លោក Ghani និយាយថា៖ «ការសម្រេចចិត្តក្នុងការរក្សាកងទ័ព៨.៤០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាសញ្ញានៃការបន្តភាពជាដៃគូរវាងប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម និងពង្រឹងស្ថិរភាពក្នុងតំបន់»។
អ្នកជំនាញបានឱ្យដឹងថា ផែនការរបស់ លោកអូបាម៉ា បានធ្វើឲ្យមានចម្ងល់ជាច្រើន អំពីទស្សនវិស័យទៅថ្ងៃអនាគត ខណៈពេលដែលស្ថានភាពសន្តិសុខ កាន់តែអាក្រក់ឡើង។
ពីដំបូង រដ្ឋបាលរបស់លោកប្រធានាធិបតី បានរៀបចំគម្រោង ដើម្បីកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិក ពី៩.៨០០នាក់ មកនៅប្រហែល៥.៥០០ នៅចុងឆ្នាំ២០១៦។
ប៉ុន្តែ លោក អូបាម៉ា បានប្រកាសនៅ ថ្ងៃទី៦ ខែកក្កដា ថាស្ថានភាពសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន «កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់» ដូច្នេះ លោកនឹងទុកទាហានច្រើនជាង ការគ្រោងទុកពីដំបូង រហូតដល់ចប់អាណត្តិ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧។
«ក្រុមតាលីបង់ នៅតែជាការគំរាមកំហែងមួយនៅឡើយ។ ក្រុមនេះហាក់មានការជឿនលឿនលើផ្នែកមួយចំនួន។ ក្រុមនេះបានបន្តការវាយប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាត រួមទាំងក្នុងរដ្ឋធានី កាប៊ុល»។ លោកអូបាម៉ាបានបន្តថា៖ «ដោយសារតែ ក្រុមតាលីបង់ បានកំណត់គោលដៅលើជនស៊ីវិល ជនជាតិអាហ្វហ្គានីស្ថានជាច្រើន ដូចជា បុរស ស្ត្រី និងកុមារ ត្រូវបានស្លាប់ និងជាញឹកញាប់ត្រូវបានមើលរំលងនៅក្នុងវិបត្តិជនភៀសខ្លួនពិភពលោក»។
កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបំពេញបេសកកម្មពីរ រួមមានការផ្តល់ការហ្វឹកហាត់ និងការផ្តល់យោបល់ដល់កងទ័ពអាហ្វហ្គានីស្ថាន នៅពេលដែលពួកគេប្រយុទ្ធជាមួយក្រុមតាលីបង់ និងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមអាល់កៃដានិងការជួយជ្រោមជ្រែងរបស់រដ្ឋអ៊ីស្លាមក្នុងការឲ្យក្រុមនេះឈរជើងបាននៅក្នុងប្រទេសអាហ្វាហ្គានីស្ថាន។
លោកប្រធានាធិបតីបន្តថា៖ «ទោះបីជាកងទ័ពអាហ្វហ្គានីស្ថានមានការរីកចម្រើនក៏ដោយ ក៏កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅមិនទាន់រឹងមាំដូចអ្វីពួកគេត្រូវការនៅឡើយ»។
លោកអូបាម៉ា បាននិយាយថា លោកបានធ្វើការសម្រេចចិត្តដើម្បីផ្លាស់ប្តូរ កម្រិតការដកកងទ័ពនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីបានពិនិត្យអនុសាសន៍ របស់មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកថ្មី ក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺ នាយឧត្តមសេនីយ៍ John Nicholson និងដំបូន្មានរបស់រដ្ឋមន្ត្រីការពារជាតិ Ash Carter ព្រមទាំងមន្ត្រីយោធា និងមន្ត្រីស៊ើបការណ៍សម្ងាត់ ផ្សេងៗទៀត។
លោក Anthony Cordesman អ្នកវិភាគយោធា និងលោក Arleigh A. Burke ជាប្រធានផ្នែកយុទ្ធសាស្រ្ត នៅមជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ បាននិយាយថា មិនថាក្រុមមន្ត្រីសហរដ្ឋអាមេរិកទទូចចង់បានការរីកចម្រើនខ្លាំងប៉ុណ្ណានោះទេ ក៏លក្ខខណ្ឌទូទៅនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅតែធ្ងន់ធ្ងរ។
លោក Cordesman បាននិយាយថា៖ «អ្នកមិនបានឃើញភាពបរាជ័យចម្បងរបស់យោធាទេ ប៉ុន្តែ អ្នកឃើញការកើនឡើងនៃការស្លាប់ និងរបួស។ អ្នកឃើញបញ្ហាធ្ងន់ធ្ងរមួយចំនួនសម្រាប់កងកម្លាំងអាហ្វហ្គានីស្ថាន។ កងកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងការលូតលាស់។ ប៉ូលិសអាហ្វហ្គានីស្ថាន មិនទាន់ធ្វើបានល្អនៅឡើយទេ»។
លោកបានបន្ថែមថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រដ្ឋាភិបាល លើបញ្ហាពុករលួយក៏ដោយ ក៏ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន និងការអនុវត្តកម្មវិធីធំៗ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតែមានការរីកចម្រើនបានតិចតួចណាស់។
លោកបានបន្ថែមថា៖ «អ្នកកំពុងមើលសេដ្ឋកិច្ចឈានទៅរកចំណុចវិបត្តិមួយ។ ធនាគារពិភពលោក និងប្រភពផ្សេងទៀត សម្គាល់ថា វាគឺជាបញ្ហាចម្បងពាក់ព័ន្ធនឹងស្ថិរភាព។ អ្នកមិនបានឃើញភាពប្រសើរឡើងទាក់ទងនឹងកំណែទម្រង់អនុវត្តជាក់ស្តែងនោះទេ»។
លោកប្រធានាធិបតី មានប្រសាសន៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល NATO នៅក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន លោកនឹងជួបជាមួយលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani និងនាយកប្រតិបត្តិលោក Abdullah Abdullah ។ លោក នឹងជំរុញឲ្យដៃគូចម្រុះ ដាក់បង្កើតកងទ័ព និងថវិកា ដើម្បីជួយពង្រឹងអាហ្វហ្គានីស្ថាន រហូតដល់ចុងទសវត្សរ៍នេះ។
លោកអូបាម៉ា បាននិយាយថា៖ «ខ្ញុំទុកចិត្តលើពួកគេ ពីព្រោះយើងទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង លើសន្តិសុខ និងស្ថិរភាពនៃប្រទេសអាហ្វហ្គានីស្ថាន»។
ប៉ុន្តែ លោក អូបាម៉ា សល់ពេលនៅក្នុងការិយាល័យតែប៉ុន្មានខែទៀតប៉ុណ្ណោះ ដែលទំនងជាអាចនឹងមានការពិបាកធានាលើការសន្យារយៈពេលវែង។
លោក Cordesmanបានស្នើថា៖ «បញ្ហាចម្បងសម្រាប់បណ្តាប្រទេសអង្គការ NATO ទាំងអស់ ដែលមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺមិនសូវមានបញ្ហាច្រើនដូចជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកឡើយ។ តើសហរដ្ឋអាមេរិកនៅបន្តបែបនេះឬ? តើសហរដ្ឋអាមេរិក ត្រូវធ្វើដូចម្តេច?»
លោកអូបាម៉ា បានឱ្យដឹងថា ការទុកកងទ័ពនៅអាហ្វហ្គានីស្ថាន នៅពេលដែលលោកចប់អណត្តិនោះ នឹងផ្តល់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកក្រោយនូវ «មូលដ្ឋានរឹងមាំសម្រាប់បន្តការរីកចម្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងមានភាពបត់បែនដើម្បីដោះស្រាយការគំរាមកំហែងនៃភេរវកម្ម នៅពេលវាកើតឡើង»។
លោកបានបន្ថែមថាការសម្រេចចិត្តពីកម្រិតកងទ័ព ជាសារមួយទៅកាន់ក្រុមតាលីបង់ថា៖ «ការប្តេជ្ញាប្រឹងប្រែង» របស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ «ដើម្បីអាហ្វហ្គានីស្ថាន នឹងមាននៅឋិតថេរ»។
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង