លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានកាន់កាប់អំណាច៣០ឆ្នាំហើយមកដល់ថ្ងៃពុធសប្តាហ៍នេះ។ នៅក្នុងថ្ងៃខួបនៃការកាន់អំណាចដ៏យូរម្នាក់ក្នុងពិភពលោក លោកហ៊ុន សែនរងការរិះគន់ជាច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងធ្វើឲ្យប្រជាធិបតេយ្យមិនដើរទៅមុខ។
ការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ រាប់បញ្ចូលទាំងការដឹកនាំប្រទេសតាមរបៀបជិះជាន់ គាបសង្កត់ ប្រើអំពើហិង្សា រំលោភសិទ្ធិមនុស្ស បង្អាក់ដំណើរការប្រជាធិបតេយ្យ ពុករលួយ បក្ខពួកនិយម បង្កើតវប្បធម៌និទណ្ឌភាព ការបាញ់សម្លាប់កម្មករ ការបង្កឲ្យជនស៊ីវិលស្លាប់ ការរំលោភយកដីធ្លីប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់ក្រុមជំទាស់ជាដើម។
លោកវីល្លៀម ហ្វ័ត (William Ford) មន្ត្រីកម្មវិធីកិច្ចការអាស៊ីអាគ្នេយ៍នៃអង្គការ Freedom House របស់ស.រ.អា.បានថ្លែងថា៖
«ក្នុងអំឡុងពេល៣០ឆ្នាំមកដល់ពេលនេះ ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកមានពេលម្តងហើយម្តងទៀតយ៉ាងប៉ិនប្រសប់ដើម្បីបំបាក់ក្រុមអ្នកនយោបាយប្រឆាំង បំបិទមាត់ក្រុមអង្គការសង្គមស៊ីវិល ហើយមិនអើពើនឹងការទាមទារជាមូលដ្ឋានសឹងតែទាំងអស់របស់ពលរដ្ឋកម្ពុជា រួមទាំងប្រព័ន្ធនយោបាយដែលមានការទទួលខុសត្រូវផង។ ប្រទេសកម្ពុជាត្រូវចាត់ទុកថា ជាប្រទេសគ្មានសេរីភាព នៅក្នុងរបាយការណ៍របស់ Freedom House ស្តីពីសេរីភាពប្រទេសជុំវិញពិភពលោកចាប់តាំងពីឆ្នាំ១៩៩៨ ដែលមានការចាត់បញ្ចូលចំណាត់ថ្នាក់ដំបូងនោះ»។
លោកបានផ្តល់អនុសាសន៍សម្រាប់មេដឹកនាំកម្ពុជានៅថ្ងៃអនាគតក្នុងការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រនៃការរំលោភបំពានសិទ្ធិមនុស្សដោយសារការកាន់អំណាចយូររបស់មេដឹកនាំ។
«ក្រុមអ្នកដឹកនាំកម្ពុជានាពេលអនាគត ដែលចង់ធ្វើឲ្យរីកចម្រើនផ្នែកអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដែលអាចការពារសិទ្ធិមនុស្ស អាចរៀនសូត្របានច្រើនអំពីអ្វីដែលមិនត្រូវធ្វើ ដោយសិក្សាពីមុខតំណែងនាយករដ្ឋមន្ត្រីដែលកាន់អំណាចដ៏យូរក្នុងប្រទេសអាស៊ី។ លោកហ៊ុន សែនបានបន្តរក្សាផ្លាកបែបពហុនិយម ដោយតាំងខ្លួនថា លោកគឺជាអ្នកការពារកម្ពុជាប្រឆាំងនឹងអំពើអាក្រក់នៅក្នុងអតីតកាល។ តែជាការណ៍ពិតវិញ លោកបានកាន់អំណាចតាមរយៈការប្រើកម្លាំងយ៉ាងសាហាវ ឃោរឃៅ និងគ្រប់គ្រងនយោបាយដែលធ្វើឲ្យខាតប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សគឺអង្គការយូមែនរ៉ៃវ៉ចរបស់ស.រ.អា.កាលពីដើមសប្តាហ៍ បាននិយាយចំៗទៅលើការស្លាប់ប្រជាពលរដ្ឋសម័យបញ្ជូនពលរដ្ឋទៅកាប់ព្រៃ «ក៥» ដែលស្លាប់ដោយសារជាន់មីននៅជាយព្រំដែនថៃ ការសម្លាប់ក្រុមកម្មកររោងចក្រដែលគ្មានអាវុធនៅនឹងដៃ ការកាប់សម្លាប់នៅក្នុងអំពើរដ្ឋប្រហារនៅថ្ងៃទី៥ទី៦ ខែកក្កដាឆ្នាំ១៩៩៧លើក្រុមទាហានស្មោះត្រង់នឹងគណបក្សរាជានិយមហ៊ុនស៊ីនប៉ិច ការបោកគ្រាប់បែកទៅលើហ្វូងបាតុករក្រុមជំទាស់នៅថ្ងៃទី៣០មិនាឆ្នាំ១៩៩៧ និងអំពើរំលោភបំពានដីធ្លីដែលធ្វើឲ្យពលរដ្ឋរងទុក្ខវេទនាជាច្រើនគ្រួសារ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាយុ៦២ឆ្នាំ ដែលជាអតីតកម្មាភិបាលខ្មែរក្រហម បានឡើងកាន់អំណាចកាលពីថ្ងៃទី១៤ខែមករា ឆ្នាំ១៩៨៥ក្រោមការគាំទ្ររបស់វៀតណាម។ ទោះជាលោកហ៊ុន សែនរងការរិះគន់ម្តងម្កាលឬប្រឈមមុខនឹងបាតុកម្មបណ្តេញលោកចេញពីមុខតំណែងយូរៗម្តងក្តី តែក្រុមអាជ្ញាធររបស់លោកបានធ្វើការបង្ក្រាបផ្តាច់ផ្តិលជីវិតក្រុមបាតុករអហិង្សា ចោទប្រកាន់ ចាប់ខ្លួនមន្ត្រីគណបក្សជំទាស់ មន្ត្រីសហជីពកម្មករជាដើម។
ក្នុងពេលថ្លែងក្នុងពិធីសម្ពោធការភ្ជាប់មុខតំណចុងក្រោយនៃការសង់ស្ពានអ្នកលឿង ដែលត្រូវបានដាក់ឈ្មោះថា ស្ពានស៊ូបាសា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទទួលស្គាល់ថា ការដឹកនាំប្រទេស៣០ឆ្នាំរបស់លោកពិតជាមានកំហុសខ្លះមែន តែលោកបានធ្វើកិច្ចការជាច្រើនដើម្បីប្រទេសដែរ រាប់ទាំងសមិទ្ធិផល និងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ផងដែរ។
«ពី១៩៨៥ដល់បច្ចុប្បន្នគឺជានាយករដ្ឋមន្ត្រី។ គុណសម្បត្តិ និងគុណវិបត្តិតែងកើតមាន។ ក៏ប៉ុន្តែសុំក្រឡេកមើលថយក្រោយបន្តិច។ នៅពេលហ៊ុន សែនចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី សង្គ្រាមនៅហែកហួរប្រទេសនេះនៅឡើយ។ សុំកុំភាន់ច្រឡំ។ បើគ្មានបាតដៃហ៊ុន សែនទេ ក៏គ្មានអាកិច្ចព្រមព្រៀងក្រុងប៉ារីសចេញមកដែរ និយាយឲ្យច្បាស់។ កិច្ចព្រមព្រៀងក្រុងប៉ារីស វាកើតព្រោះហ៊ុន សែនអ្នកទៅចរចា»។
លោកនិយាយថា នយោបាយសន្តិភាព ដែលលោកអះអាងថា អ៊ុនតាក់ ឬអ.ស.ប.មិនអាចធ្វើបាននោះគឺកម្ពុជាអាចធ្វើបាន ដោយខ្លួនឯង ហើយលោកបានបង្ហាញការបដិសេធចំពោះរបាយការណ៍អង្គការយូម៊ែនរ៉ៃវ៉ចហើយនឹងនិយាយលេងបែបឆាកកប្លែងដឺដងដាក់របាយការណ៍របស់អង្គការសិទ្ធិមនុស្សយូម៊ែនរ៉ៃវ៉ចរបស់លោកប្រេត អាដាំ នាយកអង្គការនេះប្រចាំតំបន់អាស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោក Rupert Abbott នាយកផ្នែកស្រាវជ្រាវនៃអង្គការ Amnesty International សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានរិះគន់ការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ដោយចាត់ទុកថា នៅតែជាក្តីបារម្ភ។ លោកបានបង្ហាញថា នៅឆ្នាំកន្លងទៅ សិទ្ធិសេរីភាពជួបប្រជុំ ដោយអហិង្សាត្រូវរិតបន្តឹងយ៉ាងតឹងរ៉ឹង សកម្មជនដីធ្លី ផ្ទះសម្បែងត្រូវចាប់ដាក់គុកហើយ សមាជិកគណបក្សជំទាស់ត្រូវចាប់កាត់ទោស ដែលរឿងនេះរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់តាមការសន្យា។
លោក Rupert Abbott បានបន្តដែរថា ជាទូទៅ រដ្ឋាភិបាលមានឱកាសក្នុងការកែទម្រង់ តែគេត្រូវការឆន្ទៈនយោបាយ។ អង្គការ Amnesty International គាំទ្រសំណើឲ្យមានកំណែទម្រង់ជាច្រើន ជាពិសេសបញ្ហាសិទ្ធិមនុស្សលើកឡើងដោយលោកសូរិយ៉ាប្រាសាទស៊ូម៊ែឌី ជាអ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោក Rupert Abbott បញ្ជាក់តាមខ្លឹមសារដើមថា៖
«អង្គការលើកលែងទោសអន្តរជាតិ Amnesty International សុំលើកទឹកចិត្តដល់ក្រុមអាជ្ញាធរកម្ពុជា ឲ្យយកចិត្តទុកដាក់ខ្លាំងក្លាចំពោះអនុសាសន៍របស់លោកសូរិយា ស៊ូប៊ែឌី ហើយពន្លឿនដំណើរការកែទម្រង់ ដែលបានសន្យាបន្ទាប់ពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញា និងកតិការសញ្ញាស្តីពីសិទ្ធិមនុស្សជាច្រើនចំពោះច្បាប់អន្តរជាតិ ដែលមានន័យថា កម្ពុជាមានកាតព្វកិច្ចដើម្បីធានាថា សិទ្ធិទាំងនេះត្រូវតែការពារ រាប់ទាំងសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយរហូតដល់សិទ្ធិសេដ្ឋកិច្ច សិទ្ធិផ្នែកសង្គម និងវប្បធម៌។ ប្រទេសកម្ពុជាត្រូវតែការពារសិទ្ធិ មនុស្សឲ្យបានពិតប្រាកដ តាមគោលនយោបាយរបស់ខ្លួន»។
លោកព្រមានថា មេរៀនមួយគឺថា បរាជ័យក្នុងការកាត់ទោសជនល្មើស ដែលរំលោភសិទ្ធិមនុស្ស នាំឲ្យមានការរំលោភសិទ្ធិមនុស្សវិលទៅវិលមកដែលពិបាកនឹងបំបាត់បាន។
«ឆន្ទៈនយោបាយពិតប្រាកដហើយនឹងការកែទម្រង់នានាតម្រូវឲ្យមានការធ្វើឲ្យមានភាពរីកចម្រើនដ៏យូរអង្វែងចំពោះស្ថានភាពសិទ្ធិមនុស្ស។
បញ្ហាសិទ្ធិមនុស្សជាច្រើនក្នុងប្រទេសកម្ពុជាបានចាក់ឫសយ៉ាងជ្រៅ ដូចជាការប្រើប្រាស់តុលាការដើម្បីបំបិទមាត់សកម្មជននានា ការខ្វះឯករាជ្យភាពរបស់តុលាការ និងនិទណ្ឌភាពចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលជាការបញ្ជូនសារមួយថា ក្រុមជនល្មើសមិនត្រូវគេកាត់ទោសទេ»។
លោក Rupert Abbott បានបញ្ជាក់ថា វិបត្តិដីធ្លីជារឿងដែលរដ្ឋាភិបាលគួរដោះស្រាយជូនពលរដ្ឋ ទន្ទឹមគ្នាដែលមានការអះអាងថា នឹងមានកំណើនសេដ្ឋកិច្ចនោះ។
«បើទោះបីជាមានកំណើនសេដ្ឋកិច្ចរយៈពេល៣០ឆ្នាំ ដែលជាទីចាប់អារម្មណ៍ ហើយរដ្ឋាភិបាលសមនឹងទទួលបានការកោតសរសើរមែនក្តី តែមានកត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលធ្វើឲ្យភាពក្រីក្របន្តកើតមាន នោះគឺវិបត្តិដីធ្លី។ ការបណ្តេញចេញពីលំនៅដ្ឋាន ការរឹបអូសដីធ្លី ហើយនឹងការប៉ះពាល់ដោយសារដីសម្បទានសេដ្ឋកិច្ច កំពុងបន្តជាបញ្ហាដែលរដ្ឋាភិបាលខកខានក្នុងការដោះស្រាយ»។
