អ្នកតាមដានស្ថានការណ៍មួយចំនួនបាននិយាយថា នៅក្នុងឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពង្រឹងអំណាចរបស់លោក ដោយបានគំរាមកំហែងលើគណបក្សប្រឆាំង និងបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរបន្តិចបន្តួច បន្ទាប់ពីសហភាពអឺរ៉ុបបានគំរាមដកឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងសព្វាវុធ» ដែលហៅថា EBA ពីកម្ពុជា។ ឋានៈអនុគ្រោះពន្ធ EBA នេះ ផ្ដល់លទ្ធភាពឲ្យកម្ពុជានាំចេញទំនិញគ្រប់ប្រភេទទាំងអស់លើកលែងសព្វាវុធទៅកាន់ទីផ្សារអឺរ៉ុបដោយមិនជាប់ពន្ធ។
លោក Phil Robertson នាយករងអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកកិច្ចការទ្វីបអាស៊ី បានបញ្ជាក់ក្នុងសម្ដីដើមថា៖ «ឥឡូវនេះ យើងឃើញប្រទេសកម្ពុជា និងរដ្ឋាភិបាលកម្ពុជាដ៏ពិតប្រាកដហើយ ដែលនោះគឺជាប្រទេស និងរដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស ពុករលួយ និងគ្មានលក្ខណៈប្រជាធិបតេយ្យ។ ស្ថានការណ៍មិនមានភាពប្រសើរឡើងទាល់តែសោះ ទោះក្នុងទម្រង់ណាក៏ដោយនៅក្នុងពេលមួយឆ្នាំកន្លងមកនេះ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំងដែលនិរទេសខ្លួននៅបរទេស ដំបូងបានប្រកាសកាលពីដើមឆ្នាំ ២០១៩ ថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែបន្ទាប់មកកាលពីខែសីហាបានអះអាងថាលោកនឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ចំទិវាឯករាជ្យរបស់ប្រទេសកម្ពុជា។
បន្ទាប់ពីមានការប្រកាសដូច្នេះមក រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបដោយការបង្ក្រាបភ្លាមៗលើសកម្មជនគណបក្សប្រឆាំង ដោយចាប់ខ្លួនពួកគេជាច្រើននាក់ក្រោមបទចោទប្រកាន់ថា «មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល»។
លោក Robertson បាននិយាយថា នេះគឺជាសូចនាករសំខាន់មួយដែលបញ្ជាក់ថា គណបក្សកាន់អំណាចបានពង្រឹងអំណាចរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩។
លោក Robertson ថ្លែងដូច្នេះថា៖ «ការផ្លាស់ប្ដូរធំបំផុតគឺការចាប់ខ្លួនមនុស្សជាច្រើនជាងមុន និងការឃុំខ្លួនអ្នកទោសនយោបាយមុនពេលកាត់ទោស និងបន្ទាប់មកបញ្ជូនពួកគេទៅឃុំឃាំងរយៈពេលវែងនៅពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេ។ ប្រទេសកម្ពុជាឈានដល់កម្រិតមួយដែលមានអ្នកទោសនយោបាយជិត ១ រយនាក់ នៅក្នុងឆ្នាំ ២០១៩ ដែលមួយផ្នែកបណ្ដាលមកពីរដ្ឋាភិបាលបានព្យាយាមគាបសង្កត់លើសកម្មភាពគាំទ្រណាមួយចំពោះគណបក្សសង្គ្រោះជាតិ»។
VOA មិនអាចទាក់ទងលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលដើម្បីសុំការអត្ថាធិប្បាយបានទេ។
រដ្ឋាភិបាលកម្ពុជាបានពង្រាយទាហានរាប់ពាន់នាក់កាលពីថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅនេះ ដើម្បីរារាំងលោក សម រង្ស៊ី មិនឲ្យធ្វើមាតុភូមិនិវត្តន៍។ រដ្ឋាភិបាលធ្លាប់បានប្រកាសថាបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកសមាជិកគណបក្សប្រឆាំងចូលមកប្រទេសកម្ពុជា ទោះបីជាក្រោយមកបានប្រកែកថាមិនបានប្រកាសដូច្នេះក៏ដោយ។ អ្នកស្រី មូរ សុខហួ អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនរយៈពេលខ្លីនៅប្រលានយន្តហោះកូឡាឡាំពួរ។
លិខិតឆ្លងដែនរបស់សមាជិកគណបក្សប្រឆាំងរាប់សិបនាក់ ដែលកំពុងនិរទេសខ្លួននៅបរទេស ត្រូវបានលុបចោល។
លោក Robertson បាននិយាយថា ការចាប់ខ្លួននេះហាក់ដូចជាការបន្តនូវទំនោរពីឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដូច្នេះដែរ។
កាលពីឆ្នាំ ២០១៧ និង ២០១៨ មានព្រឹត្តិការណ៍មួយចំនួនកើតឡើងដូចជាការចាប់ខ្លួនលោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់មិនឲ្យធ្វើនយោបាយ ការបិទប្រតិបត្តិការរបស់កាសែត The Cambodia Daily ការលក់កាសែត The Phnom Penh Post ដល់វិនិយោគិនម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល និងការចាប់ខ្លួនអ្នកកាសែតជាដើម។
នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភាកាលពីឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានឈ្នះអាសនៈទាំង ១២៥។
អ្នកស្រី មូរ សុខហួ បាននិយាយថា គណបក្សរបស់អ្នកស្រីត្រូវដកបទពិសោធន៍ពីការធ្វើមាតុភូមិនិវត្តន៍មិនបានសម្រេចកាលពីថ្ងៃទី ៩ ខែវិច្ឆិកា សម្រាប់ការត្រៀមធ្វើមាតុភូមិនិវត្តន៍នៅឆ្នាំ ២០២០ ខាងមុខនេះ។
អ្នកស្រី មូរ សុខហួ បានបញ្ជាក់ប្រាប់ VOA នៅក្នុងកិច្ចសម្ភាសន៍មួយថា៖ «ព្រឹត្តិការណ៍ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ដែលយើងអាចមើលថាវាមិនមែនប្រាកដជាថ្ងៃអវិជ្ជមាននោះទេ ប៉ុន្តែសម្រាប់រយៈពេលវែង តើវាអាចទ្រទ្រង់លទ្ធិប្រជាធិបតេយ្យបានឬទេ?... យើងត្រូវតែស្មោះត្រង់ជាមួយនឹងខ្លួនយើងអំពីថាតើយើងអាចដកបទពិសោធន៍អ្វីបានខ្លះពីព្រឹត្តិការណ៍ថ្ងៃ ៩ វិច្ឆិកានេះ។ យើងដឹងថា វប្បធម៌នៃការរង់ចាំតែមេដឹកនាំនោះគឺមិនទទួលបានលទ្ធផលប្រសើរសម្រាប់លទ្ធិប្រជាធិបតេយ្យទាំងស្រុងនោះទេ ប្រសិនបើយើងចង់ឲ្យលទ្ធិប្រជាធិបតេយ្យមាននិរន្តរភាព»។
អ្នកវិភាគនយោបាយលោក Markus Karbaum បាននិយាយថា គណបក្សសង្គ្រោះជាតិបានបាត់បង់ឥទ្ធិពលរបស់ខ្លួន នៅពេលដែលគណបក្សនេះត្រូវបានតុលាការរំលាយកាលពីឆ្នាំ ២០១៧។
លោក Karbaum បញ្ជាក់ដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិបានក្លាយទៅជាគណបក្សពាក់កណ្ដាលស្លាប់ ពាក់កណ្ដាលរស់។ ទោះបីជាលោក សម រង្ស៊ី នឹងបន្តដឹកនាំគណបក្សនេះនៅបរទេសដើម្បីជាការរំខានចិត្តដល់រដ្ឋាភិបាលក៏ដោយ ក៏លោកនឹងមិនអាចត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញក្នុងនាមជាមនុស្សដែលមានសេរីភាពនោះទេ ដរាបណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅធ្វើនយោបាយ»។
លោក Karbaum បានបន្ថែមថា លោក កឹម សុខា អាចនឹងមានឥទ្ធិពល ប្រសិនបើលោកឈានដល់ការព្រមព្រៀងជាមួយនឹងរដ្ឋាភិបាល។
លោក Karbaum បានលើកឡើងដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិនឹងមិនអាចត្រឡប់មកដូចដើម ដូចកាលពីមុនពេលដែលតុលាការបានរំលាយគណបក្សនេះបានទេ»។
លោក Astrid Noren Nilsson សាស្ត្រាចារ្យមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Lund ក្នុងប្រទេសស៊ុយអែត បានគាំទ្រការវាយតម្លៃនេះ។
លោកបញ្ជាក់ក្នុងសម្ដីដើមដូច្នេះថា៖ «អ្វីៗមើលទៅហាក់ដូចជាឆ្ពោះទៅរកស្ថានការណ៍មួយដែលមនុស្សមួយចំនួននៃគណបក្សប្រឆាំង គឺក្រុមមួយដែលដឹកនាំដោយលោក កឹម សុខា
អាចដំណើរការបាន ឬក៏ស្ថានការណ៍មួយដែលស្ថានភាពបច្ចុប្បន្ននៅតែដដែល ហើយសវនាការកាត់ក្ដីលោក កឹម សុខា ដែលអូសបន្លាយយូរនឹងធ្វើឡើង»។
ប៉ុន្តែអ្នកស្រី មូរ សុខហួ បានច្រានចោលសេណារីយ៉ូទាំងនេះ និងបាននិយាយថា ព្រឹត្តិការណ៍ថ្ងៃ ៩ វិច្ឆិកានេះ បានបង្ហាញថា គណបក្សសង្គ្រោះជាតិនៅមានការគាំទ្រខ្លាំងក្លានៅមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយថ្នាក់ដឹកនាំគណបក្សនឹងត្រឡប់ទៅកាន់ប្រទេសកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «អ្នកមិនអាចចាំឲ្យលទ្ធិប្រជាធិបតេយ្យរត់មករកអ្នកបានទេ អ្នកត្រូវរត់រកលទ្ធិប្រជាធិបតេយ្យ។ ប្រសិនបើមានវិធានការណាមួយដែលអ្នកអាចធ្វើបាន ទោះបីជាអាចបញ្ចេញមតិតិចតួចក្ដី អ្នកគួរតែធ្វើ»។
ដោយលើកឡើងពីក្ដីព្រួយបារម្ភផ្នែកសិទ្ធិមនុស្ស សហភាពអឺរ៉ុបបានចាប់ផ្ដើមជាផ្លូវការនូវនីតិវិធីនៃការដកឋានៈអនុគ្រោះពន្ធ EBA ចេញពីកម្ពុជានៅខែកុម្ភៈខាងមុខនេះ។
ប៉ុន្តែ ទោះបីជាប្រឈមនឹងការគំរាមដកឋានៈអនុគ្រោះពន្ធ EBA នេះក៏ដោយ ក៏រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សម្បទានតិចតួចប៉ុណ្ណោះ ដូចជាការដោះលែងអ្នកទោសនយោបាយមួយចំនួនជាដើម។ នេះបើតាមការបញ្ជាក់របស់លោក Robertson។
លោកបាននិយាយក្នុងសម្ដីដើមថា៖ «ប្រាកដណាស់ រដ្ឋាភិបាលបានពង្រឹងអំណាច...។ អ្វីៗទាំងអស់គឺពួកគេព្យាយាមធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ និងនៅតែក្រៅប្រទេសដាច់ឆ្ងាយពីប្រជាពលរដ្ឋខ្មែរ។ ខ្ញុំចង់និយាយថា នៅក្នុងស្ថានការណ៍នេះ វាទំនងជាមិនអាចទៅរួចនោះទេនៅក្នុងការឃើញ EBA រួមចំណែកជាលទ្ធផលវិជ្ជមាននោះ។ អ្វីដែលយើងបានឃើញកន្លងមក គឺលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក នៅតែប្រកាន់តាមគោលជំហររបស់ខ្លួនដដែល»។
លោក Robertson បានបន្តថា ទោះបីជាតុលាការបានដោះលែងឲ្យនៅក្រៅឃុំនូវសកម្មជនបក្សប្រឆាំងចំនួន ៧៤ នាក់ ក្នុងចំណោមសកម្មជនជាប់ឃុំប្រហែល ១ រយនាក់ បន្ទាប់ពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ ក៏ពួកគេនៅតែជាប់ទោសដដែល។
