នៅថ្ងៃពុធនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់យុវជនក្មេងៗមកពីប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានជួបគ្នា ក្នុងប្រទេសឡាវថា វាមិនគ្រប់គ្រាន់ទេគ្រាន់តែនឹកស្រមៃអំពីផែនការរបស់ពួកគេនៅថ្ងៃអនាគតនោះក៏ប៉ុន្តែគឺថា ពួកគេត្រូវតែធ្វើការងារ។
នៅក្នុងពិធីជួបមហាជនជាមួយសមាជិកក្នុងកម្មវិធីកិច្ចផ្តួចផ្តើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា យុវជនក្មេងៗបានធ្វើឲ្យមានការជឿនលឿននិងការអភិវឌ្ឍន៍ជាប្រវត្តិសាស្រ្តសំខាន់ៗ។ លោកប្រធានាធិបតី បានសង្កត់ថា ប្រទេសទាំងនោះចាំបាច់ធ្វើឲ្យមានភាពប្រសើរឡើងនូវបទដ្ឋានខាងសិក្សាអប់រំនិងធ្វើឲ្យជាក់ថា អ្នកទាំងនោះបានទទួលផលប្រយោជន៍រួមទាំងក្មេងស្រីផងហើយមិនមែនសម្រាប់តែក្មេងប្រុសប៉ុណ្ណោះទេ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ទៀតថា «អ្នក មិនត្រូវបាក់ទឹកចិត្តទេ ពីព្រោះអ្នក មានឱកាសច្រើនណាស់នៅពេលសព្វថ្ងៃនេះដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោកជាងមនុស្សជំនាន់មុន។ហើយសេចក្តីសង្ឃឹមរបស់ខ្ញុំគឺការចាប់យកឱកាសទាំងនោះ»។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរពីអ្នកស្តាប់ លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា លោកសង្ឃឹមថាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងបន្តបង្កើនការចូលរួមជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកហើយលោកជឿជាក់ថាសភាសហរដ្ឋអាមេរិក នឹងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។
លោកប្រធានាធិបតី ក៏បានសរសើរអត្ថប្រយោជន៍នៃការទាក់ទងជាមួយពលរដ្ឋដែលមានវប្បធម៌ខុសៗគ្នាដែលជាមធ្យោបាយដើម្បីបន្តការរៀនសូត្រ ហើយបានសង្កត់ពីភាពចាំបាច់ដើម្បីគោរពមនុស្សដែលមានជំនឿនិងប្រវត្តិខុសៗគ្នា។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ទៀតថា «ខ្ញុំគិតថា នៅក្នុងរយៈពេលយូរ មធ្យោបាយតែមួយគត់ដែលមនុស្សជាតិអាចធ្វើការជាមួយគ្នា ទាក់ទងគ្នា និងធ្វើឲ្យមានវិបុលភាពនិងដោះស្រាយបញ្ហាសំខាន់ៗគឺប្រសិនបើយើងអាចមើលឃើញអ្វីដែលជាប្រយោជន៍រួមហើយគិតគូគ្នាទៅវិញទៅមកប្រកបដោយកិត្តិយសនិងការគោរពគ្នា»។
លោកប្រធានាធិបតី បានប្រាប់ពួកអ្នកស្តាប់ថា លោកមានផែនការបន្តធ្វើការជាមួយយុវជនក្មេងៗបន្ទាប់ពីលោកចាកចេញពីតំណែងនៅខែមករាឆ្នាំក្រោយ។លោកអូបាម៉ា ស្ថិតនៅក្នុងប្រទេសឡាវដើម្បីជួបជាមួយពួកមេដឹកនាំអាស៊ានហើយនឹងផ្តល់ការធានាអះអាងថា យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកធ្វើឲ្យមានតុល្យភាពឆ្ពោះទៅកាន់តំបន់អាស៊ីជាយុទ្ធសាស្រ្តរយៈពេលយូរ។
នៅថ្ងៃពុធនេះ លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក មានកាតព្វកិច្ចខាងសីលធម៌និងមនុស្សធម៌ខ្លាំងបំផុតដើម្បីគាំទ្រកិច្ចខំប្រឹងប្រែងដើម្បីបោសសម្អាតគ្រាប់មីនដែលកងទ័ពអាមេរិកបានទម្លាក់នៅក្នុងប្រទេសឡាវក្នុងអំឡុងសង្គ្រាមវៀតណាម។
គ្រាប់បែកចង្កោម៨០លានគ្រាប់ មិនបានផ្ទុះ ផ្ទុយទៅវិញ គ្រាប់បែកទាំងនោះ បានកប់នៅកសិដ្ឋាននិងភូមិក្បែរនោះ ហើយក្រោយមកបានសម្លាប់និងធ្វើឲ្យរបួសមនុស្ស២ម៉ឺននាក់។
លោកប្រធានាធិបតី អូបាម៉ា បាននិយាយពីកេរ្ត៍ដំណែលគ្រាប់បែកនោះនៅពេលដែលលោកប្រធានាធិបតី ទៅទស្សនកិច្ចមជ្ឈមណ្ឌលនៅក្នុងទីក្រុងវៀងចាន់ដែលហៅថា មជ្ឈមណ្ឌលធ្វើជើងសិប្បនិមិត្តដែលផ្តល់ការព្យាបាលដល់អ្នកនៅរស់រានមានជីវិត។
លោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ថា «នៅក្នុងប្រទេសឡាវ នៅមជ្ឈមណ្ឌល COPE យើង ឃើញជនរងគ្រោះដោយសារគ្រាប់បែកដែលបានទម្លាក់ពីព្រោះតែការសម្រេចដែលបានធ្វើកាលពីកន្លះសតវត្សរ៍មុនហើយការណ៍នេះធ្វើឲ្យយើងនឹកឃើញថា សង្គ្រាម ជានិច្ចកាលធ្វើឲ្យបាត់បង់យ៉ាងខ្លាំង»។
លោកប្រធានាធិបតី អូបាម៉ា បានបញ្ជាក់ថា សង្គ្រាមមានផលប៉ះពាល់ដល់មនុស្សរាប់មិនអស់។
អត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីការប្រកាសនៃការបង្កើនថវិកាទ្វេដងនៅក្នុងរយៈពេល៣ឆ្នាំខាងមុខដើម្បីជួយអ្នកនៅរស់រានមានជីវិតហើយនឹងកិច្ចខំប្រឹងប្រែងដើម្បីបោសសម្អាតគ្រាប់បែក។
ថវិកានេះ ជាផ្នែកមួយនៃអ្វីដែលសេតវិមានបានហៅថា សករាជថ្មីនៅក្នុងទំនាក់ទំនងដោយផ្អែកលើបំណងផ្សះផ្សារបួសកាលពីអតីតកាលហើយស្ថាបនាគ្រឹះដើម្បីថ្ងៃអនាគត។ សហរដ្ឋអាមេរិក និងប្រទេសឡាវ ក៏ជាដៃគូដ៏សំខាន់ៗលើបញ្ហានានារួមទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា ការអប់រំ សន្តិសុខ បរិស្ថាននិងមនុស្សជាតិ។
លោកអូបាម៉ា ជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងមុនដំបូងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ ដំណើរបំពេញទស្សនកិច្ចនេះ គឺជាលើកទី១១ហើយៗនឹងជាដំណើរទស្សនកិច្ចចុងក្រោយទៅកាន់ទ្វីបអាស៊ីក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក៕