ប្រទេស​កូរ៉េខាងជើង​ពន្យារការ​ធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ

រូបភាព​កាំជ្រួចមីស៊ីល​ក្នុង​ការហែក្បួន​នៅអគារ Kim Il Sung ក្នុង​ទីក្រុង​ព្យុងយ៉ាងកាល​ពី​ថ្ងៃទី​១៥ មេសា ២០១៧។

ប្រទេស​កូរ៉េខាងជើង​មិនបានធ្វើការ​ពិសោធន៍​បរមាណូនៅ​ថ្ងៃ​សៅរ៍​នេះទេ​ ក្រោយ​ពី​ស.រ.អា.បាន​បង្ហាញ​ការ​គំរាមកំហែង​ដោយ​ប្រើ​កម្លាំង​យោធា​នៅ​ក្នុង​តំបន់ហើយ​ប្រទេស​ចិនក៏​បានបង្កើនការ​រឹតត្បិតខាង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​សម្ព័ន្ធ​មិត្តនេះ​ដែល​ពឹងពាក់​ផ្នែក​សេដ្ឋកិច្ច​លើខ្លួន។

ជំនួស​ឲ្យការ​ពិសោធន៍​បរមាណូ​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បានធ្វើជា​អធិបតីនៃ​ក្បួន​ព្យុហយាត្រា​មួយ​ដើម្បី​ប្រារព្ធ​ខួបកំណើត​នៅ​ថ្ងៃទី​១៥ ខែ​មេសា របស់​លោក Kim Il sung ដែល​ជា​អ្នកបង្កើត​ប្រទេស​កូរ៉េខាង​ជើងដែល​ជា​ថ្ងៃ​បុណ្យ​សំខាន់បំផុត​របស់​ប្រទេស​នេះដែលគេ​ហៅ​ថាទិវា​នៃ​ព្រះអាទិត្យ។​

លោក Ahn Chan-il អ្នករត់​ចោល​ជួរ​កូរ៉េខាង​ជើង​និង​ជា​អ្នកវិភាគ​នៅ​ឯវិទ្យាស្ថាន​ពិភពលោក​សម្រាប់​ការ​សិក្សា​អំពី​ប្រទេសកូរ៉េ​ខាងជើង​បាននិយាយ​ថា «Kim Jong Un បានគ្រោង​ធ្វើការ​ប្រយុទ្ធ​ជាមួយស.រ.អា. ក៏ប៉ុន្តែ​បាន​សម្រេច​ចិត្ត​លុបចោល​ផែនការ​នេះ»។

ការ​រំពឹង​ថា​មានការ​ពិសោធន៍​បរមាណូ​មួយ​ដោយ​ប្រទេស​កូរ៉េខាង​ជើង​បាន​កើនឡើង​ច្រើន​ក្នុង​សប្តាហ៍​នេះ​ដោយ​ផ្អែក​លើ​របាយការណ៍​អំពី​សកម្មភាពកាល​ពី​ពេល​ថ្មីៗនេះនៅ​ឯ​កន្លែង​ពិសោធន៍​បរមាណូ Punggye-ri និងលំនាំ​កាល​ពី​ពេល​មុន​របស់​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ ក្នុង​ការធ្វើការ​ពិសោធន៍​ខាងយោធា​បង្ករឿងដោយ​ឱ្យ​ត្រូវ​ចំថ្ងៃ​ខួបកំណើតរបស់​មេដឹកនាំ​អ្នកបង្កើត​ប្រទេសនេះ៕