អ្នកស្រី Haley ទៅរដ្ឋ Michigan និងមិនបោះបង់ការប្រកួត បើទោះជាចាញ់លោក Trump ក្នុងរដ្ឋSouth Carolina ក្តី

បេក្ខជនប្រធានានាធិបតីនៃគណបក្សសាធារណរដ្ឋអ្នកស្រី Nikki Haley ថ្លែង​នៅក្នុង​យុទ្ធនាការ​មួយ នៅទីក្រុង Troy រដ្ឋ Michigan កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

បេក្ខជន​ប្រធានាធិបតីនៃ​គណបក្ស​សាធារណរដ្ឋ​ អ្នកស្រី​ Nikki Haley ​និយាយ​ថា​ ​វា​មិន​ទាន់​ដល់​ពេលត្រូវ​ចប់​ឡើយ​ បើ​ទោះបី​ជាអតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump បាន​ឈ្នះ​ការបោះឆ្នោត​បឋម​របស់​គណបក្ស​នេះ​ក្នុង​រដ្ឋ South Carolina ​ដែលជា​រដ្ឋ​កំណើត​របស់​អ្នក​ស្រី​ Haley ដោយ​ងាយស្រួល​ ដែល​អ្នក​ស្រី​ធ្លាប់​លើក​ឡើង​ថា​ វា​នឹង​បង្ហាញពី​ការប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញមួយ​ជា​មួយ​អតីត​ប្រធានាធិបតី​រូប​នេះ​ក្តី។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

ដោយ​មិន​ស្តាប់​ការ​អំពាវនាវ​របស់ក្រុមសាធារណរដ្ឋ​ក្នុងរដ្ឋ South Carolina ដើម្បី​ឱ្យ​អ្នក​ស្រី​បញ្ឈប់​ការ​ប្រកួតប្រជែង​ អ្នក​ស្រី Haley ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Michigan ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​នឹង​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ និង​បាន​និយាយ​ជា​មួយ​អ្នក​គាំទ្រជា​ច្រើន​រយនាក់​នៅក្នុង​សាល​ប្រជុំមួយក្នុង​សណ្ឋាគារ​មួយ​កន្លែង។​

ក្នុង​រយៈពេល​តិចជាង ​២៤ ម៉ោង​ ក្រោយ​ពី​ចាញ់​លោក ​Trump ​ក្នុង​ការបោះឆ្នោត​បឋម​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ក្នុង​រដ្ឋ South Carolina មក​ ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​អ្នក​ស្រី Haley និយាយ​ថា​ អ្នក​ស្រី​រៃអង្គាស​ប្រាក់​បាន​ ១ លាន​ដុល្លារ​ ពី​អ្នក​គាំទ្រក្នុង​មូលដ្ឋាន​តែ​ប៉ុណ្ណោះ ដែល​ជា​ការ​កើន​ឡើង​ ដែល​ក្រុម​យុទ្ធនាការ​លើក​ហេតុផល​ពី​ការ​ស្ថិត​ក្នុង​ការប្រកួតប្រជែង​ និង​ការណ៍​ដែល​អ្នក​ស្រី​បាន​អំពាវនាវ​ដល់​ស្រទាប់​សាធារណជន​អាមេរិក​ជា​ច្រើន។​

ប៉ុន្តែ​កាល​ពី​ថ្ងៃ​អាទិត្យ​ អង្គការ Americans for Prosperity ដែល​ជា​អង្គការ​នយោបាយដែល​មាន​ឥទ្ធិពលខ្លាំង​លើ​បណ្តាញ​អភិរក្ស​និយម បាន​បញ្ចប់​ការ​គាំទ្រ​របស់​ខ្លួន​លើ​យុទ្ធនាការ​របស់ស្រី Haley ៕