ដំណើរ​ទស្សនកិច្ច​របស់​អូបាម៉ា​ទៅ​អឺរ៉ុប​នឹង​ផ្តោត​លើ​សេដ្ឋកិច្ច​និង​សន្តិសុខ

លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ នៅ​ក្នុង​​ការ​ថ្លែង​ទៅ​កាន់​ប្រទេសជាតិ​​ប្រចាំ​សប្តាហ៍​ (weekly address) កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា​ឆ្នាំ​២០១១។

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​អាទិត្យ​ទី២២​ខែ​ឧសភា​ វេលា​ម៉ោង​ ១០:៣០​យប់​ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេលប្រាំមួយ​ថ្ងៃ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន​បួន។

ក្រោយ​ពី​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ភាព​ចលាចល​យ៉ាង​ខ្លាំង​នៅ​មជ្ឈិម​បូព៌ា​ប្រទេស​អស់​រយៈ​ពេល​១​សប្តាហ៍​ លោក​ប្រធានាធិបតី ​នឹង​បងែ្វរ​ចំណាប់​អារម្មណ៍​របស់​លោក​ទៅ​ទ្វីប​អឺរ៉ុប​និង​ការ​ព្រួយបារម្ភ​របស់​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​ដែល​សំខាន់​បំផុត​មាន​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក។

លោក​ប្រធានាធិបតី​នឹង​ធ្វើ​ទស្សនកិច្ច​ដំបូង​នៅ​ប្រទេស​អៀរឡង់​ ដែល​ខណៈ​ពេល​មួយ​ ប្រទេស​នេះ​ធ្លាប់​ត្រូវ​គេ​ហៅ​ថា​ជា​ប្រទេស​ «ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​មួយ» ​នៅ​អឺរ៉ុប​ដែល​សព្វ​ថ្ងៃ​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់​ពី​បញ្ហា​ជាប់​បំណុល។

នៅ​ប្រទេស​អៀរឡង់ ​លោក​អូបាម៉ា​នឹង​រួម​បញ្ចូល​គ្នា​កិច្ចការ​ផ្លូវការ​និង​ការ​ទស្សនា​កម្សាន្ត​ ដោយ​ទៅ​ទស្សនា​ភូមិ​តូច​មួយ​ដែល​បុព្វបុរស​របស់​លោក​មួយ​ចំនួន​ធ្លាប់​បាន​រស់នៅ។

«ខ្ញុំ​គ្រោង​ទៅ​ទស្សនា​មិន​ត្រឹម​តែ​រមណីយដ្ឋាន​ល្បីៗ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ទស្សនា​នៅ​តំបន់​ម៉ាន់នីហ្គល​ (Moneygall)​ ដែល​ជីតា​ប្រាំ​ជំនាន់​របស់​ខ្ញុំ​ធ្លាប់​បាន​រស់នៅ​ទី​នោះ»។

ប្រជាជន​អាមេរិក​ជាង​៣៧​លាន​នាក់​ មាន​ឈាមជ័រ​ជា​ជនជាតិ​អៀរឡង់ ​ហើយ​ លោក​អូបាម៉ា​មាន​ប្រសាសន៍​ថា​ ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ជា​បងប្អូន​គ្នា។

បន្ទាប់​ពី​ទស្សនកិច្ច​នេះ​ លោក​ប្រធានធិបតី​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន​ពីរ​ថៃ្ង​ នៅ​ទីក្រុង​ឡុងដ៍។

លោក​ប្រធានាធិបតី​ អូបាម៉ា​ និង​ លោកស្រី​ នឹង​ស្នាក់​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ បាក់ឃីងហ៊ែម (Buckingham ​Palace)​ ដែល​ម្ចាស់​ក្សត្រិយ៍​ អេលីសាបេត​ នឹង​ទទួល​លាង​សាយ​ភោជន៍​ជា​ផ្លូវការ។

នៅ​ទីក្រុង​ឡុងដ៍​ លោក​ អូបាម៉ា​ នឹង​ថ្លែង​ទៅ​កាន់​សភា​ទាំង​ពីរ​របស់​អង់គេ្លស​ ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ដេវីត​ ខេមឺរុន​ (David​ Cameron)​ អំពី​បញ្ហា​សេដ្ឋកិច្ច​ សន្តិសុខ​ និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក​ ស្ទីវិន​ ក្លេមិនស៍​ (Steven​ Clemons) ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ មូលនិធិ​អាមេរិក​ថ្មី ​(New American Foundation) ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​និង​អង់គេ្លស​មាន​ផលប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​នានា​នៅ​ពេល​ថ្មីៗ​នេះ​នៅ​មជ្ឈិម​បូព៌ា ​និង​ អាហ្រ្វិក​ខាង​ត្បូង។

«ស្ថានភាព​ផ្លាស់ប្តូរ​នានា​ជា​បន្តបន្ទាប់​ និង​ នៅ​តែ​បន្ត​ប្រែប្រួល​អស់​ជា​ច្រើន​ឆ្នាំ​នៅ​មជ្ឈិម​បូព៌ា​និង​ការ​ប្រឈម​ជា​បន្ត​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ (Afghanistan) ​និង ​អន្តរាគមន៍​នៃ​កង​កម្លាំង​រួម​របស់​អង្គការ​អូតង់​និង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​ប្រទេស​លីប៊ី (Libya)»។

លោក​ប្រធានាធិបតី​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ នរម៉ង់ឌី​ (Normandy)​ ប្រទេស​បារាំង​ និង​ទីក្រុង​កម្សាន្ត​ ដូវីល​ (Dauville)​ ដែល​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង​ប្រាំបី​នឹង​ធ្វើ​កិច្ចប្រជុំ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

មេដឹកនាំ​ទាំងនោះ​នឹង​ផ្តោត​លើ​បញ្ហា​សំខាន់​ធំៗ​ជា​ច្រើន​ រួមមាន​បញ្ហា​សុខភាព​ពិភពលោក​ សន្តិសុខ​ស្បៀង​អារហារ​ និង​ ការ​គ្រប់គ្រង​អាវុធ។​ ប៉ុន្តែ ​ចំណុច​សំខាន់​របស់​ពួកគេ​នឹង​ផ្តោត​លើ​សេដ្ឋកិច្ច​ពិភពលោក។

លោក​ប្រធានាធិបតី​ អូបាម៉ា​ នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ប៉ូឡូញ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​ត្រូវ​ពន្យារ​ជា​យូរ​មក​ហើយ។ ​លោក​ ប្រធានាធិបតី​ បាន​គ្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ ប៉ូឡូញ​ តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ​ ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក​ប្រធានាធិបតី​ ឡិច​ កាស៊ីនស្គី​ (Lech Kaczynski)​ និង​មន្រ្តី​ជា​ច្រើន​ទៀត​ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ពេល​ធ្លាក់​យន្តហោះ។​ ប៉ុន្តែ​ ដំណើរ​ទស្សនកិច្ច​នោះ​ ត្រូវ​បាន​លុប​ចោល​វិញ​ដោយសារ​មាន​ពពក​ខ្មៅ​អួរអាប់​ចេញ​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ប្រទេស​អ៊ីសឡង់​ (Iceland)៕

ប្រែ​សម្រួល​ដោយ​ ហ៊ុយ ​សម្ផស្ស