លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងជំរុញឲ្យគណបក្សសាធារណរដ្ឋនៅក្នុងសភាផ្តល់ថវិកាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Zika។
លោកអូបាម៉ាបានថ្លែងនៅក្នុងសន្ទរកថាប្រចាំសប្តាហ៍នៅថ្ងៃសៅរ៍នេះថា លោកបានស្នើទៅសភាជាង៦ខែមកហើយ ឲ្យផ្តល់ធនធានសង្គ្រោះបន្ទាន់ដែលក្រុមអ្នកជំនាញសុខភាពសាធារណៈត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Zika ប៉ុន្តែសភាបានបដិសេធចំពោះសំណើរបស់លោក។
លោកប្រធានាធិបតីថ្លែងថា ផ្ទុយទៅវិញ ពួកយើងត្រូវបានបង្ខំឲ្យប្រើប្រាស់ធនធានដែលពួកយើងមានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ អ៊ីបូឡា ជំងឺមហារីក និងជំងឺផ្សេងៗទៀតជំនួសទៅវិញ។
លោកអូបាម៉ា បានថ្លែងទៀតថា វិធីនេះគឺមិនមានជាដំណោះស្រាយប្រកបដោយចិរភាពនោះទេ។ ហើយសភាបានសម្រាកអស់រយៈពេល ៧សប្តាហ៍មកហើយ ដោយមិនបានធ្វើអ្វីដើម្បីការពារពលរដ្ឋអាមេរិកាំងពីមេរោគ Zika នោះទេ។
លោកប្រធានាធិបតី ថ្លែងថា «សមាជិកសភាខាងគណបក្សសាធារណរដ្ឋ គួរតែចាត់ទុកមេរោគ Zika ថាជាការគំរាមកំហែងមួយ ហើយចាត់ទុកវាជាបញ្ហាអាទិភាព នៅពេលដែលពួកគេ វិលត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញ ក្រោយពីថ្ងៃឈប់សំរាកក្នុងទិវាពលកម្ម »៕