កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់រដ្ឋាភិបាលស.រ.អា.និងកូរ៉េខាងត្បូងថាបានប៉ុនប៉ងធ្វើឃាតមេដឹកនាំ Kim Jong Un មិនបានសម្រេច។
របាយការណ៍ផ្សាយព័ត៌មានបានដកស្រង់ពាក្យសម្តីក្រសួងសន្តិសុខរបស់ប្រទេសកូរ៉េខាងជើងដែលបាននិយាយថាខ្លួនបាន «កកាយរកនិងបំផ្លាញដោយគ្មានចិត្តមេត្តា» ពួកភ្នាក់ងារនៅក្នុងទីភ្នាក់ងារចារកម្មស.រ.អា.និងកូរ៉េខាងត្បូងដែលកូរ៉េខាងជើងបានចោទប្រកាន់ថាបានឃុបឃិតគ្នាធ្វើការវាយប្រហារនោះ។
បើតាមក្រសួងសន្តិសុខរដ្ឋថាពួកចារជនអាមេរិកាំងនិងកូរ៉េខាងត្បូងបានបង្ខិតបង្ខំពលរដ្ឋកូរ៉េខាងជើងម្នាក់ឱ្យប៉ុនប៉ងធ្វើឃាតនេះជាថ្នូរនឹងប្រាក់កាសហើយបានផ្តល់ឱ្យជនដែលអាចជាឃាតករនេះនូវគ្រឿងឧបករណ៍ទាក់ទិននឹងផ្កាយវិទ្យាសាស្ត្រដើម្បីតាមដានចលនារបស់លោក Kim Jong Un។
កិច្ចសហប្រតិបត្តិការរវាងពួកចារបុរសទាំងនេះនឹងបុរសកូរ៉េខាងជើងដែលគេប្រាប់ថាមាននាមត្រកូល Kim បានចាប់ផ្តើមកាលពីឆ្នាំ២០១៤នៅពេលពួកភ្នាក់ងារទាំងនេះបានទាក់ទងជាមួយគាត់នៅពេលគាត់ធ្វើការក្នុងប្រទេសរុស្សី។
នៅពេលលោក Kim ត្រឡប់មកប្រទេសកូរ៉េខាងជើងវិញ ពួកចារបុរសទាំងនេះបានទាក់ទងជាមួយលោកហើយបានប្រាប់លោកកាលពីខែមុនថាលោកអាចប្រើអាវុធជីវគីមីដើម្បីធ្វើឃាតលោក Kim Jong Un។
សេចក្តីថ្លែងការណ៍នេះរបស់កូរ៉េខាងជើងមិនបានផ្តល់សេចក្តីល្អិតល្អន់ទេអំពីថាតើពួកគេបានបំបែកគម្រោងការប្រព្រឹត្តឃាតកម្មនេះដោយបែបណាទេឬថាជនឯទៀតមានទាក់ទិននឹងគម្រោងការនេះបានជាប់ឃុំឃាំងឬបែបណាឡើយ។ ជាធម្មតាប្រទេសកូរ៉េខាងជើងបានបរិហាររឹះគន់ស.រ.អា.និងប្រទេសកូរ៉េខាងត្បូងទោះណាជាការចោទប្រកាន់កាលពីថ្ងៃសុក្រមានភាពជាក់លាក់ជាងធម្មតាក៏ដោយ។
ទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា. CIA បានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់ទាំងនេះឡើយ៕