វ៉ាស៊ីនតោន៖ ប្រធានាធិបតី អូបាម៉ា បានអំពាវនាវឲ្យមានសាមគ្គីភាព ខណៈដែលលោកព្យាយាមសម្រាលទុក្ខ ប្រជាពលរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ ប៉ុន្មានថ្ងៃក្រោយពី មនុស្ស៦នាក់ បានស្លាប់ក្នុងការប៉ុនប៉ងធ្វើឃាតមួយទៅលើអ្នកតាក់តែងច្បាប់អាមេរិកមួយរូប។ គោលដៅរបស់ខ្មាន់កាំភ្លើង គឺ លោកស្រី ហ្កាប្រ៊ីអ៊ែល ឌ្យីហ្វ័រដស៍ (Gabrielle Giffords) ដែលជាតំណាងរាស្រ្តនៃរដ្ឋអារីហ្សូណា (Arizona) ត្រូវរបួសក្បាលក្នុងពេលបាញ់ប្រហារនោះ។
ការជួយសម្រាលទុក្ខ រួមកម្លាំង ការផ្សាភ្ជាប់សេចក្តីក្លាហាន ជាពាក្យពេចន៍ដែលពិពណ៌នាពីរបៀបដែលប្រធានាធិបតី អូបាម៉ា បានពោលលួងលោម បន្ធូរចិត្ត សហគមន៍មួយ និងប្រទេសជាតិកាលពីថ្ងៃពុធ។ លោកអូបាម៉ាថ្លែងថា៖
«យើង កាន់ទុក្ខ ជាមួយលោកអ្នក សម្រាប់អ្នកស្លាប់ទាំងអស់ យើងចូលរួមជាមួយលោកអ្នកក្នុងមរណៈទុក្ខដ៏សោកសង្រេងនេះ»។
កាលពីថ្ងៃសោរ៍មុន ខ្មាន់កាំភ្លើងម្នាក់ បានបាញ់នៅក្រៅហាងលក់ម្ហូបមួយនៅក្រុងទូសន (Tucson) ដែលលោកស្រី ហ្កាប្រ៊ីអ៊ែល ឌ្យីហ្វ័រដស៍ ជួបអ្នកគាំទ្រក្នុងមណ្ឌលលោកស្រី ។ មនុស្ស៦នាក់ដែលឈរនៅ ក្បែរលោស្រី ដែលរួមទាំងចៅក្រមសហព័ន្ធម្នាក់ និងកុម៉ារី អាយុ ៩ឆ្នាំម្នាក់ផង បានស្លាប់។
អ្នកខ្លះនិយាយថា គឺជាការសាកល្បងពិសោធន៍លើភាពដឹកនាំរបស់ប្រធានាធិបតី អាមេរិកក្នុងការជួយសម្រាលទុក្ខ ប្រជាជាតិមួយដែលកំពូងមានទុក្ខសោក និងជាឱកាសដើម្បីធ្វើ ឲ្យឃើញការភ្ជាប់ទំនាក់ទំនងនៃទឹកចិត្ត ប្រធានាធិបតីជាឯកជនទៅនឹងប្រជាពលរដ្ឋ អាមេរិកធម្មតា សម្រាប់ជម្រះទឹកភ្នែករបស់គេ ជាមួយពាក្យសម្តី សម្រាលទុក្ខនេះ ។
ប្រធានាធិបតី ចច ដាប៊ែលយូ ប៊ុស្ស (George W. Bush) បានសម្រាលទុក្ខបែបនេះ ដោយប្រើឧឃ្ឃោសនស័ព្ទយួរដៃមួយក្រោយថ្ងៃវាយប្រហារភេរវកម្ម ១១ កញ្ញា ឆ្នាំ ២០០១ នៅក្រុងញូយក។ លោកប្រធានាធិបតី ប៊ីល គ្លីនតុន (Bill Clinton) បាននិយាយសម្រាលទុក្ខ ក្រោយការដាក់គ្រាប់បែកនៅ ក្រុង អូកឡាហូម៉ា (Oklahoma City)។ ប្រធានាថិបតី រ៉ូណលដ៍ រេហ្គែន (Ronald Reagan) បាននិយាយសម្រាលទុក្ខប្រជាពលរដ្ឋ ដែរ ក្រោយពេលពីយានអវកាស មួយបានផ្ទុះនៅ ក្នុងលម្ហអាកាស។ ឥឡូវនេះ គឺជាវេនរបស់ប្រធានាធិបតី អូបាម៉ា។ លោកអូបាម៉ាថ្លែងថា៖
«យើងប្រហែលជាមិនអាចមានលទ្ធភាពបញ្ឈប់ភាពជាបីសាចនៅក្នុង ពិភពលោកនេះបានទេ តែខ្ញុំដឹងថា យើងមានរបៀបជួយយកអាសារគ្នាតាមរបៀបរបស់យើង ខ្ញុំជឿថា ក្នុងការខ្វះចន្លោះទាំងអស់របស់យើងៗមាន សុភាវធ៌ម និងមានសមានចិត្តល្អ ហើយកម្លាំងដែលបំបែកយើង គឺមិនខ្លាំងដូច កម្លាំងដែលបង្រួបបង្រួមយើងទេ» ។
ដ្យារ៉ិដ ឡាហ្វនើរ (Jared Loughner) ត្រូវបានចោទបទប៉ុនប៉ងធ្វើឃាតតំណាងរាស្រ្ត ហ្កាប្រ៊ីអ៊ែល ឌ្យីហ្វ័រដស៍។ នេះ ជាការបាញ់ប្រហារលើកដំបូងទៅលើ សមាជិករដ្ឋសភាសហរដ្ឋ សភាអាមេរិកក្នុងពេលជាង៣០ឆ្នាំនេះ។
ប្រែសម្រួលដោយ នៅ សារីម