កូរ៉េខាង​ជើង​ទាក់ទង​ឡើង​វិញ​​ជាមួយ​កូរ៉េខាង​ត្បូង ​ប៉ុន្តែ​តើ​លទ្ធផល​យ៉ាងណា?​​

ទេសចរ​ម្នាក់​មើល​ទៅ​កាន់​ដែនដី​កូរ៉េ​ខាង​​ជើង​​តាម​កែវយឹត​​​ពី​ទីតាំង​តំបន់ Paju ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជាប់​ព្រំដែន​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២១។

មេដឹកនាំ​កូរ៉េខាង​ជើង​លោក​ Kim Jong Un​ បានឆ្លើយឆ្លងសារ​លិខិត​ជា​ច្រើន​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ត្បូងគឺ​លោក ​Moon Jae-in ​តាំងពី​ខែ​មេសា​មក។​ នេះ​បើតាម​ការប្រកាសរបស់រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​អង្គារដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​ថា​រដ្ឋាភិបាល​កូរ៉េខាង​ជើង​បាន​ត្រៀម​ខ្លួន​បន្តការចូលរួម​ជាមួយ​អន្តរជាតិ។

ផ្នែក​មួយ​នៃ​ការ​ឆ្លើយឆ្លងគ្នា​នោះ​មេដឹកនាំ​កូរ៉េ​ទាំង​ពីរបាន​ឯកភាព​គ្នា​ស្តារ​ឡើង​វិញ​នូវ​ខ្សែ​ទូរសព្ទ​ទំនាក់ទំនង​ពិសេសរវាង​កូរ៉េ​ទាំង​ពីរនៅ​ភូមិ​ Panmunjom​ ដែល​ជាភូមិ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។ ការ​ហៅ​ទូរសព្ទ​លើក​ទី​មួយ​ធ្វើ​ឡើង​ នៅ​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ ​នៅ​ថ្ងៃ​អង្គារ។​ នេះ​បើ​យោង​ទៅ​លើសេចក្តី​ថ្លែង​ការណ៍របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង។​

ដោយ​ឡែក​មន្ត្រី​កូរ៉េខាង​ត្បូង​មួយ​ចំនួន​បាន​និយាយ​ថា​បណ្តាញ​ទំនាក់ទំនង​ឆ្លង​ព្រំដែន​ពី​ផ្សេង​ទៀត​ក៏​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ផង​ដែរ​ដែល​ក្នុង​នោះ​មានបណ្តាញ​ទំនាក់ទំនង​ផ្នែក​យោធា​និង​មួយ​ទៀត​គឺ​បណ្តាញសម្រាប់ការិយាល័យ​សម្រប​សម្រួលអន្តរកូរ៉េ​ទាំង​ពីរ​ដែល​កូរ៉េ​ខាង​ជើង​ផ្តាច់​កាល​ពី​ឆ្នាំ​ទៅ។​

ទី​ភ្នាក់​ងារ​ព័ត៌មាន​មជ្ឈិម​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​ក៏​បាន​បញ្ជាក់​ពីការ​ស្តារឡើង​វិញ​នូវ​បណ្តាញ​ទំនាក់ទំនង​ទាំង​នេះ​និង​ការ​ឆ្លង​ឆ្លើយ​លិខិត​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ដែរ​ដោយ​ហៅ​ទង្វើ​នោះ​ថា​ជា​ «ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការស្តារទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​លើក​កម្ពស់​ការ​បង្រួបបង្រួម»​ រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។​

ការ​សន្ទនា​គ្នា​ឡើង​វិញ​នេះ​គឺ​ជារឿង​ដ៏​សំខាន់​សម្រាប់ទំនាក់​ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​ដែលបាន​អាក់​ខាន​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ។ អ្នក​វិភាគ​មួយ​ចំនួន​កំពុង​រង់ចាំ​មើល​ថា​តើ​កូរ៉េខាង​ជើង​នឹងបន្ត​ការពិភាក្សា​គ្នា​ឡើងវិញជា​មួយ​សហ​រដ្ឋ​អាមេរិក​ឬ​ព្រម​ទទួល​យកជំនួយអន្តរជាតិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ដែរ​ ឬយ៉ាង​ណា៕