ខណៈដែលមន្ត្រីរដ្ឋាភិបាលមិនបង្ហាញគម្រោងរបស់ខ្លួនអំពីការគ្រប់គ្រងការលក់សំបុត្រដល់ភ្ញៀវទេសចរអន្តរជាតិឲ្យចូលទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាបនោះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងក្រុមអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ និងពង្រឹងអភិបាលកិច្ច បានផ្តល់មតិផ្សេងៗគ្នា បន្ទាប់ពីមានការផ្ទេរការលក់សំបុត្រនេះពីក្រុមហ៊ុនឯកជនមកឲ្យរដ្ឋាភិបាលគ្រប់គ្រងវិញនោះ។
ពួកគេសំដែងក្តីបារម្ភចំពោះលទ្ធភាពនៃការកើតឡើងនៃអំពើពុករលួយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកយកការលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទអង្គរពីក្រុមហ៊ុនសុខាអូតែលរបស់លោកឧកញ៉ា សុខ គង់ មកគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនវិញ។
ពួកគេថ្លែងថា រដ្ឋាភិបាលគួរគិតគូរឲ្យបានល្អិតល្អន់ទៅលើប្រព័ន្ធនៃការគ្រប់គ្រងប្រាក់ចំណូល និងការប្រកាសឲ្យដេញថ្លៃទៅដល់ក្រុមហ៊ុនឯកជនផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការលើលក់សំបុត្រនេះ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមឯករាជ្យ ដែលមានបទពិសោធន៍គ្រប់គ្រងអាជីវកម្មរបស់រដ្ឋនាពេលកន្លងមក តែងតែបានបង្ហាញឲ្យឃើញពីភាពមិនប្រក្រតីកើតឡើងទាក់ទិនការគ្រប់គ្រងប្រាក់ចំណូលរកបានដោយស្ថាប័នរដ្ឋ។
លោកបញ្ជាក់ថា៖«យើងពីដើមមក យើងតែងតែមានសង្កេតឃើញថា អ្វីៗក៏ដោយ ដែលធ្វើគ្រប់គ្រងដោយរដ្ឋ ដោយរួមហ្នឹងវាច្រើនតែមិនរីក។ អញ្ចឹងបើសិនជារដ្ឋាភិបាលមានប្រព័ន្ធគ្រប់គ្រងមួយដែលច្បាស់លាស់ ខ្ញុំគិតថា រដ្ឋាភិបាលនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលថវិកា ហើយធ្វើការបែងចែកថវិកាហ្នឹង ដោយទុកអាទិភាពហ្នឹងសម្រាប់ការជួយដល់ប្អូនយើងដែលរស់នៅជុំវិញ នៅក្នុងតំបន់អង្គរហ្នឹងផងដែរ។ ក៏ប៉ុន្តែ បើសិនជាដូចដែលយើងធ្លាប់បានឃើញនៅក្នុងវិស័យដទៃទៀត ដែលរដ្ឋគ្រប់គ្រង ដូចជាព្រៃឈើដូចអីផ្សេងៗ អាហ្នឹង យើងរំពឹងតិចណាស់ ដែលថាការគ្រប់គ្រងដោយរដ្ឋ វាមានភាពប្រសើរជាងក្រុមហ៊ុន»។
ទេសចរអន្តរជាតិចំណាយ២០ដុល្លារអាមេរិកក្នុងម្នាក់ ដើម្បីចូលមើលប្រាង្គប្រាសាទបុរាណក្នុងក្រុងសៀមរាបក្នុងរយៈពេលមួយថ្ងៃ។ អ្នកទេសចរណ៍មានកម្រិតជីវភាពមធ្យមក៏ត្រូវចំណាយមិនតិចជាង៣០ដុល្លារ លើការហូបចុក និងស្នាក់នៅរបស់គេដោយមិនទាន់រាប់បញ្ចូល ការចំណាយរបស់អ្នកទេសចរណ៍ដែលមានលុយកាក់ច្រើន។ នេះបើយោងទៅតាមការបញ្ជាក់របស់អ្នកសិក្សាការអភិវឌ្ឍសង្គមឯករាជ្យរូបនេះ។
