សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​អូបាម៉ា​ស្នើ​សុំ​ឱ្យ​មាន​ការ​ធ្វើការ​រួម​គ្នា

  • Machel Bowman
    VOA

លោកប្រធានាធិបតី ​Barack Obama ​ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន។

រដ្ឋធានី​វ៉ាស៊ីនតោន៖​ កាលពី​ថ្ងៃ​អង្គារទី២៥មករាកន្លង​មក​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា​ (Barack Obama) បាន​បង្ហាញ​អំពី​របៀប​វារ:​របស់​អង្គ​នីតិបញ្ញត្ដិ​របស់​លោក​សម្រាប់​ឆ្នាំ​នេះ​ នៅ​ក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​ដែល​ជា​សុន្ទរកថាប្រចាំ​ឆ្នាំលើក​ទី​ពីរ​របស់​លោក។ ​នោះ​ជា​សុន្ទរកថា​ទី​មួយ​ហើយ​ ចាប់​តាំងពី​អ្នក​សាធារណរដ្ឋ​និយម​ឡើងគ្រប់គ្រង​សភា​តំណាង​រាស្ដ្រមក។

សមាជិក​សភា​នៃ​អង្គ​នីតិ​បញ្ញត្ដិ​ មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ហើយ​នឹង​សាធារណរដ្ឋ​និយមយល់ស្រប​គ្នា​នឹង​គោលដៅ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ខ្លះៗ​សម្រាប់​ឲ្យ​ប្រទេស​ជាតិ​ ក៏​ប៉ុន្ដែ​អស់លោក​លោក​ស្រី​មិន​យល់​ស្រប​គ្នា​យ៉ាង​ខ្លាំង​អំពី​គោល​នយោបាយ​ដើម្បី​ឲ្យ​បាន​សម្រេច​ជោគ​ជ័យ​គោល​ដៅ​ទាំងនោះ។

កាល​ពី​អាទិត្យ​មុន​ លោក​ប្រធានាធិបតី​ អូបាម៉ា​ មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ចំពោះ​មុខសភាពេញ​អង្គ អំពី​អ្វី​ដែល​ជា​ប្រធានបទ​សំខាន់ៗ​នៃ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក៖ គឺ​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​និង​ការបង្កើត​ការ​ងារ។

«ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​និយាយ​អំពី​ការទាញ​យក​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​ចេញ​ពី​ភាពស្ទើរ​ធ្លាក់​ក្នុង​វិបត្ដិ។​ ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ កិច្ច​ការ​របស់​យើង​ឥឡូវ​នេះ​ គឺ​កំពុងតែ​ដាក់​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​ស្ថិត​នៅ​ក្នុងសភាព​មាន​ការលូតលាស់​យ៉ាង​លឿន​បំផុត»។

លោក​ ​ខិន​ ខនរ៉ាត​(Kent Conrad)ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ​មកពី​រដ្ឋ​ណរត៍​ ដាខូតា​ (North Dakota)។ លោក​ពោល​ពាក្យ​របស់​លោក​អូបាម៉ា​សារ​ជា​ថ្មី៖។

«ទី​មួយ៖​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​លូត​លាស់​ ហើយ​នឹងបង្កើត​ការ​ងារ​ធ្វើ»។

លោក​ ខនរ៉ាត​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​This Week ឬ​សប្ដាហ៍​នេះ​ នៃ​ស្ថានីយ​ទូរទស្សន៍​ អេប៊ីស៊ី​(ABC)។

អ្នក​សាធារណរដ្ឋ​និយម​និយាយថា​អស់​លោក​លោក​ស្រី​ក៏​ចង់​លើក​ស្ទួយ​ការលូតលាស់​សេដ្ឋកិច្ច​ហើយ​នឹង​ជំរុញ​ឲ្យ​មាន​ការបង្កើត​ការងារ​ដែរ។​ ក៏​ប៉ុន្ដែ​ អស់​លោក​លោក​ស្រីទទូចថាវិធីមួយដើម្បីឲ្យបានសម្រេចជោគ​ជ័យកិច្ច​ការនោះគឺ​បន្ថយ​យ៉ាង​ខ្លាំង​ក្លា​នូវ​ចំនួន​ហើយ​នឹង​ទំហំ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ហើយ​ឲ្យ​សហគ្រាស​គ្រប់​គ្រង​ទទួល​ខុស​ត្រូវ​វិញ។

លោក​ មិឆ​ ម៉ាក់ខូនែល ​(Mitch McConnel)​ ជា​មេ​ដឹក​នាំ​អ្នក​សាធារណរដ្ឋ​និយម​សំឡេង​ភាគ​តិច​ក្នុង​ព្រឹទ្ធសភា។ លោក​ចូល​រួម​ក្នុង​កម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍​ ​ហ្វកស៍នូស៍​ថ្ងៃ​អាទិត្យ ​(​Fox News​ Sunday) ។

ដោយ​ការគ្រប់​គ្រង​សភា​តំណាង​រាស្ដ្រ​បែង​ចែក​រវាង​គណបក្ស​ទាំង​ពីរ​មតិ​រួម​ហើយ​នឹង​ការសម្របសម្រួល​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​រឿង​មាន​សារ:​សំខាន់សម្រាប់​ការ​អនុ​ម័ត​សំណើ​ច្បាប់។ ​លោក​អូបាម៉ា​ពិតជា​បានសុំ​ឲ្យ​មាន​មតិ​រួម​នៅ​ក្នុង​គណបក្ស​ទាំង​ពីរនៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក។ ​រយ:ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​នឹងធ្វើ​ជា​ការ​សាក​ល្បង​មើល​ថា​តើ​សេចក្ដី​អំពាវ​នាវ​នេះ​នឹង​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ធ្វើ​តាម​ឬ​ដូច​ម្ដេច៕

ប្រែ​សម្រួលដោយ​អ្នក​ស្រី​កង​ ស៊ីវន