ ​ហើយ​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​រុករក​មិន​បាន​រក​ឃើញអ្វី​ដែល​ជាប់​ទាក់​ទិនទៅ​នឹង​យន្តហោះ​ដែល​បាន​បាត់​នៅ​ថ្ងៃ​ទី​៨​ខែ​មីនាដោយ​មាន​មនុស្ស​២៣៩​នាក់​ស្ថិត​នៅ​លើនោះ​ទេ។

​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ Najib Razak ​មាន​ផែន​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ៕