លោក Kim Jong Un អំពាវនាវ​ឱ្យ​កូរ៉េ​ខាង​ជើង​បង្កើន​ផលិតកម្ម​វត្ថុធាតុដើម​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ

រូបឯកសារ៖ គ្រាប់មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ត្រូវ​បាន​បាញ់​ចេញ​ពី​​ប្រទេស​កូរ៉េខាងជើង កាល​ពី​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ចង់​ឱ្យ​ប្រទេស​របស់​លោក​បង្កើន​ផលិតកម្ម​វត្ថុធាតុដើម​ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន ស្រប​ពេល​ដែល​ប្រទេស​នេះ​សាកល្បង​អាវុធរបស់​ខ្លួន។

លោក Kim បាន​អំពាវនាវ​ដូច​នេះ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​អំឡុង​ការ​ប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​វិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) ដែល​ជា​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង។

លោក​បាន​ជំរុញ​អ្នក​វិទ្យាសាស្ត្រ​ឱ្យ​បង្កើន​ផលិតកម្ម​វត្ថុធាតុដើម​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ពង្រីក «ឱ្យ​បាន​ច្រើន​លឿន​បំផុត» នូវ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន KCNA បាន​ធ្វើ​ឡើង​ដោយ​មាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​លោក Kim ត្រួត​ពិនិត្យ​មើល​ក្បាល​គ្រាប់​ផ្ទុះ​ផ្សេងៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្បាល​គ្រាប់​កន្តុល​មួយ​ចំនួន​ដែល​ហៅ​ថា «Hwasan-31» ដែល​មាន​ន័យ​ជា​ភាសា​កូរ៉េ​ថា «ភ្នំ​ភ្លើង» ផង​ដែរ។ រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​អំពី​រូប​ដ្យាក្រាម​នៅ​លើ​ជញ្ជាំង ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​វិធី​នៃ​ការ​បន្តុប​ក្បាល​គ្រាប់​លើ​មីស៊ីល​ប្រភេទ​ផ្សេងៗ​គ្នា។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​កង​កម្លាំង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ចាត់ទុក​ថា​ជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ឈ្លានពាន​ខ្លួន។

ទីភ្នាក់ងារ​សារព័ត៌មាន KCNA ក៏​បាន​រាយការណ៍​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ថា យោធា​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​ដោយ​ជោគជ័យ​នូវ​ដ្រូន​វាយ​ប្រហារ​ក្រោម​ទឹក​ថ្មី​មួយ បូក​រួម​ទាំង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ដែល​បាន​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្លែងក្លាយ​ផង​ដែរ។

សេចក្ដី​រាយការណ៍​អំពី​ការ​សាកល្បង​ថ្មី​ទាំង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ USS Nimitz របស់​សហរដ្ឋ​អាមេរិក​និង​ក្រុម​ប្រយុទ្ធ​របស់​នាវា​នេះ​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​នឹង​ក្រុម​នាវា​ចម្បាំង​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ឯ​សមុទ្រ​នៃ​កោះ Jeju នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol បាន​សន្យា​ថា កូរ៉េ​ខាង​ត្បូង​នឹង​មិន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ណា​មួយ​ដល់​កូរ៉េ​ខាង​ជើង​នោះ​ទេ​នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​កំពុង​បន្ត​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP