សេចក្ដីរាយការណ៍ថ្មីមួយរកឃើញថា មនុស្ស៤៣,៧លាននាក់នៅទូទាំងពិភពលោកត្រូវបានបង្ខំឲ្យចាកពីលំនៅដ្ឋានដោយមកពីការវិវាទគ្នានៅដំណាច់ឆ្នាំ២០១០ ដែលបណ្តាលឲ្យមានជាចំនួនច្រើនបំផុតក្នុងរយ:ពេល១៥ឆ្នាំកន្លងទៅនេះ។ ទីភ្នាក់ងារនៃអ.ស.ប.ទទួលបន្ទុកជនភៀសខ្លួន ដែលទើបតែបានចេញផ្សាយសេចក្ដីរាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពីនិន្នាការសកលលោកឆ្នាំ២០១០ ឬ Global Trends 2010 បានជួយជនភៀសខ្លួនជាង២៥លាននាក់ក្នុងចំណោមជនភៀសខ្លួនទាំងនោះ ហើយនឹងជនចាកទីលំនៅក្នុងប្រទេស។
ចំនួនដែលត្រូវបានដកស្រង់មកមានច្រើនណាស់ ហើយតួលេខទាំងអស់បានមកពីកន្លែងផ្សេងៗគ្នា។ ស្ថិតិបង្ហាញឲ្យឃើញថា មនុស្សច្រើនឡើងទៀតរត់ចេញពីផ្ទះរបស់គេដោយសារការវិវាទគ្នា។ ព្រមពេលនេះដែរ ជនភៀសខ្លួនហើយនឹងមនុស្សព្រាត់ផ្ទះសម្បែងនៅក្នុងស្រុកកាន់តែតិចទៅកំពុងតែវិលត្រឡប់ទៅផ្ទះវិញ បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយមនុស្សតិចជាងនេះទៅទៀតកំពុងស្វែងរកទីតាំងលំនៅថ្មីនៅក្នុងប្រទេសទីបី។
សេចក្ដីរាយការណ៍នេះកត់សម្គាល់ថា នេះជាសញ្ញាអាក្រក់ ដោយលើកឡើងថា វា បង្ហាញថា ការស្វែងរកដំណោះស្រាយជានិរន្ដរភាពសម្រាប់បញ្ហាជនភៀសខ្លួនដ៏យូរលង់កំពុងតែបរាជ័យហើយ។
លោក អាឡិចសិនដឺរ អាឡិននីខហ្វ (Alexander Aleinikoff) ស្នងការរងទទួលបន្ទុកជនភៀសខ្លួននៃទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសខ្លួន និយាយថា ជនភៀសខ្លួនជាង៧លាននាក់បានរស់នៅនិរទេសខ្លួនជាង៥ឆ្នាំមកហើយ ហើយមានខ្លះជាង៣០ឆ្នាំ។ លោកនិយាយថា មានសេចក្ដីសង្ឃឹមតិចតួចណាស់ថា ពួកគេនឹងបានទៅផ្ទះក្នុងពេលអនាគតដ៏ខ្លី។
«ជនភៀសខ្លួនដែលមានទីលំនៅថ្មីមានចំនួនចុះថយ។ មានតែជនភៀសខ្លួនក្នុងពិភពលោកប្រមាណមួយភាគរយឬតិចជាងមួយភាគរយបានតាំងទីលំនៅថ្មីជារៀងរាល់ឆ្នាំ។ ឆ្នាំនេះចំនួនជនភៀសខ្លួនតាំងទីលំនៅថ្មីនឹងមានតិចជាងមួយសែននាក់ក្នុងចំណោមជនភៀសខ្លួនជាង១០លាននាក់។ ចំនួនមនុស្សដែលវិលត្រឡប់ទៅផ្ទះវិញថយចុះ។ នៅឆ្នាំ២០១០ មនុស្សតិចជាង២សែននាក់បានវិលត្រឡប់ទៅផ្ទះវិញ ដែលជាចំនួនតិចបំផុតក្នុងពេលមួយទសវត្សរ៍នោះ»។
លោក អាឡិននីខហ្វ និយាយថា មូលហេតុបង្ខំមនុស្សឲ្យចាកពីផ្ទះនឹងមានជាបន្ដទៅទៀត។ ឆ្នាំនេះ លោកកត់សម្គាល់ថា ការវិវាទគ្នាថ្មីបានកើតមានឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងជើង កូឌីវ័រ ស៊ីរីនិងស៊ូដង់។ ក្រៅពីនេះ លោកនិយាយថា មនុស្សរាប់លាននាក់នៅក្នុងពិភពលោកអនាថា គ្មានផ្ទះនៅដោយមកពីមហន្ដរាយធម្មជាតិ ដូចជាទឹកជំនន់ ការរញ្ជួយផែនដី ហើយនឹងការផ្ទុះភ្នំភ្លើង។
លោកនិយាយថា ចំនួនមនុស្សចាកពីលំនៅនៅក្នុងពិភពលោកមានមិនស្មើគ្នា។ បញ្ហាភាគច្រើនកើតមានឡើងនៅក្នុងប្រទេសក្រីក្រ។ លោកនិយាយថា គឺប្រទេសក្រីក្រទាំងនោះហើយដែលរែកអម្រែកបន្ទុកធំជាងគេក្នុងការថែទាំមនុស្សក្រខ្សត់រាប់លាននាក់ទាំងនេះ។
«ជនភៀសខ្លួន៨០ភាគរយក្នុងពិភពលោកស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយជួនកាល ការជំទាស់ខ្លាំងជាងគេប្រឆាំងនឹងជនភៀសខ្លួន ហើយនឹងជនសុំសិទ្ធិជ្រកកោន ទំនងជាមកពីតំបន់នានាដែលមិនរែកអម្រែកបន្ទុកធំជាងគេក្នុងការទទួលយកជនភៀសខ្លួន និងការផ្តល់ជម្រកឲ្យដល់ជនភៀសខ្លួនទេ»។
សេចក្ដីរាយការណ៍នេះកត់សម្គាល់ថា ប្រទេសប៉ាគិស្ថាន អ៊ីរ៉ង់ និងស៊ីរី មានចំនួនជនភៀសខ្លួនច្រើនជាងគេ។ ប្រទេសប៉ាគិស្ថានទទួលយកជនភៀសខ្លួនជិត២លាននាក់។ រីឯប្រទេសអ៊ីរ៉ង់ និងស៊ីរីមានចំនួនជនភៀសខ្លួនប្រមាណមួយលាននាក់ក្នុងប្រទេសនិមួយៗ។
ការសិក្សារបស់ទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកជនភៀសខ្លួនរកឃើញថាមនោសញ្ចេតនាប្រឆាំងជនភៀសខ្លួនកំពុងតែកើនឡើងនៅក្នុងប្រទេសមានឧស្សាហកម្មជាច្រើន។ មួយផ្នែកធំនៃមនោសញ្ចេតនានេះបណ្តាលមកពីវិបត្ដិសេដ្ឋកិច្ចហើយនឹងជំនឿសាសនា និងវប្បធ៌មខុសគ្នា។ ជាលទ្ធផលការយល់ច្រឡំនេះនាំឲ្យមានសេចក្ដីព្រួយបារម្មណ៍ជាច្រើន។ ការសិក្សានេះឲ្យដឹងថា ប្រទេសអ្នកមានជាច្រើនខ្លាចជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសរបស់ខ្លួនមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ពេក ហើយគេកំពុងតែបិទទ្វាររបស់ខ្លួនមិនផ្ដល់ជម្រកឲ្យជនភៀសខ្លួនទេ។
ក្រុមមន្ដ្រីទទួលបន្ទុកខាងជនភៀសខ្លួននិយាយថា ការភ័យខ្លាចទាំងនេះមានខ្លាំងហួសហេតុពេក ហើយស្ថានការណ៍ពិតគឺផ្ទុយពីនេះ។ អស់លោកកត់សម្គាល់ថា ទិន្នន័យបង្ហាញឲ្យឃើញថា ចំនួនមនុស្សសុំសិទ្ធិជ្រកកោននៅក្នុងឆ្នាំ២០១០បានថយចុះបន្ដិចបន្ដួច ឬនៅនឹង នៅក្នុងប្រទេសភាគច្រើននៅទូទាំងទ្វីបអឺរ៉ុប៕
ប្រែសម្រួលដោយ កង ស៊ីវន