ប្រទេស​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​ការ​គំរាម​កំហែង​ដល់​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.

រូប​ឯកសារ៖ លោក Jang Il Hun (រូប​ស្តាំ) អគ្គរដ្ឋទូត​នៃ​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​កូរ៉េ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចេញ​ផ្សាយ​ការ​គំរាម​កំហែង​ថា ​ខ្លួន​នឹង​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.​ក្នុង​ឆ្នាំ​នេះ។​

ប្រទេស​កូរ៉េ​ខាង​ជើង​និយាយ​ថាស.រ.អា.​គួរ​ «បិទ​មាត់» ​អំពី​ទំនាក់​ទំនង​មិន​ល្អ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ ប្រសិន​បើ​ប្រទេស​អាមេរិក​ចង់​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រកប​ដោយ​ជោគជ័យ។​

សេចក្តី​ថ្លែងការណ៍​នេះ​កើត​មាន​ឡើង​នៅ​ពេល​កូរ៉េ​ខាង​ជើង​មាន​ភាព​តានតឹង​ខ្លាំង​ជាង​មុន​ជាមួយ​កូរ៉េ​ខាង​ត្បូង។ ​កាល​ពី​ដើម​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មិថុនា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយ​ថា ​ខ្លួន​នឹង​កាត់​ផ្តាច់​បណ្តាញ​សន្ទនា​គ្នា​ជា​ផ្លូវការ​ទាំង​អស់​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។​

ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​ថា​ ខ្លួន​ «ស្រងាក​ចិត្ត» ​នឹង​ការ​សម្រេច​នេះ។ ​ប៉ុន្តែ​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​ ការណ៍​នេះ​ជា​ការ​ជ្រៀត​ជ្រែក​មិន​អាច​ទទួល​យក​បាន​ទេ។​

ជា​ការ​សង​សឹក​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា​ ស.រ.អា.​អាច​ជួប​ប្រទះ​ «អ្វី​មួយ​ដែល​នាំ​ឱ្យ​មិន​ពេញចិត្ត» ​ឬ​ «នាំ​ឱ្យ​ព្រឺ​សម្បុរ​គីងគក់» ​ដែល​អាច​បង្អាក់​ការ​បោះឆ្នោត​នៅ​ក្នុង​ស.រ.អា.​បាន។​

លោក​ Mintaro Oba ​ជា​អតីត​អ្នក​ការ​ទូត​ស.រ.អា.។​ លោក​និយាយ​ថា​ សេចក្តី​ថ្លែងការណ៍​នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​បំបាក់​ដើម្បី​ត្រួតត្រា។ ​លោក​ Oba ​បាន​និយាយ​ថា៖​

«ពួក​កូរ៉េ​ខាង​ជើង​ខិតខំ​បំបែក​បំបាក់​ស.រ.អា. ​និង​កូរ៉េ​ខាង​ត្បូង។ ​ពួកគេ​បង្ហាញ​ថា​ ពួកគេ​គិត​គូរ​អំពី​ការ​បោះ​ឆ្នោត​ក្នុង​ស.រ.អា.។​ កូរ៉េ​ខាង​ជើងក៏​បង្ហាញ​ដែរ​ថា​ពួក​គេ​អាច​ធ្វើ​បាន​ និង​ចង់​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង​នៅ​ពេល​ពិបាក​មួយ​សម្រាប់​ប្រធានាធិបតី Trump»។​

ប្រទេស​កូរ៉េ​ខាង​ជើង​ទំនង​ជា​មិន​មែន​ជា​កត្តា​ធំ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.​ទេ។​ លោក​ប្រធានាធិបតី​ស.រ.អា.​បាន​ព្រមាន​កូរ៉េ​ខាង​ជើង​កុំ​ឱ្យ​បង្ក​រឿង​ធំ​ដុំ​នៅ​ពេល​បោះឆ្នោត។​

កាល​ពី​ខែ​មករា​ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​សន្យា​ថា​ ក្នុង​ពេល​ឆាប់ៗ​នេះ​ពិភពលោក​នឹង​ឃើញ​ «អាវុធ​យុទ្ធសាស្ត្រ​ថ្មី» ​មួយ​ដែល​នាំ​ឱ្យ​គេ​យល់​ថា​ គាត់​នឹង​បង្ហោះ​កាំជ្រួច​មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​ជាង​មុន។​

ការ​គំរាម​កំហែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១១​ មិថុនា​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​ដែល​មិន​សូវ​មាន​ឥទ្ធិពល​ទេ។​ ក្រសួង​នេះ​ក៏​ធ្លាប់​ធ្វើ​ការ​គំរាម​កំហែង​មិន​ពិត​ដែរ។​

កាលពី​ខែ​ធ្នូ​ អនុ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​គំរាម​កំហែង​ផ្តល់​ «កាដូ​ពេល​បុណ្យ​ណូអែល»​ មួយ​ ប្រសិន​បើ​ស.រ.អា.​មិន​ធ្វើ​សម្បទាន​នៅ​ក្នុង​កិច្ច​ចរចា​នុយក្លេអ៊ែរ​ដែល​គាំង​ដំណើរការ។​ ស.រ.អា.​មិន​បាន​ធ្វើ​សម្បទាន​អ្វី​ទេ​ហើយ​កូរ៉េ​ខាង​ជើង​មិន​បាន​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ធំ​ណា​មួយ​ទេ។​

លោក ​Oba ​និយាយ​ថា​ ការណ៍​នេះ​អាច​ផ្លាស់​ប្តូរ​បាន​ជានិច្ច។​

លោក​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ឃើញ​ថា ​កូរ៉េខាង​ជើង​ដឹង​ច្បាស់​ណាស់​ថា​ ប្រធានាធិបតី​ Trump ​មិន​ចង់​មាន​បញ្ហា​ជាមួយ​កូរ៉េ​ខាង​ជើង​ទេ​នៅ​ពេល​បោះឆ្នោត​ ដោយ​សារ​លោក​មិន​សូវ​មាន​ការ​ប៉ិនប្រសប់​ខាង​ការ​ទូត។ ​ដូច្នេះ​កូរ៉េ​ខាង​ជើង​ប្រហែល​បង្ក​រឿង​ជាមួយ​កូរ៉េ​ខាង​ត្បូង ​ឬ​បាញ់​បង្ហោះ​សាកល្បង​កាំជ្រួច​មីស៊ីល​ដើម្បី​បង្ខំ​ឲ្យ​លោក ​Trump ​ធ្វើ​ការ​ចរចា​គ្នា​ដើម្បី​កុំ​ឱ្យ​គេ​មើល​ឃើញ​ថា​លោក​ខ្សោយ»។​

កិច្ច​ចរចា​នុយក្លេអ៊ែរ​បាន​គាំង​ដំណើរការ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ទៅ​មិញ​នៅ​ពេល​លោក​ Trump ​និង​លោក​គីម ជុងអ៊ុន​មិន​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ក្នុង​ជំនួប​កំពូល​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ​