ការស្ទង់មតិជាសាធារណៈថ្មីៗមួយចំនួន មានទាំងព័ត៌មានល្អនិងអាក្រក់សម្រាប់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលសំឡឹងមើលទៅការបោះឆ្នោតតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ។
ការស្ទង់មតិថ្មីៗបំផុតរបស់ទីភ្នាក់ងារ Reuters/Ipsos បង្ហាញថាជនជាតិអាមេរិកាំងមានទុទិ្ទដិ្ឋនិយមកាន់តែច្រើនឡើងអំពីអនាគត។ ៦៣ភាគរយបាននិយាយថា ឥឡូវនេះ ប្រទេសស្ថិតនៅលើគន្លងខុសឆ្គង ដែលកើនឡើងបីពិន្ទុលើសពីខែមុន។
នៅក្នុងការស្ទាបស្ទង់មតិថ្មីបំផុតរបស់សាកលវិទ្យាល័យ Quinnipiac ក្រុមអ្នកបោះឆ្នោតមិនយល់ស្របតាមដំណោះស្រាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងកម្រិត៥៦ភាគរយទល់នឹង៣៨ភាគរយ។ ពួកគេក៏មានការបែកខ្ញែកលើបញ្ហាស្តីពីថាតើ លោក អូបាម៉ាសាកសមនឹងជាប់ឆ្នោតសាជាថ្មីដែរឬទេ។ ៤៧ភាគរយជឿថា លោកសាកសមជាប់ឆ្នោតសាជាថ្មី ប៉ុន្តែ៤៧ភាគរយទៀតនិយាយថាលោកមិនសាកសមទេ។
ប៉ុន្តែមានព័ត៌មានល្អៗខ្លះដែរសម្រាប់លោកប្រធានាធិបតី នៅក្នុងទិន្នន័យស្ទាបស្ទង់មតិ។ ការស្ទាបស្ទង់មតិទាំងពីរបញ្ជាក់ថា ក្រុមអ្នកបោះឆ្នោតនៅតែដាក់ឲ្យអតីតប្រធានាធិបតី ចច ដិបប៊ិលយូ ប៊ូស (George W. Bush) ទទួលខុសត្រូវចំពោះបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ច្រើនជាងលោក អូបាម៉ា។ ហើយការស្ទង់មតិរបស់ Quinnipiac បានរកឃើញថា ជនជាតិអាមេរិកមានជំនឿលើលោកប្រធានាធិបតីជាងក្រុមអ្នកសាធារណរដ្ឋនៅក្នុងរដ្ឋសភា ក្នុងការដោះស្រាយសេដ្ឋកិច្ច បើទោះជាមានត្រឹមតែកម្រិតតិចតួចក៏ដោយ។
លោក ភិតធឺ ប្រោន (Peter Brown) ជានាយករងនៃវិទ្យាស្ថានស្ទាបស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac។
«ការបោះឆ្នោតតំណែងប្រធានាធិបតី ដែលមានប្រធានាធិបតីកំពុងកាន់អំណាចនៅក្នុងការិយាល័យរាងពងក្រពើ ហាក់ដូចជាគ្រាន់តែជាការធ្វើប្រជាមតិអំពីប្រធានាធិបតីដែលកំពុងកាន់អំណាចតែប៉ុណ្ណោះ។ អ្វីៗគឺបានល្អសម្រាប់លោកប្រធានាធិបតី ប៉ុន្តែមិនមែនល្អអស្ចារ្យនោះទេ។ នៅពេលយើងសួរក្រុមអ្នកបោះឆ្នោតថាតើលោកសាកសមនឹងទទួលអណត្តិទីពីរឬទេ ក្រុមអ្នកបោះឆ្នោតមានមតិបែកខ្ញែកគ្នា ចំពាក់កណ្តាលតែម្តង»។
លោកអូបាម៉ា ក៏ទទួលបានព័ត៌មានល្អខ្លះៗដែរនៅក្នុងការស្ទង់មតិ ខណៈដែលលោកត្រូវបានប្រៀបធៀបគ្នាទៅជាមួយបេក្ខជនគណបក្សសាធារណរដ្ឋដែលអាចឈរឈ្មោះដើម្បីតំណែងប្រធានាធិបតី នៅឆ្នាំក្រោយ។
លោក ប្រោន ថ្លែងថា លោកប្រធានាធិបតីនាំមុខបន្តិចបន្តួចលើបេក្ខជននាំមុខគេនាពេលបច្ចុប្បន្ននៃគណបក្សសាធារណរដ្ឋ ដែលជាអតីតអភិបាលរដ្ឋមាសាជូសេត(Massachusetts) លោក មីត រ៉ូមនី (Mitt Romney)។ ការស្ទាបស្ទង់មតិបានរកឃើញថា លោក អូបាម៉ាមានប្រៀបច្រើនជាងលើលោកស្រី មីសែល បាកម៉ាន (Michele Bachmann) សមាជិករដ្ឋសភានៃគណបក្សសាធារណរដ្ឋនៃរដ្ឋ មីណេសូតា (Minnesota) និងបេក្ខជនពីរនាក់ទៀតដែលអាចឈរឈ្មោះ គឺលោកស្រី ស៊ែរ៉ា ផេល្លីន (Sarah Palin) អតីតអភិបាលរដ្ឋអាឡាស្កា (Alaska) និងលោក រីក ភែរី (Rick Perry) អភិបាលរដ្ឋតិចសាស់(Texas)។
«លោកអូបាម៉ា នៅតែនាំមុខ ហើយវាជាការប្រសើរក្នុងការនាំមុខជាជាងនៅពីក្រោយ។ លោកនាំមុខលោក រ៉ូមនី ចំនួន៦ពិន្ទុ ជាពិន្ទុដែលលោកបានទទួល នៅពេលដែល Quinnipiac បានធ្វើការស្ទាបស្ទង់កាលពីខែមិថុនា។ លោកនាំមុខលោក ភើរី លោកស្រី បាកម៉ាន និងលោកស្រី ផេល្លីន ចំនួនពីរពិន្ទុ»។
លោកស្រី ផេល្លីន ថ្លែងថា លោកស្រីនឹងប្រកាសថាតើលោកស្រីនឹងឈរឈ្មោះតំណែងប្រធានាធិបតីដែរឬអត់ នៅត្រឹមដើមខែកញ្ញានេះ។ លោក ភើរី កំពុងពិចារណាអំពីការចូលរួមក្នុងក្រុមរបស់គណបក្សសាធារណរដ្ឋ ប៉ុន្តែមិនបាននិយាយថាតើនៅពេលណាលោកនឹងប្រកាសពីការសម្រេចចិត្តនោះទេ។
ការស្ទង់មតិរបស់ Quinnipiac បានរកឃើញថាលោក រ៉ូមនី នាំមុខគេ ក្នុងក្រុមសម្រាប់តំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដោយបានទទួលសម្លេងគាំទ្រចំនួន២៥ភាគរយ បន្ទាប់មកគឺលោកស្រីបាកម៉ាន ចំនួន១៤ភាគរយ លោកស្រី ផេល្លីន ចំនួន១២ភាគរយ និងលោក ភើរី ចំនួន១០ភាគរយ។ អ្នកដទៃទៀតនៅក្នុងក្រុមប្រកួតតំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋយ៉ាងច្រើនបានទទួលការគាំទ្រចំនួន៦ភាគរយ ឬតិចជាងនេះ។
លោកប្រោន អ្នកស្ទង់មតិមហាជន មានប្រសាសន៍ថា លោកស្រី មីសែល បាកម៉ាន ហាក់កំពុងទទួលបាននូវកម្លាំងជម្រុញក្នុងចំណោមក្រុមអ្នកសាធារណរដ្ឋអភិរក្សនិយម ដែលកំពុងស្វែងរកជម្រើសសម្រាប់អតីតអភិបាលរដ្ឋ លោក រ៉ូមនី។
«ជាការពិតណាស់ លោកស្រី បាកម៉ានជាអ្នកធ្វើយុទ្ធនាការប្រកបដោយសុភវិនិច្ឆ័យ។ លោកស្រីកំពុងផ្តោតខ្លាំងទៅលើរដ្ឋអាយអូវ៉ា (Iowa) និងលោកស្រីកំពុងធ្វើដំណើការបានល្អ ហើយសំណួរគឺថាតើលោកស្រីអាចរក្សាដំណើរការនេះបានឬមិនបាន»។
បើទោះជាលោកប្រធានាធិបតី អូបាម៉ាមានប្រៀបជាងគេនៅក្នុងការស្ទាបស្ទង់មតិថ្មីៗនេះក៏ដោយ ក៏លោក ចន ហ្សកប៊ី (John Zogby) អ្នកស្ទង់មតិមហាជន ថ្លែងថា កំណើនជាសាធារណៈ ដែលលោកប្រធានាធិបតីបានទទួលមកវិញកាលពីខែឧសភា បន្ទាប់ពីការសម្លាប់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាដិន បានបាត់បង់ទៅវិញអស់ភាគច្រើនហើយ ដែលបើកឱកាសឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅក្នុងការបោះឆ្នោតអណត្តិទីពីរសម្រាប់លោក អូបាម៉ា នៅឆ្នាំក្រោយ។
«លោកបានបាត់បង់គុណប្រយោជន៍ពីប៊ិនឡាដិន យ៉ាងហោចណាស់ក៏ក្នុងរយៈពេលភ្លាមៗនេះដែរ។ ភាពអត់ការងារធ្វើកំពុងបែរទៅរកទិសដៅខុស។ ពលរដ្ឋមានការភ័យខ្លាច។ លោកត្រូវតែទាញយកអ្នកបោះឆ្នោតឯករាជ្យមកវិញ ហើយស្របពេលជាមួយគ្នានេះដែរ លោកត្រូវត្រឡប់ទៅធ្វើឲ្យអ្នកមូលដ្ឋានរឹងមាំដែលលោកធ្លាប់ទទួលបាន ក្នុងចំណោមក្រុមជនស្បែកខ្មៅ ជនមានដើមកំណើតអេស្ប៉ាញ៉ុល ក្រុមយុវវ័យ ជាដើម។ល។មានកម្លាំងចិត្តឡើងវិញ»។
លោកប្រធានាធិបតីក៏បានទទួលព័ត៌មានដ៏ល្អមួយចំនួនដែរនៅក្នុងយុទ្ធនាការទាក់ទងនឹងការរៃអង្គាសប្រាក់។ យុទ្ធនាការឃោសនារបស់លោកបានអង្គាសប្រាក់ចំនួន៨៦លានដុល្លារក្នុងអំឡុងរយៈពេលបីខែកន្លងទៅ ចំណែកឯគូរប្រជែងតំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋវិញបានរាយការណ៍មកថា រៃអង្គាសប្រាក់សរុបទាំងអស់បានចំនួនប្រហែល៣៥លានដុល្លារ។
អ្នករៃអង្គាសប្រាក់កំពូលរបស់គណបក្សសាធារណរដ្ឋគឺលោក មីត រ៉ូមនីរកបានជាង១៨លានដុល្លារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោករ៉ូមនីក៏ជាអ្នករៃអង្គាសប្រាក់កំពូលដែរ នៅក្នុងការប្រកួតប្រជែងដើម្បីឲ្យមានការតែងតាំងសម្រាប់តំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០០៨ ប៉ុន្តែនៅទីបញ្ចប់ បានចាញ់ព្រឹទ្ធសមាជិក ចន ម៉ាកខេន៕
ប្រែសម្រួលដោយ លី សុខឃាង