កូរ៉េ​ខាងជើង​ព្រមាន​មិន​ឲ្យ​ធ្វើ​នាវាចរណ៍​ ចំ​ពេល​មាន​ការ​ភ័យខ្លាច​ការ​សាកល្បង​អាវុធ

រូបឯកសារ៖ បុរស​ម្នាក់​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​បង្ហាញ​ពីសុន្ទរកថា​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នៅឯ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៩។ (រូបថត​ដោយ Jung Yeon-je/AFP)

ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​មិន​ឲ្យ​មាន​ការ​ធ្វើនាវា​ចរណ៍នៅ​សមុទ្រ​ខាងកើត​របស់​ខ្លួន​កាល​ពី​ដើម​សប្តាហ៍​នេះ​ ដែល​បាន​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋានថា ​ប្រទេស​កុម្មុយនីស្ត​នេះ​ប្រហែល​ជា​កំពុង​រៀបចំបាញ់​សាកល្បង​មីស៊ីល​ ឬអាវុធ​ផ្សេង​ទៀត​ដែល​ទំនង​ជា​មិន​ធ្លាប់​មាន។​ នេះបើ​តាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​កូរ៉េខា​ងត្បូង។​

ដោយ​ស្រង់​សម្តី​មន្ត្រី​យោធា​ដែល​មិន​បញ្ចេញ​ឈ្មោះ ​ ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap​ របស់​កូរ៉េ​ខាងត្បូង​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ ការ​ព្រមាន​នេះ​គឺ​សម្រាប់​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​ចន្ទ​កន្លង​មក​នៅ​តំបន់​សមុទ្រ​ភាគ​ឦសាន​ឆ្នេរ​ខាង​កើត​កូរ៉េ​ខាងជើង។​

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​និយាយ​ថា​ «ការ​ណែនាំ​បែប​នេះ ​ជា​ធម្មតា ចេញ​មុន​ការ​បាញ់​សាក​ល្បង​មីស៊ីល ​ឬអាវុធ​ផ្សេង​ទៀត​ ប្រាប់ឱ្យ​នាវា​ឱ្យ​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ផល​ប៉ះពាល់។​ ប៉ុន្តែ​គ្មាន​ការ​បាញ់​មីស៊ីល​ផ្លោង ឬ​ការ​បាញ់​កាំភ្លើង​ធំ​ទេ​អំឡុង​ពេល​នោះ​ទេ។​ នេះបើតាម​មេបញ្ជាការ​សេនាធិការ​ចម្រុះ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល»។

កាសែត​ Joongang Ilbo​ របស់​កូរ៉េ​ខាងត្បូង​ក៏បាន​រាយ​ការណ៍​ផង​ដែរ​ថា​ កូរ៉េ​ខាងជើង​បាន​ចេញ​ការ​ព្រមាន​នេះ ដោយ​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​ចង់​បាញ់​មីស៊ីល​កាលពី​ថ្ងៃ​អាទិត្យ​ តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ទេ។​

វីអូអេ​មិនទាន់​ទទួល​បាន​ការ​បញ្ជាក់​អំពី​ការ​ព្រមាន ឬ​ការ​ប៉ុនប៉ង​សាកល្បង​អាវុធ​ដែល​អាច​កើត​មាន​ទេ។ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​ផ្តល់​សេចក្តី​ថ្លែង​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​ឱ្យ​វីអូអេ​ថា​ កូរ៉េ​ខាងជើង​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​យោធា​នៅ​រដូវ​ក្តៅ។ ​សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ថា​ «ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​កូរ៉េ​ខាងត្បូង ​និង​អាមេរិក​កំពុង​ឃ្លាំមើល​ស្ថាន​ការណ៍​នេះ​យ៉ាង​ដិត​ដល់»៕