លោកប្រធានាធិបតី (Barack Obama) បារ៉ាក់អូបាម៉ាបានប្រើសុន្ទរកថាប្រចាំឆ្នាំ របស់លោកដើម្បីលាតត្រដាងអំពីផែនការរបស់លោកប្រយោជន៍នឹងបង្កើតការងារ ហើយធ្វើឲ្យសរអាកាន់តែមានលក្ខណ: ប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចសកលលោក។ លោកប្រធានាធិបតីក៏ស្នើផងដែរឲ្យបញ្ឈប់មុខចំណាយរបស់រដ្ឋាភិបាលក្នុងវិស័យមួយចំនួន ដើម្បីជួយបន្ថយឱនភាព។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកជូនសភា ហើយនិងពលរដ្ឋ អាមេរិកាំងរាប់លាននាក់ដែលមើលទូរទស្សន៍ លោកប្រធានាធិបតី អូបាម៉ាអំពាវនាវឲ្យសរអាធ្វើវិនិយោគទុនច្រើនថែមទៀតនៅក្នុងវិស័យ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងការផ្ដួចផ្ដើមគំនិតឆ្នៃប្រឌិតខាងវិទ្យាសាស្ដ្រ។ លោកមានប្រសាសន៍ថា សរអាត្រូវឈ្នះដាច់ប្រទេសដទៃៗទៀតក្នុងពិភពលោក ខាងផ្នែកគំនិតឆ្នៃប្រឌិត ការអប់រំ ការកសាងហេដ្ឋារចនាសម្ព័ន្ធ។
«យើងត្រូវធ្វើឲ្យប្រទេសអាមេរិកក្លាយជាកន្លែងដ៏ល្អបំផុតនៅលើពិភពលោកសម្រាប់ការធ្វើជំនួញ។ យើងត្រវទទួលខុសត្រូវចំពោះឱនភាពសេដ្ឋកិច្ច និងធ្វើកំណែទម្រង់រដ្ឋាភិបាល។ នេះជាវិធីដែលនឹងធ្វើឲ្យពលរដ្ឋយើងបានថ្កុំថ្កើង។ នេះជាវិធីដែលនឹងធ្វើឲ្យយើងអាចបានជោគជ័យនាពេលអនាគត»។
សុន្ទរកថាប្រចាំឆ្នាំទីពីររបស់លោក អូបាម៉ានៅចំពោះមុខសភាទាំងពីរ ភាគច្រើន ផ្ដោតទៅលើបញ្ហាក្នុងប្រទេស ជាពិសេសបញ្ហាសេដ្ឋកិច្ច។ នៅក្នុងសុន្ទរកថានេះ លោកប្រធានាធិបតីប្រើភាសាដ៏មានសុទិដ្ឋិនិយមជាទីបំផុត ដែលលោកមិនធ្លាប់ធ្វើពីមុនមក នៅក្នុងការពិព៌ណនាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
«ឥឡូវនេះយើងចាប់រីកចម្រើនវិញហើយ។ នៅពីរឆ្នាំក្រោយការអន់ថយសេដ្ឋកិច្ចដ៏ធ្ងន់បំផុតដែលយើងមិនធ្លាប់បានជួបប្រទះនោះ ទីផ្សារភាគហ៊ុនចាប់មានកំណើនខ្លាំងវិញហើយ។ ប្រាក់ចំណេញរបស់សាជីវកម្មនានាក៏បានកើនឡើងដែរ។ សេដ្ឋកិច្ចបានចាប់រីកលូតលាស់ឡើងវិញហើយ។»
ក៏ប៉ុន្ដែលោក អូបាម៉ាទទួលស្គាល់ថា ភាពគ្មានការងារធ្វើនៅតែមានកម្រិតខ្ពស់ដដែល ហើយថា ជនជាតិអាមេរិកាំងចង់ឲ្យមេដឹកនាំរបស់ពួកគេផ្ដោតអារម្មណ៍ទៅលើការបង្កើតការងារ។
លោកប្រធានាធិបតីលាតត្រដាងអំពីរបៀបវារ:ដើម្បីធ្វើឲ្យលក្ខណ:របស់សរអាក្នុងការប្រកួតប្រជែង កាន់តែល្អប្រសើរឡើង។ របៀបវារ:នេះមានរាប់ទាំងការបង្កើនមុខចំណាយរបស់រដ្ឋាភិបាល ដើម្បីជួយលើកស្ទួយការស្រាវជ្រាវហើយនិងការអភិវឌ្ឍ ជាពិសេសនៅក្នុងផ្នែកបច្ចេកវិជ្ជាថាមពលស្អាត។
លោកក៏អំពាវនាវផងដែរ ឲ្យមានការផ្ដួចផ្ដើមគំនិតរបស់សហព័ន្ធ ដើម្បីលើកស្ទួយសាលារៀន និងមហាវិទ្យាល័យទូទាំងប្រទេស ព្រមទាំងវិនិយោគទុននៅក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ហើយនិងការកែទម្រង់រដ្ឋាភិបាល។
នៅក្នុងការឆ្លើយតរបស់គណបក្សសាធារណរដ្ឋនិយម លោក ផល រ៉ាយយ៉ិន (Paul Ryan) ដែលជាសមាជិកសភាតំណាងរាស្ដ្រ ហើយនិងជាប្រធានគណៈកម្មាធិការ នៃសភាតំណាងរាស្ដ្រទទួលបន្ទុកខាងថវិកា និយាយថា លោក អូបាម៉ាបន្ដធ្វើការចំណាយហួសហេតុ។
«ការពឹងផ្អែកទៅលើការិយាធិបតេយ្យឬរដ្ឋាភិបាលដើម្បីជំរុញឲ្យមានការច្នៃប្រឌិត ការប្រកួតប្រជែង និងជម្រើសដ៏ត្រឹមត្រូវរបស់អ្នកប្រើប្រាស់នោះ មិនដែលធ្លាប់សម្រេចបានឡើយ ហើយវាក៏មិនមានប្រសិទ្ធិភាពដែរនៅពេលនេះ។ យើងត្រូវតែរកផ្លូវដើរថ្មីមួយ»។
លោកប្រធានាធិបតី ឆ្លើយតបទៅនឹងសេចក្ដីព្រួយបារម្ភរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនិយមអំពីឱនភាពរបស់សហព័ន្ធ ដោយស្នើឲ្យបញ្ឈប់មុខចំណាយរដ្ឋាភិបាលជាច្រើនផ្នែកស៊ីវិល នៅក្នុងកម្រិតបច្ចុប្បន្ននេះ សម្រាប់រយ:ពេល៥ឆ្នាំខាងមុខនេះ។ លោកមានប្រសាសន៍ថា ផែនការនេះនឹងបន្ថយឱនភាពរហូតជាង៤រយពាន់លានដុល្លារ ក្នុងរយ:ពេល១០ឆ្នាំ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយមុនសុន្ទរកថាប្រចាំឆ្នាំ លោក ចន បូណ័រ (John Boehner) ប្រធានសភាតំណាងរាស្ដ្រ ហៅសេចក្ដីស្នើនេះ ថាមិនគ្រប់គ្រាន់ទេ៕
ប្រែសម្រួលដោយ កង ស៊ីវន