វ៉ែប​សាយ​កូរ៉េ​ខាង​ជើង​ដំណើរ​ការ​វិញ​

រូបភាព​ឯកសារ៖ មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​លោក​ គីម ជុងអ៊ុន (Kim Jong Un), កណ្តាល, មើល​កុំព្យូទ័រ​ខណៈ​ដែល​លោក​បាន​ទៅ​ពិនិត្យ​មើល​សមយុទ្ធ​បាញ់​ផ្លោង​នៃ​កាំភ្លើង​ធំ ដែល​បាន​​បាញ់​ចំ​គោលដៅ​នៅ​ក្នុង​ដែន​ទឹក​ភាគ​និរតី​ដែល​មិន​បាន​បញ្ជាក់​កន្លែង​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រទេស​កូរ៉េ​ខាង​ជើង​បានទទួល​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺណិត​មួយ​ផ្នែក​ឡើង​វិញ​ ​បន្ទាប់​ពី​ការឈប់​ដើរ​បាន​រាលដាល​កាន់​តែ​ធំ​ឡើង។​ ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​សន្យា​ធ្វើ​ការឆ្លើយ​តប​ដល់​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ទៅ​លើ​ក្រុមហ៊ុន SONY ​ដែលត្រូវ​បាន​គេ​ស្តី​បន្ទោស​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។

​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​ដ៏​រឹត​ត្បិត​របស់​ប្រទេស​កុម្មុយនីស្ត​ឯកកោ​នេះ ដែល​រួម​មាន​បណ្តាញ​វ៉ែបសាយ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ បាន​ឈប់​ដំណើរ​ការ​ទាំង​ស្រុងកាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ ជា​អ្វី​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ទំនង​ជា​លទ្ធផល​នៃ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

ការ​គ្មាន​ដំណើរការ​នេះ​មាន​រយៈពេល​ប្រហែល​៩ម៉ោង ​មុនពេល​ប្រព័ន្ធ​វ៉ែបសាយមាន​ដំណើរការ​ឡើង​វិញនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​រួមមាន​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈឹម​កូរ៉េ​ហើយ​និងកាសែត Rodong Sinmun ​ជាដើម។

​ក្រុមហ៊ុន Dyn Research ដែល​ឃ្លាំ​មើល​ប្រព័ន្ធ​អ៊ិនធឺណិត​បានប្រាប់​ឲ្យ​ដឹង​ថា ​បណ្តាញ​ប្រព័ន្ធ​អ៊ិនធឺណិត​៤របស់​កូរ៉េខាង​ជើង​បាន​ដំណើរការ​ឡើង​វិញ​ទាំង​ស្រុង។​ ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​មួយ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មូលហេតុ​នៃ​ការគ្មាន​ដំណើរ​ការ​ប្រព័ន្ធ​អ៊ិនធឺណិត​នេះ​មិន​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​បណ្តាញ​ប្រព័ន្ធ​ខូច​នេះ​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ពី​ខាង​ក្រៅ។

ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​សងសឹក​វិញ ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​ហៅ​វា​ថា​ជា​ការវាយ​ប្រហារ​តាម​ប្រព័ន្ធអ៊ិនធឺណិត​របស់​កូរ៉េ​ខាង​ជើង​មក​លើ​ក្រុមហ៊ុន SONY Pictures។

នៅ​ពេល​សួរ​អំពី​ស្ថានភាព​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោកស្រី​និយាយថា ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ពិភាក្សាជម្រើស​ផ្សេង​ៗ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​លើ​ក្រុម​ហ៊ុន SONY ​។​ លោកស្រី​និយាយ​ថា​ការឆ្លើយតប​ខ្លះ​នឹង​ត្រូវ​បាន​បង្ហាញ​ឲ្យឃើញ ​ហើយ​ការ​ឆ្លើយ​តប​ខ្លះ​ទៀត ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​អោយ​ឃើញ​ឡើយ៕