លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ៥៥ ក្នុងចំណោមអាសនៈសរុប ៥៨។ គណបក្សឆន្ទៈខ្មែរដែលជាគណបក្សជំទាស់តំណាងគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតអសកលមួយនេះទទួលបាន ៣ អាសនៈ។ នេះបើតាមលទ្ធផលផ្លូវការដែលចេញដោយស្ថាប័នរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នាថ្ងៃអង្គារនេះ។
អាសនៈរបស់សមាជិកព្រឹទ្ធសភាមានចំនួនសរុប ៦២ ប៉ុន្តែការបោះឆ្នោតគឺជ្រើសរើសតែ ៥៨ អាសនៈប៉ុណ្ណោះ ដោយសារតែអាសនៈសមាជិកព្រឹទ្ធសភាចំនួន ២ ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយចំណែក ២ផ្សេងទៀតដោយរដ្ឋសភា។
គណបក្សចំនួន ៤ ដែលចូលរួមការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែមានតែគណបក្សចំនួនពីរប៉ុណ្ណោះដែលទទួលបានអាសនៈក្នុងព្រឹទ្ធសភា ខណៈពីរគណបក្សផ្សេងទៀតមិនទទួលបានឡើយ។ នេះបើតាមលទ្ធផលផ្លូវការរបស់ គ.ជ.ប។
បើតាមលទ្ធផលផ្លូវការប្រកាសដោយ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតសរុបប្រមាណ ៨.១៥០ សំឡេង។ ចំណែកគណបក្សឆន្ទៈខ្មែរបានប្រមាណ ១.២០០ សំឡេង។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមួយរូបសម្រាប់មណ្ឌលភូមិភាគ ៦ ប្រាប់វីអូអេថា លោកសោកស្តាយចំពោះលទ្ធផលផ្លូវការនេះ ដែលគណបក្សទទួលបានតែ ៣ អាសនៈ។ កាលពីដើមឡើយ គណបក្សរំពឹងទទួលបាន ៩ អាសនៈ ទៅតាមចំនួនក្រុមប្រឹក្សាដែលខ្លួនមានជាង ២.០០០ នាក់។ ទោះជាយ៉ាងណាលោក គង់ មុនីកា អះអាងថា នេះជាការបោះពួយមួយថ្មី ដើម្បីកសាងឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារមានវត្តមានសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះ យើងគិតថាយ៉ាងហោចណាស់ យើងបានកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់ជាតិនៅអង្គនីតិបញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ជាតិហ្នឹង ដែលកន្លងមកគ្រប់គ្រងដោយឯកបក្ស។ ដូច្នេះនៅអាណត្តិខាងមុខនេះ យ៉ាងហោចណាស់ យើងមានតំណាងរបស់យើងពីគណបក្សក្រៅរដ្ឋាភិបាលចូលទៅស្ថាប័នកំពូលនេះចំនួន ៣ នាក់ដែរ ដែលជាការកសាងឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលយើងបាត់បង់កន្លងទៅ»។
អគ្គលេខាធិការរូបនេះបន្ថែមថា តំណាងទាំង ៣ មកពីគណបក្សរបស់លោកនឹងតស៊ូមតិជាមួយរដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។
ក្រៅពីលោក គង់ មុនីកា ដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា លោក សុខ ហាច ប្រធានគណបក្សឆន្ទៈខ្មែរ ក៏ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាដែរសម្រាប់មណ្ឌលភូមិភាគ ២។ ចំណែកលោក សេង ម៉ារឌី បងប្រុសរបស់កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ ក៏ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមួយរូបដែរក្នុងមណ្ឌលភូមិភាគ ៤។ នេះបើតាមលទ្ធផលផ្លូវការរបស់ គ.ជ.ប។
គណបក្សប្រជាជនកម្ពុជាដែលឈ្នះអាសនៈព្រឹទ្ធសភាលើសលប់លើកឡើងថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ប្រព្រឹត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ក្នុងបរិយាកាសនយោបាយប្រកបដោយសេរី មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបានធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ចុះថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សកាន់អំណាចដដែលបន្ថែមថា ការបោះឆ្នោតព្រឹទ្ធសភានេះបង្ហាញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ស្របពេលដែលកម្ពុជាមានសន្តិភាព ឯកភាពជាតិពេញលេញ សុខដុមរមនារបស់ប្រជាជន និងសម្រេចបានសមិទ្ធផលថ្មីៗទៀត។
គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា៖ «លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន»។
ទាក់ទងតំណែងប្រធានព្រឹទ្ធសភាសម្រាប់អាណត្តិទី ៥ នេះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រកាសជាសាធារណៈនៅមុនពេលលោកចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាថា លោកនឹងទៅធ្វើជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាតែងធ្វើឡើងរៀងរាល់ ៦ ឆ្នាំម្តង សម្រាប់មួយអាណត្តិ ដែលអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សានៅទូទាំងប្រទេសសរុបជាង ១១.០០០ នាក់ បូករួមនឹងតំណាងរាស្រ្តទាំង ១២៥ រូប។
ក្នុងអាណត្តិទី ៤ នៃព្រឹទ្ធសភា មិនមានវត្តមានគណបក្សជំទាស់ឡើយ ក្រោយតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ កាលអំឡុងឆ្នាំ ២០១៧៕