ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ អ្នកស្រី Jutta Urpilainen ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបពិភាក្សាជាមួយមេដឹកនាំ និងក្រុមមន្ត្រីកម្ពុជាលើបញ្ហាជាច្រើនទាក់ទងដំណើរការអភិវឌ្ឍនៅក្នុងប្រទេសដែលជិតរួចផុតឋានៈពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។
ទស្សនកិច្ចរបស់អ្នកស្រីស្នងការ Urpilainen គឺជាទស្សនកិច្ចខ្ពស់បំផុតរបស់មន្ត្រីសហភាពអឺរ៉ុបមកកាន់ប្រទេសកម្ពុជា គិតចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានស្បថចូលកាន់តំណែងកាលពីខែសីហាឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
អំឡុងពេលមានវត្តមាននៅប្រទេសកម្ពុជា អ្នកស្រីស្នងការ Urpilainen បានឱ្យដឹងអំពីការបន្តកិច្ចសហការជាមួយប្រទេសកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ទាក់ទិនការកសាងសមត្ថភាពធនធានយុវជន ការអប់រំក្នុងបរិបថឌីជីថល ការផលិតទឹកស្អាតនៅក្រុងភ្នំពេញ និងតាខ្មៅ តាមរយៈរោងចក្រប្រព្រឹត្តកម្មសម្អាតទឹក បាខែងដំណាក់កាលទី ៣។ អ្នកស្រីក៏បានចូលរួមពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ប្រមាណ៨៥លានដុល្លារដើម្បីអនុវត្តកម្មវិធីថ្មីរបស់សហភាពអឺរ៉ុបចំនួន ៤ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ មានដូចជាកសិកម្ម សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ការអប់រំ និងស្រាវជ្រាវ ហើយនិងពាណិជ្ជកម្ម និងវិស័យឯកជន។
កាលពីថ្ងៃពុធ អ្នកស្រីស្នងការ Urpilainen ក៏បានពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញគឺលោកនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីកិច្ចសហការរបស់ប្រទេសកម្ពុជាលើវិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់សហភាពអឺរ៉ុប កម្មវិធីកិច្ចសហការជាច្រើនរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា ក្នុងនោះគឺគំនិតផ្តួចផ្តើមក្រុមអឺរ៉ុប និងគម្រោងពាណិជ្ជកម្មសាកល (Global Gateway flagships and Team Europe Initiatives) ដោយបានមើលឃើញពីការចាកចេញរបស់ប្រទេសកម្ពុជាពីប្រទេសមានការអភិវឌ្ឍតិចតួច ហើយការចាកចេញនោះកំពុងខិតជិតចូលមកដល់។
សេចក្តីប្រកាសព័ត៌មានរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលចេញផ្សាយលើប្រព័ន្ធសង្គមហ្វេសប៊ុកកាលពីថ្ងៃពុធ បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាសាកលជាច្រើនផងដែរ។
សេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «ភាគីទាំងពីរបានពិភាក្សាបន្ថែមលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយនិងបញ្ហាសាកលលោកជាច្រើនដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា កម្ពុជានិងសហភាពអឺរ៉ុបនៅមិនទាន់ស្រុះស្រួលគ្នានៅឡើយ លើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកជឿថា អ្នកស្រីស្នងការ Urpilainen នឹងពិនិត្យមើលស្ថានភាពនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រៅពីកិច្ចការផ្សេងទៀត ក្នុងពេលអ្នកស្រីមានវត្តមាននៅកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងវត្តមានរបស់ឧត្តមស្នងការសហគមន៍អឹរ៉ុបនៅពេលនេះ ទីមួយគឺពង្រឹងកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ហើយនិងពិនិត្យមើលឡើងវិញអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងការជជែកពិភាក្សាគ្នា ហើយនិងការពិនិត្យដោយផ្ទាល់ ហើយនិងធ្វើការវាយតម្លៃនៅពេលក្រោយឡើងវិញ អានេះគឺជារឿងល្អសម្រាប់ទំនាក់ទំនងនិងការទស្សនកិច្ចរបស់ឧត្តមស្នងការសហគមន៍អឺរ៉ុប»។
លោកមានសុទិដ្ឋិនិយមថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ នឹងវាយតម្លៃបានត្រឹមត្រូវអំពីស្ថានការណ៍នៃការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ពាក់ព័ន្ធ នឹងការទទួលបានមកវិញពេញលេញនូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ហៅកាត់ថា EBA ឬក៏រក្សាបានដដែលនូវអ្វីដែលកម្ពុជាកំពុងទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធនេះ។
សហភាពអឺរ៉ុបបានបន្តស្នើសុំឱ្យរដ្ឋាភិបាលប្រទេសកម្ពុជា ស្តាដំណើរការប្រជាធិបតេយ្យឡើងវិញ នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ធំមួយកាលពីឆ្នាំ២០១៧ ពោលគឺបន្ទាប់ពីសំឡេងគាំទ្រគណបក្សនេះបានកើនឡើងខ្លាំងគួរឱ្យតត់សម្គាល់ក្នុងការបោះឆ្នោតឃុំសង្កាត់ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក នេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
កាលពីខែឧសភា ឆ្នាំ ២០២២ សមាជិកសភាអឺរ៉ុបភាគច្រើនលើសលប់បានបោះឆ្នោតសម្រេចលើញត្តិមួយ ដោយបង្ហាញក្តីព្រួយបារម្ភអំពីការបន្តបង្រ្កាបខាងនយោបាយនៅកម្ពុជា ហើយបានជំរុញឱ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈអនុគ្រោះពន្ធ EBA ទាំងស្រុង ប្រសិនបើការដំណើរការបោះឆ្នោតមិនត្រូវបានរៀបចំឡើងដោយត្រឹមត្រូវ និងយុត្តិធម៌។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បដិសេធផ្តល់ការអត្ថាធិប្បាយនៅថ្ងៃពុធនេះ។
បន្ទាប់ពីបានជួបពិភាក្សាមេដឹកនាំកម្ពុជា និងរដ្ឋមន្ត្រីមួយចំនួន រួមមានរដ្ឋមន្ត្រីក្រសួងអប់រំ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ អ្នកស្រីស្នងការ Jutta Urpilainen បានជួបសន្ទនាជាមួយ អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
កិច្ចសន្ទនានោះបានអបអរការចាប់ផ្តើមយុទ្ធនាការនៃគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបចំនួនពីរសម្រាប់កម្ពុជា ដោយមួយផ្នែកផ្តោតលើ «កសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ» ដែលមានទឹកប្រាក់ប៉ាន់ស្មានប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក និងមួយផ្នែកទៀតផ្តោតលើ«រោងចក្របៃតង និងការងារសមរម្យ» ដែលមានទឹកប្រាក់ប៉ាន់ស្មានប្រមាណ ៤៣០ លានដុល្លារអាមេរិក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈប្រតិភូអឺរ៉ុបប្រចាំនៅកម្ពុជា គំនិតផ្ដួចផ្ដើមទាំងអស់នេះ នឹងផ្តល់ក្របខណ្ឌមួយសម្រាប់ក្រុមអឺរ៉ុប ដើម្បីធ្វើឱ្យមានភាពស្របគ្នាទៅនឹងគោលដៅរួមនៅក្នុងវិស័យនយោបាយនានាដែលជាអាទិភាពសម្រាប់ទាំងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសគឺរោងចក្រនិងកសិពាណិជ្ជកម្មបៃតងដែលមានចីរភាព និងការងារសមរម្យ។
គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិក ជុំវិញការពិភាក្សារវាងអ្នកស្រីស្នងការ Urpilainen និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីស្ថានភាពនយោបាយនៅកម្ពុជា។
យ៉ាងណាក៏ដោយ គណៈប្រតិភូអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មានខ្លួនថា អ្នកស្រីស្នងការ Urpilainen បានជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដំបូងគេដើម្បីទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍។ ការទំនាក់ទំនងរបស់អ្នកស្រីជាមួយរដ្ឋាភិបាលកម្ពុជា យុវជន និងសង្គមស៊ីវិល ជាការផ្តល់ឱកាសសម្រាប់ការពិចារណាឱ្យបានដិតដល់លើកិច្ចសហការយូរអង្វែងរវាងសហភាពអឺរ៉ុបនិងកម្ពុជា ហើយដើម្បីប្រកាសគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ជំរុញការវិនិយោគក្នុងភាពជាដៃគូជាមួយសហភាពអឺរ៉ុប៕