ឧទ្យានប្រាង្គប្រាសាទបុរាណអង្គរមានលក្ខណៈស្មុគស្មាញ ហើយត្រូវរាជរដ្ឋាភិបាលកម្ពុជាជួលទៅឲ្យក្រុមហ៊ុនសុខាអូតែលរបស់លោក ឧកញ៉ា សុខ គង់ សម្រាប់ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរអស់រយៈពេល១៧ឆ្នាំមកហើយ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់កិច្ចសន្យាដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុននេះលក់សំបុត្រដល់អ្នកទេសចរណ៍អន្តរជាតិ សម្រាប់ការចូលទស្សនាប្រាង្គប្រាសាទអង្គរ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំមុននេះ។
អ្នកស្រី ធីតា ឃឹៈ នាយិកាអង្គការសីលកា ដែលធ្វើការពង្រឹងអភិបាលកិច្ចសាធារណៈ ថ្លែងប្រាប់ VOA ដោយសម្តែងក្តីបារម្ភអំពីការកើតមាននៃសកម្មភាពពុករលួយនៅក្នុងការលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទអង្គរនេះ។ ហើយអ្នកស្រីបានស្នើរាជរដ្ឋាភិបាលកម្ពុជាឲ្យប្រកាសការដាក់ដេញថ្លៃរកក្រុមហ៊ុនជាដៃគូមកចាត់ចែងការងារនេះប្រកបដោយតម្លាភាព។
អ្នកស្រីមានប្រសាសន៍ថា៖«ទីមួយគឺថា ត្រូវធ្វើឲ្យមានការដេញថ្លៃ ប៉ុន្តែមុនដែលធ្វើការដេញថ្លៃហ្នឹង ពេលដែលយើងរៀបចំជា លក្ខណៈសម្បត្តិមានគេហៅថា term of reference សំបុត្រ ដើម្បីដេញថ្លៃហ្នឹង ត្រូវតែឲ្យមានសង្គមចូលជួយដើម្បីផ្តល់ជាយោបល់ និងតាមដានឲ្យមានតម្លាភាពផង។ អញ្ចឹងទៅពេលប្រកាសគួរតែប្រកាសឲ្យមានតម្លាភាព ពេលត្រឹមត្រូវ ឲ្យក្រុមហ៊ុនល្អចូលដេញថ្លៃជាមួយ ហើយនៅក្នុងសេចក្តី term of reference ដែលគាត់បើកឡើងសម្រាប់ឲ្យគេការដេញថ្លៃហ្នឹង អាចចូលថា ជាកាតព្វកិច្ចមួយរបស់ក្រុមហ៊ុនហ្នឹង ដែលក្រុមហ៊ុននោះត្រូវតែមានផែនការ សកម្មភាព វិធានការយ៉ាងណា សម្រាប់ជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹង»។
ចំណូលបានមកពីការលក់សំបុត្រដល់អ្នកទេសចរណ៍អន្តរជាតិកាលពីឆ្នាំ២០១៤ មានចំនួន៥៩លានដុល្លារ។ នៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០១៥ ចំណូលបានមកពីការលក់សំបុត្រនេះ មានចំនួន៥៣លានដុល្លារ ដោយមានចំនួនភ្ញៀវ១,៨លាននាក់។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ថ្លែងថា លោកមិនទាន់អាចសន្មតថា នឹងមានការប្រព្រឹត្តអំពើពុករលួយ បើសិនជាស្ថាប័នរដ្ឋត្រូវទទួលបន្ទុកមើលការលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទនេះ។ ប៉ុន្តែលោកថា រដ្ឋាភិបាលគួរផ្តើមការគិតពីការគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ប្រតិបតិ្តការកិច្ចការងារនេះ។
លោកនិយាយថា៖«ប្រព័ន្ធកុំព្យូទ័រនេះ គឺត្រូវមានការត្រួតពិនិត្យ ហើយនិងសវនកម្មដោយភ្នាក់ងារ ឬក៏អ្នកជំនាញដែលជាផ្នែកនៃស្ថាប័នឯករាជ្យមួយរបស់រដ្ឋ ឬក៏អាចជាស្ថាប័នដែលរដ្ឋជួលឲ្យធ្វើការត្រួតពិនិត្យ។ ហើយយើងត្រូវមានការចេញរបាយការណ៍ចំណូលចំណាយជាទៀងទាត់ បើសិនជាយើងអាចធ្វើបានរៀងរាល់ត្រីមាស ឬក៏ប្រចាំខែរឹតតែល្អ។ ហើយឯកសារទាំងអស់ហ្នឹងគឺរក្សាទុក ដើម្បីធ្វើសវនកម្មដោយអាជ្ញាធរសវនកម្ម ឬក៏ក្រុមហ៊ុនសវនកម្មឯករាជ្យ មានភាគីដែលពាក់ព័ន្ធហ្នឹងត្រួតពិនិត្យធ្វើអធិការកិច្ច ហើយធ្វើសេចក្តីថ្លែងការណ៍ពីចំណូលចំណាយឲ្យបានទៀងទាត់»។
លោកបន្ថែមថា សកម្មភាពទាំងអស់នេះនឹងអាចជួយទប់ស្កាត់ការកើតមានឡើងនៃការប្រព្រឹត្តអំពើពុករលួយ។
លោក មី វ៉ាន់ ប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច ថ្លែងថា លោកពុំមានភារកិច្ចក្នុងកិច្ចការផ្ទេរនៃការលក់សបុត្រនេះទេ។
យ៉ាងណាក៏ដោយ លោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA ថា អាជ្ញាធរជាតិអប្សរាបានច្រានចោលនូវក្តីបារម្ភទាក់ទិនលទ្ធភាព ដែលអាចធ្វើឲ្យមានការបែកធ្លាយនៃចំណូលបានមកពីការលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទអង្គរនេះ។
«ខ្ញុំអាចបញ្ជាក់បានអញ្ចេះ គឺថា កន្លងមក អាហ្នឹងមានការប្រមូលប្រាក់ចំណូលអីនោះណ៎ា ដោយក្រុមហ៊ុនឯកជនអីអញ្ចឹងណា៎។ ក៏ប៉ុន្តែឥឡូវដែលរដ្ឋដែលគាត់យកមកគ្រប់គ្រង ក៏ប៉ុន្តែឥឡូវដែលរដ្ឋដែលគាត់យកអាហ្នឹងមកបំពេញការងារខ្ញុំជឿជាក់ថា រដ្ឋនឹងបំពេញការងារដោយពេញលេញ ដើម្បីធ្វើយ៉ាងណាប្រមូលប្រាក់ចំណូលនេះឲ្យកាន់តែបានច្រើនណ៎ា។ ហើយខ្ញុំជឿជាក់ថា ប្រាក់ចំណូលនឹងអាចប្រមូលបានរឹតតែច្រើន តែចំណូលទាំងអស់ហ្នឹង គឺកាន់តែ គឺចូលហ្នឹង នឹងចូលមកដល់ក្នុងថវិការដ្ឋទាំងអស់»។
កាលពីឆ្នាំ២០១៤ អង្គការតម្លាភាពអន្តរជាតិបានចាត់ទុកថា កម្ពុជាជាប្រទេសមានអំពើពុករលួយខ្លាំងបំផុតមួយក្នុងពិភពលោកជាមួយដោយចាត់ចំណាត់ថ្នាក់លេខ១៥៤ក្នុងចំណោមប្រទេស១៧៤ក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ៕