លោកនី ចរិយ៉ា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងថា លោកយល់ស្របទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលបានលើកឡើងច្រើនអំពីការរំលោភសិទ្ធិមនុស្សនានាទាក់ទងទៅនឹងការដឹកនាំ៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកបានបញ្ជាក់ថា ការដឹកនាំយូរ ជាធម្មតា តែងតែមានកំហុសហើយខំបិទបាំង ដែលលោកថា ការបិទបាំងនោះហើយជាការរំលោភសិទ្ធិមនុស្ស។
«អញ្ចឹងហើយដើម្បីលុបលាងកំហុស គេត្រូវតែបង្កើតសកម្មភាពអ្វីមួយដើម្បីទប់ទល់។ អញ្ចឹង អ្វីដែលបង្កើតឡើងដើម្បីទប់ទល់ ឬក៏បិទបាំងនូវកំហុសរបស់ខ្លួននេះហើយដែលនាំឲ្យមានការរំលោភសិទ្ធិមនុស្ស។ អញ្ចឹងការរំលោភសិទ្ធិមនុស្សនឹងឈានទៅរកការអភិវឌ្ឍមួយ ដែលគ្មានចីរភាពឬក៏មិនមានសមភាពនៅក្នុងសង្គម»។
លោកបន្ថែមថា មន្ត្រីរាជការមិនមានការបែងចែកឲ្យបានស្មើគ្នាចំពោះអ្វីដែលបានពីការដោះដូរជាមួយនឹងធនធានធម្មជាតិ ដែលត្រូវបាត់បង់តែបានផលទៅលើតែក្រុមដែលមានអំណាច ដើម្បីធ្វើជាមហាសេដ្ឋីប៉ុណ្ណោះ។
លោកបានមើលឃើញពីការរំលោភដីធ្លីនៃក្រុមបក្ខពួកអ្នកកាន់អំណាច ហើយការទាមទាររបស់ពលរដ្ឋមិនត្រូវបានដោះស្រាយ ដោយសារតែបក្ខពួកនោះ។ ហើយមួយទៀតគឺគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំទៅ ហើយការរំលោភសិទ្ធិមនុស្សកាន់តែចេញមុខច្បាស់ឡើង ដូចជាឧទាហរណ៍ជាក់ស្តែងគឺការឈរបាញ់កម្មករ ដែលគ្មានអាវុធនៅនឹងដៃនៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ ដោយពួកគេគ្រាន់តែធ្វើបាតុកម្ម ដោយសន្តិវិធី ដើម្បីទាមទារប្រាក់ខែឲ្យគ្រប់គ្រាន់។
លោកនី ចរិយាបានសង្កេតឃើញថា អ្នកដឹកនាំតាមបែបផ្តាច់ការមិនដែលមានការប្តូររបៀបដឹកនាំទេ។ វាលើកលែងតែមានការផ្លាស់ប្តូរអ្នកដឹកនាំ។
«អញ្ចឹងខ្ញុំយល់ថា ប្រហែលជាមិនមានលទ្ធភាពទេក្នុងការធ្វើឲ្យចរិករបស់របៀបដឹកនាំរបស់បុគ្គលម្នាក់ៗ ដែលគេបានដឹកនាំយូរអង្វែងនោះ ផ្លាស់ប្តូរពីរបៀបដឹកនាំផ្តាច់ការ ផ្លាស់ប្តូរពីរបៀបដឹកនាំដោយបក្ខពួកនិយម ផ្លាស់ប្តូរពីរបៀបដឹកនាំដោយអំពើពុករលួយ ផ្លាស់ប្តូរពីរបៀបដឹកនាំដោយអំពើហិង្សា ទៅជាការដឹកនាំមួយដែលមានលក្ខណៈគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមបានទេ»។
លោកបានបញ្ជាក់បន្ថែមថា៖
«អ្នកដឹកនាំបន្តទៅទៀត គឺអ្នកដឹកនាំជំនាន់ក្រោយ គួរតែមើលឲ្យបានច្រើន មើលឲ្យបានវែងឆ្ងាយ ហើយយកការដឹកនាំពោរពេញទៅដោយកំហុសហ្នឹង យកទៅធ្វើការសិក្សារៀនសូត្រ ដើម្បីកែទម្លាប់នេះចេញ ដកនូវកំហុសឆ្គងទាំងអស់ចេញ ហើយទៅរករបៀបដឹកនាំមួយដែលមានលក្ខណៈប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងមានយុត្តិធម៌នៅក្នុងសង្គម វិញ ហើយគួរតែសម្លឹងមើលទៅអ្នកដឹកនាំជាគំរូៗនៅក្នុងប្រទេសដទៃៗទៀត ដែលគេអាចដឹកនាំប្រទេសរបស់គេពីការដែលមានវិបត្តិរហូតទៅដល់មានការរីកចម្រើនអីហ្នឹងគឺថា ទៅមើលការដឹកនាំរបៀបអស់អញ្ចឹងៗ»។
លោកជេម ថៃន័រ (JAMES TYNER) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kent State រដ្ឋ Ohio និងជាអ្នកស្រាវជ្រាវតំបន់អាស៊ី បានមើលឃើញស្រដៀងគ្នាដែរអំពីបញ្ហាកម្ពុជាទាក់ទងនឹងប្រជាធិបតេយ្យនៅកម្ពុជា៖
«ប្រជាធិបតេយ្យមានភាពផុយស្រួយ។ អភិបាលកិច្ចល្អទាមទារឲ្យមានការយល់ដឹងពីតម្រូវការនានារបស់ពលរដ្ឋ ហើយនឹងការបើកចំហឲ្យមានការចូលរួមក្នុងឆាកនយោបាយ។ វាពិតជារឿងដែលមេដឹកនាំនានាអាចធ្វើបានដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពចំពោះការផ្លាស់ប្តូរជាវិជ្ជមាន មិនថា ឡើយមេដឹកនាំនោះកាន់មុខតំណែងរយៈពេលប៉ុណ្ណាទេ។ សំណួរដ៏សំខាន់នោះគឺថា តើរឿងនេះអាចកើតឡើងឬទេ?»
លោកបានថ្លែងបន្ថែមថា៖
«វាត្រូវតែមានការទទួលស្គាល់បញ្ហាទាំងអស់ដែលកំពុងប្រឈមមុខចំពោះកម្ពុជា។ បញ្ហាទាំងនោះរាប់ចាប់ពីរឿងសន្តិសុខទឹក និងសន្តិសុខស្បៀង វាជារឿងសំខាន់ក្នុងការពិនិត្យមើលអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៃពលរដ្ឋកម្ពុជា ក្នុងចំណោមរឿងរ៉ាវដ៏ធំនៃអភិបាលកិច្ចអន្តរកាល។ និយាយមួយបែបទៀត នាយករដ្ឋមន្ត្រីមិនមែនឈរតែម្នាក់ឯងទេ តែលោកគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ស្មុគស្មាញបន្ថែមទៀត នៃក្រុមឥស្សរជនអន្តរជាតិដែលអាចមាន ឬមិនមានផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជានៅក្នុងចិត្ត»។
លោកភីធ័រ ម៉ាខ្វៃយអ័រ (Peter Maguire) សាស្ត្រាច្បាប់សាកលវិទ្យាល័យអាមេរិកាំង និងជាអ្នកតាមដានសភាពការនយោបាយកម្ពុជា បានថ្លែងអះអាងថា លោកពិតជាពិបាកជឿថា លោកហ៊ុន សែននឹងធ្វើការកែទម្រង់បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយសារកម្ពុជាមិនពឹងលើបស្ចឹមប្រទេសទៀតទេ ហើយលោកហ៊ុន សែនបានពង្រឹងអំណាច និងអាចគ្រប់គ្រងម្ចាស់ជំនួយបានយ៉ាងងាយស្រួលទៅហើយនោះ។
«ខ្ញុំមិនគិតថា លោកហ៊ុន សែនពិតជាចង់ធ្វើការផ្លាស់ប្តូរច្រើនទេ។ ខ្ញុំមិនគិតថា គាត់ចាំបាច់ត្រូវធ្វើទេ។ គាត់មិនពឹងពាក់ច្រើនទៀតលើបស្ចឹមប្រទេស ដូចមុនទេ។ ពេលនេះគាត់មានចិនជាអ្នកឧបត្ថម្ភ ដែលអនុញ្ញាតឲ្យគាត់ធ្វើអ្វីៗដែលគាត់ចង់ធ្វើ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស នៅពេល ដែលចិនទទួលបានផលចំណេញចំពោះវិនិយោគទុនរបស់គេ ចិនមិនខ្វល់អ្វីឡើយ»។
លោកបានសង្កត់ធ្ងន់ការផ្លាស់ប្តូរដែលលោកចង់ឃើញមិនមែនផ្ទេរអំណាចទេ៖
«មិនមែនជាការផ្លាស់ប្តូរពីលោក ហ៊ុន សែនទៅលោកហ៊ុន ម៉ាណែតកូនរបស់លោកហ៊ុន សែនទេ។ ដូច្នេះខ្ញុំគិតថា ការផ្លាស់ប្តូរមេដឹកនាំ វានឹងពិបាកក្នុងការសម្រេចបានដោយគ្មានការផ្លាស់ប្តូរបែបនយោបាយពិតៗ ដែលមិនមែនគ្រួសារនិយមនោះ។ ដូច្នេះខ្ញុំមិនឃើញថា រឿងនេះអាចកើតមានឆាប់ៗទេ។ កាលពីឆ្នាំទៅ ខ្ញុំបានទៅកាន់ប្រទេសកម្ពុជា។ វាហាក់ដូចជាមានអស្ថិរភាពខ្លះកើតឡើង។ ខ្ញុំគិតមួយស្របក់ថា ការផ្លាស់ប្តូរទំនងជាកើតឡើងឆាប់ៗ តែរឿងនោះបានរលាយបាត់ទៅវិញ។ ខ្ញុំមានន័យថា មានប្រជាជនកម្ពុជាជាច្រើនដែលមិនសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងរបស់លោកហ៊ុន សែន ហើយថា តើគេអាចឈ្នះការបោះឆ្នោតទេ ហើយថា តើលោកហ៊ុន សែនគោរពលទ្ធផលនៃការបោះឆ្នោតទេ? នោះជាសំណួរពិតប្រាកដ។ លោកហ៊ុន សែនពិតជាមិនបានគោរពលទ្ធផលនៃការបោះឆ្នោតសម័យអ៊ុនតាក់ទេ»។
លោកនិយាយយោងទៅដល់ការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ដែលអ៊ុនតាក់បានរៀបចំដំបូង ឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ពេលនោះចាញ់ការបោះឆ្នោត ពេលប្រកួតប្រជែងជាមួយគណបក្សហ៊្វុនស៊ីនប៉ិចដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ តែគណបក្សប្រជាជនកម្ពុជានៅបន្តទាមទារចែកអំណាច ដោយការដែលគេបានដឹងថា គំរាមប្រើកងទ័ពធ្វើរដ្ឋប្រហារ។ កិច្ចព្រមព្រៀងចែកអំណាចគឺមាននាយករដ្ឋមន្ត្រីពីររូបគឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជាសហនាយករដ្ឋមន្ត្រីទី១ និងលោកហ៊ុន សែនជាសហនាយករដ្ឋមន្ត្រីទី២។
លោក Peter Maguire បានបន្តថា បន្ទាប់ពីពេលនោះមក រាល់ការបោះឆ្នោតគឺក្រុមប្រឆាំងរងការយារយី និងគំរាមកំហែង និងបំភិតបំភ័យជាដើម។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្លាក់សំឡេងឆ្នោតពី៩០អាសនៈមកត្រឹម៦៨អាសនៈកាលពីការបោះឆ្នោតជាសកលឆ្នាំ២០១៣ ហើយគណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោក កឹម សុខា ដែលបានរួបរួមគ្នាជាគណបក្សសង្គ្រោះជាតិ ឈ្នះបាន៥៥អាសនៈ ដែលគេចាត់ទុកថា ជាកម្លាំងខ្លាំងមួយដែលគំរាមអំណាចរបស់លោកហ៊ុន សែននៅក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ។ ក្រុមជំទាស់និយាយថា ប្រសិនបើប្រព័ន្ធបោះឆ្នោតមានការកែទម្រង់តាមបែបប្រជាធិបតេយ្យនោះ នោះគេឈ្នះការបោះឆ្នោត ហើយអាចផ្លាស់ប្តូរមេដឹកនាំប្រទេសបាននៅពេលនោះ៕