អ្នកតាមដាននយោបាយកម្ពុជាយល់ថា ការតែងតាំងលោក ប្រាក់ សុខុន ឱ្យមកកាន់តួនាទីចាស់ ជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយសារលោកជាអ្នកការទូតជើងចាស់ដ៏មានឥទ្ធិពលម្នាក់នៅក្នុងគណបក្សកាន់អំណាច ដែលអាចជ្រែងមុខមាត់រដ្ឋាភិបាលអាណត្តិថ្មីនៅលើឆាកអន្តរជាតិបានល្អប្រសើរ។
នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា រដ្ឋសភាជាតិកម្ពុជាបានបោះឆ្នោតតែងតាំងលោក ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា ដោយសំឡេង ១១២ លើ ១១២។ ការផ្លាស់ប្តូរនេះធ្វើឡើងទៅតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
លោក ប្រាក់ សុខុន បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន។ នៅគ្រាដែលលោក ហ៊ុន សែន បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី និងទៅបំពេញតួនាទីជាប្រធានព្រឹទ្ធសភាជាតិ លោក ប្រាក់ សុខុន ក៏ត្រូវបានផ្លាស់ប្តូរឱ្យធ្វើជាអនុប្រធានព្រឹទ្ធសភាផងដែរ។
ការផ្លាស់ប្តូរឱ្យលោក ប្រាក់ សុខុន មកកាន់តួនាទីចាស់នេះដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីលោក សុខ ចិន្តាសោភា បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសនេះបានរយៈពេលជិត ១៥ ខែ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៧ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ការស្នើកែសម្រួលនិងការតែងតាំងបំពេញបន្ថែមសមាភាពរាជរដ្ឋាភិបាលនេះ គឺយោងតាមតម្រូវការចាំបាច់ ដើម្បីជំរុញប្រសិទ្ធភាពការងារបន្ថែមទៀតរបស់រដ្ឋាភិបាលនីតិកាលទី ៧ ពាក់ព័ន្ធនឹងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងវិស័យការបរទេស និងកិច្ចសហការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តាសោភា នៅក្នុងការវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាភាពនៃរាជរដ្ឋាភិបាលដូចបានស្នើសុំខាងលើ គឺនឹងពិតជាបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយការប្រឈមនានាទៅជាកាលានុវត្តភាព ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា កត់សម្គាល់ថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីននៃក្រសួងការបរទេសនេះ គឺដោយសារលោក ប្រាក់ សុខុន ជាអ្នកការទូតជើងចាស់ដែលមានភាពជិតស្និទ្ធជាមួយលោក ហ៊ុន សែន និងជាបុគ្គលដែលមានឥទ្ធិពលក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលអាចបង្កើនប្រសិទ្ធភាពការងារនៃវិស័យការទូតកម្ពុជា។
លោក ស៊ឺន សម អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីដែលមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំកិច្ចការបរទេស និងបានរួមចំណែកយ៉ាងច្រើន នៅក្នុងការដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ប្រកបដោយជោគជ័យ គ្រាដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ ២០២២។
លោកបន្ថែមថា លោក ប្រាក់ សុខុន ក៏ទទួលបានការកោតសរសើរច្រើនចំពោះការដឹកនាំរបស់លោកនៅក្រសួងការបរទេសកាលពីពេលកន្លងទៅផងដែរ។
លោកប្រាប់វីអូអេថា៖ «ចំណុចនៃការផ្លាស់ប្តូរនៅពេលនេះអាចថា រាជរដ្ឋាភិបាលកម្ពុជា គឺលោកកំពុងតែព្យាយាមប្រើមនុស្សដែលមានបទពិសោធន៍ទៅតាមជំនាញ ឬដាក់រដ្ឋមន្ត្រីទៅតាមក្រសួងឱ្យត្រូវតាមតួនាទី និងភារកិច្ច [ដែល]ស៊ីគ្នាទៅនឹងសមត្ថភាពរបស់រដ្ឋមន្ត្រីដែលដឹកនាំក្រសួងនោះ។ ពីព្រោះ ខ្ញុំជឿជាក់ថា បើសិនជាយើងមិនបានដាក់មនុស្សដែលមានបទពិសោធន៍ឱ្យត្រូវកន្លែងទេ ការងារក៏នឹងលំបាកដែរ»។
បើតាមលោក លោក ស៊ឺន សម វិស័យការទូតគឺទាមទារឱ្យមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់គោលនយោបាយការបរទេស ដូចជាពូកែដោះស្រាយបញ្ហា និងការចេញសេចក្តីថ្លែងការណ៍ ឬការប្រកាសគោលជំហរតំណាងប្រទេសលើឆាកអន្តរជាតិជាដើម។ លោកថា កិច្ចការទាំងនេះអាចជួយជ្រោមជ្រែងរដ្ឋាភិបាលនៅក្នុងការដឹកនាំ កម្ពុជាឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើតទំនាក់ទំនងល្អជាមួយប្រទេសដទៃ ស្របពេលដែលនៅសកលលោកកំពុងមានបញ្ហាជាច្រើនដូចជា វិបត្តិនយោបាយនៅមីយ៉ានម៉ា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនជាដើម។
ដោយឡែក អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី កត់សម្គាល់ថា ការផ្លាស់ប្តូរនេះ ដោយសារលោក សុខ ចិន្តាសោភា មិនសូវមានឥទ្ធិពល ឬអំណាចនៅក្នុងការសម្រេចចិត្តលើគោលនយោបាយសំខាន់ៗដូចលោក ប្រាក់ សុខុន។
លោកបន្តថា រដ្ឋាភិបាលដាក់ក្តីរំពឹងលើលោក សុខ ចិន្តាសោភា ដែលធ្លាប់ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងការជំរុញកិច្ចការទូតសេដ្ឋកិច្ច ក៏ប៉ុន្តែកិច្ចការនេះមិនសូវមានប្រសិទ្ធិភាព និងមិនអាចអនុវត្តតាមផែនការ ដោយសារតែអំណាចនៃការសម្រេចចិត្តនៅមានកម្រិត និងរឿងអាស្រូវច្រើនរបស់កម្ពុជា។
បើតាមលោក សេង វណ្ណលី មូលហេតុចម្បងមួយទៀត គឺការធ្វើកំណែទម្រង់ផ្ទៃក្នុងនៃក្រសួងការបរទេសកាលពីដើមអាណត្តិទី ៧ ក៏មានការរាំងស្ទះដោយសារលោក សុខ ចិន្តាសោភា ពិបាកស្វែងរកទីប្រឹក្សាដែលមានឥទ្ធិពលផ្នែកការទូតមកជួយផ្តល់យោបល់ នៅក្នុងការសម្រេចចិត្តលើគោលនយោបាយការបរទេស រីឯមន្ត្រីជំនាញចាស់ៗភាគច្រើនជាក្រុមការងាររបស់លោក ប្រាក់ សុខុន។
លោកប្រាប់វីអូអេថា៖ «ថ្វីត្បិតតែក្រោមឯកឧត្តម សុខ ចិន្តាសោភា នៅពេលដែលគាត់ឡើងតំណែងដំបូង គាត់ប្រកាសធ្វើកំណែទម្រង់ផ្ទៃក្នុង ប៉ុន្តែកំណែទម្រង់ផ្ទៃក្នុងហាក់បីដូចជាបរាជ័យ។ ដោយសារយើងដឹងហើយថា ក្រសួងការបទេសគឺជាជម្រកនៃកូនចៅឥស្សជននយោបាយជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជន អ៊ីចឹងអំណាចនៃការសម្រេចចិត្តមិនសូវជាខ្លាំង តែងតែត្រូវបានរដ្ឋមន្ត្រីផ្សេងៗទៀត ឬក៏ឥស្សជននយោបាយផ្សេងៗទៀតហ្នឹង បញ្ជ្រាបឥទ្ធិពល»។
ចំណែកសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបទេស គឺដោយសារបទពិសោធន៍ និងទំនុកចិត្តពីប្រមុខរដ្ឋាភិបាល។ លោកថា សមត្ថភាពដឹកនាំ និងចាត់ចែងក្រសួងការបរទេស រវាងលោក ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា គឺមិនឃើញមានអ្វីខុសប្លែកគ្នាគួរឱ្យកត់សម្គាល់នោះទេ។
លោកបន្ថែមថា ការសម្រេចឱ្យលោក ប្រាក់ សុខុន មកកាន់ការងារចាស់ ក៏ទំនងជារដ្ឋាភិបាលកម្ពុជាចង់បង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរឡើងជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំរបស់លោក ដូណាល់ ត្រាំ (Donald Trump) ផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់វីអូអេនៅថ្ងៃអង្គារថា រហូតមកដល់ពេលនេះមិនទាន់មានការកំណត់តួនាទីសម្រាប់លោក សុខ ចិន្តាសោភា នៅឡើយទេ ក្រៅតែជាឧបនាយករដ្ឋមន្រ្តី។ ទោះជាយ៉ាងណាក្តី លោកសុំមិនឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារដែលដឹកនាំដោយលោក សុខ ចិន្តាសោភា ដោយលោកគ្រាន់តែប្រាប់ថា រងចាំមើលការអនុវត្តការងាររបស់រដ្ឋមន្រ្តីដែលនឹងឡើងថ្មីជាបន្ត៕