អតីតប្រធានាធិបតីអាមេរិកលោក Barack Obama កាលពីថ្ងៃច័ន្ទកន្លងទៅ បានស្នើឲ្យប្រទេសទាំងអស់ត្រូវប្រកាន់ជំហររឹងមាំប្រឆាំងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសម្តែងនូវសាមគី្គភាពជាមួយអ្នកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ និងបានព្រមានថាប្រទេសនេះអាចក្លាយជា «រដ្ឋបរាជ័យ» មួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
លោក Obama លើកឡើងថា៖ «ពិភពលោកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសមីយ៉ាន់ម៉ា ដែលខ្ញុំមានការរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើហិង្សាដែលកើតមានទៅលើជនស៊ីវិល ហើយខ្ញុំមានការជំរុញទឹកចិត្តដោយចលនាប្រឆាំងនៅទូទាំងប្រទេស ដែលតំណាងនូវសំឡេងរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា» នោះ។ លោក Obama ធ្លាប់បានទៅធ្វើទស្សនកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីមួយទសវត្សរ៍មុន ដើម្បីគាំទ្រនូវលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេសនេះ។
លោក Obama បានបន្ថែមទៀតថា៖ «កិច្ចប្រឹងប្រែងដ៏ខុសច្បាប់និងឃោរឃៅរបស់កងយោធាមីយ៉ាន់ម៉ា ដើម្បីដាក់អំណាចខ្លួនទៅលើពលរដ្ឋ បន្ទាប់ពីពួកគេធ្លាប់មានសេរីភាពជាច្រើនអស់រយៈពេលមួយទសវត្សរ៍ហើយនោះ ច្បាស់ណាស់នឹងមិនអាចទទួលយកបានដោយប្រជាពលរដ្ឋទេ ហើយមិនគួរត្រូវទទួលយកដោយពិភពលោកនោះដែរ»។
អតីតប្រធានាធិបតីអាមេរិករូបនេះ ដែលកម្របញ្ចេញមតិចំពោះបញ្ហាអន្តរជាតិនានានោះ បានសម្តែងការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Bidenនិងប្រទេសដទៃទៀត ក្នុងការដាក់សម្ពាធទៅលើរបបយោធាមីយ៉ាន់ម៉ាឱ្យស្តារប្រជាធិបតេយ្យក្នុងប្រទេសនេះឡើងវិញ៕