នៅក្នុងសេចក្តីពន្យល់អំពីសេចក្តីសម្រេចចិត្តរបស់លោក ក្នុងការផ្តល់សិទ្ធិឲ្យប្រើកងកម្លាំងយោធាអាមេរិក សម្រាប់ជាផ្នែកមួយក្នុងប្រតិបត្តិការអន្តរជាតិនៅប្រទេសលីប៊ី លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានប្រសាសន៍កាលពីយប់ថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកត្រូវតែធ្វើសកម្មភាពនៅពេលដែលផលប្រយោជន៍ និងតម្លៃរបស់ខ្លួនត្រូវបានគំរាមកំហែង។
លោកប្រធានាធិបតីបានជ្រើសយកសាកលវិទ្យាល័យការពារជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនជាកន្លែងសម្រាប់ថ្លែងអំពីហេតុអ្វីបានជាលោកសម្រេចចិត្តធ្វើចំពោះប្រទេសលីប៊ី អំពីការវិវត្តន៍កន្លងមក និងអំពីអ្វីដែលលោកហៅថា សារៈសំខាន់សម្រាប់ការប្រើប្រាស់អំណាចយោធា និងការដឹកនាំដ៏ទំលំទូលាយរបស់អាមេរិក។
លោកប្រធានាធិបតីមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងដៃគូចម្រុះរបស់ខ្លួនបានធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ «ការគាបសង្កត់ដ៏សាហាវ» និងការសម្លាប់រង្គាលដល់ជនស៊ីវិល ដោយកងកម្លាំងដែលស្មោះស្ម័គ្រនឹងលោក ម៉ូម៉ា ហ្កាដាហ្វ៊ី ក៏ដូចជាវិបត្តិមនុស្សធម៌ដ៏អាសន្នមួយ។ លោកអូបាម៉ា ថ្លែងថា៖
«យើងបានប្រឈមនឹងទស្សនវិស័យហិង្សាយ៉ាងធំសម្បើមគួរឲ្យខ្លាច។ យើងមានលទ្ធភាពតែមួយគ្មានពីរក្នុងការបញ្ឈប់អំពើហិង្សានោះ។ ពោលគឺកាតព្វកិច្ចអន្តរជាតិមួយសម្រាប់ធ្វើសកម្មភាព កងកម្លាំងចម្រុះដ៏ទូលំទូលាយមួយត្រូវបានរៀបចំសម្រាប់ចូលរួមនឹងយើង ការគាំទ្រពីសំណាក់ប្រទេសអារ៉ាប់ និងការសុំជំនួយពីសំណាក់ប្រជាពលរដ្ឋលីប៊ីខ្លួនឯង។ យើងក៏មានលទ្ធភាពក្នុងការបំបាក់កងកម្លាំងរបស់ហ្កាដាហ្វ៊ី ដោយមិនចាំបាច់ពង្រាយទ័ពអាមេរិកនៅលើសមរភូមិ»។
លោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍ថា ក្នុងរយៈពេលមួយខែ សហរដ្ឋអាមេរិក បានសហការជាមួយនឹងសម្ព័ន្ធមិត្តអន្តរជាតិ ក្នុងការប្រមូលផ្តុំកងកម្លាំងចម្រុះដ៏ទំលំទូលាយ សម្រាប់ធានាកាតព្វកិច្ចអន្តរជាតិមួយដើម្បីការពារជនស៊ីវិល និងបង្កើតតំបន់គ្មានការហោះហើរ។ លោកបន្តទៀតថា លោករក្សាការប្តេជ្ញាចិត្តរបស់លោក ក្នុងការរក្សាតួនាទីរបស់សហរដ្ឋអាមេរិកឲ្យមានកំណត់ ដោយមិនពង្រាយទ័ពអាមេរិកនៅលើសមរភូមិផ្ទាល់ទេ។
លោកប្រធានាធិបតីអូបាម៉ា មិនថ្លែងដោយផ្ទាល់ទេ អំពីការរិះគន់របស់សមាជិកសភាអំពីកម្រិតនៃប្រឹក្សាដែលលោកមានជាមួយនឹងសមាជិកសភាអាមេរិកស្តីអំពីប្រតិបត្តិការនៅលីប៊ី។ លោកបាននិយាយអំពីការតទល់មតិនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលលោកមានប្រសាសន៍ថា វាទាក់ទិននឹងជម្រើសខុសមួយ នៅពេលត្រូវសម្រេចអំពីរឿងលីប៊ី។ លោកប្រធានាធិបតីបន្ថែមទៀតថា៖
«អ្នកខ្លះសួរថា ហេតុអ្វីបានជាអាមេរិកគួរធ្វើអន្តរាគមន៍ សូម្បីតែក្នុងមធ្យោបាយមានកំណត់ នៅក្នុងទឹកដីដែលនៅឆ្ងាយមួយនេះ។ គេបានទាញហេតុផលថា មានកន្លែងជាច្រើននៅក្នុងពិភពលោក ដែលជនស៊ីវិលស្លូតត្រង់ប្រឈមនឹងអំពើហិង្សាដ៏សាហាវ ដោយស្នាដៃរដ្ឋាភិបាលរបស់គេហើយអាមេរិកមិនគួររំពឹងថា ត្រូវត្រួតឃ្លាំមើលពិភពលោកនោះទេ ជាពិសេសនៅពេលដែលយើងមានបញ្ហាស្មុគស្មាញជាច្រើននៅក្នុងប្រទេស។ វាពិតណាស់ថា អាមេរិកមិនអាចប្រើកងទ័ព នៅគ្រប់ទីដែលមានការគាបសង្កត់កើតឡើងនោះទេ។ ហើយដោយសារតែ តម្លៃ និងភាពប្រថុយប្រថាននៃអន្តរាគមន៍ យើងត្រូវតែថ្លឹងថ្លែងជានិច្ចអំពីផលប្រយោជន៍របស់យើង និងតម្រូវការនៃការធ្វើសកម្មភាព។ ប៉ុន្តែ នោះមិនមែនជាលេសសម្រាប់ការមិនធ្វើសកម្មភាពសម្រាប់អ្វីដែលត្រូវនោះទេ»។
មុននេះ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោក មិត្ច ម៉ាកខូនណែល្ល (Mitch McConnell) មានប្រសាសន៍ថា សម្តីរបស់ប្រធានាធិបតី ដែលថា «ទិសដៅនយោបាយទំលំទូលាយមួយនៃការផ្លាស់ប្តូររបបនៅលីប៊ី» គឺមិនស៊ីសង្វាក់នឹងទិសដៅអន្តរាគមន៍យោធាទេ ហើយលោកបានចោទជាសំណួរថា៖
«តើកងទ័ពរបស់យើង និងកងទ័ពសម្ព័ន្ធមិត្តមានតួនាទីអ្វីខ្លះក្នុងការផ្តល់ការគាំទ្រដល់ពួកប្រឆាំងដែលនៅពេលនេះយើងទើបតែនឹងចាប់ផ្តើមស្វែងយល់»។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍ថា លោកបានទាត់ចោលនូវការផ្លាស់ប្តូររបបដោយប្រើកម្លាំងយោធា បើទោះបីជាគេជឿថា លីប៊ី និងពិភពលោកនឹងបានប្រសើរឡើងនៅពេលម៉ូម៉ា ហ្កាដាហ្វ៊ីចេញពីតំណែងនោះ។
ដោយនិយាយថា ប្រវត្តិសាស្ត្រកំពុងកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោកអូបាម៉ាបន្ថែមថា សហរដ្ឋអាមេរិកមិនអាចសម្រេចបង្កើតទំព័រប្រវត្តិសាស្ត្រ និងទំហំនៃការផ្លាស់ប្តូរនោះបានទេ ប៉ុន្តែត្រូវឈរជាមួយនឹងអ្នកទាំងឡាយណាដែលជឿលើគោលការណ៍ចម្បងនៃសិទ្ធិសកល និងសេរីភាពនៃការបញ្ចេញមតិ។
លោកមានប្រសាសន៍ថា សហរដ្ឋអាមេរិក មិនគួរខ្លាចនឹងធ្វើសកម្មភាពទេបើទោះជា នៅពេលដែលសុវត្ថិភាពរបស់ខ្លួនមិនត្រូវបានគំរាមដោយផ្ទាល់ក៏ដោយ តែនៅពេលដែលផលប្រយោជន៍ និងតម្លៃរបស់ខ្លួនត្រូបានគំរាមកំហែងនោះ ដែលក្នុងនោះរួមមានការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការរក្សាសន្តិភាព និងការធានាសន្តិសុខតំបន់។ លោកប្រធានាធិបតីមានប្រសាសន៍ថា ទោះជាយ៉ាងណា សកម្មភាពនោះមិនគួរជាបន្ទុករបស់អាមេរិកតែឯងនោះទេ។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ។