ប្រទេសកូរ៉េខាងជើងបានបរិហាររិះគន់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ាជាមួយការវាយប្រហារផ្ទាល់ខ្លួនដ៏គ្រោតគ្រាតនៅពេលដែលប្រទេសនេះបានបន្ទោសស.រ.អា.អំពីការដាច់អ៊ិនធឺណិតយូរៗម្តងដែលបានធ្វើឱ្យរដ្ឋាភិបាលក្រុងPyongyang នៅដាច់ឆ្ងាយពីប្រទេសដទៃកាលពីសប្តាហ៍មុនហើយការដាច់អ៊ិនធឺណិតបានកើតមានទ្បើងម្តងទៀតកាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយមានការយល់ព្រមពីមេដឹកនាំកម្រិតខ្ពស់នៃប្រទេសកូរ៉េខាងជើងបានអះអាងថាលោកអូបាម៉ាជាអ្នកទទួលខុសត្រូវចំពោះសេចក្តីសម្រេចរបស់ក្រុមហ៊ុន Sony Pictures ក្នុងការចេញបញ្ចាំងខ្សែភាពយន្ត The Interview ដែលបាននិយាយអំពីសាច់រឿងប្រឌិតមួយដោយទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា. CIA ដើម្បីធ្វើឃាតលោក Kim Jong UN ប្រមុខរដ្ឋអាយុ៣១ឆ្នាំនៃប្រទេសកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើងដែលបានត្រូវសន្មតថាជារបស់សមាជិកម្នាក់ដែលគេមិនប្រាប់ឈ្មោះនៃស្ថាប័នគ្រប់គ្រងប្រទេសខ្ពស់បំផុតរបស់កូរ៉េខាងជើង បានលើកឡើងថា «អូបាម៉ាតែងតែនិយាយស្តីនិងធ្វើសកម្មភាពដោយមិនប្រយ័ត្នប្រយែងដូចជាស្វាមួយនៅក្នុងព្រៃតំបន់ត្រូពិកអញ្ចឹង»។
ពីរបីម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍បានត្រូវបោះពុម្ពផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការនៃប្រទេសកូរ៉េខាងជើង ក៏មានរបាយការណ៍ចាប់ផ្តើមចេញមកថាបណ្តាញ Internet របស់កូរ៉េខាងជើងបានត្រូវកាត់ផ្តាច់ទៀត។ក្រុមអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៃប្រទេសចិនបាននិយាយថាការភា្ជប់ជាមួយបណ្តាញអ៊ិនធឺណិតគ្មានស្ថិរភាពនោះទេនៅពេញមួយថ្ងៃនេះ ក៏ប៉ុន្តែការភ្ជាប់ជាមួយបណ្តាញអ៊ិនធឺណិតទាំងអស់ត្រូវបានផ្តាច់នៅម៉ោង៧កន្លះយប់ម៉ោងក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។
ក្រុមហ៊ុនសន្តិសុខអ៊ិនធឺណិតមួយបានបញ្ជាក់ថារបាយការណ៍ចិនជាការពិត។សេចក្តីរាយការណ៍ចិនក៏បាននិយាយដែរថាបណ្តាញទូរសព្ទចល័ត 3G របស់កូរ៉េខាងជើងក៏គ្មានដំណើរការនៅពេលជាមួយគ្នានេះដែរ៕