ស.រ.អា.បានដាក់ទណ្ឌកម្មថ្មីៗមកលើប្រទេសកូរ៉េខាងជើងជាការឆ្លើយតបនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតមកលើក្រុមហ៊ុនផលិតខ្សែភាពយន្ត Sony Pictures កាលពីចុងឆ្នាំទៅមិញ។
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា (Barack Obama) បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយ ក្នុងការអនុម័តនូវទណ្ឌកម្ម ដែលបដិសេធក្រុមអ្នកដែលមានចែងនៅដាក់ទណ្ឌកម្មនោះមិនឲ្យចូលទាក់ទងជាមួយប្រព័ន្ធហិរញ្ញវត្ថុស.រ.អា. និងរារាំងប្រជាពលរដ្ឋអាមេរិកមិនឲ្យទាក់ទងរកស៊ីជាមួយកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើង ដឹកនាំដោយលោក គីម ជុង អ៊ុន (Kim Jong Un) ជាប្រទេសដែលទទួលរងទណ្ឌកម្មខ្លាំងជាងគេក្នុងពិភពលោករួចស្រេចទៅហើយ ដូច្នេះការដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រប្រហែលគ្រាន់តែជានិមិត្តរូបច្រើនជាងការដាក់ទោស។
ស.រ.អា.បានដាក់ទណ្ឌកម្មរួចមកហើយប្រឆាំងនឹងកូរ៉េខាងជើងទាក់ទិននឹងកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង (Pyongyang)។នេះជាលើកដំបូងហើយដែលការដាក់ទណ្ឌកម្មត្រូវបានដាក់ឡើងពាក់ព័ន្ធជាមួយនឹងសន្តិសុខនៃបណ្តាញអ៊ីនធឺណែត៕