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា គឺមួយថ្ងៃក្រោយមក បន្ទាប់ពីថ្ងៃដែលលោក សម រង្ស៊ី ធ្វើមាតុភូមិមិនបានសម្រេច និងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអឺរ៉ុបបានគ្រោងដាក់របាយការណ៍របស់ខ្លួនអំពីស្ថានការណ៍នៃប្រទេសកម្ពុជាទៅកាន់រដ្ឋាភិបាលកម្ពុជា តុលាការបានចេញបញ្ជាឲ្យមានការដោះលែងលោក កឹម សុខា ពីការឃុំឃាំងក្នុងផ្ទះ។ ប៉ុន្តែតុលាការនៅហាមលោក កឹម សុខា មិនឲ្យធ្វើនយោបាយ និងចាកចេញពីប្រទេសកម្ពុជា។
អ្នកស្រី Katrin Travouillon អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលផ្ដោតការស្រាវជ្រាវរបស់អ្នកស្រីលើប្រទេសកម្ពុជា បាននិយាយថា ទោះបីជាសហភាពអឺរ៉ុបសម្រេចបានការទាមទារមួយចំនួនពីរដ្ឋាភិបាលកម្ពុជាដូចជាការដោះលែងអ្នកទោសនយោបាយមួយចំនួនក៏ដោយ ក៏ការវិវឌ្ឍប្រសើរឡើងរយៈពេលវែងទំនងជាមិនអាចកើតឡើងនោះទេ។
អ្នកស្រីបានប្រាប់ VOA តាមអ៊ីមែលថា៖ «ភាគច្រើនខ្ញុំនៅមិនច្បាស់ទេថានៅពេលណាដំណើរការនេះនឹងមានផលប៉ះពាល់រយៈពេលវែង ឬក៏ដំណើរការនេះមានសមត្ថភាពប៉ុណ្ណានៅក្នុងការប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះការធ្លាក់ចុះជាបន្តនូវសេរីភាពនយោបាយ។ ជាឧទាហរណ៍ ប្រសិនបើអ្នកក្រឡេកមើលលើការណ៍ដែលរដ្ឋាភិបាលចាប់ខ្លួនមនុស្សដោយខុសច្បាប់នៅក្នុងឱកាសប្រារព្ធខួបនៃការស្លាប់របស់លោក កែម ឡី ឬក៏ការបង្ក្រាបនាពេលថ្មីៗនេះលើគណបក្សប្រឆាំង បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសពីគម្រោងមាតុភូមិនិវត្តន៍ វាមើលទៅហាក់ដូចជាអាជ្ញាធរមិនផ្ដល់អាទិភាពលើការណ៍ដែលអាចបាត់បង់ឋានៈអនុគ្រោះ EBA នោះទេ»។
ដោយសវនាការកាត់ទោសលោក កឹម សុខា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករាខាងមុខនេះ ហើយការសម្រេចរបស់សហភាពអឺរ៉ុបអំពីការដកឋានៈអនុគ្រោះពន្ធ EBA គ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ គេឃើញថា ការសម្រេចចិត្តធំៗត្រូវគេរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំថ្មីឆ្នាំ ២០២០ ខាងមុខ។
លោក Robertson បាននិយាយថា ទោះបីជាឋានៈអនុគ្រោះពន្ធ EBA នេះបានបង្ហាញការប៉ះពាល់តិចតួចតែប៉ុណ្ណោះក្នុងពេលកន្លងមកនេះក៏ដោយ ក៏ករណីនេះអាចប្រែប្រួល ប្រសិនបើវាត្រូវបានគេដកចេញ។
លោកបញ្ជាក់ក្នុងសម្ដីដើមដូច្នេះថា៖ «ខ្ញុំគិតថា នៅទីបំផុត អ្វីដែលនឹងកើតឡើងគឺនៅពេលដែលយើងឃើញផលប៉ះពាល់ពិតប្រាកដដែលបណ្ដាលមកពីការបាត់បង់ប្រយោជន៍មួយផ្នែក ឬក៏ទាំងស្រុងនៃឋានៈអនុគ្រោះពន្ធ EBA តែប៉ុណ្ណោះ ទើបរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន សែន នឹងដឹងថា ពួកគេចាំបាច់ត្រូវសម្របសម្រួលតាមការចង់បានពីសហភាពអឺរ៉ុប ប្រសិនបើចង់នៅរក្សា EBA។ ប៉ុន្តែ ទិដ្ឋភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងមិនផ្លាស់ប្ដូរនោះទេ រហូតទាល់តែមានការបោះឆ្នោតថ្មីនៅឆ្នាំ ២០២៣ ខាងមុខ»៕
ប្រែសម្រួលដោយ ភី សុភាដា