ការរាំងស្ទះក្នុងនីតិវិធី ដែលមិនចាប់ឃុំខ្លួនជនសង្ស័យជាអតីតកម្មាភិបាលខ្មែរក្រហមក្នុងសំណុំរឿងបន្ថែម បានធ្វើឲ្យមានការរិះគន់ច្រើនឡើងចំពោះ អ.ស.ប.និងប្រទេសកម្ពុជា។ ក្រុមអ្នកតាមដានសាលាក្តីបាននិយាយថា ការមិនចាប់ខ្លួននេះជាការបង្ហាញពីការមិនយកចិត្តទុកដាក់រឿងយុត្តិធម៌។
ក្រុមអ្នកឃ្លាំមើលសាលាក្តីអន្តរជាតិខ្លះនៅតែចង់ឃើញថា អតីតកម្មាភិបាលខ្មែរក្រហមយ៉ាងតិច៣នាក់ផ្សេងទៀត ដែលជាប់សង្ស័យថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលំដាប់អន្តរជាតិមួយចំនួនក្នុងសំណុំរឿង០០៣ និង០០៤ ត្រូវចាប់ខ្លួនក្នុងការបន្តនីតិវិធី ដើម្បីផលប្រយោជន៍យុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
ជនសង្ស័យ៣នាក់យ៉ាងតិច ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឬត្រូវចោទប្រកាន់ជាបន្តបន្ទាប់ កាលពីខែមិនានោះគឺមានលោកស្រី អ៊ឹម ចែម លោក អោ អាន និងលោក មាស មុត ជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល ដែលតុលាការសង្ស័យថា មានការពាក់ព័ន្ធឧក្រិដ្ឋកម្មជាច្រើនទាក់ទងនឹងការសម្លាប់ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
តែពួកគេមិនត្រូវបាននាំខ្លួនមកកាន់តុលាការដើម្បីបំពេញតាមនីតិវិធីដូចសំណុំរឿង០០១ និង០០២ទេ ដែលរឿងនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងឯករាជ្យភាពរបស់តុលាការ ទាក់ទងនឹងការជ្រៀតជ្រែកផ្នែកនយោបាយ និងការមិនសហការរវាងភាគី អ.ស.ប. និងភាគីកម្ពុជាក្នុងតុលាការកូនកាត់នេះ។
លោកសាស្ត្រាចារ្យ ជេម ថៃន័រ (James Tyner) នៃសាកលវិទ្យាល័យ Kent State រដ្ឋអូហៃយូ បានថ្លែងថា ការស្វែងរកយុត្តិធម៌មិនត្រូវឲ្យខកខានទេ។
«នេះគឺជាជំហ៊ានដើរថយក្រោយយ៉ាងធំក្នុងរឿងនេះ។ វាជាការផ្តល់សញ្ញាទៅកាន់ពលរដ្ឋខ្មែរថា«ការណ៍ពិត និងយុត្តិធម៌»ជារឿងមិនសំខាន់។ សម្រាប់ អ.ស.ប. នោះគឺថា នេះជាដំណាក់កាលសំខាន់។ ជាឧទាហរណ៍ តើឲ្យពលរដ្ឋ ប្រុស ស្រីទាំងឡាយដែលកំពុងប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិតពួកគេពាសពេញតំបន់មជ្ឈិមបូព៌ា មានជំនឿលើអ.ស.ប.បច្ចុប្បន្នដូចម្តេច នៅពេល អ.ស.ប. ខកខានក្នុងការលើកស្ទួយយុត្តិធម៌ក្នុងអតីតកាល?»
ចំពោះការដែលជនសង្ស័យ៣នាក់ ដែលនៅរស់រានមានជីវិតក្នុងចំណោមជនសង្ស័យ៤នាក់ មិនត្រូវគេចាប់ខ្លួនដើម្បីជំនុំជម្រះទោស ក្រោយពេលមានការចោទប្រកាន់នោះ លោកបានបញ្ជាក់បន្ថែមថា៖
«ទោះជាយ៉ាងណាក៏ដោយ បើតាមទស្សនៈជាគម្រូពិតនោះ រឿងនេះផ្តល់ការមើលឃើញគួរឲ្យសោកស្តាយថា ការចោទប្រកាន់អំពីអំពើអយុត្តិធម៌មិនត្រូវគេស៊ើបអង្កេតបន្ត ហើយវាបង្ហាញថា គេមានចេតនាតិចតួចដើម្បីនាំខ្លួនអ្នកទទួលខុសត្រូវមកកាត់ទោសពីទង្វើរបស់ពួកគេ»។
លោក ភីធ័រ ម៉ាក់ហ្គ្វយអឺ (Peter Maguire) អ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហម «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» ឬ Facing Death in Cambodia ហើយជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យមួយក្នុងប្រទេសអាមេរិក អះអាងថា នៅពេលភាគីកម្ពុជា និងរដ្ឋាភិបាលមិនសហការនោះ អ.ស.ប. មិនអាចនៅបន្តដំណើរការកាត់ទោសបានទេ។
«រដ្ឋាភិបាលកម្ពុជាត្រូវប្រគល់ជនសង្ស័យ បើមិនដូច្នេះទេ អ.ស.ប. ត្រូវតែចាកចេញពីកម្ពុជា និងចាកចេញពីតុលាការ បន្ទាប់ពីបញ្ចប់សំណុំរឿង០០២។ សម្រាប់ខ្ញុំ រឿងទាំងពីរនេះជាជម្រើសតែពីរគត់។ អ.ស.ប. មិនត្រូវបន្តល្បែងនេះទៀតទេ មើលទៅដូចជាធ្វើឲ្យ អ.ស.ប. ខូចឈ្មោះ»។
លោកថ្លែងថា អ.ស.ប. នឹងបាត់បង់មុខមាត់របស់ខ្លួន បើ អ.ស.ប. បន្តរាំបទដដែលៗ ដែលខកខានមិនបានបំពេញតួនាទី ដូចសម័យអ៊ុនតាក់កាលពីឆ្នាំ១៩៩៣ក្នុងប្រទេសកម្ពុជាម្តងហើយនោះ។
ក្រោយពីមានការរិះគន់អំពីដំណើរការចុងក្រោយនេះ ទាំងរដ្ឋាភិបាលកម្ពុជា និងអ.ស.ប. បានអះអាងថា ភាគីទាំងពីរនៅតែបន្តសហការគ្នាក្នុងដំណើរការរបស់តុលាការ តែបានបញ្ជាក់ថា ភាគីទាំងពីរមិនអាចលូកដៃចូលក្នុងកិច្ចការតុលាការ ឬបញ្ជាតុលាការបានទេ។
ហើយមន្ត្រីតុលាការបានចាត់ទុកថា ដំណើរការនីតិវិធីកំពុងបន្ត ទោះបីជារឿងនេះមានការខ្វែងគំនិតគ្នារវាងចៅក្រមកម្ពុជា និង អ.ស.ប. ក៏ដោយ។ មន្ត្រីតុលាការបញ្ជាក់ថា អ្នកដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ឬចោទប្រកាន់មិនមែនសុទ្ធតែជាអ្នកដែលត្រូវចាប់ឃុំខ្លួនទាំងអស់ទេ តាមច្បាប់កម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះលោក ស៊ុំ ឫទ្ធី ដែលជាអ្នករស់រានមានជីវិតពីគុកខ្មែរក្រហម និងជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ បានសម្តែងការមិនសប្បាយចិត្ត ហើយចាត់ទុកថា ដំណើរការរបស់តុលាការខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. ក្នុងសំណុំរឿង០០៣ និង០០៤នេះ ជាការឈឺចាប់លើកទី២។
«ហើយបើតុលាការមិនចាត់ការ០០៣ និង០០៤ទេ គឺជនរងគ្រោះទូទាំងប្រទេសហ្នឹង នឹងខកចិត្តយ៉ាងខ្លាំង»។
សាលាក្តីខ្មែរក្រហមបានកាត់ទោសបញ្ចប់សំណុំរឿង០០១ ហើយបានបញ្ចប់ការកាត់ទោស០០២ វគ្គទី១រួចហើយដែរ។ តុលាការខ្មែរក្រហម ដែលបានចំណាយទឹកប្រាក់២០០លានដុល្លារនេះ កំពុងខ្វះខាតថវិកាក្នុងដំណើរការកាត់ទោសសំណុំរឿង០០២ វគ្គទី២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមចំណាស់ៗពីរនាក់គឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការស្លាប់ប្រជាពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០៕