សាលាបឋម​សិក្សា​ព្រះនរោត្តម​ប្រាប់​ឪពុកម្តាយ​ឲ្យ​ជួយ​ឧបត្ថម្ភ​ប្រាក់​៣ម៉ឺនរៀល​សម្រាប់​ថ្លៃ​ភ្លើង​និង​ទឹក

សិស្សសាលាសំចត​ម៉ូតូ​នៅ​មុខ​សាលារៀនបឋមសិក្សាព្រះនរោត្តម ដែល​ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី ២៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ឪពុក​ម្តាយ​សិស្ស​បាន​ជួប​ជុំ​គ្នា​នៅ​សាលា​រៀន​បឋម​សិក្សា​ព្រះ​នរោត្តម ​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ​ក្នុង​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​ ដែល​មាន​បង្រៀន​ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​ទី​ ៦។ ​ការ​ប្រជុំ​គ្នា​នេះ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់ថ្នាក់​ដឹកនាំ​សាលា​រៀន ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់ ​ចុះ​ថ្ងៃ​ទី​ ២៥ ​ខែ​មករា ​ឆ្នាំ​ ២០២៤។​

លិខិត​អញ្ជើញ​ដែល​មាន​ហត្ថលេខា​របស់​នាយក​សាលា ​លោក ​ជ្រិន សាលី ​បញ្ជាក់​ថា៖ ​«ដើម្បី​ចូលរួម​ធ្វើ​តេស្ត​ដើម​ឆ្នាំ​និង​បង្កើត​គណៈ​កម្មការ​គ្រប់គ្រង​ថ្នាក់​រៀន ​និង​សាលា​រៀន»។​

ប៉ុន្តែ​ឪពុក​ម្តាយ​សិស្ស​ត្រូវ​បាន​ប្រាប់​ក្នុង​កិច្ច​ប្រជុំ​អំពី​កង្វះ​ខាត​របស់​សាលា​រៀន ​ក្នុង​នោះ​មាន​ភ្លើងនិង​ទឹក។ ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ឪពុក​ម្តាយ​មួយ​ចំនួន​ប្រាប់​វីអូអេ​ថា ពួកគេ​ត្រូវ​បាន​ស្នើ​ឲ្យ​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ៣ ​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ​ដែល​មាន​រយៈ​ពេល​ ១០ ​ខែ។ ​ឪពុក​ម្តាយ​សិស្ស​ក៏​ត្រូវ​បាន​ប្រាប់​ថា ​កុំ​ឲ្យ​បែក​ព័ត៌មាន​នេះ​ទៅ​ខាង​ក្រៅ។​

អ្នកស្រី ​ពិសី ​ដែល​សុំ​ប្រាប់ត្រឹម​តែនាម​ខ្លួន ជា​ម្តាយ​របស់​សិស្ស​ថ្នាក់​ទី ១​ ម្នាក់ ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​វេលា​ម៉ោង​ ៨​ ព្រឹក ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​សាលា​រៀន។ ​អ្នកស្រី​និយាយ​ថា​ គ្រូៗ​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​ឪពុក​ម្តាយ​សិស្ស​រាប់​រយ​នាក់​ថា​ ទឹក​ភ្លើង​នឹង​លែង​មាន​ទៀត ​ក្នុង​រយៈ​ពេលបីខែ ​ដោយ​រដ្ឋ​នឹង​ផ្តាច់ ​ព្រោះ​សាលា​មិន​មាន​ថវិកា​សម្រាប់​បង់។ ​អ្នកស្រី​បន្ថែម​ថា សាលា​រៀន​បាន​សុំ​ឪពុក​ម្តាយ​ឲ្យ​ជួយ​ឧបត្ថម្ភ​ ដើម្បី​កូនៗ​របស់​ពួកគេ​មាន​ទឹក ​និង​ភ្លើង​សម្រាប់​ប្រើប្រាស់។​

អ្នកស្រី​ ពិសី អាយុ​៤២​ឆ្នាំ ​ដែល​ជា​អ្នក​បម្រើការ​ស៊ី​ឈ្នួល​តាម​ផ្ទះ ​ប្រាប់​វីអូអេ​ថា៖ ​«ម៉ែ​ឪ​ចេះ​តែ​អាណិត​កូន ​ចេះ​តែ​បង់​ទៅ។ ​កូន​អត់​កង្ហារ ​វា​ហប់ ​អត់​ភ្លើង ​ខ្លាច​មូសខាំ»។​

អ្នកស្រី​បន្ថែម​ថា៖ ​«គេ​ថា​ គ្រាន់​តែ​ឲ្យ​ម៉ែៗ​ជួយ ​ហើយ​កុំ​ឲ្យ​បែក​ធ្លាយ​ទៅ​ខាង​ក្រៅ»។​

អ្នកស្រី ​ពិសី ​បញ្ជាក់​ថា ឪពុក​ម្តាយ​ខ្លះ​បាន​បង់​ប្រាក់​នេះ​រួច​ហើយ ​នៅ​ពេល​ចូលរួម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

អ្នកស្រី​ថ្លែង​បន្ត​ថា៖ ​«លុយ​ប៉ុណ្ណឹង​ សាលា​មិន​គួរ​ខ្វះ​ខាត​ទេ។ ​រដ្ឋ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ»។​

បើ​តាម​អ្នកស្រី ​ពិសី សាលា​រៀន​ព្រះ​នរោត្តម​ក៏​រក​ចំណូល​បាន​ពី​ថ្លៃ​ជួល​លក់នំ​ចំណី ​ម្ហូប​អាហារ ​និង​សេវា​ផ្សេងៗ​ទៀត។​

ប្រសិន​បើ​ឪពុក​ម្តាយ​មិន​បង់​ប្រាក់​នេះ ​ពួកគេ​បារម្ភ​ថា គ្រូៗ​មិនយក​ចិត្ត​ទុក​ដាក់​លើ​កូនៗ​របស់​ពួក​គេ។ ​នេះ​បើ​តាម​អ្នកស្រី ពិសី។​

អ្នកស្រី​ថ្លែង​ថា៖ ​«បើ​អត់​បង់ ​ខ្លាច​គេ​មិន​យក​ចិត្ត​ទុក​ដាក់បង្រៀន ​គេ​អត់​ខ្វល់»។​

អ្នកស្រី​ ពិសី​ បន្ថែម​ថា កាល​ពី​ឆ្នាំ​មុន​ អ្នកស្រី​បាន​បង់​ប្រាក់​២​ម៉ឺន​រៀល​ដែរ​សម្រាប់​សេវា​ទឹក​ភ្លើង​ដូច​គ្នា។​

អ្នកស្រី​ ពិសី ​ក៏​បាន​ចំណាយ​ប្រាក់​ ៤ ​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​សម្រាប់​ឲ្យ​ទៅ​គ្រូ​បង្រៀន ​ដើម្បី​ឲ្យ​ជួយ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​កូន​របស់​អ្នកស្រី។

លិខិតអញ្ជើញរបស់នាយកសាលាព្រះនរោត្តមទៅកាន់​អាណាព្យាបាល​សិស្ស ឱ្យ​ចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)

វីអូអេ​បាន​សាក​សួរ​ឪពុក​ម្តាយ ​និង​សាច់​ញតិ​សិស្ស​ដែល​មក​យក​កូន​សរុប ​៥​ នាក់ ​រួម​ទាំង​សិស្ស​មួយ​ចំនួន​ ហើយ​ពួកគេ​បាន​អះអាង​ថា សុទ្ធ​តែ​ទើប​បង់​លុយ​ឲ្យ​កូនៗ​ក្នុង​ម្នាក់ៗ​ ៣ ​ម៉ឺន​រៀល។​

ក្នុង​ពេល​មក​យក​ក្មួយ​ ៣ ​នាក់​ ចេញ​ពី​សាលា​រៀន​នា​រសៀល​ថ្ងៃ​សុក្រ​នេះ បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ រូប​លោក​ទើប​បង់​លុយ​ចំនួន​ ៩ ​ម៉ឺន​រៀល ​សម្រាប់​ក្មួយៗ​ ៣ ​នាក់​ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​នរោត្តម​នេះ។​

លោក​ថ្លែង​ថា៖ ​«បាទ ​ទើប​បង់​ពី​ម្សិលមិញ ​ម្នាក់ ​៣ ម៉ឺន​រៀល ​ថ្លៃ​ទឹក ​សរុប​ទាំង​អស់ ​អស់​៩ម៉ឺន​បាត់​ហើយ»។​

លោក​ ជ្រិន សាលី ​នាយក​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម ​ប្រាប់​វីអូអេ​ថា​ លោក​ពិត​ជា​បាន​ប្រជុំ​ជាមួយ​ឪពុក​ម្តាយ​សិស្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ ប៉ុន្តែ​លោក​បដិសេធ​ថា​មិន​បាន​និយាយ​អំពី​បញ្ហា​ខ្វះ​លុយ​ថ្លៃ​ទឹក​ភ្លើង​ឡើយ។​

​លោក​ថ្លែង​ថា៖ ​«គោល​បំណង​សំខាន់​របស់​ខ្ញុំ​ពី​ម្សិលមិញ ​ខ្ញុំ​អត់​មាន​និយាយ​អំពី​ទឹក​ភ្លើង​ទេ។ ​ខ្ញុំ​និយាយ​អំពី​ការ​បង្កើត​គណៈ​កម្មការ​ដើម្បី​គ្រប់​គ្រង​ថ្នាក់​រៀន ​ដើម្បី​ឲ្យ​វា​មាន​និរន្តរភាព។​ ខ្ញុំ​អត់​មាន​និយាយ​រឿង​ទឹក​ រឿង​ភ្លើង​ទេ»។​

ទោះ​ជាយ៉ាង​ណា ​លោក​ថា សាលា​រៀន​ទទួល​ស្វាគមន៍​ការ​ចូលរួម​ថវិកា​ពី​ឪពុក​ម្តាយ​សិស្ស ​ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ឪពុក​ម្តាយ​សិស្ស។ ​បើ​សិស្សណា​អត់​លទ្ធភាព ​ក៏​សាលា​មិន​ថា ​កូន​ឯង​អត់​លទ្ធភាព ​ដេញ​ចេញពី​សាលា ​អត់​ទេ​ គឺ​កូន​ណា​មាន​លទ្ធភាព​ក៏​ជួយ​ទៅ»។​

បើ​តាម​លោក ​ជ្រិន សាលី ​រដ្ឋាភិបាល​បាន​ជួយ​ថវិកា​ក្នុង​ការ​បង់​ទឹក​ភ្លើង​របស់​សាលា​រៀន។​

នាយក​សាលា​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ សិស្ស​នៅ​សាលា​របស់​លោក​មាន​ចំនួន​ ៣.១២០​នាក់ ​ដែល​មាន​បន្ទប់​រៀន​ចំនួន​ ៧៦ ​បន្ទប់។​

អ្នកស្រី​ ឃួន វិច្ឆិកា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្រសួង​បាន​ផ្តល់​ថវិកា​គាំទ្រ ​និង​ដំណើរ​ការ​សាលា​រៀន។ ​ប៉ុន្តែ​មាតាបិតា​ក៏​ដូចជា​សិស្សា​នុសិស្ស​ដែល​មាន​តម្រូវ​ការ​បន្ថែម​ ដូចជា​បំពាក់​ម៉ាស៊ីន​ត្រជាក់​ក្នុង​ថ្នាក់​រៀន ​សម្ភារៈ​អគ្គិសនី ​ឬ​សម្ភារៈ​អេឡិចត្រូនិក​បន្ថែម ​ពួកគេអាច​ពិភាក្សា​ជាមួយ​សាលា​រៀន ​និង​ចូលរួម​គាំទ្រ​ការងារ​នេះ។​

នៅ​ពេល​សួរ​ថា​ តើ​ការ​ប្រជុំ​ជាមួយ​ឪពុក​ម្តាយ​និយាយ​អំពី​ការ​ចូលរួម​បង់​ថ្លៃ​ទឹក​ភ្លើង​នេះ​មាន​ភាព​មិន​ប្រក្រតី​ឬ​យ៉ាងណា ​អ្នក​នាំពាក្យ​រូប​នោះ​បញ្ជាក់​ថា៖ ​«ការ​ប្រជុំ​ពិភាក្សា​រវាង​សាលា ​និង​មាតាបិតា​គឺ​ដើម្បី​គាំទ្រ​ការ​រៀន​និង​បង្រៀន​របស់​សិស្សានុសិស្ស ​ដូច្នេះ​មាតាបិតា​អាច​សម្រេច​ចិត្ត​គាំទ្រ ​ឬ​បំពេញ​បន្ថែម​នូវ​ធនធាន​នានា​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​គាត់»។​

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រាប់​វីអូអេ​ថា​ ការ​ប្រមូល​លុយ​ពី​ឪពុក​ម្តាយ​កើត​ឡើង​សឹង​តែ​គ្រប់​សាលា​រៀន​ទៅ​ហើយ។ ​អ្នកស្រី​បន្ថែម​ថា ការ​ប្រមូល​ថវិកា​នេះ ​ដោយ​សារ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ។​

អ្នកស្រី​បន្ថែម​ថា៖ ​«បើ​សិន​ជា​យើង​យក​លុយ​ ទោះ​បី​ថា​ តិច​តួច​តែ ​១​ពាន់ ​២​ពាន់ ​៥​ពាន់ ​១​ម៉ឺន​តិច​តួច​ទេ​តើ!​ មិន​បាន​អស់​លោក​ហូប​គុយ​ទាវ​មួយ​ចាន​ផង!​ វា​តិច​តួច​សម្រាប់​អ្នក​ធំ​ អ្នក​មាន​ តែ​ចំពោះ​អ្នក​ក្រ​គឺ​ច្រើន​បំផុត»។​

អ្នកស្រី​ក៏​ចោទ​ជា​សំណួរ​អំពី​ការ​គ្រប់គ្រង​ថវិកា​ដែល​ប្រមូល​ពី​ឪពុក​ម្តាយ​ សូម​ឲ្យ​មាន​តម្លាភាព ​និង​មិន​មាន​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ។​

ត្រឡប់​ទៅ​ម្តាយ​របស់​សិស្ស​ម្នាក់​ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម​វិញ ​អ្នកស្រី ​ពិសី ​អះអាង​ថា ​អ្នកស្រី​មិន​ទាន់​បាន​បង់​ថវិកា​ ៣ ​ម៉ឺន​រៀល​នោះ​ទេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​រង់​ចាំ​បើក​ប្រាក់​ខែ​សិន។ ​អ្នកស្រី​លើក​ឡើង​ថា​ បើ​អ្នក​ស្រី​មាន​ថវិកា​ច្រើន​ អ្នកស្រី​នឹង​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ឯកជន​វិញ៕​